Thursday, May 03, 2012

ល្ខោន ចាប់ផ្តើមសម្តែងហើយ?


3 ខែ​ឧសភា 2012
Originally posted at: http://khmersme.wordpress.com/2012/05/03/7284/

គេកំពុងសង្ស័យថា ឆាកល្ខោន ដ៏ធំមួយ នឹងត្រូវគេរៀបចំសម្តែង ដែលក្នុងនោះរៀបចំអត្ថបទល្ខោនដោយអ្នកនិពន្ធពូកែ និង ដឹកនាំសម្តែងដោយអ្នកដែលមានបទពិសោធន៍ខ្ពស់។ឯតួសម្តែងអាចជាមនុស្ស ដែលមិនធ្លាប់សម្តែងកាលពីមុនមក។

ឆាកល្ខោន ដ៏ថ្មីសន្លាងមួយនេះ អាចស្រដៀងទៅនឹងរឿងល្ខោន ដែលសម្តែងដោយលោកសុក សំអឿន និង ប៊ុន សំណាង កាលពីឆ្នាំ២០០៤ ដែល គេចោទថា បានសម្លាប់លោកជា វិជ្ជាដែរ។

លោកប៊ន សំណាង និង លោកសុក សំអឿន ត្រូវបានគេចាប់ដាក់គុកអស់ជាច្រើនឆ្នាំ ទម្រាំសាលាកំពូល តុលាការកម្ពុជា សម្រេចឲ្យសាលាឧទ្ធរណ៍ស៊ើបអង្កេតឡើងវិញ កាលពីឆ្នាំទៅ(២០១១)។

ជាមួយគ្នានេះដែរ ករណីបាញ់សម្លាប់លោកឈុត វុទ្ធី អ្នកអភិរក្សព្រៃឈើ និងលោកអ៊ិន រតនា មន្រ្តីកងរាជអាវុធហត្ថ កាលពីថ្ងៃទី២២ មេសា ឥឡូវនេះ មនុស្សពីរនាក់ ក៏ត្រូវបានមន្រ្តីអាវុធ ហត្ថខេត្តកោះកុងចាប់ខ្លួនពីបទសង្ស័យថា បានបាញ់សម្លាប់លោកវុទ្ធី និង លោករតនាដែរ។


បុរសឈ្មោះរ៉ាន់ បូរ័ត្ន និង ម្នាក់ទៀតកំពុងត្រូវគេលាក់ឈ្មោះជាសន្តិសុខការពារក្រុមហ៊ុនចិន កាប់ឈើ ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន រយៈពេលបីថ្ងៃមកហើយ ក្រោយពីគេរកឃើញថា អ្នក ទាំងពីរអាចជាប់ពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោកវុទ្ធី និង លោករតនា។

ការចាប់ខ្លួននេះ ហាក់មិនសូវធ្វើឲ្យកក្រើកស្រទាប់អ្នកតាមដានព្រឹត្តិការណ៍នេះប៉ុន្មានទេ ព្រោះគេហាក់យល់ថា វាពិតជាឆាកល្ខោន ដែលគេកំពុងរៀបចំសេណារីយ៉ូ និង ដឹកនាំសម្តែង ដោយអ្នកប៉ិនប្រសប់ណាម្នាក់។

វាពិតជាមិនសូវទំនង ដែលអាវុធហត្ថធ្វើការចាប់ខ្លួនមនុស្ស ខុសស្រឡះ ពីការសន្និដ្ឋានរបស់ ព្រះរាជអាជ្ញាតុលាការខេត្តកោះកុង ដែលកាលពីភ្លាមៗ បានសន្និដ្ឋានថា លោកវុទ្ធី គឺត្រូវបានបាញ់សម្លាប់ដោយលោករតនា ហើយលោករតនា បានបាញ់សម្លាប់ខ្លួនឯងក្រោយពីបាញ់លោកវុទ្ធីរួច។អ្នកទាំងពីរបានក៏ត្រូវបានកងរាជអាវុធហត្ថ កាលពីជំហានសន្និដ្ឋានថា បាន បាញ់ គ្នាម្តងម្នាក់ធ្វើឲ្យស្លាប់ទាំងសងខាង និង ក្រោយមកបានសន្និដ្ឋានថា ការស្លាប់របស់ លោកវុទ្ធី គឺដោយសារការផ្លាតគ្រាប់ទៅត្រូវ។ការសន្និដ្ឋានទាំងអស់ត្រូវបានគេរិះគន់ ជាមួយគ្នានោះ លោកសយ សុភាព ក៏បានអំពាវនាវឲ្យឈប់ធ្វើការវិភាគវែងឆ្ងាយអំពីបញ្ហានេះ ព្រោះតុលាការបានបញ្ចប់ការស៊ើបអ្កេតហើយ ហើយ ទូរទស្សន៍អប្សរា កាលពីម្សិលមិញក៏បានធ្វើការវិភាគមួយដែរ ទាក់ទងករណីនេះ ដោយលើក ឡើងថា ការស្លាប់របស់លោកវុទ្ធី និងលោករតនាទំនងជាធ្វើឡើងដោយជនស្លៀកពាក់ស៊ីវិលណាម្នាក់ ដែល មកដណ្តើមកាំភ្លើង ហើយធ្វើឲ្យរាលកៃកាំភ្លើងត្រូវលោករតនាស្លាប់។

ប៉ុន្តែ នៅព្រឹកថ្ងៃព្រហស្បតិ៍ កាសែតដឺឃែមបូឌាដេលី បែរជារាយការណ៍ថា ជនសង្ស័យពីរនាក់ ផ្សេងទៀត ត្រូវបានគេចាប់ខ្លួននៅខេត្តកោះកុងទៅវិញ។

ការសន្និដ្ឋាន និងចោទប្រកាន់ត្រឡប់ត្រឡិន ម្តងចោទអ្នកនេះ ម្តងចោទអ្នកនោះ របស់សមត្ថកិច្ចនាពេលនេះ ធ្វើឲ្យគេសន្មត់ថា សមត្ថកិច្ចនគរបាល និង អាវុធហត្ថកម្ពុជា គ្មានសមត្ថភាពស្វែងរកការពិត ឬយុត្តិធម៌ជូនពលរដ្ឋស្លូតត្រង់បានទេ។ ជនស្លូត្រង់ ដែលមិនដឹងរឿង អាចគ្រោះថ្នាក់ ដោយសារតែការបង្កើតសេណារីយ៉ូ និង ដឹកនាំឲ្យសម្តែងល្ខោន ដ៏គ្រោះថ្នាក់នេះ។

អ្នកខ្លះ នឹងត្រូវគេបង្ខំឲ្យសម្តែងជាតួយក្ស ឬតួកាច នឹងត្រូវគេលាបពណ៌ឲ្យទាំងខ្លួនឯង មិនធ្លាប់សម្តែង ឬមិនដឹងអ្វី ពីមុនមកនោះ។

2 comments:

Anonymous said...

These manipulate da by chiness,veitnam,thai!They need to shoot donw khms free.I'm not dumb!

Anonymous said...

Ah yuon CPP ors nis bart day jea knorng day ...... lek lork doch kmeng beam day !

DAM JEK TOV, NEAK RORNG KROIS (CHUT WUTTY) EUIL !!!!!!!!!!