Monday, May 14, 2012

តើ​យើង​នឹង​ធ្វើអ្វី​ទៀត​ទៅ​ក្រោយ​ពី​ស៊ី​កេរ​ដូន​តា​អស់?


Monday, 14 May 2012 12:00

តុង សុប្រាជ្ញ

មាន​ទិស​ស្លោក​មួយ​ឃ្លា​ថា​៖
«​ទឹក​ ដី​ ព្រៃ ​ភ្នំ ​អាច​កែ​ប្រែ​បាន​ តែ​ចរិត​របស់​មនុស្ស​មិន​អាច​កែ​ប្រែ​បា​ន​ទេ​!»​។ ​ឃ្លា​នេះ​មាន​ន័យ​គ្រប់គ្រាន់​ហើយ​ អ្នក​មាន​ចរិត​ចង់​តែ​ធ្វើ​ធំ​ អ្នក​ដែល​ស្រឡាញ់​អំណាច​​ អ្នក​មាន​ចរិត​​ជា​អ្នក​នយោ​បាយ​ អ្នក​ចូល​ចិត្ត​លេង​ល្បែង​ស៊ី​សង​...​ជា​ដើម​។​ តែ​បើ​កែ​បាន ​គឺ​បាន​តែ​មួយ​ភ្លែត​ហើយ​ត្រឡប់​មក​វិញ​ដដែល​ ឧទាហរណ៍​៖ ​មាន​អ្នក​នយោបាយ​ខ្លះ​ បាន​ប្រាប់​គេថា​ឈប់​ធ្វើ​នយោបាយ​ហើយ ​ទៅ​ធ្វើ​នៅ​អង្គ​ការ​វិញ​តែ​បាន​ប៉ុន្មាន​ឆ្នាំ បោក​គេ​ឯង​មក​ធ្វើ​នយោបាយ​វិញ​ដដែល​។​ ខ្លះ​ទៀត​ថា​ ឈប់​ធ្វើ​នយោបាយ​ហើយ​ វិល​ទៅ​វិល​មក​ មក​ធ្វើ​ជា​មេ​បក្ស​វិញ​ដដែល​។​ មេ​បក្ស​ខ្លះ​ទៀត​មាន​ការ​អី​ដាក់​មេ​ប្រូច​ទៅ​បរទេស​បាត់​។

តែ ​ចំណែក​ឯ​ភ្នំ​វិញ​សព្វ​ថ្ងៃ​នេះ ​បើ​នៅ​តែ​បំផ្ទុះ​យក​ថ្ម ​កាប់​ដើម​ឈើ​នៅ​ពី​លើ​ ជីក​យក​រ៉ែ​ថែម​ទៀត ​​គឺ​ភ្នំ​ត្រូវ​​តែ​រលាយ​គ្រាន់​តែ​យូរ​ហើយ​និង​ឆាប់​ទេ​។ បើ​នៅ​តែ​បូម​ខ្សាច់​ពី​ទន្លេ​រាល់​តែ​ថ្ងៃ​ពេល​នោះ​ យើង​នឹង​ឃើញ​ច្រាំង​កាន់​តែ​បាក់​ជ្រៅ​ទៅ​គឺ​ទាញ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ ក្បែរៗ​នោះ​ធ្លាក់​ទឹក​អស់​។ បើ​នៅ​តែ​កាប់​បំផ្លាញ​ព្រៃ​ឈើ​រាល់​តែ​ថ្ងៃ ​នោះ​ទឹក​ជំនន់​ និង​ខ្យល់​ព្យុះ​ធ្វើ​ឲ្យ​ប៉ើង​ផ្ទះ​ប្រជា​ពលរដ្ឋ​ដូច​កាល​ពី​២-៣​ សប្តាហ៍​នេះ​កើត​ឡើង​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ដល់​ផ្ទះ​ជាង​៣០០​ខ្នង។ ដោយ​សារ​តែ​ធម្មជាតិ​ទាំង​នេះ​អាច​កែប្រែ​បាន បាន​ជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ?

ស្រុក ​ខ្មែរ​សព្វ​ថ្ងៃ​នេះ ​ហាក់​ដូច​ជា​មិន​ត្រឹម​ដេក​ស៊ី​កេ​រដូន​តា​ទេ ​ពេល​ខ្លះ​ថែម​ទំាង​បំផ្លាញ​របស់​ដូនតា​ដែល​ខំ​ថែទំា​ច្បាំង​តតាំង​ជា​ មួយ​សត្រូវ​ជិត​ខាង​តាំង​ពី​ណា​​ពី​ណី​មក​ម្ល៉េះ ​ព្រោះ​ខ្លាច​កូន​ចៅ​ជំនាន់​ក្រោយ​អត់​មាន​អី​នឹង​គេ​។​ ឧទាហរណ៍​៖​ ប្រាសាទ​អង្គរ​វត្ត​ ខ្លះ​ទៅ​កាប់​ដើម​ឈើ​ធំៗ​ ទៅ​សាង​សង់​ជា​សណ្ឋា​គារ​ ផ្ទះ​ល្វែង​នៅ​តំបន់​ហាម​ឃាត់​ទៀត​។​ ឯ​សមុទ្រ​វិញ​ ដូនតា​ខំ​ការពារ​ទុក​ទំាង​តំបន់​ដែល​មាន​ប្រេង​ កោះ​ដែល​នៅ​ជុំវិញ​ដែន​សមុទ្រ​ តែ​ឥឡូវ​បាត់​កោះ​ត្រល់​ ​ហើយ​តំបន់​ប្រេង​ត្រួត​ស៊ីគ្នា​ហ្នឹង​ចង់​យ៉ាប់​ទៀត​។​ យ៉ាង​ណា​មិញ​ទឹក​ទន្លេ​វិញ​ បាន​កែ​ប្រែ​របប​ទឹក​ហូរ​ដោយ​សារ​កាប់​ព្រៃ​រនាម​ កន្លែង​ខ្លះ​រាក់​ជ្រុល​ កន្លែង​ខ្លះ​លិច​ជ្រុល​ ហើយ​ដុះ​វិញ​សុទ្ធ​តែ​បន្លា​អួយ​យ៉ាស់​ ដែល​ត្រី​មិន​អាច​នៅ​កើត​នោះ​។​ រីឯ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​កាប់​តំាង​ពី​ឈើ​ប្រណីត​រហូត​ដល់​ដើម​ត្នោត ​លក់​ខ្ទេច​លក់​ខ្ទី​អស់​ ឲ្យ​តែ​ទឹក​ឡើង​ធំ​មក​លិច​អស់​។ ដី​ដែល​មាន​រ៉ែ​គឺ​ត្រូវ​គេ​ធ្វើ​ដី​សម្ប​ទាន​ស្ទើរ​អស់​ហើយ ​តាំងពី​ព្រៃ​អភិរក្ស​ក៏​យក​ធ្វើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែរ​។​ ទាល់​តែ​អស់​ទើប​ចេញ​បញ្ជា​ឲ្យ​បញ្ឈប់​ចេញ​អាជ្ញា​ប័ណ្ណ​សម្បទានដី​ សេដ្ឋកិច្ច​កាល​ដើម​ខែ​នេះ ​ព្រោះ​បើ​ធ្វើ​ទៀត​មាន​តែ​ធ្វើ​លើដី​កសិកម្ម​ និង​ ដី​ផ្ទះ​ប្រជា​ពលរដ្ឋ​?

តែ​រាជរដ្ឋាភិបាល​បែរ​ជា​កំពុង​មាន​មោទនភាព​ទៅ​វិញ​ថា ​សេដ្ឋកិច្ច​កើន​ឡើង​ដោយ​សារ​ដី​ព្រៃ​សម្បទាន​​នេះ​ទៅ​វិញ​។​ លោក ​នាយក​រដ្ឋ​មន្ត្រី​តែង​តែ​អះអាង​ថា​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ ស្លាប់​នឹង​អត់​បាយ​ទេ​ ​ហើយ​កាល​ពី​​សប្តាហ៍​មុន​នេះ ​អង្គការ IRI បាន​បង្ហាញ​ពី​លទ្ធផល​ស្រាវជ្រាវ​របស់​ខ្លួន​ថា​ ៨១​ ភាគរយ​នៃ​មនុស្ស ​២០០០ ​នាក់ ​ដែល​បាន​សម្ភាស ថា កម្ពុជា​ឆ្ពោះ​ទៅ​ទិសដៅ​ត្រឹម​ត្រូវ​រួម​មាន​ការ​កសាង​ផ្លូវ​ថ្នល់​ ស្ពាន​ មណ្ឌល​សុខភាព និង​សាលារៀន​បាន​ច្រើន​ជាង​មុន​។ ​ លទ្ធផល​ទាំង​នេះ​ ធ្វើ​ឲ្យ​បក្ស​ប្រឆំាង​មិន​ពេញ​ចិត្ត​ទេ ​តែ​រាជរដ្ឋាភិបាល​សប្បាយ​ចិត្ត​ខ្លំាង​ណាស់​និង​លើក​យក​លទ្ធផល នេះ មក​និយាយ​ដដែលៗ​តាម​រយៈ​​សា​រ​​ព័ត៌​មាន​​ក្នុង​ស្រុក​​នានា​។ ​តែ​ផ្ទុយ​ទៅ​វិ​ញ ​កាល​ពី​ឆ្នាំ​២០០៩​ លោក​ ឱម យ៉ិនទៀង តំណាង​រាជរដ្ឋាភិបាល​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​លោត​ជើង​៣​ ជើង៤​ ដោយ​មិន​សួរ​ពីមូល​ហេតុ​ពី​ការ​សិក្សា​ទេ​ នៅ​ពេល​ដែល​ លោក​ស្រី ខារ៉ូល​ រ៉ដលី ​(Carol​ Rodley) ​ អតីត​ឯក​អគ្គ​រាជ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​សុន្ទរ​កថា​នៅ​ពេល​យុទ្ធនាការ​ប្រឆំាង​នឹង​អំពើ​ពុករលួយ នៅ​ស្តាត​អូឡាំពិក​ដោយ​ដក​ស្រង់​ការ​ស្រាវ​ជ្រាវ​ របស់​ទីភ្នាក់ងារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​(USAID) ​ថា​ កម្ពុជា​បាត់​ទឹក​ប្រាក់​ចំនួន​ជាង​៥០០​លាន​​ដុ​ល្លារ​ក្នុង​១ឆ្នាំៗ​ ដោយសារ​តែ​អំពើ​ពុក​រលួយ​។ ​តាម​រយៈ​របាយ​ការណ៍​ដូចគ្នា​នេះ​​ សម្រាប់​រដ្ឋា​ភិបាល​ទាល់​​តែ​​គេ​​សរ​សើរ​បាន​សប្បាយ​ចិត្ត​​ ហើយ​ដើរ​អួត​ដាក់​​​គេ​ឯង​ តែ​ដល់​គេរិះ​គន់​​ខឹង​គេ​ខឹង​ឯង​?​

តែ​យ៉ាង​ណា​ក៏ដោយ ទី១​តាម​រយៈ​របាយ​ការណ៍​អង្គការ​ IRI​ សួរ ​ថា​តើ​មូល​ហេតុ​ដែល​កម្រិត​ល​ម្អៀ​ង​​​អាច​កើន​ឡើង​ដល់​៨១​ភាគ​រយ​ថា កម្ពុជា​ឆ្ពោះ​ទៅ​ទិស​ដៅ​​ត្រឹម​ត្រូវ​ ដែល​តាម​របាយការណ៍​របស់​អង្គ​ការ ​IRI​​?​ គឺ

-​ ទី១​ មក​ពី​អ្នក​ផ្តល់​ចម្លើយ​ភាគ​ច្រើន​ជា​អ្នក​នៅ​ផ្ទះ​គឺ​ចាស់ៗ​យាយ​តា​ដែល ​បាក់​ស្បាត​ដោយ​សារ​សង្គ្រាម​ញាំញី​ នៅ​ចាំ​មើល​ថែ​ទាំ​ចៅ​ចំា​តែ​យល់​ស្រប​តាម​មតិ​នេះ​​មាន​ភាព​សុខ​សាន្ត​​ ជាង​?​ ចំណែក ​ឯ​អ្នក​ដែល​ចង់​ផ្តល់​​ចម្លើយ​ថា ​ប្រទេស​កម្ពុជា​កំពុង​ធ្លាក់​ផ្លូវ​ខុស​​នោះ​ គឺ​ពួក​គេ​កំពុង​​តែ​នៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ទទួល​បាន​ប្រាក់​ខែ​តិច​តួច​ និង​ពលករ​ចំណាក​ស្រុក​ដែល​គ្មាន​ការងារ​ធ្វើ ​បាត់​បង់​ដី​ធ្លី ​ដី​ព្រៃ​?​

-ទី២ ​ ឬ​ក៏​មក​ពី​វិធី​សាស្រ្ត​សម្ភាស​ទល់​មុខ​គ្នា​មាន​ការ​លំបាក​ ក្នុង​ការ​ឆ្លើយ​សំណួរ​ ដែល​ប៉ះ​ពាល់​អារម្មណ៍ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​?​ យក​ល្អ​គួ​រតែ​ប្រើ​វិធីសាស្រ្ត ​បំពេញ​ កម្រង​សំណួរ​ដោយ​ខ្លួន​ឯង​បែប​អនាមិក (Self-administered) ​តែ​សម្រាប់​អ្នក​មិន​ចេះ​អក្សរ​គឺ​ត្រូវ​ការ​អ្នក​សម្ភាស​ជួយ​បំពេញ។

- ទី៣ ភាព​​លម្អៀង​ដែល​អាច​កើត​មាន​ឡើង​មួយ​ទៀត​គឺជា​ទូទៅ​ការ​ស្រាវ​ជ្រាវ ​​ចុះ​ទៅ​ជួប​ប្រជា​ព​លរដ្ឋ​ដែល​ភាគ​ច្រើន​តែង​តែ ​សហ​ការ​ជា​មួយ​នឹង​អាជ្ញាធរ​ដែន​ដី ​ជា​ពិសេស​មេ​ភូមិ​ដែល​ជា​មនុស្ស​របស់​រដ្ឋាភិបាល​ និង​មាន​ឥទ្ធិពល​ ឬ​បើ​មិន​សហការ​ទេ​នោះ ​អ្នក​ផ្តល់​ចម្លើយ​អាច​មាន​ការ​ភ័យ​ខ្លាច​បន្ទាប់​ពី​សម្ភាស មិន​ដឹង​ថា ​តើ​អ្នក​ជិត​ខាង​ណា​ខ្លះ ​អាច​រាយការណ៍​ប្រាប់​អាជ្ញាធរ​ថា​គេ​មក​សួរ​អំពី​ការ​ដឹកនាំ​របស់​រដ្ឋា​ ភិបាល ​គឺ​មាន​ន័យ​​ថា​៖ ​«ទូក​ទៅ​ កំពង់​នៅ​!»​

-ទី៤ ​ ហើយ​ប្រសិន​បើ​ការ​សម្ភាស​នេះ​មាន​ផ្ត​ល់​ជា​វត្ថុ​អនុស្សាវរីយ៍ ​ឬក៏​អំណោយ​បន្តិច​បន្តួច​​ទៀត​នោះ ​គឺ​​រឹត​តែ​មាន​ភាព​លម្អៀង​កាន់តែ​ច្រើន​ថែម​​ទៀត។ ជា​លទ្ធផល​សម្រាប់​ការសិក្សា​ដែល​ទាក់ទង​នឹង​បញ្ហានយោបាយ​នេះ​ គឺ​ចម្លើយ​មាន​និន្នាការ​លើកពី​ការ​ដឹក​នាំ​ល្អ​ទាំង​អស់​ដើម្បី​រួច​ខ្លួន​ ។​​ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ​គឺ​មិន​ជំទាស់​ទៅ​នឹង​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ទេ​ តែ​គ្រាន់​តែ​ពិបាក​នឹង​ទទួល​យក​ លទ្ធផល​នេះ ​យក​មក​ធ្វើ​ជា​ឯកសារ​យោង​ណាស់​។​​

ទី២ សំណួរ​សួរ​ថា​ តើ​ក្រៅ​តែ​ពី​កេរសល់​ពី​ដូន​តា​ ឬ​ក៏​អ្វី​ដែល​សល់​ពី​សម័យ​មុន​ៗ ​រាជ​រដ្ឋាភិបាល​បាន​​ធ្វើ​អ្វី​ខ្លះ​ជា​ដុំ​កំភួន​?​ សម្រាប់ ​ដូន​តា ថា ​មិន​ហ៊ាន​កាប់​ឈើ​ប្រណីត​លក់​ទេ ​ព្រោះ​ខ្លាច​កូន​ចៅ​ជំនាន់​ក្រោយ​ចោទ​ ប្រកាន់​ថា លក់​ជាតិ ខំ​ទុក​រហូត​បាន​ដល់​ទៅ​៧០​ភាគ​រយ​នៃ​ផ្ទៃ​ប្រទេស​។​ ចុះ​ឥឡូវ​សល់​ប៉ុន្មាន​?​ ១០​ភាគ​រយ​?​ តើ​ការ​ដឹក​នាំ​ដូច​នេះ ​ឆ្ពោះ​ទៅ​ត្រឹម​ត្រូវ​? បើ ​និយាយ​ពី​ បុរីកីឡា ​និង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​តាំង​ពី​ដើម​ពុះ​ជ្រៀក​ជា​ចំណិតៗ​សង់​លក់​ ខ្ទេច​រក​តែ​កន្លែង​ក្មេងៗ​លេង​កីឡា​ក៏​មិន​បាន​ផង​?​ ជាង​៣០​ឆ្នាំ​ រថភ្លើង​២ខ្សែ​នៅ​ដដែល​?​ ឯ ​ការសាង​សង់​ផ្លូវ​ ស្ពាន​ថ្នល់​ មណ្ឌល​សុខភាព​ សាលា​រៀន​ គឺ​ភាគ​ច្រើន​សុទ្ធ​តែ​លុយ​​ជំនួយ​ ​និង​​លុយ​​កម្ចី​​ពី​​ម្ចាស់​​ជំនួយ​​​។​​ សូម្បី​តែ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ក៏​ចិន​សង់​ឲ្យ​ដែរ​។​​ ពេល​ខ្លះ​មាន​ស៊ី​លុយ​ស៊ី​កាក់​ក្រៅ​ក្នុង​ការ​ដេញ​ថ្លៃ​។​​ ពេល ​ខ្លះ​​ពិបាក​ក្នុង​​ការ​បែង​ចែក​ឲ្យ​ដាច់​ថា ​ការ​សាង​សង់​សាលា​រៀន​ជា​ថវិកា​របស់​រដ្ឋ​ ឬ​ឯកជន​ បើ​ឈ្មោះ​សាលា​រៀន​នោះ​ដាក់​ឈ្មោះ​បុគ្គល​បន្លែ​បន្លប់​។​ ឃើញ​ការ​សាង​សង់​ដែល​លិច​ធ្លោ​ដែល​ប្រើ​ថវិកា​ជាតិ​សុទ្ធ​ គឺ​វិមាន​សន្តិភាព​ និង​ផ្លូវ​៦៨​ពី​ក្រឡាញ់​ទៅ​ឧត្តរ​មាន​ជ័យ​ ហ្នឹង​កុំ​តែ​ឈ្លោះ​ជា​មួយ​ប្រទេស​ថៃ​ទេ ​កុំ​អី​ផ្លូវ​ហ្នឹង​ជំនួយ​ពី​ប្រទេស​ថៃ​ទៀត​​។ ​បើ​និយាយ​ពី​លក់​ និង​ដោះ​ដូរ​ស្ថាប័ន​រដ្ឋ​វិញ​គឺ​និយាយ​មិន​ចង់​ចេញ​ទេ ឧទាហរណ៍៖​ ក្រសួង​ពាណិជ្ជកម្ម​នៅ​ជិត​ព្រលាន​យន្ត​ហោះ ​ឯកាំកុង​ត្រូល​នៅ​ជិត​ផ្សារ​កណ្តាល​ឯណេះ​វិញ​។ ​

ទី៣ ចម្ងល់​ឆ្ងល់​ថា​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ច្រើន​រាប់​មិន​ ចង់​អស់​។​ តែ​ប្រាក់​ខែ​មន្រ្តី​រាជការ​កើន​ឡើង​តិច​តួច​មិន​ទាំង​ទាន់​អតិផរណា​ផង ​ហ្នឹង​?​ តើ​ថវិកា​អភិវឌ្ឍន៍​ទាំង​នោះ​ទៅ​លើ​អ្វីខ្លះ​ទៅ​?​ ទុក​ទិញ​សារុង​ពេល​យុទ្ធ​នាការ​​បោះ​ឆ្នោត​ ឥឡូវ​នេះ​ចែក​សុទ្ធ​តែ​សារុង​ឥណ្តូនេស៊ី​ល្អៗ​ទៀត​ផង​?​ តើ ​នៅ​ពេល​អស់​រ៉ែមាស ពេជ្រ ត្បូង ភ្នំ ដី ព្រៃ​ឈើ...យើង​ធ្វើ​អ្វី​ទៀត ដី​សម្បទាន​សេដ្ឋកិច្ច​សុទ្ធ​តែ​៩៩​ឆ្នាំ​ពេល​ណា​ចប់​យក​ដី​មក​វិញ​?


1 comment:

Anonymous said...

ខ្មែររលាយមុន ៩៩ ឆ្នាំ ដីសម្បទានសេដ្ឋកិច្ច
ហើយក្លាយទៅជាចាម ឬ ខ្មែរក្រោម។
ខ្មែរគម្រក់ជាងគេគឺ ខ្មែរពីរលានកន្លះនៅបរទេស។
ពួកគេដេកអេះក្បាលពោះ ព្រោះផឹកស្រា និង បៀ។

ខ្មែរខ្វះការសាមគ្គី អ្នកដឹកនាំប្រជាធិបតេយ្យ
ទាំងខាងក្នុង និង ខាងក្រៅ។