Wednesday, May 02, 2012

រដ្ឋាភិបាល​ព្រម​បង្កើត​ក្រុម​ស៊ើប​អង្កេតការ​សម្លាប់​វីរជន​ការពារ​ព្រៃឈើ

 ភរិយា និង​កូន​ៗ​របស់​លោក ឈុត វុទ្ធី​ នៅ​មុន​ពេល​ដង្ហែសព​​យក​ទៅ​បញ្ចុះ​ កាល​ពី​ម្សិល​មិញ​​​។ រូបថត ហេង ជីវ័ន
ក្បួនដង្ហែសព ទៅ​កាន់​ទី​បញ្ចុះ​សព ក្នុង​ឃុំ វិហារ​សួគ៌។ រូបថត ហេង ជីវ័ន
ក្បួនដង្ហែសព លោក ឈុត វុទ្ធី​ ​ពី​ម្សិល​មិញ។ រូបថត ហេង ជីវ័ន
កូន​ប្រុស​លោក ឈុត វុទ្ធី​ កាន់​ជើង​ធូប​ នៅ​ក្បែរ​រណ្តៅ​សព​។ រូបថត ជីវ័ន
 សកម្ម​ជន​ព្រះ​សង្ឃ លួន សុវ៉ាត ក្នុង​ពិធី​ដង្ហែសព​ម្សិល​មិញ​។ រូបថត ជីវ័ន
 លោក​កឹម សុខា ប្រធាន​បក្ស​សិទ្ធិ​មនុស្ស​​ចូល​រួម​​ដង្ហែសព។​​​
 អ្នក​ចូល​រួម រោយ​ដី​លើ​មឈូស​សព​លោក ឈុត វុទ្ធី​ ដែល​ដាក់​ក្នុង​រណ្តៅ​​​។ រូបថត ហេង ជីវ័ន
អ្នក​ចូល​រួម​កាន់​រូប​​ថត​លោក​ ឈុត វុទ្ធី​​ ទ្រហោ​យំ​​​។ រូបថត ជីវ័ន

Tuesday, 01 May 2012
ម៉ៃ ទិត្យថារ៉ា និង David Boyle
The Phnom Penh Post
អ្នក​ចូល​រួម​ បាន​សម្តែង​នូវ​ការ​សោក​សៅ និង​ស្តាយ​ស្រណោះ​យ៉ាង​ខ្លាំង ចំពោះ​ការ​ឃ្លាត​ចាក​ឆ្ងាយ​ជា​រៀង​រហូត របស់​លោក ឈុត វុទ្ធី ដែល​អ្នក​ទាំងនោះបាន​អធិប្បាយ​ថា ជា​វីរជន​ការ​ពារ​បរិស្ថាន​ដ៏​ល្បីល្បាញ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​ទទួល​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុមហ៊ុន ឃុប​ឃិត​ជា​មួយ​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​
ភ្នំពេញៈ គណៈ​កម្មការ​ស៊ើប​អង្កេត​រួម​គ្នា​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ពិនិត្យ ​មើល​ឡើង​វិញ​ ចំពោះ​ការ​បាញ់​សម្លាប់​ លោក​ឈុត វុទ្ធី ដែល​ជា​សកម្មជន​ការពារ​ព្រៃ​ឈើ​ដ៏​ល្បីល្បាញ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា នៅ​ខេត្ត​កោះកុង​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ ពី​សំណាក់​ថ្នាក់​ដឹក​នាំ​កង​កម្លាំង​ប្រដាប់​អាវុធ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

សម្ពាធ​ពី​គ្រួសារ​ជន​រងគ្រោះ និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ទៅ​លើ​ការ​បាញ់​សម្លាប់​បុរស​ទាំង​ ពីរ​រូប​នេះ បាន​កើន​ឡើង ក្រោយ​ពី​មាន​ការ​ពន្យល់​មិន​គួរ​ឲ្យ​ជឿ និង​គួរ​ឲ្យ​ងឿង​ឆ្ងល់​ជា​ច្រើន​ពី​សំណាក់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មក។


នៅ​ថ្ងៃ​បញ្ចុះ​សព​សកម្មជន​បរិស្ថាន លោក​ ឈុត វុទ្ធី កាល​ពី​ម្សិលមិញ លោក​ឧត្តម​សេនីយ៍ សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​ថា លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​អម​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​ឲ្យ​លោក ​ដាក់​ឈ្មោះ ​បង្កើត​គណៈកម្មការ​មួយ​ ស្រាវ​ជ្រាវ​ទៅ​លើ​ការ​បាញ់​សម្លាប់​អ្នក​ទាំង ២ នោះ​ នៅ​ក្នុង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។

លោក​គូស​បញ្ជាក់​ថា៖ ​«រដ្ឋាភិបាល ខិតខំ​ធ្វើ​ការ ដើម្បី​ផ្តល់​យុត្តិធម៌ ដល់​អ្នក​ទាំង ២ នោះ និង​ក៏​ដើម្បី​ជាតិ​ផង​ដែរ អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​គឺ​ទៅ​តាម​ច្បាប់»។ លោក សៅ សុខា បាន​បន្ត​ថា គណៈ​កម្មការ​នោះ ​រួម​មាន​មន្ត្រី​មក​ពី​ក្រសួង​មហា​ផ្ទៃ ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ក្រសួង​អធិការ​កិច្ច និង​ទំនាក់​ទំនង​រដ្ឋ​សភា-ព្រឹទ្ធ​សភា ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត និង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស។

លោក​ពុំ​ច្បាស់​ទេ​ អំពី​ការ​ចូល​រួម ​ពី​សំណាក់​អង្គ​ការ​សង្គម​ស៊ីវិល​ ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ ដោយ​បញ្ជាក់​ថា ពួក​គេ​មិន​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​រួម​ឡើយ តែ​ក៏​ត្រូវ​ស្គាល់​ពី​ច្បាប់ និង​ការងារ​របស់​រដ្ឋាភិបាល​ដែរ។

ខណៈ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ បាន​ស្វាគមន៍​គំនិត​នេះ ពួក​គេ​ក៏​បាន​លើក​ឡើង​នូវ​ចម្ងល់​អំពី​សមាស​ភាព​គណៈ​កម្មការ​នេះ​ដែល​មាន​ ជា​អាទិ៍​ ការ​បញ្ចូល​កង​រាជ​អាវុធ​ហត្ថ​ ដែល​អាច​ប៉ះពាល់​ដល់​ឯករាជ​ភាព​របស់​គណៈ​កម្មការ​នេះ។

លោក ​ឈុត វុទ្ធី ប្រធាន​អង្គ​ការ​ការពារ​ធនធាន​ធម្ម​ជាតិ និង​មន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​មា្នក់ បាន​រង​គ្រាប់​កាំភ្លើង​ស្លាប់​ទាំង​ពីរ​នាក់​ ក្រោយ​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា នៅ​ពេល​លោក ឈុត វុទ្ធី បាន​ឈប់​រថយន្ត​ នៅ​ក្បែរ​ផ្លូវ​មួយ​ ជាមួយ​អ្នក​កាសែត ២ រូប​ នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ ក្នុង​ស្រុក​មណ្ឌល​សីមា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ជា​កន្លែង​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​យ៉ាង​ច្រើន​សម្បើម​ពាក់ព័ន្ធ នឹង​មន្ត្រី​មាន​អំណាច​។ កង​រាជ​អាវុធ​ហត្ថ​មក​ទល់​ពេល​នេះ បាន​អះអាង ៤ ករណី​ដាច់​ស្រឡះ​ពី​គ្នា ពី​អ្វី​ដែល​បាន​កើត​ឡើង​ ដែល​រួម​មាន​ការ​អះអាង​ថា មន្ត្រី​អាវុធ​ហត្ថ អ៊ិន រតនា បាញ់​លោក ឈុត វុទ្ធី តែ​ត្រូវ​គ្រាប់​កាំភ្លើង AK47 របស់​ខ្លួន ​ដែល​ប្លាត​ពី​ឡាន​មក​ស្លាប់ បាញ់​សម្លាប់​ខ្លួន​ឯង​ ដោយ​សោកស្តាយ ឬ​ត្រូវ​បាន​បាញ់​សម្លាប់ ដោយ​សកម្មជន​រូប​នោះ​ មុន​ពេល​បាញ់​តប​ត​ទៅ​វិញ។

លោក ថុង ណារ៉ុង មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង បាន​ទទួល​ស្គាល់​ថា មនុស្ស​ជាច្រើន ​បាន​និយាយ​ថា របាយការណ៍​ពី​ផ្នែក​របស់​លោក ​ដែល​ចេញ​កាល​ពី​ថ្ងៃ​សុក្រ ​អះអាង​ថា អ៊ិន រតនា បាញ់​សម្លាប់​ខ្លួន​ឯង​នោះ មិន​ច្បាស់​ទេ តែ​យ៉ាង​ណា​ក៏​ដោយ​ លោក​ប្រកាន់​ជំហរ​ដដែល។

លោក​បាន​ថ្លែង​ថា៖​«យើង​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ ដើម្បី​បង្ហាញ​សាធារណជន​ឲ្យ​បាន​យល់​ច្បាស់ ពី​មូល​ហេតុ និង​បុព្វហេតុ​ នៅ​ពី​ក្រោយ​ខ្នង ​អ្វី​ដែល​បាន​កើត​ឡើង​ពិត​ប្រាកដ​»។

លោក Mathieu Pellerin អ្នក​តាម​ដាន​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែងថា ការ​ពិត​ទាំង ២ ដែល​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ និង​ពួក​គេ​ផ្តល់​ការ​អះអាង​ខុស​គ្នា​យ៉ាង​ខ្លាំង​បែប​នេះ​ គួរ​តែ​ជា​ហេតុ​ផល ​អាច​មិន​បញ្ចូល​ពួក​គេ​ ទៅ​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​ដែល​នឹង​ត្រូវ​បង្កើត​ឡើង​នោះ។ លោក​បន្ត​ថា៖​«ខ្ញុំ​គិត​ថា រូប​ភាព​ធំ​គឺ​ថា ពួក​គេ​ត្រូវ​តែ​អាច​បញ្ជាក់​ពី​ស្ថានភាព នៃ​ហេតុ​ការណ៍​ ដែល​នាំ​ទៅ​រក​ការ​បាញ់​ប្រហារ​នោះ»។ លោក​ចោទ​សួរ​ថា៖​«ហេតុ​អ្វី​មន្ត្រី​កង​រាជ​អាវុធហត្ថ​នៅ​ទីនោះ (កន្លែង​កើត​ហេតុ) ? សំណួរ​ទាំង​នេះ​ចម្រូង​ចម្រាស​គួរ​សម ដូច្នេះ​ខ្ញុំ​មិន​ច្បាស់​ទេ អំពីការ​មាន​មន្ត្រី​អាវុធ​ហត្ថ​ចូល​រួម ដែល​[ពួក​គេ]​ ជា​ក្រុម​ត្រូវ​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ»។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក ឡៅ ម៉ុងហៃ បាន​ស្នើ​ឡើង​ថា ការ​បញ្ចូល​ចៅ​ក្រម ឬ​ព្រះ​រាជ​អាជ្ញា​ចូល​និវត្តន៍ ក្នុង​គណៈកម្មការ​នេះ​ នឹង​ជួយ​វា​មិន​សូវ​ឲ្យ​មាន​ភាព​លម្អៀង។ លោក​បន្ត​ថា៖​ «នេះ​ជា​ចំណាត់​ការ​វិជ្ជមាន ពី​សំណាក់​រដ្ឋាភិបាល ​ដើម្បី​ខិតខំ​ស្វែងរក​ការ​ពិត​ ក្នុង​ការ​បាញ់​សម្លាប់​នោះ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ការ​សង្ស័យ​អំពី​សមាសភាព​នៃ​គណៈ​កម្មការ​រួម គ្នា​នោះ ព្រោះ​វា​មាន​សមាជិក​ដែល​មិន​ឯករាជ្យ»។

សិស្ស​សាលា​ជាង ១០០ នាក់​ កាល​ពី​ថ្ងៃ​ម្សិលមិញ ​បាន​ឈរ​អម​ផ្លូវ​ទៅ​កាន់​លំនៅដ្ឋាន​របស់​លោក ឈុត វុទ្ធី ក្នុង​ភូមិ​ស្វាយ​មាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល ជា​ទី​ដែល​អ្នក​ចូល​រួម​បុណ្យ​សព​ប្រមាណ ៥០០ នាក់​ ដែល​ភាគ​ច្រើន​ជា​សកម្ម​ជន​សហគមន៍​ការ​ពារ​ព្រៃ​ឈើ មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល បាន​ដង្ហែ​សព​របស់​លោក​ ឈុត វុទ្ធី នៅ​នាទី​ចុង​ក្រោយ ​ឆ្ពោះ​ទៅ​កាន់​ទី​បញ្ចុះ​សព​មួយ​កន្លែង​ ក្បែរ​ផ្ទះ​របស់​គាត់​ ជា​ស្រុក​កំណើត ដែល​លោក​ ឈុត វុទ្ធី បាន​កើត និង​ធំ​ដឹង​ក្តី​នៅ​ទី​នោះ​។

អ្នក​ចូល​រួម​ បាន​សម្តែង​នូវ​ការ​សោក​សៅ និង​ស្តាយ​ស្រណោះ​យ៉ាង​ខ្លាំង ចំពោះ​ការ​ឃ្លាត​ចាក​ឆ្ងាយ​ជា​រៀង​រហូត របស់​លោក ឈុត វុទ្ធី ដែល​អ្នក​ទាំងនោះបាន​អធិប្បាយ​ថា ជា​វីរជន​ការ​ពារ​បរិស្ថាន​ដ៏​ល្បីល្បាញ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​ទទួល​រង​នូវ​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុមហ៊ុន ឃុប​ឃិត​ជា​មួយ​មន្ត្រី​ខិល​ខូច​មួយ​ចំនួន​៕

4 comments:

Anonymous said...

The shirtless guy, why he didn't put on a shirt?

Anonymous said...

that little girl will never get to see her father again. Why o why??

sreyute said...

ប្រវត្តិសាស្រ្តនិងចង់ចាំជានិរន្តន៏នូវវីរភាពដ៏អង់អាចរបស់វីរជនយើង។
សូមវិញ្ញាណខន្ធលោកអញ្ចើញទៅកាន់សុគតិភព។
សូមឲ្យប្រទេសកម្ពុជាសម្បូរទៅដោយអ្នកមានឆន្ទះមោះមុតដូចវីរជនឈុត វុទ្ធី។

Anonymous said...

Kem Sokha seen smiling at the funeral while everyone else grief.