Tuesday, May 08, 2012

ការ​លាលែង​របស់​ចៅក្រម​អន្តរជាតិ​មាន​ផល​វិបាក​ធំ​ធេង

លោក Laurent Kasper-Ansermet ដែល​ទើប​លា​ឈប់​ពី​សា​លា​ក្តី​។ រូបថត ECCC

Tuesday, 08 May 2012
សេង ធារី
The Phnom Penh Post
សេង ធារី (Credit: USC Shoah
Foundation Institute,
photographer Kim Fox,
July 2011)

ប្រទេស​កម្ពុជា ជួប​នូវ​ការ​បាត់​បង់​ដ៏​ធំ​ធេង​មួយ​ ជាមួយ​នឹង​ការ​លា​ឈប់​របស់​សហ​ចៅក្រម​ស៊ើប​អង្កេត​បម្រុង​អន្តរ​ជាតិ លោក Laurent Kasper-Ansermet។ វា​ជា​ការ​បាត់​បង់​ ជាមួយ​នឹង​ភាព​ស្មុគស្មាញ​បំផុត ហើយ​មិន​មែន​ត្រឹម​តែ​សម្រាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ នៃ​តុលាការ​កម្ពុជា និង​សំណុំ​រឿង ០០៣ និង ០០៤ ប៉ុណ្ណោះ​ទេ។

ការ​លាលែង​របស់​លោក Kasper-Ansermet មាន​ផល​វិបាក​យ៉ាង​ធំ​ធេង​ដល់​សង្គម​ខ្មែរ​សម័យ​ក្រោយ​របប​ប្រល័យ​ពូជ​ សាសន៍​ជា​រួម និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង ​របស់​យើង​ ដើម្បី​បញ្ជ្រាប​យុត្តិធម៌ និង​ប្រយុទ្ធ​ប្រឆាំង​វប្បធម៌​និទ្ទណ្ឌ​ភាព។ យើង​មាន​ក្តី​រន្ធត់​ ចំពោះ​ឃាតក​ឈាម​ត្រជាក់​ សម្លាប់​សកម្មជន​បរិស្ថាន ឈុត វុទ្ធី ប៉ុន្តែ​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ។ យើង​ហាក់​ដូច​ជា​គិត​គូរ​បញ្ហា​និទ្ទណ្ឌភាព​តាម​វិធី​សើៗ ​ដោយសារ​តែ​ភាព​ញឹក​ញាប់​របស់​វា​ នៅ​ក្នុង​សង្គម​នេះ។

នោះ​មាន​ន័យ​ថា យើង​និយាយ​អំពី​វា ហើយ​ប្រតិកម្ម​ចំពោះ​វា​តាម​ឥរិយាបថ​មាន​កម្រិត​ ដោយ​ផ្អែក​លើ​ការ​បែង​ចែក​វា​ទៅ​តាម​ផ្នែក​ នៃ​ការងារ​របស់​យើង​រៀងៗ​ខ្លួន ដូច​ជា​ នីតិប្បញ្ញត្តិ ការ​ការពារ​បរិស្ថាន សិទ្ធិ​មនុស្ស ឬ​ក៏​នយោបាយ​ជា​ដើម។

ខណៈ​ពេល​យើង​បែង​ចែក​និទ្ទណ្ឌភាព​នេះ យើង​ក៏​បាន​បញ្ជ្រាប​វា​ទៅ​តាម​អាជ្ញាធរ​មូលដ្ឋាន កង​កម្លាំង​ប្រដាប់​អាវុធ និង​ថ្នាក់​ដឹក​នាំ​ជាតិ​ជា​ដើម។ វា​ក៏​មាន​នូវ​ការ​បញ្ជ្រាប ​រវាង​ពិភព​ក្នុង​ប្រទេស និង​ពិភព​អន្តរ​ជាតិ​ផង​ដែរ។ សហគមន៍​អន្តរជាតិ​ ត្រូវ​បាន​ចាត់​ទុក​ថា​ ស្ថិត​នៅ​ពី​លើ​បញ្ហា​នេះ ទោះ​បី​វា​ជា​ស្ថាប័ន​សំខាន់​ នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ចេញ​រូប​រាង ​នូវ​ព័ត៌មាន និង​របៀប​វារៈ និង​នៅ​ក្នុង​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល រដ្ឋាភិបាល ECCC និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្តី។ ប៉ុន្តែ​ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ និទ្ទណ្ឌ​ភាព​ មិន​មែន​ជា​ជំងឺ​មហា​រីក​ស៊ី​រូង​ទេ បើ​សិន​សហគមន៍​អន្តរ​ជាតិ​មិន​ជំរុញ​វា​ ជាមួយ​នឹង​ទឹក​ប្រាក់​រាប់​ពាន់​លាន​របស់​ខ្លួន និង​ការ​សំងំ​ស្ងៀម​មិន​ហាស្តី​ របស់​ខ្លួន​ចំពោះ​ទង្វើ​អយុត្តិ​ធម៌​ដ៏​ព្រៃ​ផ្សៃ​ម្តង​ហើយ​ម្តង​ទៀត​នោះ។


ដូច្នេះ វា​មាន​ទំនាក់​ទំនង​ផ្ទាល់​យ៉ាង​កៀក​ រវាង​អ្វី​ដែល​បាន​កើត​ឡើង​ ចំពោះ​លោក ឈុត វុទ្ធី ជា វិជ្ជា និង​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា ​របស់​កម្លាំង​ប្រដាប់​អាវុធ​កាល​ពី​ពេល​ថ្មីៗ​នេះ​ និង​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ ECCC ហើយ​ទំនាក់​ទំនង​នោះ​គឺ​និទ្ទណ្ឌភាព។

បើ​សិន​លោក មាស មុត សូ មេត អ៊ឹម ឆែម តា ទិត្យ និង តា អាន អាច​គេច​រួច​ទោស​ ពី​ការ​កាប់​សម្លាប់​ពលរដ្ឋ​កម្ពុជា​រាប់​រយ​ពាន់​នាក់​នោះ តើ​វា​ចាំបាច់​អ្វី​ទៅ​ស្វែង​រក​ឃាត​ក​ សម្លាប់​មេ​ដឹក​នាំ​សហជីព​នោះ? ឬ​សម្លាប់​សកម្ម​ជន​ម្នាក់​ដូចជា ឈុត វុទ្ធី នៅ​ក្នុង​ព្រៃ​នោះ?

អ្វី​ជា​និទ្ទណ្ឌភាព តែ​ជា​ការ​បដិសេធ​យុត្តិធម៌ បន្ត​តាម​ទម្លាប់ ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាក្រក់ ការ​រួច​ខ្លួន​ពី​ការ​ដាក់​ពិន័យ ការ​មិន​ឲ្យ​ទទួល​ខុស​ត្រូវ ការ​គេច​ពី​ការ​ដាក់​ឲ្យ​មាន​គណនេយ្យភាព ការ​ក្រអឺត​ក្រទមនិង​ការ​ធានា​ថា​ ឃាតក​អាច​គេច​រួច​ខ្លួន​បាន?

និទ្ទណ្ឌ​ភាព​ ជា​បទ​ដ្ឋាន​សង្គម ​នៅ​កម្ពុជា ហើយ​បទដ្ឋាន​នេះ ​ដែល​ជំរុញ​ដោយ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ពី​សហគមន៍​អន្តរជាតិ​ ត្រូវ​បាន​ជំរុញ​ដោយ​ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន ហើយ​បណ្តាល​ឲ្យ​ពលរដ្ឋ​សាមញ្ញ​រងគ្រោះ។

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?

យើង​ទាំង​ពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរ​ជាតិ​ អាច​ចាប់​ផ្តើម​តាម​រយៈ​ការ​ជួយ​គាំ​ទ្រ និង​លើក​ទឹក​ចិត្ត​បុគ្គល​ដូច​ជា​លោក Laurent Kasper-Ansermet​។

តើ​យើង​នឹង​ធ្វើ​អ្វី​នៅ​ពេល​យើង​គាំ​ទ្រ​គាត់? យើង​និយាយ​ថា យើង​ឈរ​ខាង​​ការ​អនុវត្ត​ច្បាប់ កិត្តិយស និង​យុត្តិ​ធម៌ ជា​តម្លៃ និង​កត្តា​ ដែល​ខ្វះ​នៅ​ក្នុង​សង្គម​នេះ ហើយ​ជា​អាវុធ​ពិត​ប្រាកដ​ ប្រឆាំង​នឹង​និទ្ទណ្ឌ​ភាព​ (មិន​មែន​ទឹក​ប្រាក់​រាប់​ពាន់​លាន​យ៉េន អឺរ៉ូ ដុល្លារ និង​យន់​ទេ)។

ផ្ទុយ​ទៅ​វិញ C. S. Lewis បាន​លើក​ឡើង​ថា៖​«តាម​ប្រភេទ​នៃ​ភាព​សាមញ្ញ យើង​កាត់​ចេញ​នូវ​ឧបករណ៍ ហើយ​ទាមទារ​ឲ្យ​មាន​ដំណើរ​ការ»។ «យើង​បង្កើត​មនុស្ស​គ្មាន​ចិត្ត ហើយ​រំពឹង​ពី​ពួក​គេ​នូវ​តម្លៃ និង​ការ​ត្រៀម​ខ្លួន​ជា​ស្រេច»។

«យើង​សើច​ចំអក ​នឹង​កិត្តិយស ហើយ​តក់​ស្លុត​នឹង​ឃើញ​អ្នក​ក្បត់។ យើង​ធ្វើ​ឲ្យ​សេះ​ទន់​ខ្សោយ ហើយ​រំពឹង​សេះ​នោះ​ឲ្យ​ធ្វើ​បាន​ល្អ»។ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច?

យើង​ត្រូវ​ចងចាំ​ថា យុត្តិធម៌​គឺ​មិន​មែន​ទាំង​ភាព​មិន​លម្អៀង ហើយ​ក៏​មិន​មែន​ជា​ភាព​អព្យាក្រឹត​ទេ។

យុត្តិធម៌ នៅ​ជាមួយ​ភាព​គ្មាន​ទោស​កំហុស វា​ផ្តល់​នូវ​ប្រយោជន៍​ដល់​អ្នក​ក្រ និង​អ្នក​រង​ការ​គាប​សង្កត់ ស្ត្រី​មេ​ម៉ាយ និង​ក្មេង​កំព្រា អ្នក​ទន់​ខ្សោយ និង​អ្នក​ងាយ​រង​គ្រោះ។ ដូច​សុភាសិត​របស់​ជន​ជាតិ​ជី្វហ្វ​ បាន​លើក​ឡើង​ថា៖​«វា​មិន​ល្អ​ទេ​ ដែល​មាន​ភាព​លម្អៀង ​ទៅ​រក​មនុស្ស​អាក្រក់​នោះ អ៊ីចឹង​ហើយ ​វា​ធ្វើ​ឲ្យ​អ្នក​គ្មាន​ទោស​ ពុំ​ទទួល​បាន​យុត្តិធម៌»។

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?

យើង​អាច​អនុវត្ត​បាន​ទាំង​អស់​នូវ​អ្វី​ដែល​អ្នក​ទ្រឹស្តី​នយោបាយ Hannah Arendt ហៅ​ថា​«វិធី​ទូលំ​ទូលាយ​ នៃ​ការ​គិត​ពិចារណា»។ ឬ​អ្វី​ដែល​អ្នក​ទ្រឹស្តី​មក​ពី​សាកល​វិទ្យាល័យ Yale លោក Miroslav Volf ហៅ​ថា​ ការ​មើល​ឃើញ​ទាំង​សង​ខាង នៅ​ពេល​យើង​ពង្រីក​ការ​គិត​របស់​យើង​ ដោយ​អនុញ្ញាត​ឲ្យ​មតិ និង​គំនិត​ នៃ​អ្នក​ដែល​យើង​ប្រហែល​មិន​ចុះ​សម្រុង​ជាមួយ​ មាន​ស៊ាំ​នៅ​ក្នុង​ខ្លួន​យើង ដោយ​អនុញ្ញាត​ឲ្យ​វា​ជួយ​យើង​ឲ្យ​ឃើញ​វា​ក៏​ដូច​ជា​ខ្លួន​យើង​ តាម​ទស្សនៈ​របស់​ពួក​គេ។ ពុំ​មាន​អ្វី​អាច​ធានា​បាន​ជា​មុន​ថា ទស្សនៈ​ទាំង​នោះ​ នៅ​ចុង​ក្រោយ​នឹង​រលាយ​ចូល​គ្នា ហើយ​ការ​ព្រម​ព្រៀង​គ្នា​អាច​នឹង​សម្រេច​ឡើង​នោះ​ទេ។ យើង​អាច​នឹង​​យល់​ថា យើង​ត្រូវ​ច្រាន​ចោល​គំនិត​របស់​អ្នក​ដទៃ។ តែ យើង​គួរ​តែ​ខិត​ខំ​មើល​​បញ្ហា​តាម​ទស្សនៈ​របស់​ពួក​គេ​ ដោយ​សង្ឃឹម​ថា យុត្តិធម៌​ទាំង​ស្រុង ​អាច​នឹង​ក្លាយ​ជា​យុត្តិធម៌​រួម ហើយ​ចុង​ក្រោយ​ មាន​ការ​ស្រុះ​ស្រួល​គ្នា។

តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច?

យើង​ត្រូវ​យល់​ថា និទ្ទណ្ឌ​ភាព​ជា​អំណាច​ ​ដែល​គេ​មិន​រំពឹង​ទុក។ យើង​ត្រូវ​ស្តារ​អំណាច តាម​របៀប​របស់​លោក Martin Luther King Jr ដែល​បាន​លើក​ឡើង​ថា៖ «អំណាច ​ជា​សេចក្តី​ស្រឡាញ់​ ដែល​ទាម​ទារ​យុត្តិធម៌។ យុត្តិធម៌​ជា​សេចក្តី​ស្រឡាញ់​ ដែល​កែប្រែ​អ្វីៗ​ដែល​ជំទាស់​នឹង​សេចក្តី​ស្រឡាញ់»។

លោក Laurent Kasper-Ansermet គាត់​ពិត​ជា​គួរ​ឲ្យ​គោរព​សម្រាប់​សហគមន៍​អន្តរ​ជាតិ​ទាំង​មូល ​នៅ​កម្ពុជា ហើយ​សម​នឹង​ទទួល​ការ​ផ្តល់​កិត្តិយស​ណាស់។ អរគុណ​ចំពោះ​កិច្ច​ប្រឹង​ប្រែង និង​ការ​បំពេញ​ការងារ​របស់​លោក​នៅ​ទី​នេះ។ អាណត្តិ​របស់​លោក​ខ្លី តែ​មាន​ន័យ​ជាង​ការ​នៅ​បំពេញ​ការងារ​ពេញ​អាណត្តិ​ទៅ​ទៀត ហើយ​លោក​បន្សល់​ទុក​នូវ​កេរ​ដំណែល​កិត្តិយស និង​ការ​គោរព​ ដែល​យើង​ត្រូវ​ការនិង​ចង់​បាន​យ៉ាង​ខ្លាំង៕ CR

សេង ធារី ជា​ប្រធាន​ស្ថាបនិក​នៃ CIVICUS (មជ្ឈ​មណ្ឌល​អប់រំ​ពលរដ្ឋ​កម្ពុជា) និង​សមាគមជន​រងគ្រោះ​ខ្មែរ​ក្រហម​នៅ​កម្ពុជា។

No comments: