លោក សំ បូរិន្ទ(ឆ្វេង)ភរិយានិងកូនប្រុសស្រីរបស់លោក។ រូបថត សហការី |
Monday, 14 May 2012 12:04
សូ វិសាល
The Phnom Penh Post
ភ្នំពេញៈ អតីតអនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ដែលមានវោហារសាស្ត្រប៉ិនប្រសប់ ក្នុងការធ្វើសម្ភាស ធ្វើឲ្យអ្នកស្តាប់ជក់ចិត្តដិតអារម្មរណ៍យ៉ាងខ្លាំងនោះ បានទទួលមរណភាពហើយ កាលពីថ្ងៃសោរ៍ នៅក្នុងជន្មាយុ ៦០ ឆ្នាំ។
លោក សំ បូរិន្ទ ត្រូវបានអ្នកនិយមស្តាប់វិទ្យុអាស៊ីសេរី ស្ងើចសរសើរ ដោយសារតែវោហារសាស្ត្រ ដ៏ប៉ិនប្រសប់របស់លោក ក្នុងការធ្វើសម្ភាស និងសេចក្តីរាយការណ៍ផ្សេងៗ ជាពិសេសសេចក្តីរាយការណ៍ ទាក់ទងទៅនឹងការអប់រំ តាមបែបព្រះពុទ្ធសាសនា ចាប់តាំងពីអំឡុងឆ្នាំ ២០០០ រហូតដល់ចុងឆ្នាំ ២០១០។ លោកបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ នៅឯគេហដ្ឋាន របស់លោក នាទីក្រុង ស៊ីលវើស្ព្រីង ក្នុងរដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក ដោយរោគាពាធ។
បុរសសម្បុរខ្មៅស្រអែម ខ្ពស់ស្រឡះ ដែលធ្លាប់រស់នៅជំរំឫទ្ធីសែន តាមបណ្តោយព្រំដែនខ្មែរថៃ កាលពីសម័យសង្គ្រាមរូបនេះ បានទៅបន្តការសិក្សាផ្នែកអនុបណ្ឌិត រដ្ឋបាលនៅសាកលវិទ្យាល័យ ហាវើត សហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ ១៩៩៩ ហើយក្រោយពេលបញ្ចប់ការសិក្សា លោកបានចូលបម្រើការ នៅវិទ្យុអាស៊ីសេរី ក្នុងឆ្នាំ ២០០០។
លោក សំ បូរិន្ទ បានចាប់កំណើត នៅក្នុងគ្រួសារកសិករមួយ ក្នុងភូមិដូនវៀត ឃុំកំពង់ហាវស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានបងប្អូន ៧ នាក់ ប្រុស ៣នាក់ ហើយលោកជាកូនទី ៤។
ការបាត់បង់លោក សំ បូរិន្ទ ត្រូវបានអ្នកស្រី សំ វណ្ណា ដែលជាប្អូនស្រីពៅ របស់លោក សំ បូរិន្ទ មានអាយុ ៥៥ ឆ្នាំ អធិប្បាយថា ជាការបាត់បង់ដ៏ធំធេងមួយ សម្រាប់ពូជពង្ស វង្សត្រកូលរបស់អ្នកស្រី។
អ្នកស្រី សំ វណ្ណា បានមានប្រសាសន៍ ខណៈមកចូលរួមពិធីបុណ្យសព លោកសំ បូរិន្ទ នៅរាជធានីភ្នំពេញ កាលពីម្សិលមិញថា៖ «គាត់ (សំ បូរិន្ទ) បានបួសតាំងពីអាយុ ១០ ឆ្នាំ តាំងពីឪពុក ម្តាយរបស់ខ្ញុំ បានស្លាប់ចោល។ គាត់ជាមនុស្សល្អណាស់ សុចរិតទៀងត្រង់ និងតែងតែជួយយកអាសាផ្តល់ការឧបត្ថម្ភគាំទ្រ និងអប់រំដល់បងប្អូន កូនក្មួយ ឲ្យធ្វើអ្វីដែលល្អត្រឹមត្រូវ»។
សម្រាប់លោក ភាព ឈិន ក្មួយ ប្រសារ លោក សំ បូរិន្ទ ដែលកំពុងបម្រើការជាមន្ត្រីគម្រោង នៅអង្គការមូលនិធិសិទ្ធិកុមារ និងធ្លាប់ជាអ្នករៀបចំឯកសារឲ្យលោក សំ បូរិន្ទ ទៅសិក្សានៅសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ ១៩៩៩ នោះ បានអធិប្បាយថា គាត់ជាមនុស្សម៉ឺងម៉ាត់ ហ្មត់ចត់ ហើយរួសរាយរាក់ទាក់។ លោកមានប្រសាសន៍ថា៖ «គាត់មានអ្នកធំ អ្នកតូចចូលចិត្តច្រើន។ គាត់ជាមនុស្សមានហេតុមានផល។ បើយើងចង់និយាយអ្វីជាមួយគាត់ ទាល់តែមានហេតុមានផលច្បាស់លាស់ ទើបគាត់ជឿ។ គាត់ជាមនុស្សស្រឡាញ់បងប្អូនខ្លាំងណាស់»។
លោក សំ បូរិន្ទ បានលាឈប់ពីវិទ្យុអាស៊ីសេរី កាលពីចុងឆ្នាំ ២០១០ ហើយបានទៅបង្កើតវិទ្យុខ្មែរពិភពលោក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា កេរ្តិ៍ឈ្មោះរបស់លោក នៅតែដក់ជាប់ក្នុងអារម្មណ៍របស់អ្នកដែលនិយមស្តាប់វិទ្យុនេះ។
លោក ស៊ុន ធននៅខេត្តកំពង់ធំ យល់ថា ការស្លាប់របស់លោកសំ បូរិន្ទ គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយ។ លោកបានថ្លែងថា៖ «ខ្ញុំមានការសោកស្តាយណាស់។ គាត់ជាមនុស្សមានទេពកោសល្យនិងមានវិជ្ជាជីវៈច្បាស់លាស់ ក្នុងការរាយការណ៍ពីព័ត៌មានពិតដែលសង្គមជាតិយើងកំពុងតែត្រូវ ការ»។
លោក សំ បូរិន្ទ ដែលក៏ធ្លាប់បម្រើការជាមួយអ៊ុនតាក់ និងអង្គការអន្តរជាតិមួយចំនួនទៀតផងនោះ មានកូន ៤ នាក់ ប្រុស ៣ នាក់រស់នៅសហរដ្ឋអាមេរិក៕
No comments:
Post a Comment