Wednesday, May 30, 2012

ក្មេង​ស្រី​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​នៅ​កោះកុង

កុមារី​អាយុ ១៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ ដូច​ជា​យក​ ចាន ឆ្នាំង អំបោស​វាយ​ក្បាល យក​ពូថៅ​ដំ​ក្រចក​ដៃ​ផ្ទាប់​លើ​ឥដ្ឋ​ជាដើម។ ករណី​នេះ​កើត​ឡើង​នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។


2012-05-29
ដោយ ជិន ជេដ្ឋា
Radio Free Asia

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​មន្ទីរ​កិច្ចការ​នារី​ខេត្ត នៅ​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០១២ បាន​ធ្វើ​អន្តរាគមន៍ និង​បើក​ការ​អង្កេត​បន្ថែម​លើ​ករណី​នេះ។

មន្ទីរ​កិច្ចការ​នារី សមាគម​អាដហុក (Adhoc) និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​កុមារ អេច.ស៊ី.ស៊ី (HCC) នៅ​ខេត្ត​កោះកុង កំពុង​តែ​រៀបចំ​ឯកសារ​ឲ្យ​កុមារី​រង​គ្រោះ​ឈ្មោះ ប៊ុន សុខអ៊ី ដើម្បី​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត នៅ​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង វិញ នា​ចុង​សប្ដាហ៍​នេះ។

បន្ទាប់​ពី​បាន​លួច​រត់​លើក​ទី​មួយ​មិន​បាន​សម្រេច កុមារី​រងគ្រោះ​បាន​សម្រេច​ចិត្ត​លួច​រត់​ជា​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដោយ​ទៅ​សុំ​ឡាន​គេ​ជិះ​នៅ​បេនឡាន​ក្រុង​ខេត្ត​កោះកុង ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ឡាន​បដិសេធ។ នៅ​ពេល​នោះ​កុមារី​មាន​ទឹក​មុខ​ស្លេកស្លាំង និង​ភ័យ​ស្លន់ស្លោ ទើប​ម្ចាស់​ឡាន​នាំ​នាង​ឲ្យ​ទៅ​ជួប​សមត្ថកិច្ច​ដែល​កំពុង​ប្រចាំការ​នៅ​ទី​នោះ ដើម្បី​សួរ​នាំ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បញ្ជូន​​ទៅ​កាន់​មន្ទីរ​កិច្ចការ​នារី​ខេត្ត​កោះកុង។

អ្នកស្រី ឡុង សុម៉ាម៉េត អនុ​ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត​កោះកុង។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា មន្ទីរ​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​ទៅ​លើ​ជន​ដែល​ធ្វើបាប​ក្មេង​នោះ​ទេ ដោយ​សារ​តែ​អត់​មាន​ភស្ដុ​តាង ឬ​ស្លាកស្នាម និង​សាក្សី​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ទៅ​លើ​ជន​សង្ស័យ៖ «ដោយ​សារ​ក្មេង​ស្រី​ហ្នឹង​ជា​ក្មេង​មួយ​ដែល​រស់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ ហើយ​មក​រស់​នៅ​បង​ស្រី​ក្មេង​ហ្នឹង អ៊ីចឹង​មក​ហ្នឹង​ដូច​ថា មាន​ការ​ធ្វើ​ការ​ផ្លូវ​ចិត្ត ផ្លូវ​កាយ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ក្មេង​ហ្នឹង​មាន​ការ​លះបង់​សម្រេច​ចិត្ត​រត់​ចេញ​ពី​ពី​ផ្ទះ»។


កុមារី ប.ស.អ គឺ​ជា​ក្មេង​កំព្រា​តាំង​ពី​ខ្លួន​នៅ​តូច។ បន្ទាប់​ពី​ឪពុក និង​ម្ដាយ​ស្លាប់​ចោល​អស់ កុមារី​រូប​នេះ​ក៏​បាន​មក​រស់​នៅ​ជាមួយ​ម្ដាយ​មីង​ឈ្មោះ ញើន និង​ជីដូន​ចាស់​ម្នាក់ នៅ​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ដែល​មាន​សមាជិក​គ្រួសារ​សរុប​ចំនួន ១០​នាក់ ទាំង​រូប​នាង​ផង។ នៅ​ចុង​ឆ្នាំ​២០១១ នាង​ត្រូវ​បាន​ម្ដាយ​មីង​នាំ​មក​លេង​បង​ថ្លៃ​ឈ្មោះ ប៊ុន ស៊ីភឿន អាយុ ៥៥​ឆ្នាំ រស់​នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ដែល​ត្រូវ​ជា​បង​​ឪពុក​តែ​មួយ​របស់​កុមារី​រងគ្រោះ។

កុមារី​រងគ្រោះ​និយាយ​ថា ចាប់​តាំង​ពី​ពេល​រូប​គេ​បាន​មក​លេង​បង​ស្រី ឈ្មោះ ប៊ុន ស៊ីភឿន និង​ក្រុម​គ្រួសារ​បាន​ព្យាយាម​ឃាត់ឃាំង​រូប​នាង​មិន​ឲ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​ជាមួយ​នឹង​ម្ដាយ​មីង​របស់​គេ​វិញ​ឡើយ ដោយ​ទុក​ឲ្យ​នៅ​ជួយ​លក់​ដូរ និង​ធ្វើ​ការងារ​ផ្ទះ​ជា​ច្រើន​ទៀត។

កុមារី​រូប​នេះ​បន្ត​ថា នាង​ត្រូវ​គេ​ប្រើ​ឲ្យ​ធ្វើ​ការ​គ្មាន​ពេល​ស្រាកស្រាន្ត​តាំង​ពី​ថ្ងៃ​រហូត​ដល់​យប់​ជ្រៅ ហើយ​ត្រូវ​ទទួល​រង​នូវ​ការ​វាយ​ធ្វើ​បាប និង​ជេរ​ប្រមាថ​អាក្រក់​ៗ​ពី​ឈ្មោះ ស៊ីភឿន និង​គ្រួសារ​ទៀត​ផង៖ «គាត់​វាយ ជួន​ណា​ក្បាល​នឹង​ចាន ជួន​កាល​វែក​ឆា​អី​​ហ្នឹង យក​មក​វាយ​ក្បាល អំបោស អីវ៉ាន់​ហ្នឹង​វាត់​ចំ​ក្បាល​ចំ​ភ្នែក ចាន​ជួន​កាល ជួន​កាល​ឆ្នាំង​អុក​ក្បាល យក​មក​វាយ​ក្បាល​ខ្ញុំ​រហូត»។

កុមារី​រូប​នេះ​បញ្ជាក់​ថា ការ​ឈឺ​ចាប់​របស់​នាង​នៅ​ពេល​នេះ​នឹង​មិន​អាច​បំភ្លេច​បាន​អស់​មួយ​ជីវិត៖ «គាត់​ធ្វើ​បាប​ខ្ញុំ​ខ្លាំង ហើយ​ខ្ញុំ​ដឹង​ទៀត អត់​អាច​បំភ្លេច​បាន​ទេ ព្រោះ​អី​គាត់​វាយ​ក្រចក​ដៃ​ខ្ញុំ​ហ្នឹង ខ្ញុំ​អាច​ចង​ចាំ​មួយ​ជីវិត​ថា គាត់​ធ្វើ​បាប​ខ្ញុំ​ខ្លាំង គាត់​លើក​ដៃ​ខ្ញុំ មាន​អី​ដូច​ឥដ្ឋ​ចឹង គាត់​យក​ពូថៅ​មក​ដំ​ក្រចក​ឡើង​បែក​ជា​ពីរ​ ហើយ​ទើប​ដុះ​សា​ថ្មី​ឡើង​ស្រុញ​ដៃ​អស់​ហើយ​ហ្នឹង»។

នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា ៣៣៩ បាន​បញ្ជាក់​ថា បទ​ដាក់​អនីតិជន​ឲ្យ​ស្ថិត​ក្នុង​លក្ខខណ្ឌ​នៃ​ការងារ បណ្ដាល​ឲ្យ​ខូច​សុខភាព ឬ​ការ​លូតលាស់​ដល់​រាងកាយ​របស់​អនីតិជន​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល។

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាហុក (Adhoc) ប្រចាំ​ខេត្ត​កោះកុង លោក នាង បូរ៉ាទីណូ។ លោក​មាន​ប្រសាសន៍​ថា សមាគម​របស់​លោក​នឹង​ស៊ើប​អង្កេត​លើ​ករណី​នេះ​បន្ត​ទៀត ព្រោះ​តាម​ការ​និយាយ​របស់​កុមារ អ្នក​ប្រព្រឹត្ត​ត្រូវ​តែ​មាន​ទោស៖ «ក្នុង​ករណី​នេះ​យើង​ឃើញ​ថា​វា​ជា​ករណី​ធ្ងន់ធ្ងរ​មួយ​ដែរ នៅ​ពេល​ដែល​យក​កុមារ​មក​ធ្វើ​កិច្ច​ការងារ ដោយ​មិន​បាន​ផ្ដល់​នូវ​ការ​អប់រំ ហើយ​ធ្វើ​ឲ្យ​គាត់​ប៉ះពាល់​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ហើយ​ធ្វើ​ឲ្យ​សង្គម​យើង​ពុំ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត​ទេ ប្រសិន​បើ​ជា​មាន​នូវ​អំពើ​របៀប​នេះ​កើត​ឡើង​ជា​បន្ត​បន្ទាប់។ ក្នុង​នាម​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​មួយ​យើង​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ចូលរួម​ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​នៃ​អ្វី​ដែល​កើត​មាន​ឡើង​ទាំង​អស់​នេះ»។

របាយការណ៍​ចេញ​ដោយ​មន្ទីរ​កិច្ចការ​នារី​ខេត្ត​កោះកុង បាន​បង្ហាញ​ថា តាំង​ពី​ឆ្នាំ២០១១ ដល់​រហូត​ដល់​៦ខែ​ដើម​ឆ្នាំ២០១២ ទើប​តែ​មាន​ករណី​កេងប្រវ័ញ្ច និង​រំលោភ​លើ​សិទ្ធិ​កុមារ​មួយ​ករណី​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ករណី​រំលោភ​សេពសន្ថវៈ​មាន​១៣ ករណី៕

No comments: