ដោយ ខែ សុណង 2012-05-25
ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកស្ទួយសិទ្ធិ ស្ត្រី បានថ្កោលទោសអាជ្ញាធរក្រុងភ្នំពេញ និងរិះគន់តុលាការក្រុងភ្នំពេញ ដែលបានសម្រេចផ្ដន្ទាទោសលើស្ត្រីអ្នកភូមិបឹងកក់ ១៣នាក់ ឲ្យជាប់ពន្ធនាគារ២ឆ្នាំកន្លះ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានចាត់ទុកការសម្រេច សេចក្ដីនេះថា គ្មានយុត្តិធម៌ និងជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ការកាត់ទោសស្ត្រីអ្នកភូមិតំបន់បឹងកក់ចំនួន ១៣នាក់ ជាការឆ្លុះបញ្ចាំងអំពីការធ្លាក់ចុះនៃការរំលោភសិទ្ធិស្ត្រី និងកុមារដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់សច្ចាប័នរួចហើយនោះ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកស្ទួយសិទ្ធិ ស្ត្រី បានប្រតិកម្មចំពោះសាលាដំបូងរាជធានីភ្នំពេញ ដែលបានដាក់ទោសស្ត្រី ១៣នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ជាង ២ឆ្នាំនេះ កាលពីថ្ងៃទី២៤ ឧសភា ដែលអង្គការជាតិ អន្តរជាតិបានថ្កោលទោសចំពោះការកាត់ទោសនេះ។
ប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍នៅថ្ងៃទី២៥ ឧសភា ដោយសម្ដែងការសោកស្ដាយចំពោះការសម្រេចកាត់ទោសស្ត្រីទាំង ១៣រូបយ៉ាងតក់ក្រហល់របស់តុលាការក្រុងភ្នំពេញ។ អ្នកស្រីបន្តថា ការកាត់ក្ដីនេះមិនប្រកបដោយយុត្តិធម៌នោះទេ។
តុលាការរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ឧសភា បានបើកសវនាការផ្ដន្ទាទោសស្ត្រីអ្នកភូមិបឹងកក់ ១៣នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ ២ឆ្នាំកន្លះ ពីបទកាន់កាប់ដោយខុសច្បាប់លើអចលនវត្ថុរបស់នីតិបុគ្គលសាធារណៈ និងបទប្រឆាំងអាជ្ញាធរសាធារណៈ ដោយមានស្ថានទម្ងន់ទោស។ ការសម្រេចរបស់តុលាការបានធ្វើឲ្យអ្នកភូមិបឹងកក់ និងបុរីកីឡាដែលមកគាំទ្រជនជាប់ចោទទាំង ១៣នាក់ សម្ដែងប្រតិកម្មយ៉ាងខ្លាំង។
ពលរដ្ឋភូមិ១តំបន់បឹងកក់ អ្នកស្រី ស្រី សុឃឿន ដែលបានរង់ចាំស្ដាប់លទ្ធផលនៅខាងមុខតុលាការក្រុងភ្នំពេញ បានសម្ដែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា ស្ត្រីអ្នកភូមិទាំង ១៣នាក់ត្រូវតុលាការសម្រេចផ្ដន្ទាទោស ហើយរថយន្តដឹកអ្នកទាំងនោះទៅពន្ធនាគារភ្លាមៗ ដែលមានកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់លោមព័ទ្ធពលរដ្ឋយ៉ាង ជុំជិត។
ប្រធានកម្មវិធីស្ត្រី និងកុមារ នៃអង្គការការពារសិទ្ធិមនុស្សអាដហុក (ADHOC) អ្នកស្រី ជួន ចំរ៉ុង ថ្លែងថា ការជាប់ទោសរបស់ស្ត្រីទាំង ១៣រូបនេះ ក៏បានប៉ះពាល់ដល់ស្មារតីអ្នកដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួននោះ ដែរ ហើយជាងនេះទៅទៀត ស្ថានភាពរស់នៅក្នុងគ្រួសារកាន់តែធ្លាក់ដុនដាបថែមទៀត។
ពាក់ព័ន្ធនឹងការដាក់ទោសស្ត្រីអ្នកភូមិបឹងកក់នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការសម្រេចរបស់តុលាការ ក្រុងភ្នំពេញដែរ។ សេចក្ដីថ្លែងការណ៍ដដែលបានជំរុញឲ្យតុលាការលើកលែងទោសស្ត្រីទាំង ១៣រូបឲ្យមានសេរីភាពឡើងវិញ ហើយឲ្យរដ្ឋាភិបាលបង្កើតយន្តការដោះស្រាយដោយសន្តិវិធី។
ស្ត្រីជាអ្នកភូមិបឹងកក់ចំនួន ១៣នាក់នោះមាន លោកស្រី ទេព វន្នី តុល ស្រីពៅ ហេង ម៉ុំ គង់ ចន្ថា ង៉ែត ឃុន ផាន់ ឈុនរ៉េត សួង សម័យ ឆេង លាភ បូវ សោភា ថូ ដាវី ចាន់ ណាវី ងួន គឹមឡាង និងលោកស្រី សុង ស្រីលាភ។ ពួកគាត់ត្រូវបានកងកម្លាំងអាជ្ញាធរចាប់កាលពីថ្ងៃពីថ្ងៃទី២២ ឧសភា បន្ទាប់ពីពួកគាត់បានចូលរួមសង់ឡើងវិញនូវទីជម្រករបស់អ្នកភូមិ១ នៃតំបន់បឹងកក់ ចំនួន ១៨គ្រួសារ ដែលក្រុមហ៊ុនស៊ូកាគូវាយកម្ទេច និងបូមខ្សាច់ពន្លិចដោយមិនផ្ដល់សំណងកាលពីឆ្នាំ២០១០៕
2 comments:
Those judge graduaded from tbong chorb , kol rissey ,knong pou thao,
university.IF they are graduaded from a famous law school ,they not
do what is against the real law like this.
អ្នកស្រី ពុង ឈីវកេក ជាមនុស្សរបស់ហ៊ុនសែន
ជាយូរមកហើយ។
Post a Comment