សមត្ថកិច្ច ចោមរោមសួរអ្នកកាសែតកាលពីថ្ងៃបាញ់ប្រហារ។ រូបថតសហការី |
Monday, 21 May 2012
The Phnom ,Penh Post
កោះកុងៈ អយ្យការ សាលាដំបូងបានកោះហៅសាក្សីជាមន្ត្រីកងរាជអាវុធហត្ថ ៣ នាក់ទៀត ដែលមានវត្តមានក្នុងថ្ងៃបាញ់ប្រហារសកម្មជនការពារព្រៃឈើលោក ឈុត វុទ្ធី និងមន្ត្រីកងរាជអាវុធហត្ថ អ៊ិន រតនា ឲ្យចូលទៅបំភ្លឺ នៅតុលាការនាថ្ងៃ ២៨ ខែឧសភា។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុងឲ្យដឹងកាលពីម្សិលមិញថា ព្រះរាជអាជ្ញារង ស្រី ម៉ាកនី បានចេញដីកាកោះហៅបុរសបីនាក់ ឈ្មោះ ពុំ រ៉ាវីន អាយុ ៣៧ ប៊ូ អន អាយុ ២៨ ឆ្នាំ និង ឯក សុអឿន អាយុ ២៨ ឆ្នាំ ឲ្យចូលទៅកាន់តុលាការខេត្តនៅថ្ងៃ ២៨ ខែឧសភាខាងមុខនេះ ដើម្បីសួរនាំពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា។ លោកនិយាយថា៖ «ខ្ញុំគិតថា ការកោះហៅនេះ ជាសញ្ញាថា តុលាការ ខិតខំស៊ើបអង្កេតរកជនដៃដល់ និងអ្នកពាក់ព័ន្ធក្នុងរឿងក្តីនេះ»។
កាលពីថ្ងៃទី២៦មេសា លោក ឈុត វុទ្ធី បាននាំអ្នកកាសែតខេមបូឌាដេលីពីររូបគឺ កញ្ញា ផន បុប្ផា និង កញ្ញា អូលេស្យា ផ្លូឃី ចុះទៅពិនិត្យមើលពីតំបន់កាប់ឈើខុសច្បាប់ នៅក្នុងខេត្តកោះកុង។ ប៉ុន្តែរថយន្តរបស់លោក ឈុត វុទ្ធី ដែលដឹកអ្នកកាសែតទាំងពីរ ត្រូវបានបញ្ឈប់ដោយមន្ត្រីអាវុធហត្ថ និងមានការប្រទូសរ៉ាយពាក្យសំដីគ្នា ហើយក្រោយមកអ្នកទាំងពីរ សុទ្ធតែត្រូវបានគេបាញ់សម្លាប់។
លោក នាង បូរ៉ាទីណូ មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ថ្លែងថា កាលពីថ្ងៃ ១៧ និង ១៨ ឧសភាមក តុលាការបានកោះហៅសាក្សីជាអ្នកកាសែតខេមបូឌាដេលី កញ្ញា ផន បុប្ផា លោក គ្រុយ សិត្ថា អាយុ ៣៧ ឆ្នាំ ជាអ្នកគ្រប់គ្រងដេប៉ូឈើក្រុមហ៊ុន ធីមប៊ើរគ្រីន ដែលជាកន្លែងសម្លាប់លោក ឈុត វុទ្ធី លោកសូ សុភាព និងព្រំ សុខា ជាមន្ត្រីកងរាជអាវុធហត្ថ។
ចំណែកសាក្សីម្នាក់ទៀត កញ្ញា អូលេស្យា ផ្លូឃី ជនជាតិកាណាដា មិនបានបង្ហាញវត្តមានជាមួយកញ្ញា ផន បុប្ផា នៅតុលាការខេត្តនោះទេ កាលពីថ្ងៃ ១៧ ឧសភាដោយសារនាង បានចាកចេញពីប្រទេសកម្ពុជា ក្រោយពីមានករណីបាញ់សម្លាប់នេះ។
លោក នាងបូរ៉ាទីណូ ថ្លែងថា៖ «ករណីនេះ យើងជាមន្ត្រីសិទ្ធិមនុស្ស មានការលំបាក ក្នុងការសាកសួរ ដើម្បីរកព័ត៌មានណាស់ ព្រោះតុលាការថា គេរក្សាការសម្ងាត់ទៅតាមច្បាប់ មិនឲ្យព័ត៌មានចេញមកក្រៅ»។ លោកបន្តថា ទោះយ៉ាងណា លោកក៏ជំរុញឲ្យតុលាការ កោះហៅសាក្សីផ្សេងទៀត ជាពលរដ្ឋធម្មតា ដែលបានឃើញហេតុការណ៍បាញ់សម្លាប់សកម្មជនការពារបរិស្ថានដ៏ល្បីល្បាញនេះ។
គណៈកម្មាធិការស៊ើបអង្កេតចម្រុះដែលរដ្ឋាភិបាល បានបង្កើតឡើង បានប្រកាសថា លោក ឈុត វុទ្ធី ត្រូវបានលោក អ៊ិន រតនា បាញ់សម្លាប់ ហើយលោក អ៊ិន រតនា បានត្រូវគ្រាប់កាំភ្លើងដោយចៃដន្យ នៅពេលលោក រ៉ាន់ បូរ័ត្ន ដណ្ដើមកាំភ្លើងពីលោក រតនា។ លោក រ៉ាន់ បូរ័ត្ន ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដើម្បីរង់ចាំកាត់ទោស។ ទោះយ៉ាងណាក្រុមអង្គការសិទ្ធិមនុស្ស មិនជឿលើរបាយការណ៍នេះឡើយ ដោយសារតែមានចំណុចមន្ទិលសង្ស័យជាច្រើន មិនទាន់ត្រូវបានបកស្រាយ ជាពិសេស ករណីដែលអ្នកកាសែតស្នើសុំយក លោក វុទ្ធីទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីការបាញ់ប្រហារ ដែលគាត់មិនទាន់ស្លាប់នៅឡើយ ប៉ុន្តែមិនត្រូវបានគេអនុញ្ញាតឡើយ ដោយគេទុកលោក ឈុត វុទ្ធី ឲ្យហូរឈាមរហូតដល់ស្លាប់។
ព្រះរាជអាជ្ញារង ស្រី ម៉ាកនី មិនអាចទាក់ទងដើម្បីសាកសួរព័ត៌មានអំពីការសាកសួរសាក្សីខាងលើនេះបានឡើយ៕
No comments:
Post a Comment