កម្ពុជាប្រកាសថាខ្វះកម្លាំងពលកម្មក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ
ថ្ងៃ អង្គារ 01 ឧសភា 2012
ដោយ លាង ដឺលុច
Radio France Internationale
ចំពោះ មន្ត្រី សហជីព វិញ ពួកគេ បាន និយាយ ថាកង្វះកម្លាំង ពលកម្ម ក្នុង វិស័យ កាត់ ដេរ គឺ ដោយសារ ប្រាក់ខែ តិចថៅកែរោងចក្រនិងប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះកង្វះខាតកម្លាំងពលកម្មនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់។ នៅក្នុងទិវាពលកម្មអន្តរជាតិ១ឧសភានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអំពាវនាវកុំអោយពលករខ្មែរចាកចេញទៅធ្វើការនៅក្រៅប្រទេស។
នៅក្នុងចំណោមសកម្មភាពនៃការអបអរទិវាពលកម្មអន្តរជាតិ ការរៀបចំក្បួនដង្ហែដើម្បីទាមទារការគោរពច្បាប់ការងារ រដ្ឋាភិបាល និងថៅកែរោងចក្របានប្រកាសថា កម្ពុជាកំពុងតែខ្វះខាតកម្លាំងពលកម្ម។
ពីក្រុងព្រះសីហនុ ទីដែលលោកជួបជាមួយកម្មករកំពង់ផែ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវផ្ទាល់មាត់សាជាថ្មីម្តងទៀត មិនអោយពលរដ្ឋចេញទៅលក់កម្លាំងពលកម្មនៅប្រទេសជិតខាងទៀតឡើយ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជាខ្វះខាតកម្លាំងពលកម្មមាននៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ កសិកម្ម និងសំណង់។
បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ពលករខ្មែរដែលចេញទៅធ្វើការនៅប្រទេសជិតខាងនោះ ក៏ធ្វើការនៅក្នុងវិស័យដែលកម្ពុជាកំពុងខ្វះខាតកម្លាំងនេះដែរ។
ដើម្បីទាក់ទាញអោយមានពលករខ្មែរនៅធ្វើការក្នុងប្រទេសច្រើនជាងនេះ លោកនាយករដ្ឋមន្ត្រី បានអំពាវនាវអោយម្ចាស់ក្រុមហ៊ុនរៀបចំទីកន្លែងស្នាក់នៅសម្រាប់ពលករមកពីជនបទផ្តល់ព័ត៌មានអោយបានទូលំទូលាយអំពីទីផ្សារការងារនិងទី៣គឺការគិតគូរផ្តល់ប្រាក់ខែមូលដ្ឋានអោយបានសមរម្យដល់កម្មករ។
មានការសន្និដ្ឋានផ្សេងៗគ្នាអំពីមូលហេតុនៃកង្វះកម្លាំងពលកម្ម។ ប្រមុខរដ្ឋាភិបាលបានដាក់ការសង្ស័យទៅលើការខ្វះខាតការផ្សព្វផ្សាយព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានយល់ឃើញថាមូលហេតុគឺដោយសារមានកំណើនរោងចក្រថ្មីៗច្រើន។ ចំពោះមន្ត្រីសហជីពវិញពួកគេបាននិយាយថាកង្វះកម្លាំងពលកម្មក្នុងវិស័យកាត់ដេរគឺដោយសារប្រាក់ខែតិច។
នៅព្រឹកថ្ងៃអង្គារនេះ តាមរយៈការសំណេះសំណាលជាមួយក្រុមកម្មករកំពង់ផែ លោកនាយករដ្ឋមន្ត្រីបានផ្តល់ការទូន្មានដល់អ្នកដែលចង់ទៅធ្វើការនៅប្រទេសជិតខាងថា ពួកគេបានទទួលប្រាក់កម្រៃច្រើនជាងមែន ប៉ុន្តែពួកគេត្រូវរស់នៅឆ្ងាយពីគ្រួសារ និងស្រុកកំណើត៕
No comments:
Post a Comment