Wednesday, May 02, 2012

កាសែត២ ប្រើពាក្យអីក៏ ជួនគ្នាល្អម៉្លេះ?

ឃាត់​ខ្លួន​ជន​សង្ស័យ​​បាញ់​​ប្រហារ​មន្ត្រី​ប៉េអឹម​​ និង​ប្រធាន​អង្គ​ការ​ការពារ​បរិ​ស្ថាន​​នៅ​ខេត្ត​កោះ​កុង

02 May 2012
Koh Santepheap

​ខេត្ត​កោះ​កុង​ ៖ ​ជន​សង្ស័យ​​ម្នាក់​ដែល​គេ​អះ​អាងថា បាញ់​សម្លាប់​​មន្ត្រី​ប៉េអឹម​ និង​ប្រធាន​អង្គ​ការ​ការ​ពារ​បរិ​ស្ថាន​ក្នុង​បុព្វ​ហេតុ​​រារាំង​​ដំណើរ​អ្នក​កាសែត​​បរទេស​២​នាក់ (នារីខ្មែរ​ម្នាក់ និងនារី​អ៊ុយ​ក្រែន​ម្នាក់​) ​មិន​ឱ្យ​​ចូល​​ទៅ​ក្នុង​​ជំរំ​​ស្តុក​ឈើ​​ប្រណីត​នោះ​ត្រូវ​បាន​កម្លាំង​ប៉េអឹម​​ស្វែង​រក​​ឃាត់​​ខ្លួន​បាន​ហើយ កាលពី​​វេលា​ម៉ោង​​ជាង​៣​រសៀល​ថ្ងៃទី​១ ឧសភា ​២០១២ នៅ​ជិត​ក្រុម​ហ៊ុន​កាប់​ឈើ​​តែ​ម្តង ​គឺ​ដេប៉ូទី១ ហៅវាល​៣ ។

ខ្មាន់​​កាំភ្លើង​ដែល​សង្ស័យ​​ថា សម្លាប់​មន្ត្រី​​ប៉េអឹម និង​​ប្រធាន​អង្គ​ការ​ការពារ​បរិស្ថាន​​ដែល​ឃាត់​ខ្លួន​នេះ​ឈ្មោះ​រ៉ាន់ បូរ័ត្ន ​អាយុ​៣១​ឆ្នាំ ​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​កាប់​ឈើ​ខាង​លើ ទទួល​បន្ទុក​​ការងារ​សន្តិ​​សុខ ។ ​ខ្មាន់​កាំភ្លើង​​ឈ្មោះ​រ៉ាន់ បូរ័ត្ន ​បាន​និយាយ​ថា ​ក្នុងហេតុ​ការណ៍​​បាញ់​​ប្រហារ​នាំ​ឱ្យ​ស្លាប់​២​នាក់​នោះ គឺ​មាន​សាក្សី​​ដែល​បាន​ឃើញ​​ព្រឹត្តិ​ការណ៍​​​នេះ​ចំនួន​៤​នាក់​ទៀត​ជាអ្នក​​ធ្វើ​ការ​ក្នុង​ក្រុម​ហ៊ុន​​កាប់​ឈើ​ដែរ​... ​រ៉ាន់ បូរ័ត្ន មិន​ទាន់​និយាយ​អ្វីទូលំ​ទូលាយ​នៅ​ឡើយ​​ទេ​ក្នុង​រឿង​នេះ

គួររំលឹក​ថា មន្ត្រី​​​ប៉េអឹម​​​ការ​ពារ​​ជំរំស្តុក​ឈើ​ម្នាក់ ត្រូវបាន​​គេបាញ់​ស្លាប់​ដេក​ដួល​នៅនឹង​កន្លែង និង​ប្រធាន​​​អង្គ​ការ​ការពារ​​បរិស្ថាន​ម្នាក់​ទៀត ក៏​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ក្នុង​រថយន្ត​ផង​ដែរ បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​​ និង​រន្ធត់​យ៉ាងខ្លាំង គឺ​​​​មន្ត្រី​ប៉េអឹម​​ដេក​ស្លាប់​​ក្បែរ​រថយន្ត​​​ឡង់គ្រីស្ស័រ​ ស៊េរី​ចាស់ ពណ៌​ក្រហម​ រី​ឯ​​ប្រធាន​អង្គ​ការ​​ការ​ពារ​បរិស្ថាន ដែល​ជា​អ្នក​បើកបរ​​​​ស្លាប់​​​ក្នុង​រថយន្ត​​នេះ​តែម្តង ខណៈ​​ដឹក​អ្នក​​កាសែត​​បរទេស​ម្នាក់​អ្នក​កា​សែត​កម្ពុជា​ម្នាក់​​​​ទៅ​ថត​​​​យក​រូប​ភាព​​នៅ​​ជំរំស្តុកឈើ​​​ប្រណីត​ ក្នុងព្រៃ​សោង ខេត្ត​កោះ​កុង​​ ។​


ការដោះស្រាយ​​​បញ្ហា​​ដោយ​ប្រើ​ប្រាស់​​​​​​​គ្រាប់​កាំភ្លើង​​រៀងៗ​ខ្លួន ហើយពិឃាត​​ជីវិត​​មនុស្ស​នេះ ​បានកើតឡើង​កាល​ពីវេលាម៉ោង​​​​១២ និង​៣០​នាទី​រសៀលថ្ងៃទី២៦ មេសា ២០១២ នៅ​កណ្តាល​​ទ្រូងព្រៃ ស្ថិត​ក្នុង​ភូមិ​កោះ​ប៉ោ ឃុំប៉ាក់​ខ្លង ​ស្រុក​មណ្ឌលសីម៉ា ។ ​មន្ត្រី​ប៉េអឹម​ដែលស្លាប់​​ឈ្មោះ​អុិន រតនា ​អាយុ​៣១​ឆ្នាំ ​​ជា​អ្នក​យាម​កាម​នៅ​​ជំរំ​ស្តុកឈើ​​​ប្រណីត ដេក​ស្លាប់​​ក្បែរ​រថយន្ត​​​​​ឡង់គ្រីស្ស័រ ស៊េរីចាស់ ពណ៌​ក្រហម ពាក់ស្លាក​លេខ​ NGO101,2-100 ​ដោយ​មាន​កាំ​ភ្លើង​​​អាកា​នៅក្នុង​ដៃ​ផង​ ហើយ​នៅ​ដើម​ទ្រូង​​មានត្រូវ​គ្រាប់២គ្រាប់ ។

ចំណែក​អ្នក​ស្លាប់​​នៅក្នុង​រថយន្ត​ឡង់គ្រីស្ស័រ ​ឈ្មោះ​​ឈុត​ វុទ្ធី អាយុ​ប្រមាណ​៤០ឆ្នាំ ​ដេក​ស្លាប់​ក្នុង​រថយន្ត​​​ ដោយគ្រាប់​​កាំភ្លើង​ទម្លុះជញ្ជាំង​ត្រូវ​១គ្រាប់ ហើយ​អង្គុយ​​ក្នុង​រថយន្ត​​​ក្បែរ​នោះ គឺនារី​អ្នកកាសែត​​ជន​ជាតិ​ខ្មែរ​បម្រើ​ការ​ឱ្យ​កាសែត​ឌឹ ឃេមបូឌា ដេលី ឈ្មោះ​ផន បុប្ផា អាយុ​២៧​ឆ្នាំ​ មិន​មាន​រងរបួស​​អ្វីទេ និង​​អ្នកកាសែត​​​ស្រី​បរ​ទេស​ម្នាក់ទៀត ​ជន​ជាតិ​​អ៊ុយក្រែនឈ្មោះ​អូឡេ​ស៊ីយ៉ា ឡូភី អាយុ​២៧​ឆ្នាំ ​ក៏​មិន​មាន​រងរបួស​អ្វីដែរ ពេលកើត​ហេតុ​បាញ់​​ប្រហារ​​នារី​ទាំង២​នាក់​ បាន​រត់​ទៅ​សំងំ​ពួន​ក្នុង​ព្រៃ​ទាំង​រាង​កាយ​ញ័រ​ចំប្រប់ ។ ពួកគេ​ទាំង​៣​នាក់ បាន​​ចូលទៅក្នុង​ទ្រូងព្រៃ ដើម្បី​​ប្រមាញ់ ​យករូបភាព​ជំរំស្តុក​ឈើ​ប្រណីត​ (កន្លែងកើត​ហេតុ) ដែល​ស្ថិត​នៅ​​ចម្ងាយ​ប្រមាណ​៤០គីឡូ​ម៉ែត្រពីក្រុង​ខេមរ​ភូមិន្ទ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
--------
ប្រតិបត្តិ​ការ ចុះស៊ើបអង្កេត ករណីស្លាប់​លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា ចាប់ផ្តើមនៅ ព្រឹកថ្ងៃនេះ​ហើយ

Wednesday, 02 May 2012
ដោយ៖ អេង គឹមជាង
DAP-news

ភ្នំពេញ៖ សេចក្តីសម្រេច បង្កើតគណៈកម្មការ ចម្រុះមួយដែលមាន សមាសភាពចំនួន៥រូប ដើម្បីស៊ើបអង្កេតករណីបាញ់សម្លាប់ ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី និងមន្រ្តីអាវុធហត្ថឈ្មោះ អ៊ិន រតនា រួចមកនោះ គណៈកម្មការនេះបានចាប់ផ្តើមប្រតិបត្តិការ របស់ខ្លួនហើយ។

អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាសមាជិក គណៈកម្មការចម្រុះស៊ើបអង្កេត លោក ទិត សុធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ថា ក្រុមការងាររបស់គណៈកម្មការចម្រុះ បានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅដល់កន្លែងកើតហេតុហើយ បន្ទាប់ពីមានករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា កាលពីថ្ងៃទី២៦ ខែមេសា ដើម្បីធ្វើការស្រាវជ្រាវលើករណីនេះឲ្យច្បាស់លាស់ថា មានមូលហេតុអ្វីបានជាមានការបាញ់សម្លាប់កើតមានឡើង។

លោកថា ការស៊ើបអង្កេតនេះផងដែរ ក៏មានការជួបពិភាក្សាជាមួយមន្រ្តីជំនាញប្រចាំខេត្តជាច្រើនរូបទៀត« នៅព្រឹកថ្ងៃទី២ ខែឧសភានេះ គណៈកម្មការ បានចាប់ផ្តើមហើយដើម្បីរកភស្តុតាងបញ្ជាក់បន្ថែមទៀតអំពីការបាញ់សម្លាប់នេះ »។

គណៈកម្មការចម្រុះស៊ើបអង្កេត ករណីស្លាប់លោក ឈុត វុទ្ធី និងលោក អ៊ិន រតនា មានសមាសភាពដូចជា
ទី៖១ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ (ប្រធាន)
២៖លោកឧត្តមសេនីយ៍ទោ ស៊ិន សូផាន្នី មេបញ្ជាការរង និងជាស្នងការ នៃស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស (អនុប្រធាន)
៣៖លោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី (សមាជិក)
៤៖លោក គឹម សន្ដិភាព អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងយុត្តិធម៌ (សមាជិក)
៥៖លោក សោម សាបាន អនុប្រធាននាយកដ្ឋាន ទទួលពាក្យបណ្ដឹង និងអង្កេត ស្រាវជ្រាវ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច (សមាជិក)។

សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលគេអះអាងថា បាញ់សម្លាប់មន្ត្រីប៉េអឹម និងប្រធានអង្គការការពារបរិស្ថានក្នុងបុព្វហេតុរារាំងដំណើរ អ្នកកាសែតបរទេស២នាក់ ត្រូវបានកម្លាំង ប៉េអឹមស្វែងរកឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១ ឧសភា ២០១២ ។

ខ្មាន់កាំភ្លើងដែលសង្ស័យថា សម្លាប់មន្ត្រីប៉េអឹម និងប្រធានអង្គការការពារបរិស្ថាន ដែលឃាត់ខ្លួននេះឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនកាប់ឈើខាងលើ ទទួលបន្ទុកការងារសន្តិសុខ ។ ខ្មាន់កាំភ្លើងឈ្មោះរ៉ាន់ បូរ័ត្ន បាននិយាយថា ក្នុងហេតុការណ៍បាញ់ប្រហារនាំឱ្យស្លាប់២នាក់នោះ គឺមានសាក្សីដែលបានឃើញព្រឹត្តិការណ៍នេះចំនួន៤នាក់ទៀតជាអ្នក ធ្វើការក្នុងក្រុមហ៊ុនកាប់ឈើដែរ... រ៉ាន់ បូរ័ត្ន មិនទាន់និយាយអ្វីទូលំទូលាយ នៅឡើយទេក្នុងរឿងនេះ

No comments: