Wednesday, May 02, 2012

In celebration of WISDOM -- សុភាសិត ២១





ព្រះហឫទ័យ​របស់​ស្ដេច​ ប្រៀប​បាន​ នឹង​ទឹក​ 
 នៅ​ក្នុង​ព្រះហស្ដ​ របស់​ព្រះអម្ចាស់,
ព្រះអង្គ​ផ្អៀង​ព្រះហស្ដ ​ទៅ​ខាង​ណា​ទឹក​ហូរ ​ទៅ​ខាង​នោះ។

មនុស្ស​គ្រប់ៗ​រូប ​តែង​យល់​ថា 
អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ សុទ្ធ​តែ​ត្រឹមត្រូវ,
ក៏​ប៉ុន្តែ មាន​តែ​ព្រះអម្ចាស់​ទេ 
ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។

ព្រះអម្ចាស់​ សព្វ​ព្រះហឫទ័យ​  
ចំពោះ​យុត្តិធម៌ និង​សេចក្ដី​ទៀងត្រង់
ជាង​ការ​ថ្វាយ​យញ្ញបូជា​ទៅ​ទៀត។

ទឹក​មុខ​ក្រអឺតក្រទម និង​ចិត្ត​ព្រហើន​
បង្ហាញ​អោយ​ឃើញ​ នូវ​អំពើ​បាប​ របស់​មនុស្ស​អាក្រក់។

អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ ​ដោយ​ពិចារណា​យ៉ាង​ម៉ត់ចត់  
រមែង​ទទួល​ផល​បរិបូណ៌,
រីឯ​អ្នក​ដែល​ធ្វើ​អ្វី​មួយ​ ដោយ​តក់ក្រហល់ តែងតែ​ជួប​អត្តខាត់។

អ្នក​ដែល​រក​ទ្រព្យ​សម្បត្តិ​ បាន​ដោយ​បោក​ប្រាស់​គេ
ជា​មនុស្ស​បញ្ឆោត​ខ្លួន​ឯង,
ហើយ​រត់​ទៅ​រក​សេចក្ដី​ស្លាប់។

ចិត្ត​ឃោរឃៅ​របស់​មនុស្ស​អាក្រក់ 
នាំ​អោយ​ខ្លួន​គេ​វិនាស,
ដ្បិត ​គេ​មិន​ព្រម​ធ្វើ​អំពើ​យុត្តិធម៌​ទេ។

ជន​ឧក្រិដ្ឋ ​ដើរ​តាម​ផ្លូវ​វៀចវេរ,
រីឯ​មនុស្ស​សុចរិត ​ដើរ​តាម​ផ្លូវ​ទៀងត្រង់។

ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ
ជា​ជាង​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។

មនុស្ស​ពាល​ គិត​តែ​ពី​ធ្វើ​បាប​គេ,
សូម្បី​តែ​មិត្ត​សម្លាញ់​របស់​ខ្លួន ក៏​វា​មិន​ត្រា​ប្រណី​ដែរ។

បើ​ដាក់​ទោស​មនុស្ស​ចំអក​ឡកឡឺយ 
នោះ​ នឹង​ធ្វើ​អោយ​មនុស្ស​ល្ងង់​មាន​ប្រាជ្ញា។  
បើ​ទូន្មាន​អ្នក​មាន​ប្រាជ្ញា ​នោះ​គេ​នឹង​ទទួល​ចំណេះ។

ព្រះ​ដ៏​សុចរិត ​តែងតែ​ឃ្លាំ​មើល​  
ក្រុម​គ្រួសារ​របស់​មនុស្ស​អាក្រក់,
ហើយ​ធ្វើ​អោយ​គេ​អន្តរាយ។

អ្នក​ណា​ធ្វើ​ជា​ថ្លង់ មិន​ឮ​សំរែក​របស់​មនុស្ស​ទុគ៌ត,
លុះ​ពេល​មាន​អាសន្ន ​ស្រែក​ហៅ​អោយ​គេ​ជួយ
នឹង​គ្មាន​នរណា​អើពើ​ឡើយ។

ជំនូន ​ដែល​ជូន​ដោយ​សំងាត់ តែងតែ​រំងាប់​កំហឹង,
រីឯ ​អំណោយ​ ដែល​ជូន​ដោយ​លាក់​ការណ៍
ក៏​ធ្វើ​អោយ​ស្ងប់​កំរោល​ដែរ។

ការ​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ 
រមែង​ផ្ដល់​អោយ​មនុស្ស​សុចរិត​មាន​អំណរ,
តែ​ធ្វើ​អោយ​មនុស្ស​ទុច្ចរិត​ភ័យ​តក់ស្លុត។

អ្នក​ណា​លះបង់​សុភនិច្ឆ័យ,
អ្នក​នោះ នឹង​ទៅ​នៅ​ជា​មួយ​មនុស្ស​ស្លាប់។

អ្នក​ដែល​ភ្លើតភ្លើន ​នឹង​ការ​សប្បាយ 
តែងតែ​ធ្លាក់​ខ្លួន​ក្រ,
រីឯ ​អ្នក​ដែល​ចូល​ចិត្ត​ស៊ី​ផឹក​ 
 មិន​អាច​ទៅ​ជា​អ្នក​មាន​ឡើយ។

មនុស្ស​អាក្រក់ ​តែងតែ​រង​ទុក្ខ ​ជំនួស​មនុស្ស​សុចរិត,
ហើយ​មនុស្ស​ក្បត់ ​រង​ទុក្ខ​ជំនួស​ មនុស្ស​ទៀងត្រង់។

ស៊ូ​រស់​នៅ​ក្នុង​វាល​រហោស្ថាន
ជា​ជាង​រស់​នៅ​ ជា​មួយ​ប្រពន្ធ ​ពូកែ​ឈ្លោះ ហើយ​ឆាប់​ខឹង។

ទ្រព្យ​សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ,
រីឯ​មនុស្ស​ល្ងីល្ងើ​វិញ​ រមែង​បង្ហិន​ទាំង​អស់។

អ្នក​ដែល​ស្វែង​រក ​សេចក្ដី​សុចរិត និង​សេចក្ដី​សប្បុរស
​តែងតែ​មាន​អាយុ​វែង, ​ជួប​ប្រទះ ​នឹង​សេចក្ដី​សុចរិត
ហើយ​ទទួល​កិត្តិយស។

មនុស្ស​មាន​ប្រាជ្ញា​  
 អាច​វាយ​ដណ្ដើម​យក​បាន​ទីក្រុង ​របស់​អ្នក​ខ្លាំង​ពូកែ,
ហើយ​កំទេច​ កំពែង ​ដែល​ជា​ទី​ទុក​ចិត្ត ​របស់​អ្នក​ទាំង​នោះ​ផង។

អ្នក​ដែល​ប្រយ័ត្ន​ពាក្យ​សំដី
តែងតែ​ចៀស​ផុត​ពី​ទោសពៃរ៍។

មនុស្ស ​អួត​បំប៉ោង និង​ព្រហើន តែងតែ​ចំអក ​អោយ​អ្នក​ដទៃ​។ 
អ្វីៗ​ដែល​គេ​ធ្វើ​ សុទ្ធ​តែ​បង្ហាញ​ នូវ​ការ​អួត​បំប៉ោង ​របស់​ខ្លួន។

បំណង​របស់​មនុស្ស​ខ្ជិល រមែង​ធ្វើ​អោយ​ខ្លួន​ស្លាប់,
​ព្រោះ​គេ​មិន​ព្រម​ធ្វើ​ការ។

មនុស្ស​ខ្លះ ​គិត​តែ​ពី​លោភ​ចង់​បាន,
រីឯ ​មនុស្ស​សុចរិត​វិញ តែងតែ​ធ្វើ​ទាន​ ដោយ​ឥត​សំចៃ។

ព្រះជាម្ចាស់​ មិន​សព្វ​ព្រះហឫទ័យ​  
នឹង​យញ្ញបូជា ​របស់​មនុស្ស​អាក្រក់​ទេ,
ដ្បិត ​ពួក​គេ​ យក​មក​ថ្វាយ ​ដោយ​បំណង​អាក្រក់។

សាក្សី​ក្លែងក្លាយ ​រមែង​វិនាស,
រីឯ ​អ្នក​ដែល​ដឹង​រឿង​ច្បាស់ ទើប​អាច​និយាយ​បាន។

មនុស្ស​អាក្រក់ ​រមែង​មាន​មុខ​ក្រាស់,
រីឯ​ មនុស្ស​ទៀងត្រង់ រឹត​តែ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ថែម​ទៀត។

គ្មាន​ប្រាជ្ញា, ការ​ពិចារណា ឬ​យោបល់​ណា
​អាច​ប្រៀប​ផ្ទឹម​ស្មើ ​នឹង​ព្រះអម្ចាស់​បាន​ឡើយ។

គេ​រៀប​ទ័ព​សេះ ​សំរាប់​ថ្ងៃ​ប្រយុទ្ធ,
តែ​ជ័យជំនះ ​ស្ថិត​នៅ​លើ​ព្រះអម្ចាស់។



 

No comments: