Thursday, May 03, 2012

In celebration of WISDOM -- សុភាសិត ២២





ស៊ូ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ​ជា​ជាង​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ។  
មាន​គេ​រាប់​អាន​ច្រើន ប្រសើរ​ជាង​មាន​មាស​ប្រាក់។

អ្នក​មាន និង​អ្នក​ក្រ​ ជា​មនុស្ស​ដូច​គ្នា,
ដ្បិត​ព្រះអម្ចាស់​ បាន​បង្កើត​គេ​មក​ទាំង​ពីរ​នាក់។

កាល​មនុស្ស​ឆ្លាត​ឃើញ​គ្រោះ​កាច​មក​ដល់ ​គេ​លាក់​ខ្លួន,
រីឯ​ មនុស្ស​ឥត​គំនិត អោន​ក្បាល​ដើរ​ទៅ​មុខ,
ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។

មនុស្ស​រាបសា ​តែងតែ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់។  
គេ​នឹង​ទទួល​ ទ្រព្យ​សម្បត្តិ, កិត្តិយស, និង​មាន​អាយុ​វែង។

ផ្លូវ​អសីលធម៌ មាន​សុទ្ធ​តែ​បន្លា និង​អន្ទាក់។  
អ្នក​ស្រឡាញ់​ជីវិត ​តែងតែ​ដើរ​ចៀសឆ្ងាយ ​ពី​ផ្លូវ​នោះ។

ចូរ​អប់រំ​កូន​ក្មេង ​អោយ​មាន​ទំលាប់​ល្អ​តាំង​ពី​តូច,
គេ​នឹង​រក្សា​ទំលាប់​នេះ ​រហូត​ដល់​ចាស់។

អ្នក​មាន ​តែងតែ​ជិះជាន់​អ្នក​ក្រ,
រីឯ​ កូន​បំណុល ​ជា​ទាសករ ​របស់​ម្ចាស់​ប្រាក់។

អ្នក​សាប​ព្រោះ​អំពើ​អាក្រក់ តែងតែ​ទទួល​គ្រោះ​កាច,
ហើយ​កម្លាំង​ដែល​ជំរុញ​គេ​អោយ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ 
នឹង​រលាយ​សូន្យ​ទៅ។

មនុស្ស​មាន​ចិត្ត​សប្បុរស ​តែងតែ​ទទួល​ព្រះពរ,
ដ្បិត ​គេ​ចែក​អាហារ​ដល់​ជន​ទុគ៌ត។

បំបាត់​ មនុស្ស​ចំអក​ឡកឡឺយ ជំលោះ​ក៏​បាត់​អស់​ដែរ។  
ការ​ឈ្លោះ​ប្រកែក និង​ការ​មើលងាយ លែង​មាន​ទៀត​ហើយ។


 អ្នក​ណា​ប្រកាន់​ចិត្ត​បរិសុទ្ធ ហើយ​មាន​ពាក្យ​សំដី​សុភាពរាបសា,
អ្នក​នោះ ​នឹង​បាន​គាប់​ព្រះហឫទ័យ​ស្ដេច។

ព្រះអម្ចាស់ ​តែងតែ​ថែរក្សា ​ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ,
តែ​ព្រះអង្គ​ ផ្ចាញ់ផ្ចាល​ពាក្យ​សំដី ​របស់​មនុស្ស​ពាល។  

មនុស្ស​កំជិល ​តែង​ពោល​ថា
«មាន​សត្វ​សិង្ហ​មួយ ​នៅ​ខាង​ក្រៅ។   
វា​មុខ​ជា​ហែក​ខ្ញុំ​ ស៊ី​នៅ​កណ្ដាល​ផ្លូវ​មិន​ខាន។»

ពាក្យ​សំដី​របស់​ស្ត្រី​ក្បត់​ប្ដី ជា​អន្ទាក់​មួយ​គួរ​អោយ​ព្រឺ​ខ្លាច។  
អ្នក​ដែល​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​ តែងតែ​ជាប់​អន្ទាក់​នោះ។

ក្មេងៗ ​តែងតែ​ជំពាក់​ចិត្ត ​នឹង​ភាព​ល្ងីល្ងើ។  
ការ​វាយ​ប្រដៅ ​នឹង​នាំ​វា​អោយ​ចេញ​ឆ្ងាយ ​ពី​ភាព​ល្ងីល្ងើ​នោះ។

ជន​ទុគ៌ត​ដែល​ត្រូវ​គេ​សង្កត់សង្កិន​ មុខ​ជា​បាន​ចំរើន,
រីឯ​ អ្នក​ដែល​យក​ទ្រព្យ​ទៅ​អោយ​អ្នក​មាន
នឹង​បណ្ដាល​អោយ​ធ្លាក់​ខ្លួន​ក្រ។

ដំបូន្មាន​របស់​អ្នក​ប្រាជ្ញ

ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អ្នក​ប្រាជ្ញ។  
ចូរ​យក​ចិត្ត​ទុក​ដាក់​ នឹង​ការ​យល់​ដឹង​របស់​ខ្ញុំ,
នោះ ​អ្នក​នឹង​សប្បាយ​ចិត្ត ដោយ​ចងចាំ,
ហើយ​ត្រៀម​ខ្លួន​ ស្រដី​ចេញ​មក​ជានិច្ច។

ខ្ញុំ​ចង់​អោយ​អ្នក​ ស្គាល់​ការ​យល់​ដឹង​នៅ​ថ្ងៃ​នេះ,
ដើម្បី​ អោយ​អ្នក ​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់។

ខ្ញុំ​បាន​កត់ត្រា​ទុក​នូវ​ឱវាទ និង​ដំបូន្មាន​ផ្សេងៗ 
ចំនួន​សាមសិប​ សំរាប់​អ្នក,
ដើម្បី​អោយ​អ្នក ​ស្គាល់​ការ​ត្រឹមត្រូវ និង​ការ​ពិត,
ហើយ​អ្នកអាច​ផ្ដល់​ចម្លើយ​ដ៏​ពិត​ប្រាកដ 
ដល់​មនុស្ស​ ដែល​ចាត់​អ្នក​អោយ​មក។

កុំ​រឹបអូស​យក​ទ្រព្យ​ពី​ជន​ទុគ៌ត ព្រោះ​តែ​ឃើញ​គ្នា​ទន់​ខ្សោយ,
ហើយ​កុំ​សង្កត់សង្កិន ​ជន​ក្រីក្រ​ ដែល​គ្មាន​អ្នក​ការពារ។

ដ្បិត​ព្រះអម្ចាស់ ​នឹង​រក​យុត្តិធម៌​អោយ​ពួក​គេ,
ហើយ​ដក​ហូត​យក​ជីវិត​ពី​អស់​អ្នក ​ដែល​រឹបអូស​យក​ទ្រព្យ​របស់​ពួក​គេ។

កុំ​សេពគប់​ នឹង​មនុស្ស​ឆាប់​ខឹង,
ហើយ​រួម​គំនិត ​ជា​មួយ​មនុស្ស​កំរោល,
ក្រែងលោ​អ្នក​យក​តំរាប់​តាម​គេ,
ហើយ​នាំ​អោយ​ជីវិត​របស់​អ្នក​ ជាប់​អន្ទាក់។

កុំ​ធានា ឬ​សន្យា​ សង​បំណុល ​ជួស​អ្នក​ដទៃ​ឡើយ។
បើ​អ្នក​គ្មាន​អ្វី​សង​ទេ, ​គេ​មុខ​ជា​ដក​ហូត​យក ​គ្រែ​ដេក​របស់​អ្នក​ពុំខាន។

កុំ​ដក​បង្គោល​ព្រំ​ចំកា រ​ដែល​ដូនតា​របស់​អ្នក បាន​បោះ​ទុក​នោះ​ឡើយ។

ប្រសិន​បើ​ អ្នក​ឃើញ​មនុស្ស​ម្នាក់​ ប៉ិនប្រសប់​បំពេញ​ការងារ​របស់​ខ្លួន,
តោង​ដឹង​ថា អ្នក​នោះ​ អាច​ចូល​បំរើ​ស្ដេច,
គឺ ​គេ​មិន​ស្ថិត​ក្នុង​ចំណោម​មនុស្ស ​ដែល​គ្មាន​កេរ្តិ៍​ឈ្មោះ​ឡើយ។



2 comments:

Anonymous said...

Why are you still want to convert us Khmer to be a different person. We Khmer have our own believes, our religions since we were existing.
Myself spent most of my life with the great protectors of the Christian religion, but most of them did not want me to be a Christian. They always supported me to be a good Khmer Buddhism believe.

Anonymous said...

NEAK KMEAN SETTIK HARM KHOIT NEAK DORTEY, MIN OY JEUR SASNA NIS REU SASNA NOUF TARM JET JORNG ROBORS NEAK NOUF TEH .
TEANG NIS SAMRACH NOV LEU KAR JREUS REUS ROBORS PREAH.......MIN MAEN NEAK TEH !