កុំច្រណែន នឹងមនុស្សអាក្រក់,
ហើយ កុំសេពគប់ ជាមួយពួកគេឡើយ។
ពួកគេគិតតែប្រព្រឹត្តអំពើឃោរឃៅ,
ហើយពោលពាក្យប្រទូស្តរាយ។
ដោយសារប្រាជ្ញា គេសង់ផ្ទះបាន,
ដោយសារការឈ្លាសវៃ គេធ្វើអោយផ្ទះនោះរឹងមាំ,
ហើយដោយសារតម្រិះ គេធ្វើអោយបន្ទប់មានពេញទៅ
ដោយវត្ថុដ៏មានតម្លៃជាទីគាប់ចិត្ត។
អ្នកប្រាជ្ញ តែងតែមានកម្លាំង,
ហើយអ្នកចេះដឹង មានកម្លាំងកាន់តែខ្លាំងឡើងៗ។
មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតអោយបានដិតដល់។
មានទីប្រឹក្សាច្រើន នាំអោយមានជោគជ័យ។
មនុស្សខ្លៅ ឈោងពុំដល់ប្រាជ្ញាទេ,
ពេលណាមានរឿងសំខាន់ ដែលត្រូវពិភាក្សា,
អ្នកនោះ ពុំអាចហាមាត់និយាយបានឡើយ។
អ្នកណាចេះតែរិះគិតប្រព្រឹត្តអាក្រក់,
អ្នកនោះ មានឈ្មោះថា ជាមនុស្សទុយ៌ស។
មនុស្សល្ងង់ខ្លៅ គិតតែពីធ្វើអំពើបាប,
រីឯ មនុស្សចំអកឡកឡឺយ,
តែងតែធ្វើអោយគេស្អប់គ្រប់គ្នា។
បើអ្នកបាត់បង់សេចក្ដីក្លាហាន ក្នុងពេលមានអាសន្ន
បានសេចក្ដីថា កម្លាំងរបស់អ្នក ទន់ខ្សោយណាស់។
ចូរជួយសង្គ្រោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត,
ហើយខំប្រឹងរំដោះ អស់អ្នកដែលគេនាំទៅសម្លាប់។
បើអ្នកពោលថា
«ខ្ញុំមិនបានដឹងទេ!»
តោងដឹងថា ព្រះជាម្ចាស់ ដែលស្គាល់ចិត្តមនុស្ស,
ទ្រង់ជ្រាបទាំងអស់។
ព្រះអង្គពិនិត្យមើលអ្នក,
ទ្រង់ឈ្វេងយល់ចិត្តអ្នក,
ហើយព្រះអង្គ តបស្នងដល់ម្នាក់ៗ
តាមអំពើដែលខ្លួនប្រព្រឹត្ត។
កូនអើយ, ចូរបរិភោគទឹកឃ្មុំចុះ,
ដ្បិតទឹកឃ្មុំ មានរសជាតិឆ្ងាញ់, ហើយផ្អែមជាប់មាត់,
រីឯ ប្រាជ្ញាក៏ដូច្នោះដែរ។
ចូរកូនចងចាំថា បើកូនរកបានប្រាជ្ញា,
កុំធ្វើដូចមនុស្សអាក្រក់ ដែលយកអន្ទាក់
ទៅដាក់នៅមុខផ្ទះ របស់មនុស្សសុចរិតឡើយ,
ហើយ ក៏កុំបំផ្លិចបំផ្លាញ ទីលំនៅរបស់គេដែរ,
ដ្បិត បើមនុស្សសុចរិតដួលប្រាំពីរដង
គេអាចក្រោកឡើងបានជានិច្ច,
រីឯមនុស្សអាក្រក់វិញ គេធ្លាក់ទៅក្នុងមហន្តរាយរហូត។
ពេលឃើញខ្មាំងសត្រូវ របស់អ្នកបរាជ័យ កុំត្រេកអរឡើយ,
ហើយ បើឃើញគេជំពប់ដួល ក៏មិនត្រូវសប្បាយរីករាយដែរ,
ក្រែងលោព្រះអម្ចាស់ទតឃើញ,
ទ្រង់មិនសព្វព្រះហឫទ័យ,
ហើយទ្រង់លែងធ្វើទោសគេ។
កុំក្ដៅចិត្ត នឹងមនុស្សប្រព្រឹត្តអំពើអាក្រក់,
ហើយ ក៏កុំច្រណែន នឹងមនុស្សអាក្រក់អោយសោះ។
មនុស្សអាក្រក់ គ្មានអនាគតភ្លឺស្វាងទេ។
ជីវិតរបស់គេប្រៀបដូចជាចង្កៀងរលត់។
កូនអើយ ចូរគោរពព្រះអម្ចាស់ និងគោរពស្ដេច។
កុំចូលដៃ នឹងអ្នកបះបោរឡើយ,
ដ្បិតពួកគេ នឹងត្រូវវិនាសយ៉ាងទាន់ហន់,
ហើយគ្មាននរណាដឹងថា
តើព្រះអម្ចាស់
ឬស្ដេច ដាក់ទោសពួកគេយ៉ាងណាទេ។
ដំបូន្មានផ្សេងៗរបស់អ្នកប្រាជ្ញ
អ្នកប្រាជ្ញ ពោលទៀតថា៖
ពេលកាត់ក្ដី មិនត្រូ វរើសមុខអ្នកណាឡើយ។
បើចៅក្រមនិយាយទៅកាន់ឧក្រិដ្ឋជនថា «អ្នកគ្មានទោសទេ!»
ប្រជាជន នឹងដាក់បណ្ដាសាចៅក្រមនោះ,
ហើយប្រជាជាតិនានា ក៏ស្អប់ចៅក្រមនោះដែរ។
ផ្ទុយទៅវិញ អ្នកដែលដាក់ទោសជនឧក្រិដ្ឋ មុខជាបានសុខ,
ព្រមទាំងទទួលពរ និងសុភមង្គល។
ចម្លើយស្មោះត្រង់ ជាភស្ដុតាង នៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។
ចូរបំពេញកិច្ចការខាងក្រៅផ្ទះ
និងបង្ហើយការងារ នៅឯស្រែចំការសិន,
រួចសឹមសង់ផ្ទះ។
កុំចោទប្រកាន់អ្នកដទៃ ដោយគ្មានហេតុផល,
ហើយ ក៏កុំនិយាយកុហក បោកបញ្ឆោតគេដែរ។
កុំពោលថា «គេប្រព្រឹត្តចំពោះខ្ញុំបែបណា,
ខ្ញុំនឹងប្រព្រឹត្តចំពោះគេ វិញបែបនោះដែរ។
ខ្ញុំ នឹងតបស្នងដល់គេម្នាក់ៗ
តាមអំពើដែលពួកគេបានប្រព្រឹត្ត។»
មនុស្សកំជិល
ខ្ញុំបានដើរជិតចំការរបស់មនុស្សកំជិលម្នាក់,
ហើយ ខ្ញុំក៏បានដើរជិតចំការទំពាំងបាយជូរ
របស់មនុស្សឥតគំនិតម្នាក់ដែរ។
មានបន្លា និងស្មៅដុះពាសពេញ, រីឯ របងក៏រលំដួលអស់។
ខ្ញុំពិចារណាមើលអ្វីៗ ដែលខ្ញុំបានឃើញ,
ហើយ ដកស្រង់ បានមេរៀនដូចតទៅ៖
អ្នកចង់ដេកថែមបន្តិច, ចង់ដំអក់បន្តិច,
និងដេកឱបដៃបន្តិច។
ធ្វើដូច្នេះ អ្នកនឹងខ្វះខាត,
ធ្លាក់ខ្លួនក្រភ្លាម ដោយមិនដឹងខ្លួន
ដូចមានចោរចូលលួចប្លន់។
1 comment:
very good meaning and helpful
khmer american
Post a Comment