Tuesday, May 08, 2012

In celebration of WISDOM -- សុភាសិត ២៥




សុភាសិត​ផ្សេងៗ

នេះ​ជា​សុភាសិត ​របស់​ព្រះបាទ​សាឡូម៉ូន,
ចង​ក្រង​ឡើង ​ដោយ​មន្ត្រី ​របស់​ព្រះបាទ​ហេសេគា, 
ជា​ស្ដេច​ស្រុក​យូដា។

សិរីរុងរឿង​របស់​ព្រះជាម្ចាស់ 
ស្ថិត​នៅ​លើ​ គំរោងការ​ ដ៏​លាក់​កំបាំង,
រីឯ​ សិរីរុងរឿង​របស់​ស្ដេច ស្ថិត​នៅ​លើ​សុភនិច្ឆ័យ។
ផ្ទៃ​មេឃ​ខ្ពស់​យ៉ាង​ណា, ផែនដី​ជ្រៅ​យ៉ាង​ណា,
ព្រះហឫទ័យ​របស់​ស្ដេច ​ក៏​ដូច្នោះ​ដែរ,
គ្មាន​នរណា​អាច​យល់​បាន​ទេ។

បើ​ជាង​ទង​ ចង់​សិត​ ធ្វើ​វត្ថុ​សិល្បៈ​អ្វី​មួយ,
តោង​បន្សុទ្ធ​ប្រាក់​ ជា​មុន​សិន។
បើ​ស្ដេច​ចង់​ពង្រឹង​ រាជ​សម្បត្តិ​ដោយ​យុត្តិធម៌,
តោង​ដក​មនុស្ស​អាក្រក់​ ចេញ​អោយ​ឆ្ងាយ​
ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ ជា​មុន​សិន។

កុំ​ធ្វើ​ព្រហើន ​នៅ​ចំពោះ​ព្រះភក្ត្រ​ស្ដេច,
ហើយ​ ក៏​កុំ​ចង់​បាន​កន្លែង ​របស់​អ្នក​ធំ​ដែរ។
ប្រសិន​បើ​គេ​ប្រាប់​អ្នក​ថា
«សូម​អញ្ជើញ​មក​អង្គុយ​នៅ​ទី​នេះ»
ប្រសើរ​ជាង ​គេ​បំបាក់​មុខ​អ្នក ​នៅ​ចំពោះ​មុខ​អ្នក​ធំ។

កុំ​ប្រញាប់​យក​រឿងរ៉ាវ​អ្វី ដែល​អ្នក​បាន​ឃើញ​  
ទៅ​ប្ដឹង​ចៅក្រម​ឡើយ,
ដ្បិត​ប្រសិន​បើ​ ចុង​ចោទ​ ទំលាក់​កំហុស​មក​លើ​អ្នក​វិញ,
តើ​អ្នក​ដោះសា​ខ្លួន​ ដូច​ម្ដេច​បាន?

បើ​មាន​ទំនាស់​ ជា​មួយ​អ្នក​ជិត​ខាង,
ចូរ​ជជែក​គ្នា​ រក​ខុស​ត្រូវ​ទៅ,
តែ​ កុំ​បង្ហើប​សេចក្ដី ​ដែល​អ្នក​ក្រៅ​ បាន​ខ្សឹប​ប្រាប់​អ្នក​ឡើយ,
ក្រែង​លោ​អ្នក​នោះ ​ដឹង​ឮ​គេ​ ដៀល​អ្នក,
ហើយ​អ្នក​ ត្រូវ​អាម៉ាស់​ងើប​មុខ​មិន​រួច។

និយាយ​ត្រូវ​តាម​កាលៈទេសៈ
មាន​តម្លៃ​ ដូច​បន្តោង​ពេជ្រ​ ព្យួរ​ជាប់​នឹង​ខ្សែ​ក​មាស ឬ​ប្រាក់។
យក​ចិត្ត​ទុក​ដាក់​ ស្ដាប់​ពាក្យ​ស្ដី​ប្រដៅ ​របស់​អ្នក​ប្រាជ្ញ
​ប្រៀប​ដូច​ជា​មាន​ចិញ្ចៀន​មាស ឬ​ខ្សែ​ក​ធ្វើ​ពី​មាស​សុទ្ធ។

អ្នក​នាំ​សារ​ស្មោះ​ត្រង់ រមែង​ធ្វើ​អោយ​ម្ចាស់​ 
របស់​ខ្លួន​សប្បាយ​ចិត្ត
ដូច​ទឹក​ដ៏​ត្រជាក់​នៅ​រដូវ​ប្រាំង។
អ្នក​ណា​អួត ​ពី​ទាន ​ដែល​ខ្លួន​ មិន​បាន​ធ្វើ,
អ្នក​នោះ ​ប្រៀប​ដូច​ជា​ពពក និង​ខ្យល់ 
 ​ដែល​មិន​បង្អុរ​ទឹក​ភ្លៀង។

ការ​អត់ធ្មត់ ​រមែង​បន្ទន់​ចិត្ត​មេ​ដឹក​នាំ,
ហើយ​ពាក្យ​សំដី​ទន់ភ្លន់ ​អាច​ឈ្នះ​ចិត្ត​រឹងរូស។


បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ​ កុំ​បរិភោគ​ច្រើន​ហួស។  
បើ​មិន​ដូច្នេះ​ទេ​ អ្នក​នឹង​ធុញ, ហើយ​ចង់​ក្អួត​មក​វិញ​ផង។
ចូរ​កុំ​ទៅ​ផ្ទះ​អ្នក​ជិត​ខាង ​ញឹក​ញាប់​ពេក
ក្រែង​គេ​ធុញទ្រាន់ ​រហូត​ដល់​ស្អប់​អ្នក។

អ្នក​ណា​ចោទ​ប្រកាន់​អ្នក​ដទៃ​ទាំង​បំពាន,
អ្នក​នោះ ​ប្រៀប​ដូច​ជា​វាយ​គេ​នឹង​ព្រនង់,
កាប់​គេ​ នឹង​ដាវ ឬ​បាញ់​គេ ​នឹង​ព្រួញ​មុត​ស្រួច។
នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់
ប្រៀប​ដូច​ជា ​បរិភោគ​អាហារ ​នៅ​ពេល​ធ្មេញ​រង្គើ 
ឬ​ឈរ​លើ​ជើង​កំបាក់។
ច្រៀង​អោយ​មនុស្ស​មាន​ទុក្ខ​ស្ដាប់
ប្រៀប​ដូច​ជា​ដោះ​អាវ​នៅ​ពេល​រងា
ឬ​ដូច​ចាក់​ទឹក​ខ្មេះ​លើ​មុខ​របួស។

ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន
ចូរ​យក​អាហារ​ទៅ​អោយ​គេ​បរិភោគ។  
បើ​គេ​ស្រេក ​ចូរ​យក​ទឹក​អោយ​គេ​ផឹក​ផង 
ធ្វើ​ដូច្នេះ ​ប្រៀប​ដូច​ជា​ ប្រមូល​រងើក​ភ្លើង 
គរ​ពី​លើ​ក្បាល​របស់​គេ,
ហើយ​ព្រះអម្ចាស់​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។

ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង ​រមែង​នាំ​ទឹក​ភ្លៀង​មក​ជា​មួយ​ផង,
រីឯ​ការ​និយាយ​ដើម​គេ រមែង​នាំ​អោយ​គេ​ខឹង។

ស៊ូ​រស់​នៅ​តាម​សំយាប​ផ្ទះ ជា​ជាង​រស់​នៅ​
ក្នុង​ផ្ទះ​ជា​មួយ​ស្ត្រី​ពូកែ​ឈ្លោះ។

ដំណឹងល្អ​ មក​ពី​ស្រុក​ឆ្ងាយ
ប្រៀប​បាន​ នឹង​ទឹក​ត្រជាក់​ មក​ផ្សើម​បំពង់​ក​ស្ងួត។
អណ្ដូង​ទឹក​ល្អក់ ឬ​ប្រភព​ទឹក​ក្រខ្វក់
ប្រៀប​ដូច​ ជា​មនុស្ស​សុចរិត 
ដែល​យក​តំរាប់​តាម​មនុស្ស​ទុច្ចរិត។

បរិភោគ​ទឹក​ឃ្មុំ​ច្រើន​មិន​ល្អ​ទេ
ហើយ​ចង់​បាន​កិត្តិយស​ខ្លាំង​ពេក ​ក៏​មិន​ល្អ​ដែរ។

មនុស្ស​មិន​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង
ប្រៀប​ដូច​ជា ​ទីក្រុង​ដែល​គ្មាន​កំពែង​ការពារ។


 

No comments: