Thursday, May 10, 2012

In celebration of WISDOM -- សុភាសិត ២៧




កុំ​អួត ​អំពី ​រឿង​ថ្ងៃ​ស្អែក​ឡើយ,
ដ្បិត​ អ្នក​មិន​ដឹង​ថា ​ថ្ងៃ​នេះ​ មាន​រឿង​អ្វី​កើត​ឡើង​ផង។

កុំ​សរសើរ ​ខ្លួន​ឯង​ឡើយ,
ត្រូវ​ទុក​អោយ​អ្នក​ដទៃ ​សរសើរ ​ពី​អ្នក​វិញ,
គឺ​ដាច់​ខាត ​កុំ​សរសើរ​ខ្លួន​ឯង។

ថ្ម​ ក៏​ធ្ងន់, ​ហើយ​ ដី​ខ្សាច់ ​ក៏​ធ្ងន់​ដែរ,
ប៉ុន្តែ កំហឹង​ របស់​មនុស្ស​ល្ងីល្ងើ រឹត​តែ​ធ្ងន់ ​លើស​នេះ​ ទៅ​ទៀត។

កំរោល​ របស់​មនុស្ស​ឃោរឃៅ​ណាស់,
ហើយ​ កំហឹង ​របស់​មនុស្ស
​ប្រៀប​បាន​ នឹង​ទឹក​ជន់​បាក់​ទំនប់,
រីឯ​ ចិត្ត​ប្រច័ណ្ឌ​វិញ, តើ​នរណា​អាច​ទប់​ទល់​បាន?

រិះ​គន់​ដោយ​ចំហ​ ប្រសើរ​ជាង ​លាក់​សេចក្ដី​ស្រឡាញ់។

ពាក្យ​ស្ដី​បន្ទោស​ របស់​មិត្ត​សម្លាញ់ 
ផុស​ចេញ​ពី​ចិត្ត​ភក្ដីភាព,
រីឯ ​ពាក្យ​ស្និទ្ធស្នាល ​របស់​សត្រូវ
ផុស​ចេញ ​ពី​ចិត្ត​បោក​បញ្ឆោត។

អ្នក​ឆ្អែត ឃើញ​ទឹក​ឃ្មុំ​ ក៏​ណាយ​ដែរ,
រីឯ ​អ្នក​ឃ្លាន, អ្វីៗ​ដែល​ល្វីង​ជូរ​ចត់ ​ក៏​ផ្អែម​ដែរ។

មនុស្ស​វង្វេង​ឆ្ងាយ​ពី​ស្រុក​កំណើត
ប្រៀប​ដូច​ជា ​សត្វ​ចាប​ហើរ ​វង្វេង​សំបុក។

ប្រេង​ក្រអូប និង​ទឹក​អប់ ​រមែង​ធ្វើ​អោយ​ចិត្ត​រីករាយ,
រីឯ ​យោបល់​ របស់​មិត្ត​សម្លាញ់​  
ដ៏​ស្លូតបូត ​រឹងរឹត​ តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។

កុំ​បោះបង់ ​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក ​ចោល​ឡើយ។  
នៅ​ថ្ងៃ​មាន​អាសន្ន, ​កុំ​រត់​ទៅ​ពឹង​បង​ប្អូន​បង្កើត
របស់​អ្នក​អោយ​សោះ,
ដ្បិត​ អ្នក​ជិត​ខាង​ដែល​ស្និទ្ធស្នាល
ប្រសើរ​ជាង​បង​ប្អូន​បង្កើត ​ដែល​នៅ​ឆ្ងាយ​ទៅ​ទៀត។

កូន​អើយ, ចូរ​មាន​ប្រាជ្ញា​ឡើង,
នោះ​ ឪពុក ​នឹង​សប្បាយ​ចិត្ត,
ហើយ​ បើ​មាន​នរណា ​ដៀល​ឪពុក,
នោះ​ ឪពុក​អាច ​នឹង​ឆ្លើយ​វិញ​បាន។


កាល​មនុស្ស​ឆ្លាត ​ឃើញ​គ្រោះ​កាច​មក​ដល់, គេ​លាក់​ខ្លួន,
រីឯ​ មនុស្ស​ឥត​គំនិត ​អោន​ក្បាល​ ដើរ​ទៅ​មុខ,
ហើយ​ត្រូវ​បង់​ខាត​ធ្ងន់។

បើ​មាន​គេ​ មក​ធានា​ សង​បំណុល​ជំនួស​នរណា​ម្នាក់,
ចូរ​ទារ​យក​អាវ​ធំ ​របស់​គេ ​ទុក​ជា ​របស់​បញ្ចាំ,
ព្រោះ​គេ ​បាន​ធានា​មនុស្ស​ ដែល​អ្នក​មិន​ស្គាល់។

បើ​មាន​នរណា​ម្នាក់ ​ស្រែក​អោយ​ពរ​អ្នក​ជិត​ខាង 
 ​របស់​ខ្លួន ​តាំង​ពី​ព្រឹក​ព្រលឹម,
គេ​ចាត់​ទុក​ ពរ​បែប​នេះ​ ជា​បណ្ដាសា​ ទៅ​វិញ។

ស្ត្រី​ពូកែ​ឈ្លោះ​ ប្រៀប​បាន ​នឹង​ទ ដែល​បង្ហូរ​ទឹក
មិន​ចេះ​ឈប់ ​នៅ​ថ្ងៃ​មាន​ភ្លៀង។ 
នរណា​ចង់​ឃាត់​នាង ក៏​ដូច​ជា ​ចង់​ឃាត់​ខ្យល់ 
ឬ​ចង់​យក​ដៃ​ចាប់​ប្រេង​ដែរ។

ដែក ​រមែង​សំលៀង​ដែក​យ៉ាង​ណា,
មនុស្ស​ ក៏​បង្រៀន​គ្នា​ ទៅ​វិញ​ទៅ​មក ​យ៉ាង​នោះ​ដែរ។

អ្នក​ថែ​ដើម​ឧទុម្ពរ ​នឹង​បាន​បរិភោគ​ផ្លែ,
រីឯ ​អ្នក​យក​ចិត្ត​ទុក​ដាក់​បំរើ​ចៅហ្វាយ នឹង​ទទួល​កិត្តិយស។

មនុស្ស​ អាច​ឆ្លុះ​មើល​ឃើញ ​មុខ​របស់​ខ្លួន ​នៅ​ក្នុង​ទឹក,
ហើយ ​អាច​ឃើញ​ចិត្ត ​របស់​ខ្លួន
ដោយ​សម្លឹង​មើល ​អ្នក​ដទៃ។

ស្ថាន​មនុស្ស​ស្លាប់ និង​រណ្ដៅ​មច្ចុរាជ
តែងតែ ​ទទួល​យក​ជីវិត​មនុស្ស​ មិន​ចេះ​ស្កប់​យ៉ាង​ណា,
ចិត្ត​ប៉ងប្រាថ្នា ​របស់​មនុស្ស​ ក៏​មិន​ចេះ​ស្កប់​យ៉ាង​នោះ​ដែរ។

គេ​អាច​ស្គាល់​តម្លៃ​ មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង,
រីឯ ​មនុស្ស​វិញ, ​គេ​អាច​ស្គាល់​តម្លៃ​ ដោយសារ​កេរ្តិ៍​ឈ្មោះ។

ទោះ​បី​ដាក់​មនុស្ស​ខ្លៅ​ នៅ​ក្នុង​ត្បាល់,
ហើយ​ យក​អង្រែ​ មក​បុក​ដូច​គេ​បុក​អង្ករ​ក៏​ដោយ,
ក៏​គេ​ពុំ​អាច​យក​ភាព​ខ្លៅ ​ចេញ​ពី​អ្នក​នោះ​ បាន​ដែរ។

ចូរ​ស្គាល់​ចៀម​នីមួយៗ ​របស់​អ្នក​អោយ​បាន​ច្បាស់។
ចូរ​ថែ​ទាំ ​ហ្វូង​សត្វ ​របស់​អ្នក ​អោយ​បាន​ដិត​ដល់។

ទ្រព្យ​សម្បត្តិ ​មិន​ស្ថិតស្ថេរ​គង់វង្ស​រហូត​ទេ,
រីឯ ​កិត្តិយស ​ក៏​មិន​នៅ​ស្ថិតស្ថេរ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។

ចូរ​កាត់​ស្មៅ​នៅ​ក្នុង​ចំការ ទុក​ជា​ចំណី​សំរាប់​សត្វ។
ពេល​ស្មៅ​ថ្មី ​កំពុង​ដុះ ​ត្រូវ​ទៅ​ប្រមូល​ស្មៅ​ ពី​ភ្នំ​មក​ទុក។ 

អ្នក​អាច​មាន​សំលៀកបំពាក់ ដោយសារ​រោម​ចៀម​របស់​អ្នក,
ហើយ ​អ្នក​អាច​ទិញ​ចំការ​ថ្មី ​ដោយសារ​លក់​ចៀម​ឈ្មោល។

ចូរ​យក​ទឹក​ដោះ​ ដ៏​បរិបូណ៌​ របស់​ពពែ 
ធ្វើ​ជា​អាហារ​ចិញ្ចឹម​ជីវិត​អ្នក
និង​គ្រួសារ​របស់​អ្នក, ព្រម​ទាំង ​ស្រី​បំរើ​របស់​អ្នក។





No comments: