Friday, May 11, 2012

In celebration of WISDOM -- សុភាសិត ២៨




អ្នក​អាក្រក់ ​តែងតែ​រត់​គេច​ខ្លួន 
ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ,
រីឯ ​មនុស្ស​សុចរិត​វិញ ​ប្រៀប​បី​ដូច​ជា​កូន​សិង្ហ,  
គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។

ពេល​ណា​មាន​ការ​រំជើបរំជួល​កើត​ឡើង​ក្នុង​ស្រុក,
ពេល​នោះ មេ​ដឹក​នាំ ​ក៏​មាន​ច្រើន​ដែរ។
ប៉ុន្តែ បើ​មាន​មនុស្ស​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ ដឹក​នាំ​ស្រុក,
ស្រុក​នោះ​ នឹង​មាន​សុខ​សន្តិភាព។

មនុស្ស​ក្រីក្រ​ សង្កត់សង្កិន​មនុស្ស​ទុគ៌ត ប្រៀប​បាន​
នឹង​ភ្លៀង​ធ្លាក់​មក​យ៉ាង​ខ្លាំង ជន់​បំផ្លាញ​ដំណាំ​អស់។

អស់​អ្នក​ ដែល​បោះបង់​ចោល​ក្រឹត្យវិន័យ ​របស់​ព្រះជាម្ចាស់,
រមែង​សរសើរ​មនុស្ស​អាក្រក់,
រីឯ ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ  
តែងតែ​ប្រឆាំង​នឹង​មនុស្ស​អាក្រក់​វិញ។

មនុស្ស​ទុច្ចរិត ​មិន​យល់​ អំពី​ យុត្តិធម៌​ទេ,
រីឯ ​អ្នក​ស្វែង​រក​ព្រះអម្ចាស់​ យល់​សព្វ​គ្រប់​ទាំង​អស់។

មនុស្ស​ក្រីក្រ​ តែ​រស់​នៅ​ដោយ​ទៀង​ត្រង់
ប្រសើរ​ជាង ​អ្នក​មាន ដែល​រស់​នៅ​ ក្នុង​ផ្លូវ​វៀចវេរ។

អ្នក​ណា​ ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ របស់​ព្រះជាម្ចាស់,
អ្នក​នោះ​ ជា​កូន​ចេះ​ដឹង,
រីឯ ​អ្នក​ដែល​សេពគប់ ​នឹង​មនុស្ស​ខិលខូច 
ធ្វើ​អោយ​ឪពុក​បាក់​មុខ។

អ្នក​ណា​ប្រមូល​ទ្រព្យ​សម្បត្តិ 
ដោយ​ចង​ការ​ប្រាក់​ហួស​កំរិត,
ធនធាន​ របស់​អ្នក​នោះ​ នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ ​របស់​មនុស្ស 
 ដែល​មាន​ចិត្ត​មេត្តា​ចំពោះ​ជន​ក្រីក្រ។

អ្នក​ណា​ មិន​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ ​របស់​ព្រះជាម្ចាស់​ទេ,
សូម្បី​តែ​ពាក្យ​អធិស្ឋាន​ របស់​អ្នក​នោះ ក៏​គួរ​អោយ​ស្អប់​ខ្ពើម​ដែរ។

អ្នក​ណា ​នាំ​មនុស្ស​ទៀងត្រង់​ អោយ​ដើរ​តាម​ផ្លូវ​អាក្រក់,
អ្នក​នោះ​ នឹង​ធ្លាក់​ក្នុង​រណ្ដៅ​ ដែល​ខ្លួន​បាន​ជីក,
រីឯ ​អ្នក​ដែល​គ្មាន​កំហុស នឹង​ទទួល​សុភមង្គល។

អ្នក​មាន​ទ្រព្យ​ រមែង​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​,
តែ​មនុស្ស​ទុគ៌ត ​ដែល​ឈ្លាស​វៃ 
អាច​ផ្ចាញ់​អ្នក​មាន​នោះ​បាន។

កាល​ណា​ មនុស្ស​សុចរិត​ឡើង​កាន់​អំណាច,
ប្រជាជន​ទាំង​អស់​ នឹង​មាន​កិត្តិយស,
ប៉ុន្តែ ពេល​មនុស្ស​ទុច្ចរិតឈ្នះ​, គេ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា។

អ្នក​ណា​លាក់​កំហុស​ របស់​ខ្លួន,
អ្នក​នោះ​ ពុំ​អាច​ចំរើន​ឡើង​បាន​ឡើយ,
រីឯ​ អ្នក​ដែល​សារភាព​កំហុស, 
ហើយ ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត,
នោះ​ ព្រះជាម្ចាស់​ នឹង​អាណិត​មេត្តា។

អ្នក​ណា ​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់,
អ្នក​នោះ​ មាន​សុភមង្គល​ហើយ,
រីឯ ​អ្នក​កាន់​ចិត្ត​រឹងរូស មុខ​ជា​ជួប​ នឹង​ទុក្ខ​លំបាក។

មនុស្ស​អាក្រក់ ​គ្រប់គ្រង​លើ​ប្រជាជន​ទុគ៌ត
ប្រៀប​បាន ​នឹង​សិង្ហ​រោទ៍ ឬ​ដូច​ខ្លាឃ្មុំ​ ប្រុង​សង្គ្រប់។

អ្នក​ដឹក​នាំ​ស្រុក ​ដែល​គ្មាន​ប្រាជ្ញា
តែងតែ​សង្កត់សង្កិន ​ប្រជារាស្ត្រ​ កាន់​តែ​ខ្លាំង​ឡើងៗ,
រីឯ ​អ្នក​មិន​ចូល​ចិត្ត ​នឹង​ទ្រព្យ​ដែល​រក​បាន 
ដោយ​អយុត្តិធម៌ មុខ​ជា​មាន​អាយុ​វែង។


អ្នក​ដែល​មាន​ទោស ព្រោះ​សម្លាប់​គេ 
ទោះ​បី​គ្មាន​នរណា​តាម​ចាប់​ក៏​ដោយ
ក៏​គង់​តែ​អ្នក​នោះ​ ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ​ដែរ។

អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀងត្រង់ ​រមែង​បាន​សុខ,
រីឯ ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀច​វេរ 
មុខ​ជា​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​នោះ​ មិន​ខាន។

អ្នក​ដែល​ខំ​ធ្វើ​ស្រែ​ចំការ ​តែងតែ​មាន​អាហារ​បរិបូណ៌,
រីឯ ​អ្នក​ខ្ជិល​ច្រអូស ​រមែង​ធ្លាក់​ខ្លួន​ក្រ​ តោកយ៉ាក។

មនុស្ស​ស្មោះ​ត្រង់ ​តែងតែ​ទទួល​ ពរ​បរិបូណ៌,
រីឯ​ អ្នក​ដែល​គិត​តែ​ពី​ខំ​ប្រឹង​រក​ទ្រព្យ 
អោយ​បាន​ធ្វើ​ ជា​អ្នក​មាន​ឆាប់ៗ
រមែង​ទទួល​ទោស។

មិន​ត្រូវ​កាត់​ក្ដី​ ដោយ​រើស​មុខ​ឡើយ,
ក៏​ប៉ុន្តែ មាន​ចៅក្រម​ខ្លះ ​កាត់​ក្ដី ​ដោយ​អយុត្តិធម៌
ដើម្បី​ដូរ​បាយ​មួយ​ចាន។

មនុស្ស​លោភលន់ គិត​តែ​ពី​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ
ដោយ​ឥត​ដឹង​ថា គេ​នឹង​ធ្លាក់​ខ្លួន​ក្រ​ឡើយ។
អ្នក​ណា​ស្ដី​បន្ទោស​គេ,
ថ្ងៃ​ក្រោយ​ គេ ​នឹង​ដឹង​គុណ លើស​អ្នក
ដែល​និយាយ​បញ្ជោរ។

អ្នក​ណា​លួច​ទ្រព្យ​ឪពុក​ម្ដាយ ​ដោយ​គិត​ថា​គ្មាន​បាប​ទេ,
អ្នក​នោះ ​មិន​ខុស​ពី​ចោរ​ប្លន់​ឡើយ។

អ្នក​មាន​ចិត្ត​លោភលន់ ​រមែង​បង្ក​ជំលោះ,
រីឯ ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់  
តែងតែ​បាន​ចំរើន​ឡើង។

អ្នក​ណា​ទុក​ចិត្ត​លើ​ខ្លួន​ឯង,
អ្នក​នោះ ​ជា​មនុស្ស​ល្ងង់​ខ្លៅ,
រីឯ ​អ្នក​ដែល​ដើរ​ដោយ​ប្រាជ្ញា 
រមែង​មាន​សេចក្ដី​សុខ។

អ្នក​ណា ​ចែក​ទាន​ដល់​ជន​ក្រីក្រ, អ្នក​នោះ
នឹង​មិន​ខ្វះ​ខាត​អ្វី​ឡើយ,
រីឯ ​អ្នក​ដែល​មិន​រវល់​នឹង​អ្នក​ក្រ 
តែងតែ​ទទួល​បណ្ដាសា​ជា​ច្រើន។

ពេល​មនុស្ស​ទុច្ចរិត​ឈ្នះ,
ប្រជាជន ​នឹង​រត់​ពួន​គ្រប់ៗ​គ្នា,
ប៉ុន្តែ ពេល​ពួក​នោះ​ វិនាស,
​មនុស្ស​សុចរិត ​នឹង​កើន​ចំនួន​ឡើង។

 

No comments: