Saturday, May 12, 2012

In celebration of WISDOM -- សុភាសិត ២៩





អ្នក​ដែល​រឹងរូស ​មិន​ព្រម ​ទទួល​ការ​ស្ដី​ប្រដៅ
នឹង​ត្រូវ​វិនាស​ភ្លាម, គ្មាន​អ្វី​ជួយ​បាន​ឡើយ។

កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន ​គ្រប់គ្រង​ស្រុក,
ប្រជារាស្ត្រ​ រមែង​មាន​អំណរ,
ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ,  
ប្រជារាស្ត្រ​ នឹង​ស្រែក​ថ្ងូរ។

អ្នក​ដែល​ស្រឡាញ់​ប្រាជ្ញា តែងតែ​ធ្វើ​អោយ​ឪពុក​សប្បាយ​ចិត្ត,
រីឯ ​អ្នក​ដែល​សេពគប់ ​ជា​មួយ​ស្រី​ពេស្យា​ 
 រមែង​បង្ហិន​ទ្រព្យ​សម្បត្តិ។

ស្ដេច​ប្រកប​ដោយ​យុត្តិធម៌
តែងតែ​ធ្វើ​អោយ​ស្រុក​បាន​ចំរើន​ឡើង,
រីឯ ​ស្ដេច​ដែល​ទារ​ពន្ធ​ហួស​ប្រមាណ 
រមែង​ធ្វើ​អោយ​ស្រុក​ហិនហោច។

អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង, 
អ្នក​នោះ​ ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។

មនុស្ស​អាក្រក់​ រមែង​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ របស់​ខ្លួន,
រីឯ​ មនុស្ស​សុចរិត ​តែងតែ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។

មនុស្ស​សុចរិត ​តែងតែ​យល់​ អំពី​ សិទ្ធិ​របស់​ជន​ក្រីក្រ,
រីឯ ​មនុស្ស​ទុច្ចរិត​វិញ មិន​យល់​អំពី​សិទ្ធិ​ទាំង​នេះ​ទេ។

មនុស្ស​ចំអក​ឡកឡឺយ រមែង​បង្ក​អោយ​មាន
ចលាចល​ពេញ​ទីក្រុង,
រីឯ ​មនុស្ស​មាន​ប្រាជ្ញា 
តែងតែ​ធ្វើ​អោយ​ចលាចល​នោះ​ ស្ងប់​ទៅ​វិញ។

ប្រសិន​បើ​មនុស្ស​មាន​ប្រាជ្ញា​ ឡើង​ក្ដី
ជា​មួយ​មនុស្ស​ល្ងង់​ខ្លៅ,
ទោះ​បី​គាត់​ខឹង ឬ​សើច​ក្ដី
ក៏​គាត់​មិន​បាន​ស្ងប់​ចិត្ត​ដែរ។

ពួក​ឃាតក ​រមែង​ស្អប់​មនុស្ស​ទៀងត្រង់,
រីឯ ​មនុស្ស​សុចរិត ​តែងតែ​ចូល​ចិត្ត​មនុស្ស​ទៀងត្រង់​នោះ​វិញ។

មនុស្ស​ល្ងង់​ខ្លៅ ​រមែង​បញ្ចេញ​កំហឹង ​របស់​ខ្លួន ​អោយ​គេ​ឃើញ,
រីឯ ​មនុស្ស​មាន​ប្រាជ្ញា តែងតែ​ចេះ​ទប់​កំហឹង។

កាល​ណា​ចៅហ្វាយ​ចូល​ចិត្ត​ស្ដាប់​ពាក្យ​ភូតភរ,
កូន​ចៅ ​នឹង​ក្លាយ​ទៅ​ ជា​មនុស្ស​អាក្រក់​ទាំង​អស់​គ្នា។


អ្នក​ទុគ៌ត និង​អ្នក​ជិះជាន់​គេ ជា​មនុស្ស​ដូច​គ្នា,
ដ្បិត​ ព្រះអម្ចាស់​ ប្រទាន​អោយ​អ្នក​ទាំង​ពី រ​មើល​ឃើញ​ពន្លឺ​ថ្ងៃ។

ស្ដេច ​ដែល​វិនិច្ឆ័យ​ទោស ​ប្រជារាស្ត្រ​ក្រីក្រ ​ដោយ​យុត្តិធម៌
រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។

ការ​វាយ​ប្រដៅ និង​ការ​ស្ដី​បន្ទោស
រមែង​ធ្វើ​អោយ​មនុស្ស​មាន​ប្រាជ្ញា,
រីឯ ​ក្មេង​ដែល​គេ​បណ្ដោយ​អោយ​ធ្វើ​អ្វី​តាម​ចិត្ត 
តែងតែ​បំបាក់​មុខ​ម្ដាយ។

កាល​ណា​មនុស្ស​អាក្រក់​ មាន​អំណាច​កាន់​តែ​ច្រើន​យ៉ាង​ណា,
អំពើ​អាក្រក់ ​ក៏​កើន​ឡើង​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ,
ប៉ុន្តែ មនុស្ស​សុចរិត ​នឹង​ឃើញ​ពួក​គេ​អន្តរាយ។

ចូរ​វាយ​ប្រដៅ​កូន, នោះ​ គេ​នឹង​មិន​ធ្វើ​អោយ​អ្នក​ព្រួយ​បារម្ភ​អ្វី​ឡើយ,
ផ្ទុយ​ទៅ​វិញ, គេ​នឹង​ធ្វើ​អោយ​អ្នក​សប្បាយ​ចិត្ត។

ពេល​ណា​គ្មាន​និមិត្ត​ហេតុ ​ដ៏​អស្ចារ្យ ​ពី​ព្រះជាម្ចាស់​ទេ,
ប្រជាជន ​នឹង​ជ្រួលច្របល់,
រីឯ ​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​ របស់​ព្រះអង្គ  
ពិត​ជា​មាន​សុភមង្គល។

គេ​មិន​អាច​ប្រដៅ​ខ្ញុំ​បំរើ នឹង​ពាក្យ​សំដី​បាន​ទេ,
ដ្បិត​ ទោះ​បី​គេ​យល់​ក្ដី ​ក៏គេមិន​ធ្វើ​តាម​ដែរ។

ប្រសិន​បើ​ អ្នក​ឃើញ​នរណា​ម្នាក់ និយាយ​មិន​ចេះ​គិត​ តោង​ដឹង​ថា
យើង​អាច​ទុក​ចិត្ត​លើ​មនុស្ស​ខ្លៅ​ ជាង​ទុក​ចិត្ត​អ្នក​នោះ។

បើ​អ្នក​ទំរើស​ ខ្ញុំ​បំរើ​ ខ្លាំង​ពេក, កាល​គេនៅ​ពី​ក្មេង
ថ្ងៃ​ក្រោយ​គេ នឹង​មិន​ស្ដាប់​បង្គាប់​អ្នក​ឡើយ។

មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជំលោះ,
រីឯ ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។

អំនួត ​របស់​មនុស្ស ​រមែង​ធ្វើ​អោយ​គេ​បាក់​មុខ,
រីឯ ​អ្នក​ដែល​ចិត្ត​សុភាព​រាបសា តែងតែ​ទទួល​កិត្តិយស។

អ្នក​ណា​សម​គំនិត​ជា​មួយ​ចោរ,
អ្នក​នោះ​ ស្អប់​ខ្លួន​ឯង,
ព្រោះ​គេ​ដឹង​ថា ខ្លួន​ត្រូវ​បណ្ដាសា​ តែ​មិន​ហ៊ាន​ធ្វើ​ជា​សាក្សី​ទេ។

ភ័យ​ខ្លាច​មនុស្ស​ រមែង​ធ្វើ​អោយ​ខ្លួន​ជាប់​អន្ទាក់,
រីឯ ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់​ 
 តែងតែ​បាន​សេចក្ដី​សុខ។

មនុស្ស​ជា​ច្រើន​ ចង់​ផ្គាប់​ចិត្ត​ចៅហ្វាយ,
ប៉ុន្តែ មាន​តែ​ព្រះអម្ចាស់​ទេ 
ដែល​រក​យុត្តិធម៌​អោយ​មនុស្ស​គ្រប់ៗ​រូប។

មនុស្ស​សុចរិត ​មិន​ចូល​ចិត្ត ​នឹង​មនុស្ស​ទុច្ចរិត​ទេ,
រីឯ ​មនុស្ស​អាក្រក់​ ក៏​មិន​ចូល​ចិត្ត ​នឹង​មនុស្ស​ទៀងត្រង់​ដែរ។



1 comment:

Anonymous said...

សុភាសិតកើតឡើងដោយអ្នកប្រាជ្ញចារទុកមក
សម្រាប់ជនគ្រប់រូប រៀនធ្វើត្រាប់តរៀងមក។
សុភាសិតដ៏ពិសិដ្ឋនេះ មានខ្លឹមសារគ្រប់សម៏យ។
គេស្គាល់ចរិតមនុស្ស មកពីសុភាសិត។ គេស្គាល់
ចរិតពូជសាសន៍នានា ក៏ដោយសារសុភាសិត
ព្រោះសុភាសិតសជាតិសាសន៍និមួយៗ។