Sunday, May 13, 2012

In celebration of WISDOM -- សុភាសិត ៣១





នេះ ​ជា​ព្រះបន្ទូល ​របស់​ព្រះបាទ​លេមយួល, 
ជា​សេចក្ដី​ទូន្មាន ​ដែល​ទ្រង់​បាjន​ទទួល​ពី​មាតា។

កូន​អើយ, ​ម្ដាយ​បាន​បន់ស្រន់ ​សុំ​អោយ​មាន​កូន,
ហើយ​ ម្ដាយ​បាន​បង្កើត​កូន​មក។  
ហេតុ​នេះ​ចូរ​ស្ដាប់​ពាក្យ​ម្ដាយ!
ចូរ​កុំ​អោយ​ស្រីៗ​ ដណ្ដើម​យក​កម្លាំង​ របស់​កូន​បាន​ឡើយ,
ហើយ ​ក៏​កុំ​ទុក​អោយ​ស្រីៗ
ដែល​ធ្លាប់​តែ​ធ្វើ​អោយ​ស្ដេច​វិនាស
អាច​ដឹក​មុខ​កូន​បាន​ដែរ។

ចូរ​ កូន​ចាំ​អោយ​ច្បាស់​ថា, ស្ដេច និង​មេ​ដឹក​នាំ​ ទាំងឡាយ
មិន​ត្រូវ​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។
កាល​ណា​គេ​ស្រវឹង, គេ​នឹង​ភ្លេច​អនុវត្ត​ច្បាប់,
ហើយ​ បំពាន​លើ​សិទ្ធិ ​របស់​ប្រជារាស្ត្រ​ក្រីក្រ។
គួរ​អោយ​គ្រឿង​ស្រវឹង​ ទៅ​អ្នក​ជិត​ស្លាប់
និង​អោយ​ស្រា​ ទៅ​អ្នក​ដែល​កើត​ទុក្ខ​កង្វល់​វិញ,
ដ្បិត​ កាល​ណា ​គេ​ផឹក​, គេ​នឹង​ភ្លេច​ភាព​ក្រីក្រ,
ហើយ ​លែង​នឹក​ឃើញ​ទុក្ខ​ព្រួយ ​របស់​ខ្លួន​ទៀត។

ចូរ​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​បាន,
ហើយ ​រក​យុត្តិធម៌ ​អោយ​អស់​អ្នក​ 
 ដែល​គ្មាន​នរណា​ការពារ។ 
ចូរ​និយាយ​ការពារ និង​រក​យុត្តិធម៌
អោយ​អ្នក​ក្រីក្រ និង​ជន​ទុគ៌ត។

ស្ត្រី​គ្រប់​លក្ខណ៍

ស្ត្រី​គ្រប់​លក្ខណ៍ ​កម្រ​រក​បាន​ណាស់។ 
នាង​មាន​តម្លៃ​លើស​ពេជ្រ​ទៅ​ទៀត។
ស្វាមី​ទុក​ចិត្ត​លើ​នាង។
នាង​តែងតែ​ធ្វើ​អោយ​ស្វាមី​ចំរុង​ចំរើន។
នាង​តែងតែ​ផ្ដល់​សុភមង្គល ​អោយ​ស្វាមី ​អស់​មួយ​ជីវិត,
គឺ​ នាង​មិន​ធ្វើ​អោយ​ស្វាមី​ ជួប​អពមង្គល​ឡើយ។
នាង​ខិតខំ ​រក​អំបោះ និង​សូត្រ​ មក​ត្បាញ ​រវៃ​យ៉ាង​ស្វាហាប់។
នាង​នាំ​អាហារ​មក​ពី​ឆ្ងាយ, ដូច​នាវា​ដឹក​ទំនិញ។
នាង​ក្រោក​ពី​ព្រលឹម, រៀបចំ​បាយ​ទឹក​  
អោយ​អស់​អ្នក​ ដែល​រស់​នៅ​ក្នុង​ផ្ទះ,
ហើយ​ចាត់​ចែង​ការងារ ​អោយ​ស្រី​បំរើ​ធ្វើ។
នាង​រិះគិត​ពិចារណា, ហើយ​ទៅ​ទិញ​ចំការ​មួយ,
រួច​នាង​យក​ប្រាក់​ដែល​ខ្លួន​រក​បាន 
ទៅ​ទិញ​ទំពាំងបាយជូរ​មក​ដាំ។
នាង​ប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​ស្វាហាប់, 
មិន​អោយ​ទំនេរ​ដៃ​ឡើយ។
នាង​ឃើញ​កិច្ចការ ​របស់​នាង​ បាន​ចំរើន​ឡើង។  
នាង​ធ្វើ​ការ​ទាំង​យប់ ក្រោម​ពន្លឺ​ចង្កៀង។
នាង​កាន់​ខ្នារ​រវៃ​អំបោះ, រួច​ នាង​បោះ​ត្រល់​ត្បាញ។
នាង​ចែក​ទាន​ដល់​ជន​ក្រីក្រ, ហើយ​ជួយ​ជន​ទុគ៌ត។
នៅ​រដូវ​រងា នាង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ, 
ដ្បិត​អ្នក​នៅ​ក្នុង​ផ្ទះ​របស់​នាង
សុទ្ធ​តែ​មាន​ សំលៀកបំពាក់​ យ៉ាង​កក់​ក្ដៅ​ គ្រប់ៗ​គ្នា។
នាង​ត្បាញ​ភួយ​ សំរាប់​ខ្លួន​ឯង។
នាង​មាន​សំលៀកបំពាក់​ល្អៗ ​ដែល​មាន​ពណ៌​ស្រស់។
ស្វាមី​របស់​នាង​ ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន។
គាត់​ចូល​រួម ​ក្នុង​ក្រុម​ព្រឹទ្ធាចារ្យ ​របស់​ស្រុក។
នាង​ដេរ​សម្លៀកបំពាក់​លក់,
ហើយ​ ក៏​ដេរ​ខ្សែ​ក្រវាត់​លក់​ អោយ​អ្នក​ជំនួញ​ដែរ។
នាង​មាន​កម្លាំង និង​មាន​កិត្តិយស​ថ្លៃថ្នូរ។
នាង​សម្លឹង​មើល​ទៅ​អនាគត ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។
នាង​និយាយ​ស្ដី​ប្រកប​ដោយ​ប្រាជ្ញា, 
ហើយ​ទូន្មាន​គេ ​ដោយ​ចិត្ត​សប្បុរស។
នាង​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ផ្ទះ, 
ឥត​ទំនេរ​ដៃ​សោះ​ឡើយ។
កូន​របស់​នាង​ នាំ​គ្នា​កោត​សរសើរ​នាង,
រីឯ ​ស្វាមី ​របស់​នាង ​ក៏​លើក​តម្កើង​នាង ​ដោយ​ពោល​ថា៖
«មាន​ស្ត្រី​ជា​ច្រើន​គ្រប់​លក្ខណ៍, 
តែ​នាង ​គ្រប់​លក្ខណ៍ ​លើស​គេ​ទាំង​អស់។»
រូប​ឆោម​លោម​ពណ៌ ​រមែង​បញ្ឆោត​ចិត្ត,
រីឯ​ សំរស់​ល្អ​ស្អាត មិន​នៅ​ស្ថិតស្ថេរ​រហូត​ទេ។  
មាន​តែ​ស្ត្រី​គោរព​កោត​ខ្លាច​ព្រះអម្ចាស់​ប៉ុណ្ណោះ 
ដែល​គួរ​កោត​សរសើរ។
នាង​ត្រូវ​តែ​ទទួល​ផល​ពី​កិច្ចការ ​ដែល​នាង​ធ្វើ,
ហើយ​ ទទួល​ការ​កោត​សរសើរ​  
ពី​មនុស្ស​ទាំង​អស់​ក្នុង​ទីក្រុង។



 

No comments: