នឿន ហេង (ពាក់អាវស ស្ដាំ) វ័យ ១៦ឆ្នាំ ឈប់ទៅសុំទាននៅថៃក្រោយទទួលបានការអប់រំពី NGO។ រូបថត ផា លីណា |
ក្មេងៗ ត្រូវបានគេ ធ្វើឲ្យពិការ ដើម្បីយក ទៅឲ្យ សុំទាន នៅថៃ
Wednesday, 16 May 2012 12:00
សែន ដាវីត និង Cassandra Yeap
The Phnom Penh Post
បន្ទាយមានជ័យៈ ល្បែងអាប៉ោង និងបៀរមានលេងជារៀងរាល់ថ្ងៃនៅតាមបណ្តាកាស៊ីណូទាំង ៧ តាមបណ្តោយព្រំដែនក្រុងប៉ោយប៉ែត-ប្រទេសថៃ ប៉ុន្តែនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រក្នុងភូមិក្បាលស្ពាន អ្នកលេងល្បែងប្រភេទផ្សេងកំពុងលេងជាមួយនឹងភាពប្រថុយប្រថានខ្ពស់ ជាងនេះ ដោយបានដាក់ជីវិតរបស់ពួកគេ និងកូនៗពួកគេធ្វើជាអ្នកសុំទាននៅប្រទេសថៃ។
ប្រជាជនជាង ១០០ គ្រួសារដែលកំពុងរង់ចាំនៅទីនោះដើម្បីឆ្លងដែនបានមកជួបជុំគ្នា ពីគ្រប់ទិសទីនៅក្នុងប្រទេសនេះ។ នេះបើយោងតាមលោក មាន វាសនា អាយុ ៣៦ ឆ្នាំដែលបានអះអាងថា ខេត្តកំពង់ធំ កណ្តាល កំពត និងក្រចេះ ជាស្រុកកំណើតរបស់ប្រជាពលរដ្ឋទាំងនោះភាគច្រើន។
លោក បានបន្តថា អ្នករស់នៅក្បែរខាងលោកភាគច្រើនមកធ្វើជាអ្នកសុំទានឆ្លងដែន ប៉ុន្តែខណៈពេលគ្រោះថ្នាក់មានខ្ពស់ ការរកចំណូលបានវិញមានកម្រិតទាប គឺប្រមាណតែ ៥០ បាត(១,៦០ ដុល្លារ)ប៉ុណ្ណោះក្នុងមួយថ្ងៃ។
ដោយឆ្លងដែនខុសច្បាប់ អ្នកបម្រុងទៅធ្វើអ្នកសុំទានទាំងនោះប្រឈមមុខនឹងការចាប់ខ្លួន និងឃុំពីសំណាក់អាជ្ញាធរថៃ ហើយបើទោះបីជាពួកគេ បានឆ្លងដែនប្រកបដោយសុវត្ថិភាពក្តី ពួកគេនៅតែត្រូវធ្វើដំណើរដោយថ្មើរជើងរាប់រយគីឡូម៉ែត្រដើម្បីទៅ កាន់ទីប្រជុំជនក្រុងប៉ាតាយ៉ា និងទីបាង កកជាដើម។
ពេលខ្លះ ឪពុកម្តាយ បានធ្វើការសម្រេចចិត្តដែលគេមិនអាចនឹងយល់បានដើម្បីធានាលទ្ធភាពកូនៗរបស់ពួកគេដើម្បីអាចរកប្រាក់បាន។
លោក មាន វាសនា បានមានប្រសាសន៍ថា៖ «វាមានករណីជាច្រើនដែលជើងរបស់កូនៗពួកគេត្រូវបានបំបាក់។ ពួកគេគឺ(អាណាព្យាបាល)នាំក្មេងៗតូចៗទៅធ្វើជាអ្នកសុំទាន ហើយពួកគេចាក់ថ្នាំជើងរបស់កូនៗពួកគេ មុនពេលទាត់បំបាក់វា»។
លោក បានបន្តថា៖ «ការធ្វើបែបនេះធ្វើឲ្យពួកគេ(ក្មេងៗ)កាន់តែគួរឲ្យអាណិត ដូច្នេះទើបពួកគេអាចសុំទានបានច្រើន»។
កុមារីនីតាវ័យ ៦ ឆ្នាំត្រូវបានសុំឲ្យក្រោកឈរ និងដើរដើម្បីបង្ហាញ។ ជើងស្តាំរបស់នាងវៀច ហើយនាងបានប្រឹងលោតដើរក្នុងចម្ងាយខ្លីមុនពេលដាក់ខ្លួនអង្គុយ ចុះវិញ។
ម្តាយរបស់នាងឈ្មោះ មាស អូន អាយុ ៤៥ ឆ្នាំ បាននិយាយថា នាងបានធ្វើតាមមេខ្យល់ក្នុងភូមិក្នុងបំណងជួយកូនស្រីរបស់នាង តែបានផ្លាស់ប្តូរចិត្តនាងវិញទាក់ទងនឹងការឲ្យនាងចេញទៅធ្វើ ការនៅប្រទេសថៃ។
អ្នកស្រី បានមានប្រសាសន៍ថា៖ «ខ្ញុំអាណិតកូនខ្ញុំណាស់។ ខ្ញុំនឹងមិនលក់កូនស្រីរបស់ខ្ញុំទៅឲ្យគេផ្សេងទៀតទេ»។
នាងបានផ្លាស់ទៅរស់នៅក្រុងប៉ោយប៉ែតពីខេត្តកណ្តាលកាលពី ២០ ឆ្នាំមុន ហើយងាកមកដើរសុំទានគេក្រោយពេលប្តីរបស់នាងបានចេញទៅមានស្រី ថ្មីទៀតនៅប្រទេសថៃ។
អ្នកស្រី បានបន្តថា៖«ខ្ញុំក្រខ្លាំងណាស់ដូចដែលអ្នកបានឃើញផ្ទះខ្ញុំ ហើយ»។ អ្នកស្រី មាស អូនបានចង្អុលទៅកាន់សំណង់រកេតរកូតដែលផ្គុំរួមគ្នាដោយស័ង្កសី និងបន្ទះឈើ។
អ្នកស្រី បានបន្តថា៖ «ខ្ញុំពុំមានចំណេះដឹងដើម្បីធ្វើការងារ ហើយគ្មានប្រាក់ដើម្បីរកស៊ី ដូច្នេះហើយខ្ញុំបានសម្រេចចិត្តដើរសុំទានគេនៅប្រទេសថៃ»។
ឆ្លងព្រំដែនក្នុងផ្សាររុងក្លឿ ប្រទេសថៃ អ្នកស្រី វង្ស ស្រីលាភ អាយុ ៣០ ឆ្នាំ បានពកូនអាយុ ១ ខួបរបស់នាងជាប់នឹងខ្លួន កូនស្រីវ័យ ៦ ឆ្នាំរបស់នាងម្នាក់ទៀតអៀវនឹងខ្នងពីក្រោយនាង។
អ្នកស្រី បានលើកឡើងថា៖ «ខ្ញុំមកទីនេះជាង ១០ ឆ្នាំមកហើយ។ ខ្ញុំឆ្លងព្រំដែនដោយខុសច្បាប់...ខ្ញុំដើរក្នុងផ្សារនេះដើម្បី សុំទានគេជាមួយនឹងកូនស្រីខ្ញុំ»។
អ្នកស្រី មាស អូន អ្នកស្រី វង្ស ស្រីលាភ និងកូនៗរបស់ពួកគេមានរឿងប្រហាក់ប្រហែលគ្នា។ នេះបើយោងតាមការសិក្សាធ្វើឡើងកាលពីឆ្នាំទៅដោយអង្គការ Friends ដែលបានរកឃើញថា អ្នកសុំទានកុមារកម្ពុជានៅប្រទេសថៃនៅទីនោះជាមួយគ្រួសារ និងសាច់ញាតិរបស់ពួកគេ។ វាមានទម្រង់នៃការបង្ខិតបង្ខំតិចតួច ទោះបីអ្នកដែលទៅទីនោះតាមរយៈមេខ្លោងក្តី។
របាយការណ៍ដដែលបានបន្តថា ការរកឃើញនេះផ្ទុយទៅនឹងការសន្មតដែលគេមានជាទូទៅដែលថា កុមារភាគច្រើនជាជនរងគ្រោះនៃអំពើជួញដូរមនុស្សដែលស្ថិតនៅក្រោម ការគ្រប់គ្រងយ៉ាងហិង្សាររបស់ក្រុមមេខ្យល់ដែលមានការចាត់តាំង។
លោក ឡុង សានឫទ្ធី មន្ត្រីសម្របសម្រួលនៃមជ្ឈមណ្ឌលទទួលក្មេងអនាថា បានឯកភាពថា ការសុំទានដើម្បីចិញ្ចឹមក្រពះជាទម្លាប់សម្រាប់កុមារនៅក្រុងប៉ោយប៉ែត។ អ្នកដែលមិនធ្វើជាអ្នកសុំទានបានរករបរលក់កម្លាំងអូសរទេះ និងរើសអេតចាយ។
យ៉ាងណាក្តី លោកអះអាងថា កុមារទាំងនោះពុំមែនសុំទានដោយឆន្ទៈផ្ទាល់ខ្លួននោះទេ។
លោក បានគូសបញ្ជាក់ថា៖«កុមារមួយចំនួនសុំទានតាមគ្រួសាររបស់ពួកគេ ឬមេខ្យល់ តែក្នុងករណីទាំង ២ នេះ កុមារត្រូវបានបង្ខំឲ្យធ្វើបែបនេះ។ ពួកគេត្រូវបានបង្ខំឲ្យរកប្រាក់»។
របាយការណ៍របស់អង្គការ Friends បានបន្តថា និយមន័យនៃពាក្យ«ជួញដូរ»នៅតែមានភាពចម្រូងចម្រាស។ ទស្សនៈនៃពាក្យ«មេខ្យល់»រួមមានចាប់តាំងពីអ្នកដែលជួយគេឲ្យរក ប្រាក់រហូតដល់អ្នកដែលនាំមនុស្សទៅរកការងារធ្វើនៅប្រទេសថៃ និងអ្នកដែលនាំផ្លូវដូចជាមេក្រុមជាដើម។
ប៉ុន្តែមិនថាពួកគេជ្រើសរើសសុំទានគេដោយឆន្ទៈខ្លួនឯង ឬអត់ក្តី កុមារដែលសុំទានឆ្លងដែនមើលឃើញអាជីពប្រភេទនេះមានជីវិតខ្លី ប៉ុណ្ណោះ។
នៅ សុផន អាយុ ១៩ ឆ្នាំមានការយល់ឃើញបែបនេះ។
ភូមិកំណើតគាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតមានសភាពស្ងាត់ជ្រងំជារៀងរាល់ពេលរសៀល។ សំឡេង និងសកម្មភាពក្មេងរត់លេងគឺពុំមានទាល់តែសោះ។
នៅ សុផន បានបន្តថា កុមារដែលមានអាយុ ១៥ ឬតិចជាងនេះពុំនៅផ្ទះទេគឺទៅសុំទាននៅប្រទេសថៃ ប៉ុន្តែថា គាត់លែងបានធ្វើដូចពួកគេទៀតហើយ។
នៅ សុផន បានគូសបញ្ជាក់ថា៖ «ឥឡូវនេះ ខ្ញុំធំហើយ ខ្ញុំមិនអាចសុំទានគេបានទៀតទេ។ ខ្ញុំបានប្តូរទៅធ្វើជាកម្មករសំណង់នៅប្រទេសថៃវិញ»៕
No comments:
Post a Comment