ការតមអាហារ
«កាលណាអ្នករាល់គ្នា តមអាហារ
កុំធ្វើមុខក្រៀមដូចពួកអ្នកមានពុតនោះឡើយ។ ពួកគេបង្ហាញទឹកមុខ អោយអ្នកដទៃឃើញថា ខ្លួនតមអាហារ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកទាំងនោះ បានទទួលរង្វាន់របស់គេហើយ។ រីឯ អ្នកវិញ
កាលណាអ្នកតមអាហារ ត្រូវលាបទឹកអប់លើក្បាល, ហើយលុបមុខផង។ កុំអោយមនុស្សម្នា ឃើញថា អ្នកតមឡើយ, គឺអោយតែព្រះបិតារបស់អ្នក ដែលគង់នៅក្នុងទីស្ងាត់កំបាំង ទតឃើញប៉ុណ្ណោះ។ ពេលនោះ ព្រះបិតារបស់អ្នក ដែលទតឃើញ នៅក្នុងទីស្ងាត់កំបាំង នឹងប្រទានរង្វាន់មកអ្នកជាមិនខាន។
អំពីសម្បត្តិសួគ៌
«កុំសន្សំទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅលើផែនដី, ជាកន្លែងដែលមានកណ្ដៀរ និងច្រែះស៊ី, ជាកន្លែង ដែលមានចោរ ទម្លាយជញ្ជាំងចូលមកលួចប្លន់នោះអោយសោះ។ ចូរប្រមូលទ្រព្យសម្បត្តិ ទុកនៅស្ថានបរមសុខវិញ, ជាស្ថានដែលគ្មានកណ្ដៀរ និងច្រែះស៊ី, ជាស្ថានដែលគ្មានចោរទម្លាយជញ្ជាំងចូលមកលួចប្លន់ឡើយ, ដ្បិតទ្រព្យសម្បត្តិអ្នក នៅកន្លែងណា, ចិត្តរបស់អ្នក ក៏នៅកន្លែងនោះដែរ។
ពាក្យប្រស្នាអំពីចង្កៀង
«ភ្នែក ប្រៀបបាន នឹងចង្កៀងរបស់រូបកាយ។ បើភ្នែកអ្នក នៅភ្លឺល្អ, រូបកាយអ្នកទាំងមូល ក៏ភ្លឺដែរ។ តែ បើភ្នែកអ្នកងងឹតវិញ, រូបកាយអ្នកទាំងមូល ក៏ងងឹតដែរ។ ប្រសិនបើពន្លឺនៅក្នុងអ្នក ត្រឡប់ទៅជាងងឹតប៉ុណ្ណឹងទៅហើយ, នោះ មិនដឹងជាសេចក្ដីងងឹត
នឹងទៅជាសូន្យសុង ដល់កំរិតណាទៀតទេ។
ត្រូវពឹងផ្អែកលើព្រះជាម្ចាស់
«គ្មានអ្នកណាម្នាក់ អាចបំរើម្ចាស់ពីរ បានទេ, ព្រោះអ្នកនោះ នឹងស្អប់មួយ, ស្រឡាញ់មួយ, ស្មោះត្រង់នឹងម្នាក់, មើលងាយម្នាក់ទៀត ជាពុំខាន។
អ្នករាល់គ្នា ក៏ពុំអាចគោរពបំរើ ព្រះជាម្ចាស់ផង, ហើយគោរពបំរើ ទ្រព្យសម្បត្តិ
ទុកជាព្រះផងបានឡើយ។
«ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំអោយខ្វល់ខ្វាយ អំពី ម្ហូបអាហារសំរាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់ សំរាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃ លើសម្ហូបអាហារ, ហើយរូបកាយ ក៏មានតម្លៃ លើសសម្លៀកបំពាក់ទៅទៀត។ ចូររំពៃមើល បក្សាបក្សីនៅលើមេឃ, វាមិនដែលសាបព្រោះ, មិនដែលច្រូតកាត់, មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ, ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ, ទ្រង់ចិញ្ចឹមវា។ រីឯ អ្នករាល់គ្នា, អ្នករាល់គ្នា មានតម្លៃ លើសបក្សាបក្សី ទាំងនោះទៅទៀត។ ក្នុងចំណោមអ្នករាល់គ្នា
ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ, ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួន អោយវែងបានដែរ, សូម្បីតែបន្តិចក៏មិនបានផង។
«ហេតុដូចម្ដេច បានជាអ្នករាល់គ្នា ខ្វល់ខ្វាយ អំពី សម្លៀកបំពាក់? ចូរសង្កេតមើល ផ្កានៅតាមវាល, វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬត្បាញរវៃឡើយ, ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន, កាលពីជំនាន់ដែលទ្រង់មានសិរីរុងរឿង ដ៏ប្រសើរបំផុតនោះក៏ដោយ, ក៏ទ្រង់គ្មានព្រះភូសាល្អស្មើ នឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ ផ្ដល់សំរស់អោយផ្កា ដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ, តើព្រះអង្គ នឹងទំនុកបម្រុងអ្នករាល់គ្នា លើសនេះយ៉ាងណាទៅទៀត? ហេតុនេះ កុំខ្វល់ខ្វាយ ដោយពោលថា “យើងនឹងមានអ្វីបរិភោគ, មានអ្វីស្លៀកពាក់” នោះឡើយ, ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ
ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯ ព្រះបិតាដែលគង់នៅស្ថានបរមសុខ, ទ្រង់ជ្រាបនូវអ្វីៗ ដែលអ្នករាល់គ្នាត្រូវការ។ ចូរស្វែងរក ព្រះរាជ្យរបស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិត របស់ព្រះអង្គ ជាមុនសិន
ទើបព្រះអង្គប្រទានរបស់ទាំងនោះ មកអ្នករាល់គ្នាថែមទៀត។ កុំខ្វល់ខ្វាយ អំពី ហេតុការណ៍ ដែលនឹងកើតមាន នៅថ្ងៃស្អែកឡើយ។ ចាំស្អែក សឹមគិតពីរឿងថ្ងៃស្អែកទៅ។ បើមានការលំបាកកើតឡើងនៅថ្ងៃណា, ត្រូវដោះស្រាយ សំរាប់តែថ្ងៃនោះបានហើយ។»
No comments:
Post a Comment