ដោយ វណ្ណ វិចារណ៍ 2012-06-05
លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តមណ្ឌលគិរី បង្ហាញថា បេក្ខជនមកពីគណបក្ស សម រង្ស៊ី មិនបានទទួលតំណែងជាមេឃុំណាមួយឡើយ នៅអាណត្តិនេះ។ ប៉ុន្តែចំនួនអាសនៈរបស់គណបក្សប្រឆាំង សម រង្ស៊ី បានកើន ៥០% ច្រើនជាងអាណត្តិមុន។
គណបក្សប្រជាជនកម្ពុជានៅខេត្តមណ្ឌលគិរី បាត់បង់អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន ៥ ឃុំនៅស្រុក ៣ ផ្សេងគ្នា។ តំណែងក្រុមប្រឹក្សាឃុំ ទាំងនោះ ត្រូវបានរបូតទៅដល់ដៃបេក្ខជនមកពីគណបក្ស សម រង្ស៊ី។
ប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ខេត្តមណ្ឌលគិរី លោក មាស ខេង មានប្រសាសន៍ថា បក្សប្រឆាំងដណ្ដើមបានអាសនៈពីគណបក្សប្រជាជនចំនួន ៤ បន្ថែមទៀត ដែលធ្វើឲ្យចំនួនអាសនៈបក្សប្រឆាំងក្នុងខេត្តនេះ កើនឡើង ៥០% ធៀបនឹងអាណត្តិមុន។ លោកបន្តថា ការកើនឡើងនៃចំនួនគាំទ្រនេះ ធ្វើឲ្យបក្សប្រឆាំងមានឱកាសកាន់តែច្រើនសម្រាប់ជំរុញឲ្យមានការ អភិវឌ្ឍកាន់តែប្រសើរ៖ «យើងនឹងបានសមាជិកក្រុមប្រឹក្សាស្រុកមួយរូប ខេត្តមួយរូប យើងនឹងលើកឡើងជំទាស់ដោយការពារផលប្រយោជន៍របស់ពលរដ្ឋ»។
ទន្ទឹមនឹងនេះ បេក្ខជនមកពីគណបក្ស សម រង្ស៊ី ឲ្យដឹងថា ការជាប់ឆ្នោតរបស់គណបក្ស សម រង្ស៊ី មកពីមន្ត្រីគណបក្សកាន់អំណាចអាណត្តិមុនមានគុណវិបត្តិ។
បេក្ខជនក្រុមប្រឹក្សាឃុំលេខរៀងទី១ ឃុំក្រងតេស ស្រុកពេជ្រចិន្ដា មកពីគណបក្ស សម រង្ស៊ី លោក ហ្គាស់ ទែង ឲ្យដឹងថា លោកជាប់ឆ្នោតដោយសារលោកធ្លាប់តស៊ូមតិជួយពលរដ្ឋក្នុងរឿងជម្លោះ ដីធ្លីជាមួយក្រុមហ៊ុន។ លោកបន្តថា លោកនឹងយកតំណែងជាក្រុមប្រឹក្សានេះ ដើម្បីជួយពលរដ្ឋក្នុងឃុំបន្តទៀត៖ «បើសិនគេរំលោភយកដីធ្លីអីហ្នឹង មានពលរដ្ឋជួយគាំទ្រនឹងជួយតស៊ូមតិឲ្យក្រុមប្រឹក្សាឃុំហ្នឹងជួយពលរដ្ឋផង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំអត្ថាធិប្បាយពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជន កម្ពុជា ខេត្តមណ្ឌលគិរីបានទេ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២។
ទោះយ៉ាងនេះក្តី មេឃុំម៉េម៉ង់ ស្រុកកែវសីម៉ា ដែលមកពីគណបក្សកាន់អំណាច លោក ចាន់ សាម៉េន មានប្រសាសន៍ថា គណបក្សប្រជាជននៅឃុំនេះបាត់បង់អាសនៈ ១ មកពីមានបុគ្គលថ្នាក់ដឹកនាំបក្សឃុំនេះមួយចំនួនខ្សោយ បង្កជម្លោះខ្លះៗជាមួយពលរដ្ឋ។ លោក ចាន់ សាម៉េន អះអាងថា ពេលខាងមុខលោកនឹងធ្វើការងារជាមួយក្រុមប្រឹក្សាមកពីបក្សផ្សេង ឲ្យបានល្អដើម្បីពលរដ្ឋ៖ «ដោះស្រាយតាមនីតិវិធី តាមតម្រូវការរបស់ពលរដ្ឋ មានអីឲ្យតែមានតម្លាភាពដូចគ្នានាំឲ្យមានការអភិវឌ្ឍទៅមុខ»។
យ៉ាងណាក៏ដោយ សង្គមស៊ីវិលនៅខេត្តមណ្ឌលគិរី ហៅការកើនអាសនៈរបស់គណបក្សប្រឆាំងថា ជាសញ្ញាវិជ្ជមាននៃលទ្ធិប្រជាធិបតេយ្យក្នុងខេត្តនេះ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តមណ្ឌលគិរី លោក គល់ មីឌី មានប្រសាសន៍ថា នៅក្នុងឃុំមួយដែលមានការចូលរួមដឹកនាំពីបេក្ខជនមកពីគណបក្ស ច្រើន ជាសញ្ញាល្អនៃលទ្ធិប្រជាធិបតេយ្យ។ លោកពន្យល់ថា ការដឹកនាំដែលមានបក្សច្រើន អាចមានគំនិតក្នុងការអភិវឌ្ឍ៖ «យើង ឃើញថាមានការជួយពលរដ្ឋបានច្រើន ជាពិសេសព័ត៌មានផ្សេងៗ មិនមានការលាក់បាំង បើដឹកនាំតែឯកបក្ស នាំឲ្យមានការបិទបាំងព័ត៌មានច្រើន»។
លោកបន្តថា គ្រប់គណបក្សត្រូវតែបម្រើរាស្ត្រឲ្យពិតប្រាកដ ទើបមានការរីកចម្រើន។
តាមលទ្ធផលបណ្ដោះអាសន្ននៅខេត្តមណ្ឌលគិរី គណបក្សប្រជាជនទទួលបាន ៩៥អាសនៈ គណបក្ស សម រង្ស៊ី ១២អាសនៈ។ គណបក្ស សម រង្ស៊ី អាណត្តិមុនទទួលបានការគាំទ្រ ៨អាសនៈ។ ឃុំដែលគណបក្សកាន់អំណាចរបូតកៅអីក្រុមប្រឹក្សាឃុំ មានឃុំក្រងតេស ឃុំពូជ្រៃ ឃុំស្រែអំពូមស្រុកពេជ្រចិន្ដា ឃុំម៉េម៉ង់ ស្រុកកែវសីម៉ា និងឃុំណងឃីលឹក ស្រុកកោះញ៉ែក៕
No comments:
Post a Comment