Friday, June 08, 2012

អ្នក​មិន​បាន​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​កើន​ឡើង


ដោយ អាន ស៊ីថាវ 2012-06-07
ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ប្រារព្ធ​ជា​ច្រើន​លើក​មក​ហើយ ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ម្ដង ប៉ុន្តែ​ចំនួន​អ្នក​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត មាន​ការ​កើន​ឡើង​ជា​លំដាប់ ដែល​រហូត​ដល់​ពេល​នេះ មាន​ចំនួន​​ជាង ៣​លាន ៣​សែន​​នាក់។ ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​៣ មិថុនា ឆ្នាំ​២០១២។
បញ្ហា​នេះ អ្នក​វិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា បណ្ដាល​មក​ពី​​ដំណើរ​ការ​ចុះ​ឈ្មោះ​មាន​ការ​លំបាក ហើយ​ត្រូវ​ចំណាយ​ថវិកា ការ​រើស​អើង​នានា ទន្ទឹម​នឹង​​រយៈកាល​បោះ​ឆ្នោត​នោះ ចំ​ពេល​ដែល​​ប្រជាជន​ជា​ច្រើន ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ធ្វើ​ចំណាក​ស្រុក រួម​ទាំង​លទ្ធភាព​ចំណាយ​របស់​អ្នក​បោះ​ឆ្នោត​នៅ​មាន​កម្រិត​ជា​ដើម។
មតិ​ជា​ច្រើន បាន​លើក​ឡើង​ថា មាន​ចំនួន​​អ្នក​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត​ជា​ច្រើន មិន​បាន​ទៅ​បោះ​ឆ្នោត​​ឃុំ-សង្កាត់ កន្លង​ទៅ​នេះ។ មតិ​ទាំង​នោះ​បាន​លើក​ឡើង​ថា ដោយ​សារ​តែ​ដំណើរ​ការ​ចុះ​ឈ្មោះ​នេះ មាន​លក្ខណៈ​ស្មុគ​ស្មាញ និង​ពេល​ខ្លះ​គាត់​ត្រូវ​ចំណាយ​លុយ​ច្រើន​ជា​ដើម។ មាន​មតិ​ខ្លះ បាន​អះ​អាង​ថា ខ្លួន​គេ​រក​ឈ្មោះ​មិន​ឃើញ ទន្ទឹម​នឹង​ពួក​គេ​ចង់​បោះ​ឆ្នោត​ក៏​ដោយ។
ប្រជាពលរដ្ឋ​ម្នាក់​នៅ​ខណ្ឌ​ឫស្សីកែវ លោក ហួ យិន អាយុ ៤៩​ឆ្នាំ មាន​ប្រសាសន៍​ថា លោក​មិន​មាន​ឈ្មោះ​បោះ​ឆ្នោត​ទេ បើ​ទោះ​ជា​លោក​ខិត​ខំ​ស្វែង​រក​ការ​ចុះ​​ឈ្មោះ​បែប​ណា​ក៏​ដោយ ក៏​នៅ​ថ្ងៃ​បោះ​ឆ្នោត នៅ​តែ​មិន​មាន​ឈ្មោះ​របស់​លោក​នៅ​ថ្ងៃ​បោះ​ឆ្នោត។ លោក ហួ យិន បញ្ជាក់​ថា គ្រួសារ​របស់​លោក​បាន​ដូរ​លំនៅ​ឋាន​ពី​ខណ្ឌ​ឫស្សីកែវ មក​ខណ្ឌ​ដង្កោ ប៉ុន្តែ​ឈ្មោះ​របស់​គាត់​ពុំ​បាន​រក​ឃើញ​ទាំង​ពីរ​ខណ្ឌ នៅ​ថ្ងៃ​បោះ​ឆ្នោត៖ «គិត​ទៅ ខំ​ចំណាយ​ថវិកា ម៉ូតូ​ហ្នឹង ចាក់​សាំង​ផង ទៅ​មក ទៅ​មក ទម្រាំ​តែ​សួរ​គេ រក​ឈ្មោះ​បោះ​ឆ្នោត​អត់​មាន​ហើយ ទៅ​ជួប​ខាង​ប៉ូលិស​ហ្នឹង គេ​ថា​ចាំ ខែ​៩ ថ្ងៃ​១ ទៅ ចាំ​គេ​ចុះ​ឈ្មោះ​ឲ្យ​ខ្ញុំ​វិញ»

បញ្ហា​អ្នក​ដែល​មិន​បាន​ចូល​រួម​បោះ​ឆ្នោត​នេះ មិន​មែន​មាន​តែ​ប្រជាជន​ដែល​បង្ហាញ​អំពី​ឧបសគ្គ​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ នោះ​ទេ ក៏​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន ក៏​បាន​បង្ហាញ​អំពី​ហេតុផល​ជា​ច្រើន​ដែល​ប្រជាជន​មិន​បាន​ចូល​រួម​ទៅ​បោះ​ ឆ្នោត។
អ្នក​នាំ​ពាក្យ​របស់​គណបក្ស នរោត្ដម រណឫទ្ធិ លោក ប៉ែន សង្ហា ក៏​មាន​ប្រសាសន៍​ថា បញ្ហា​អ្នក​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត មាន​ចំនួន​ច្រើន​នោះ គឺ​បណ្ដាល​មក​ពី​ប្រជាជន​កម្ពុជា​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​ទី​ក្រុង និង​ទៅ​ក្រៅ​ប្រទេស ដែល​គាត់​គ្មាន​លទ្ធភាព​ចំណាយ​ក្នុង​ការ​វិល​មក​បោះ​ឆ្នោត​វិញ​បាន រួម​ទាំង​អ្នក​ចំណាក​ស្រុក​ភាគ​ច្រើន ជា​អ្នក​ក្រី​ក្រ ឬ​ជា​អ្នក​មាន​ចំណូល​ទាប។ លោក ប៉ែន សង្ហា មាន​ប្រសាសន៍​បន្ថែម​ថា ការ​យល់​ដឹង​របស់​ប្រជាជន​អំពី​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ នៅ​មាន​កម្រិត​នៅ​ឡើយ ទន្ទឹម​នឹង​ការ​ចំណាយ​ច្រើន​ទាក់​ទង​នឹង​ការ​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​ជា​ ដើម។
លោក ប៉ែន សង្ហា៖ «ខ្ញុំ​បាន​ជួប​ជា​មួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែរ ហើយ​សួរ​គាត់​ថា​ហេតុ​អី​មិន​ឃើញ​មាន​ស្នាម​ខ្មៅ​នៅ​នឹង​ដៃ ហើយ​ខ្ញុំ​សួរ​ហេតុ​អី​មិន​អញ្ជើញ​ទៅ​បោះ​ឆ្នោត គឺ​ទី​មួយ គឺ​គាត់​មិន​សូវ​ចាប់​អារម្មណ៍​ផង​ដែរ ទី​ពីរ គាត់​មិន​ទៅ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​គាត់​នឹង​ទៅ ហើយ​មួយ​ទៀត​គាត់​និយាយ​អំពី​បញ្ហា​ជីវភាព​របស់​គាត់ ខ្វះ​មធ្យោបាយ ខ្វះ​ថវិកា​ក្នុង​ការ​ត្រឡប់​មក​វិញ ក៏​គាត់​មិន​ទៅ​បោះ​ឆ្នោត»
លោក​បន្ត​ថា បញ្ហា​ខ្លះ​ទៀត គឺ​ត្រូវ​​​មាន​ការ​ចូល​រួម​ពី​ថៅកែ និង​ម្ចាស់​រោងចក្រ​ទាំង​អស់ ជំរុញ​ឲ្យ​បុគ្គលិក​ទាំង​អស់​បាន​ទៅ​ចូល​រួម​បោះ​ឆ្នោត​ជា​ដើម ដោយ​លោក​បញ្ជាក់​ថា ការ​ខ្វះ​អត្តសញ្ញាណ ក៏​ជា​បញ្ហា​មួយ​​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​​មិន​បាន​បោះ​ឆ្នោត​កើន​ឡើង​ដែរ។
អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស លោក យ៉ែម ប៉ុញ្ញារិទ្ធ មាន​ប្រសាសន៍​ថា ក្រៅ​ពី​អ្នក​ចំណាក​ស្រុក ដូច​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​​ជា​ដើម ដែល​មិន​បាន​ចូល​រួម​បោះ​ឆ្នោត ក៏​មាន​បញ្ហា​មួយ​ទៀត គឺ​មាន​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោត​ហើយ មិន​អាច​បោះ​ឆ្នោត​បាន។
លោក យ៉ែម ប៉ុញ្ញារិទ្ធ ៖ «ដោយ​សារ​តែ​អ្នក​ខិល​ខូច​ចេះ​តែ​ផ្សព្វ​ ផ្សាយ​មុន​នឹង​ទៅ ប្រាប់​ថា មាន​ប័ណ្ណ​ព័ត៌មាន ក៏​អាច​បោះ​ឆ្នោត​បាន​ដែរ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​យក​ប័ណ្ណ​ទៅ​បង្ហាញ​នៅ​ពេល​បោះ​ឆ្នោត គេ​មិន​ឲ្យ​គាត់​បោះ។ អាហ្នឹង ដោយ​សារ​តែ​គាត់​ចាញ់​បោក​គេ ហើយ​នឹង​គ្មាន​អត្តសញ្ញាណ​ប័ណ្ណ គាត់​មិន​បាន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ»
លោក ប៉ុញ្ញារិទ្ធិ មាន​ប្រសាសន៍​បន្ថែម​ថា មាន​ឃុំ​មួយ​ចំនួន មាន​ការ​រើស​អើង​ក្នុង​ការ​ធ្វើ​ប័ណ្ណ ឬ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បម្រើ​ការ​បោះ​ឆ្នោត​ទាំង​នោះ រួម​ទាំង​មាន​ភាព​ស្មុគ​ស្មាញ​ជា​ដើម ដោយ​លោក​បញ្ជាក់​ថា តាម​ការ​អង្កេត​របស់​លោក អ្នក​ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត​ហើយ តែ​មិន​បាន​បោះ គឺ​មាន​ចំនួន​ច្រើន។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​របស់​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បញ្ហា​អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោត​ហើយ មិន​បាន​បោះ គឺ​បណ្ដាល​មក​ពី​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត បង្ក​ការ​លំបាក​ដល់​អ្នក​បោះ​ឆ្នោត ជា​មូល​ហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោត​ មិន​បាន​បោះ​ឆ្នោត​ជា​ដើម។
លោក យឹម សុវណ្ណ៖ «គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បង្ក​ការ​លំបាក​ដ៏​ស្មុគ​ស្មាញ​ដល់​អ្នក​បោះ​ឆ្នោត ហើយ​គេ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត ជា​ពិសេស​អ្នក​ដែល​លុប​ឈ្មោះ​នោះ គឺ​សុទ្ធ​សឹង​ជា​គណបក្ស សម រង្ស៊ី។ ដោយ​សារ​តែ​នីតិវិធី​ដ៏​ស្មុគ​ស្មាញ ខ្វះ​ឯកសារ ខ្វះ​អត្តសញ្ញាណ និង​ដោយ​សារ​តែ​ការ​រើស​អើង​ផ្សេងៗ»
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បាន គឺ​ត្រូវ​រួប​រួម ជា​មួយ​អ្នក​ប្រជាធិបតេយ្យ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។
ឆ្លើយ​តប​បញ្ហា​នេះ នាយក​ខុទ្ទកាល័យ​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ជិន សារិន មាន​ប្រសាសន៍​ថា បញ្ហា​អ្នក​ដែល​មិន​ទៅ​​បោះ​ឆ្នោត គឺ​មាន​បញ្ហា​ជា​ច្រើន ដូច​ជា​អ្នក​ចំណាក​ស្រុក អ្នក​ស្លាប់ ឈ្មោះ​ស្ទួន និង​អ្នក​ដែល​មិន​ចង់​ទៅ​បោះ​ឆ្នោត​ជា​ដើម។ លោក​ អង្កេត​ឃើញ​ថា មាន​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន បាន​ប្រើ​អត្តសញ្ញាណ​ប័ណ្ណ ថត​ចំលង​ជា​ដើម ដែល​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​បាន​ឡើយ និង​នៅ​តំបន់​ដែល​ក្បែរ​ព្រំដែន មាន​អ្នក​ចំណាក​ស្រុក​មួយ​ចំនួន​មិន​បាន​ទៅ​បោះ​ឆ្នោត​ជា​ដើម។
លោក ជិន សារិន៖ «វា​ទាក់​ទង​ច្រើន​ណាស់ ហើយ គ.ជ.ប គឺ​អត់​ទាន់​សម្រេច​ថា មាន​មូលហេតុ​អី ដែល​ថា​ច្បាស់​លាស់​ដូច​នៅ​ខាង​ខេត្ត​ព្រំ​ប្រទល់​ជាប់​នឹង​ថៃ ខ្លះ​គេ​លើក​ឡើង​ថា​អ្នក​ដែល​ទៅ​រក​ស៊ី​នៅ​ថៃ រាប់​ម៉ឺន​នាក់​ ចេញ​ទៅ គេ​អត់​បាន​មក​បោះ​ក៏​មាន ហើយ​អ្នក​ខ្លះ​គេ​អត់​បាន​ទទួល​ប័ណ្ណ​ព័ត៌មាន​ជា​ដើម»
លោក ជិន សារិន មាន​ប្រសាសន៍​បន្ត​ថា ហេតុផល​មួយ​ផ្សេង​ទៀត គឺ​ទាក់​ទង​នឹង​អ្នក​បោះ​ឆ្នោត​យល់​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មិន​សំខាន់​ដូច​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ គ.ជ.ប បាន​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ស្ទួន​ចំនួន​ជាង ២​សែន​នាក់ មាន​ដូច​ជា​អ្នក​ដែល​ផ្លាស់​ប្ដូរ​ទី​លំនៅ អ្នក​ស្លាប់​ជា​ដើម និង​ធ្វើ​ការ​កែ​តម្រូវ​ឈ្មោះ​បាន​ចំនួន​ជាង ១​សែន ៤​ម៉ឺន​នាក់។
ក្រៅ​ពី​គណបក្ស​នយោបាយ យល់​ឃើញ​ផ្សេងៗ​គ្នា អំពី​ហេតុផល​ដែល​ជំរុញ​ឲ្យ​មាន​ចំនួន​អ្នក​មិន​ទៅ​បោះ​ឆ្នោត​កើន​ឡើង ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ទៀត​​ថា បញ្ហា​នេះ គឺ​ជា​ទូទៅ​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ទាំង​ឃុំ-សង្កាត់ និង​ថ្នាក់​ជាតិ​​នឹង​ប្រព្រឹត្តិ​ទៅ​ចន្លោះ​ខែ​មេសា ដល់​ខែ​កក្កដា ដែល​កំឡុង​ពេល​នេះ គឺ​ជា​ពេល​ដែល​ប្រជាជន​នៅ​ជន​បទ តែង​តែ​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​តំបន់​ទី​ប្រជុំជន និង​តំបន់​ទី​ក្រុង​ជា​ដើម ដែល​កត្តា​នេះ អាច​បង្ក​ឲ្យ​ចំនួន​អ្នក​មិន​បាន​ទៅ​បោះ​កើន​ឡើង។
អ្នក​វិភាគ​សេដ្ឋកិច្ច លោក លឹម សុវណ្ណារា មាន​ប្រសាសន៍​ថា បញ្ហា​ចំណាក​ស្រុក​នេះ គឺ​ប្រជាជន​នៅ​ជនបទ​មួយ​ចំនួន​នឹង​ស្វែង​រក​ការងារ​នៅ​ទី​ក្រុង​នៅ​ពេល​ដែល​ គាត់​ទំនេរ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​ជា​ដើម។
លោក លឹម សុវណ្ណារា៖ «ចំណាក​ស្រុក គឺ​មាន​ពីរ ទី​មួយ លក្ខណ​អចិន្ត្រៃយ៍ និង​ទី​ពីរ លក្ខណ​រដូវ​កាល។ អចិន្ត្រៃយ៍ គឺ​ភាគ​ច្រើន​អ្នក​ដែល​ធ្វើ​ការ​នៅ​ខាង​រោងចក្រ​កាត់​ដេរ គឺ​គាត់​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​គាត់​នៅ​រោង​ចក្រ ប៉ុន្តែ​នៅ​តាម​រដូវ​កាល គឺ​មាន​ដូច​ជា​អ្នក​រត់​ម៉ូតូ​ឌុប អ្នក​បម្រើ​ការ​នៅ​តាម​ហាង ភោជនីយដ្ឋាន​ទូទៅ នៅ​ខាង​សំណង់ នៅ​តាម​ហ្គារ៉ាស់​ឡាន​ជា​ដើម ជា​ទូទៅ​ពួក​គាត់ គឺ​លក្ខណ​តាម​រដូវ​កាល ហើយ​តាម​រដូវ​កាល ហ្នឹង​គឺ​គាត់​មក​ធ្វើ​ការ​នៅ​តាម​ទី​ក្រុង​អញ្ចឹង អាច​នៅ​ភ្នំ​ពេញ សៀមរាប បាត់ដំបង»
របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​កម្ពុជា (CDRI) បាន​បង្ហាញ​ថា ចំនួន​អ្នក​ដែល​ធ្វើ​ការ​ងារ​រោងចក្រ មាន​ចំនួន​ជាង ៣៣​ម៉ឺន​នាក់ អ្នក​ធ្វើ​ការ​ជា​កម្មករ​សំណង់ ចំនួន ២៦​ម៉ឺន​នាក់ និង​ចំនួន​អ្នក​ដែល​ធ្វើ​ការ​នៅ​តាម​សណ្ឋាគារ និង​ភោជនីយដ្ឋាន ប្រមាណ​ជាង ៦​ម៉ឺន​នាក់។
របាយការណ៍​ដដែល ស្រាវ​ជ្រាវ​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ពី​ប្រទេស​កម្ពុជា​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា ចំនួន​អ្នក​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​នៅ​ប្រទេស​ថៃ មាន​ចំនួន ១៨​ម៉ឺន​នាក់ ជា​អ្នក​ធ្វើ​ការ​ងារ​ដោយ​ខុស​ច្បាប់ និង​មាន​ចំនួន​ជាង ៥​ម៉ឺន​នាក់​ទៀត​ជា​លក្ខណៈ​ស្រប​ច្បាប់ ប៉ុន្តែ​ចំនួន​នេះ​មិន​បាន​រាប់​បញ្ចូល​អ្នក​ធ្វើ​ការ​ចំណាក​ស្រុក​ទៅ​ ប្រទេស​ផ្សេងៗ ដូច​ជា​កូរ៉េ​ខាង​ត្បូង ជប៉ុន និង​ម៉ាឡេស៊ី ជា​ដើម។
បញ្ជាក់​បន្ថែម​បញ្ហា​នេះ តំណាង​គណបក្ស និង​អង្គការ​សង្គម​ស៊ីវិល ក៏​ធ្លាប់​បាន​លើក​ឡើង​ថា ការ​កើន​ឡើង​នៃ​​អ្នក​មិន​បាន​បោះ​ឆ្នោត គឺ​បណ្ដាល​មក​ពី​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​មាន​កម្រិត​ទាប។ របាយការណ៍​អភិវឌ្ឍន៍​សកល​ឆ្នាំ​២០១១ ក៏​បាន​បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា មាន​ប្រជាជន​ប្រមាណ​ជាង ៧​លាន​នាក់ អាច​រក​ចំណូល​បាន​ត្រឹម​តែ ២​ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ក្រុម​អ្នក​ដែល​អាច​រក​ចំណូល​បាន​តិច​នេះ គឺ​ជា​មូលហេតុ​សំខាន់​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​ការ​ចំណាក​ស្រុក ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​ចិញ្ចឹម​ជីវិត។
អ្នក​វិភាគ​​មួយ​ចំនួន​យល់​ឃើញ​ថា ភាគ​ច្រើន​នៃ​អ្នក​ធ្វើ​ការ​ចំណាក​ស្រុក មិន​ចង់​នឹង​ចំណាយ​លុយ​ច្រើន​ដែល​គាត់​រក​យ៉ាង​លំបាក និង​ចំណាយ​ពេល​វេលា​ច្រើន​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​ទេ។ របាយការណ៍​ដែល​សិក្សា​ដោយ ខុមហ្វ្រែល (Comfrel) កន្លង​ទៅ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​អ្នក​ដែល​មិន​បាន​ទៅ​បោះ​ឆ្នោត គឺ​មាន​ជាង ២១% ពួក​គេ​រស់​នៅ​ឆ្ងាយ ជាង ១៩% មិន​អាច​ធ្វើ​ដំណើរ​ទៅ​កន្លែង​បោះ​ឆ្នោត​បាន ១៥% ពួក​គេ​រក​ឈ្មោះ​មិន​ឃើញ និង​ជាង ៩% មិន​បាន​ទទួល​ព័ត៌មាន​បោះ​ឆ្នោត​ជា​ដើម។
ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់ នៅ​ប្រទេស​កម្ពុជា បាន​ប្រារព្ធ​ចំនួន​បី​ដង ក្នុង​នោះ​ដែរ​ចំនួន​អ្នក​បោះ​ឆ្នោត​សរុប​អាណត្តិ​ទី​បី ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន​ជាង ៥​លាន ៨​សែន​នាក់ ទន្ទឹម​នឹង​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន ៩​លាន ២​សែន​នាក់។
ទោះ​ជា​យ៉ាង​នេះ​ក្ដី របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​ព្យាករណ៍ ចំនួន​ប្រជាជន​ដែល​មាន​អាយុ​លើស​ពី ១៨​ឆ្នាំ​​ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន ៩​លាន ១​សែន ៧​ម៉ឺន​នាក់​ប៉ុណ្ណោះ។
អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា ដើម្បី​លើក​កម្ពស់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​ទូលាយ គឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​អ្នក​ដែល​ពាក់​ព័ន្ធ​ទាំង​អស់ ពង្រីក​ការ​យល់​ដឹង​របស់​ប្រជាជន និង​ជួយ​គាំ​ទ្រ​ដល់​អ្នក​ដែល​គ្មាន​លទ្ធភាព ជា​ពិសេស​អ្នក​ចំណាក​ស្រុក តាម​ការ​ប៉ាន់​ស្មាន​មាន​ចំនួន​ជិត​មួយ​លាន​នាក់ ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ការ​ចំណាយ​របស់​គាត់​នៅ​ពេល​បោះ​ឆ្នោត​ម្ដងៗ៕

No comments: