Thursday, June 28, 2012

លោក ហ៊ុន សែន ចោទ​អ្នក​សារព័ត៌មាន​រាយការណ៍​ខុស

ដោយ ផន រ៉ីណា និង យន់ សាមៀន 2012-06-27

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ មិថុនា បាន​បដិសេធ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ដែល​ថា លោក​នៅ​តែ​បន្ត​ចុះ​ហត្ថលេខា​ផ្តល់​ដី​សម្បទាន​បន្ថែម ក្រោយ​ពេល​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ផ្តល់​ដី​សម្បទាន​ ឲ្យ​ក្រុមហ៊ុន​ឯកជន។

១៥-មិថុនា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន បាន​អះអាង​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ឧសភា ជា​ថ្ងៃ​ដែល​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ផ្តល់​ដី​សម្បទាន​នោះ​មក លោក​មិន​បាន​ចុះ​ហត្ថលេខា​ផ្តល់​ដី​សម្បទាន​ថ្មី​នោះ​ទេ។ លោក​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា លោក​បាន​ចុះ​ហត្ថលេខា​ធ្វើ​អនុបយោគ ប្ដូរ​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ចំនួន​បី ដោយ​សារ​ក្រុមហ៊ុន​ទាំង​នោះ​ត្រូវ​បាន​ផ្តល់​ដី​សម្បទាន​មុន​ថ្ងៃ​ទី​៧ ឧសភា ជា​ថ្ងៃ​រដ្ឋាភិបាល​សម្រេច​ផ្អាក​ដី​សម្បទាន។

កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា អង្គការ​សង្គម​ស៊ីវិល​បាន​អោយ​ដឹង​ថា ទោះ​បី​ជា​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ ​ក្រុមហ៊ុន​យ៉ាង​ណា​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ធ្វើ​អនុបយោគ គឺ​ប្ដូរ​ដី​សាធារណៈ​របស់​រដ្ឋ ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដដែល។ បញ្ហា​នេះ សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​ថា ជា​សារ​នយោបាយ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាក់​ទង​នឹង​ចំនួន​ដែល​ចោទ​ថា រដ្ឋាភិបាល​បន្ត​ផ្តល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​ឯកជន ក្រោយ​ពេល​ប្រកាស​ផ្អាក​នោះ ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​២៦ មិថុនា ម្សិលមិញ បាន​រាយការណ៍​ថា យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ (Licadho) រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ផ្តល់​ដី​សម្បទាន​ចំនួន​១៣ ដែល​មាន​ទំហំ​ដី​សរុប​ជាង​៨​ម៉ឺន​ហិកតារ គឺ​ស្មើ​នឹង​ប្រទេស​សិង្ហបុរី ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ពី​ថ្ងៃ​ទី​៧ ឧសភា មក៕

1 comment:

Anonymous said...

Quit playing the fool and get some work done.