Thursday, June 14, 2012

សំណុំរឿង​ផែនទី​ក្លែងក្លាយ ប្រឆាំង​លោក​សម​រង្ស៊ី បាន​ចូល​ជា​ស្ថាពរ​

(ថ្ងៃទី 14 មិថុនា 2012, ម៉ោង 08:23:PM) | ដោយ: ឆាយា
ភ្នំពេញ: សាលដីកា លេខ​៨៤ ក្រ III ឃ ចុះ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១១ របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចូល​ជា​ស្ថាពរ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១២ បន្ទាប់ពី​លោក​សម​រង្ស៊ី មិន​បាន​ប្តឹង​បន្ត​ទៅកាន់​តុលាការ​កំពូល​។​
លោក​សម រង្ស៊ី អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធាន​គណបក្ស សម រង្ស៊ី បាន​ត្រូវ​លោក សុខ រឿន ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ "​ការ​ក្លែងបន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ និង ការផ្សាយ​ព័ត៌មាន​មិន​ពិត​" រួច​បញ្ចូន​សំណុំរឿង​នេះ ទៅ​ឱ្យ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី តាម​រូបភាព​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​។​
អង្គហេតុ ដែលនាំឱ្យ​មាន​ការចោទប្រកាន់​នេះ បាន​កើតឡើង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ កន្លងទៅ ក្នុងខណៈពេល​ដែល​លោក​សម រង្សី បាន​ធ្វើ​បទសម្ភាសន៍ ជា​សំឡេង​ផ្ទាល់ និង​បាន​បង្ហាញ​រូបភាព​ឯកសារ​ក្លែងបន្លំ ដូចជា រូបថត​ផែនទី ខ្សែ​បន្ទាត់​ព្រំដែន​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​យកមក​ប្រើប្រាស់​បង្ហាញ​ពន្យល់​ជា​អក្សរ ជា​លេខ ជាច្រើន​ទំព័រ ហើយ​ផ្សព្វផ្សាយ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ក្នុង​គោលបំណង​បំភ័ណ្ឌ​មតិជាតិ និង​អន្តរជាតិ ឱ្យ​យល់​ខុស​លើ​ការងារ​របស់​គណៈកម្មកា​រ​ចម្រុះ​ទទួលបន្ទុក​កិច្ចការ​ ព្រំដែន​កម្ពុជា​-​វៀតណាម ធ្វើឱ្យប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិសុខ​ជាតិ ដែល​នេះ ជា​ចេតនា​ទុច្ចរិត​ក្នុងការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​ក្លែងបន្លំ ដើម្បី​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​គោលបំណង​បំភ័ណ្ឌ​ព័ត៌មាន ទម្លាក់កំហុស ដោយ​អ​សុទ្ធចិត្ត មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​។​
នៅ​ដំណាក់កាល​ស៊ើបសួរ លោក សម រង្ស៊ី ពុំ​បាន​ចូលខ្លួន មក​បំភ្លឺ​ពី​ដំណើររឿង ដែល​ត្រូវ​ចោទប្រកាន់​នេះ​ទេ​។ ពោល​គឺ​បាន​ពឹងពាក់​មេធាវី​ឱ្យ​ការពារ​ក្តី និង​ធ្វើ​លិខិត​ជា​លាយ​លក្ខ​អក្សរ មក​បំភ្លឺ​ប៉ុណ្ណោះ​។ ដូច្នេះ​តាម​នីតិវិធី នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១០ ចៅក្រម​ស៊ើបសួរ បាន​ចេញ​ដីកា​បង្គាប់ ឱ្យ​ចាប់ខ្លួន លោក សម រង្ស៊ី ដើម្បី​យក​មក​សាកសួរ​តាមច្បាប់​។ ប៉ុន្តែ​សមត្ថកិច្ច ពុំ​អាច​ចាប់ខ្លួន​បាន​ឡើយ ដោយសារ​លោក សម រង្ស៊ី គេចចេញ​ទៅ​ក្រៅប្រទេស​។​
រយៈពេល​ជិត ៤​ខែ ក្រោយមក ពោល​គឺ​នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​រឿងក្តី​នោះ មក​បើក​សវនាការ​ជំនុំជម្រះ ដោយ​សម្រេច​កំបាំងមុខ ផ្តន្ទាទោស​លោក សម រង្ស៊ី ដាក់ពន្ធនាគារ កំណត់​រយៈពេល ១០ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥ លាន​រៀល និង​សម្រេច​ចេញ ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លោក សម រង្ស៊ី តាម​បញ្ញាត្តិ​មាត្រា ៣៥៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។
ក្នុងនោះ តុលាការ​បាន​សម្រេច​ឱ្យ​លោក សម រង្ស៊ី បង់ប្រាក់​សំណង នៃ​ការខូចខាត និង​ជំងឺ​ចិត្ត​ឱ្យ​រាជរដ្ឋាភិបាល​ចំនួន ៦០ លាន​រៀល​។ ប៉ុន្តែ​លោក សម រង្ស៊ី បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​ការសម្រេច​នេះ តាមរយៈ​លោក​មេធាវី ជូ​ង ជូ​ងី​។​
​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១១ ពោល​គឺ​រយៈពេល​ជិត​មួយឆ្នាំ ក្រោយមក​សាលាឧទ្ធរណ៍ បាន​លើកយក​បណ្តឹងឧទ្ធរណ៍​នោះ មក​បើក​សវនាការ​ជំនុំជម្រះ ដោយ​មាន​ការ​លោក​មេធា​វី រាជ្យ ហុក​សេង ជា​មេធាវី​ការពារ​សិទ្ធិ​លោក​សម រង្ស៊ី​។ មេធាវី​នោះ ចាត់តាំង​ដោយ​តុលាការ​សាលាឧទ្ធរណ៍ ដើម្បី​បង្គ្រប់កិច្ច​។​
ក្រោយ​ការសួរដេញដោល និង​អាន​ឯកសារ​មួយចំនួន ដែល​ពាក់ព័ន្ឋ​ក្នុង​រឿងក្តី​នេះ រួចហើយ សាលាឧទ្ធរណ៍ បានសម្រេច​តម្កល់​សាលក្រម របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ ប៉ុន្តែ​បាន​កែប្រែ​ការផ្តន្ទាទោស ពី ១០ ឆ្នាំ មក​រយៈពេល ៧ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣ លាន​រៀល ពីបទ "​ក្លែងបន្លំ​អក្សរ​ក្នុង​ឯកសារ​សាធារណៈ និង បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​" វិញ​។​
ទោះជា​សាលាឧទ្ធរណ៍ បានប្រកាស​សាលដីកា​រួច​ហើយ​ក្តី ក៏​បាន​បើក​សិទិ្ធ​ឱ្យ​លោក សម រង្ស៊ី ប្តឹង​សារទុក្ខ ទៅ​តុលាការ​កំពូល តាម​កំណត់​ច្បាប់​។
ប៉ុន្តែ​លោក សម រង្សី ពុំ​បាន​ប្តឹង​សារទុក្ខ​ទេ​។ ដូច្នេះ​យោង​តាម​នីតិវិធី នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១២ សាលដីកា​របស់ សាលាឧទ្ធរណ៍ បាន​ចូល​ជា​ស្ថាពរ​។ នោះ​មានន័យ​ថា លោក សម រង្ស៊ី បាន​ប្រែ​ពី​ជនជាប់ចោទ​ទៅ​ជា​ទណ្ឌិត​មួយ​ជាន់​ទៀត​។​
សូម​រម្លឹកថា លោក សមរង្ស៊ី ក៏​ត្រូវបាន​តុលាការ​សាលាដំបូង ខេត្ត​ស្វាយរៀង ផ្តន្ទាទោស កំបាំងមុខ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ ក្នុង​រឿង​ដក​តម្រុងបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ ១៨៥ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។ សាលដីកា​ក្នុង​រឿងក្តី​នោះ បាន​ចូល​ជា​ស្ថាពរ កាលពី​ខែ​មីនា ឆ្នាំ​២០១១​។
ចាប់តាំងពី​ពេលនោះ លោក​សម​រង្ស៊ី បាន​ក្លាយខ្លួន​ជា​ទណ្ឌិត ឬ​អ្នកទោស ហើយ​រដ្ឋសភា​ក៏​បាន​លុបឈ្មោះ​លោក ចេញ​ពី​បញ្ជី​អ្នកតំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ចាម​ផងដែរ​។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មួយចំនួន បានចាត់ទុក​ករណីរ​បស់​លោក​សម​រង្ស៊ី ថា​គ្រាន់តែ​ជា​រឿង​នយោបាយ ខណៈ​ដែល​រដ្ឋាភិបាល និង​តុលាការ​អះអាងថា គឺជា​រឿង​ព្រហ្មទណ្ឌ ដែល​ត្រូវ​កាត់ទោស​តាមច្បាប់ មិនមែន​ជា​ការ​រាំង ខ្ទប់​មិន​ឲ្យ​លោក​សម​រង្ស៊ី ចូល​ស្រុក ដើម្បី​ដឹកនាំ​នយោបាយ​គណបក្សប្រឆាំង នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​នោះឡើយ​។​
មួយវិញទៀត មកដល់ពេលនេះ លោក​សម​រង្ស៊ី ក៏​នៅ​ជាប់​បណ្តឹង​មួយទៀត នៅ​តុលាការ​សាលាឧទ្ធរណ៍ ក្នុង​ករណី​សំណុំរឿង​ជាមួយនឹង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ដែល​លោក​សម​រង្ស៊ី ចោទ​លោក​ហោ ណាំហុង ថា​ជា​មេ​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម​។ សំណុំរឿង​នោះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ផ្តន្ទាទោស កំបាំង​មុខ​លោក​សម​រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មួយ​ចំនួន ក្នុង​បទចោទប្រកាន់ បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​៕​

1 comment:

Anonymous said...

បុំាងតោ កាត់ក​ អាកូនមីចោរគេចុយ
Pi Anh=ពីអញ អោយងាប់ផុតពូជតែម្ដង។