បណ្ឌិត ធុយ ចាន់ធួន បង្ហាញកាំភ្លើងធំ មានចារឹកអក្សរ បុរាណ ខ្មែរ លើ តួ កាំភ្លើង |
តាមការពិនិត្យទៅលើស្លាកស្នាមប្រវត្តិសាស្រ្ត និង សំណល់កាំភ្លើងធំជាច្រើនដើម ដែលបន្សល់ទុកនោះ អ្នកស្រាវជ្រាវបានរកឃើញថា ខ្មែរធ្លាប់បានផលិតកាំភ្លើងធំសម្រាប់ ប្រើប្រាស់ តាំងពីនាអំឡុងកាលសម័យអង្គរមកម្ល៉េះ ។
ការហ៊ានសន្និដ្ឋានបែបនេះ គឺដោយយោងទៅលើភស្តុតាងមួយចំនួនដែលបាន បន្សល់ទុក ។
បណ្ឌិតសភាចារ្យ ស៊ន សំណាង អ្នកជំនាញផ្នែកប្រវត្តិសាស្រ្ត មានប្រសាសន៍ឱ្យ ដឹងតាមរយៈការស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យបណ្ឌិតនាពេលកន្លងមកថា បើយោងទៅតាមកំណត់ត្រាក្នុងឯកសារមហាបុរសខ្មែរ ដែលបានរៀបរៀងដោយលោក អេង សុត នោះ ឃើញថា បុព្វបុរសខ្មែរ មានកាំភ្លើងធំប្រើរួចទៅហើយនៅក្នុងអំឡុងសម័យអង្គរ ។
យោងទៅតាមសំណេរនៅក្នុងឯកសារនេះ បានកត់ត្រាថា នៅក្នុងរាជរបស់ព្រះបាទ លំពង់រាជា ដែលសោយរាជ្យពីអំឡុងគ្រិស្តសករាជ ១៣៤៦ ដល់ ១៣៥១ ស្ដេចសៀមនាម ព្រះចៅរាមាធិបតី ក្រុងស្រីអយុធ្យា មានព្រះទ័យកម្រើកជាខ្លាំង ខ្ញាល់នឹងព្រះមហានគរ « ប្រទេសកម្ពុជា » ថាពុំបានទៅចំណុះ ចុះចូលព្រះអង្គ ទើបទ្រង់ព្រះតម្រាស់ត្រាស់ប្រើព្រះ រាមាសូរ ជារាជបុត្រច្បង និង ព្រះស៊ីសុបត្តិ ជាព្រះរាជនត្តា(ចៅ)ឱ្យលើកទ័ពប៉ងមកយក ក្រុងកម្ពុជាធិបតី បង្ខំវាយកុំឱ្យដឹងខ្លួន ។ ព្រះបាទលំពង់រាជា ក្រោយពីដឹងហេតុភេទសព្វ គ្រប់ហើយ ក៏ប្រជុំជាមួយនឹងព្រះរាជវង្សានុវង្ស សេនាបតី និង មន្រ្តីជាច្រើនទៀត ។ បន្ទាប់ ពីកិច្ចប្រជុំ ព្រះអង្គក៏សម្រេចព្រះទ័យតាមព្រះតម្រិះរបស់សម្ដេចព្រះមហាឧបរាជ ជាព្រះអនុជ ហើយក៏រៀបចំយុទ្ធសាស្រ្ត ដើម្បីបណ្ដេញទ័ពសៀមចេញពីមហានគរ ។ កងទ័ពខ្មែរចេញប្រយុទ្ធនឹងទ័ពសៀមរហូតទទួលជ័យជម្នះ ។ ទ័ពសៀមស្លាប់អស់ជាច្រើន ក្នុងនោះក៏មាន ព្រះស៊ីសុបត្តិ ជាចៅរបស់ស្ដេចសៀមផងដែរ ដោយត្រូវព្រះមហាឧបរាជ កាប់នឹងព្រះឆែងដាវត្រូវកដាច់ធ្លាក់អំពីខ្នងដំរីមកដល់ដីទទួលមរណៈភ្លាម ។ ទ័ពសៀមទទួលបរាជ័យ ក៏បែកទ័ព ប្រាសយកតែអាយុសព្វៗខ្លួន ។
ឯកសារដដែលបានឱ្យដឹងទៀតថា ក្រោយមកទ័ពសៀមបានលើកមកវាយខ្មែរទៀត ។ ចម្បាំងលើកនេះ ទ័ពខ្មែរវាយទ័ពសៀមក៏ពុំបែក សៀមវាយទ័ពខ្មែរក៏ពុំបែកដែរ ។ កង ទ័ពខាងព្រះមហានគរ« អង្គរធំប្រទេសកម្ពុជា ក៏អូសកាំភ្លើងធំ » មកដាក់គងលើភាគកំផែង បន្ទាយ ហើយបាញ់…។
តាមរយៈការកត់ត្រានេះ បានបង្ហាញឱ្យឃើញថា នៅក្នុងអំឡុងសតវត្សទី ១៤ នៃ គ្រិស្តសករាជ ប្រទេសកម្ពុជាក្នុងចុងសម័យកាលអង្គរមានកាំភ្លើងធំសម្រាប់ប្រើប្រាស់រួចទៅហើយ ។ ប៉ុន្តែឯកសារនេះ មិនបានបញ្ជាក់អំពីប្រភពនៃកាំភ្លើងទាំងនេះនោះទេ ដោយហេតុនេះហើយ ទើបមានចម្ងល់មួយចោទឡើងថា តើកាំភ្លើងទាំងនោះខ្មែរបានមកពីណា ? ឬមួយទិញពីអឺរ៉ុប ?
ទាក់ទងទៅនឹងចំណោទនេះ បណ្ឌិតសភាចារ្យ ស៊ន សំណាង ពន្យល់ទៅតាមឯក សារប្រវត្តិសាស្ត្រពិភពលោកថា ខ្មែរមិនអាចទិញកាំភ្លើងពីពួកអឺរ៉ុបបាននោះទេ ដោយ ហេតុថា ពួកអេស្ប៉ាញជាជនជាតិអឺរ៉ុប ដែលបានចូលមកកាន់តំបន់អាស៊ីអាគ្នេយ៍ដំបូងគេ នោះ គឺនៅអំឡុងឆ្នាំ ១៥២១ ដែលត្រូវគ្នានឹងសតវត្សទី ១៦ នៃគ្រិស្តសករាជ ហើយក៏ជា សម័យកាលក្រោយអង្គរដែរ ។
លោកសាស្រ្តាចារ្យបណ្ឌិតថ្លែងបន្តថា ៖ « យោងទៅលើមូលហេតុនេះ យើងអាច សន្និដ្ឋានថា ខ្មែរនៅក្នុងអំឡុងសតវត្សទី ១៤ នៃគ្រិស្តសករាជមិនអាចទិញកាំភ្លើងធំពីពួកអឺរ៉ុបបានទេ » ។
ទោះបីជាបែបនេះក៏ដោយ ក៏ចម្ងល់មួយទៀតលើកឡើងថា តើប្រទេសកម្ពុជា ក្នុង អំឡុងចុងសម័យអង្គរអាចទិញកាំភ្លើងធំមកពីចិនដែរឬទេ ? ព្រោះជាប្រទេសដែលមានព្រំដែនជាប់គ្នា ហើយចិនក៏ជាប្រទេសដែលរកឃើញរំសេវមុនគេផងដែរ ។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកជំនាញផ្នែក សិលាចារឹក និង ប្រវត្តិសាស្រ្ត អនុបណ្ឌិត វង់ សុធារ៉ា សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឱ្យដឹងថា បើតាមការពិនិត្យទៅ លើឯកសារមួយចំនួន ដែលលោកធ្លាប់បានជួបប្រទះឃើញថា ក្នុងអំឡុងសតវត្សទី ១៤ នៃ គ្រិស្តសករាជ ប្រទេសចិនប្រហែលជាមិនទាន់អាចផលិតកាំភ្លើងប្រើប្រាស់បាននៅឡើយ ទេ ។
អ្នកជំនាញរូបនេះថ្លែងបន្តថា ៖ « ការកត់ត្រាដែលទាក់ទងទៅនឹងការផលិតកាំភ្លើង នៅប្រទេសចិន ឃើញមានច្បាស់ក្នុងអំឡុងឆ្នាំ ១៦៤៤ ដល់ ១៩១១ ស្ថិតក្នុងដំណាក់កាលគ្រប់គ្រងរបស់រជ្ជកាលឆេង ដែលត្រូវគ្នានឹងសតវត្សទី ១៧ ដល់សតវត្សទី ២០ » ។
ទោះបីជាមានការបកស្រាយបែបនេះក៏ដោយ ក៏នៅក្នុងឯកសារ Wikipedia ដែលសរសេរអំពីប្រវត្តិសាស្រ្តចិន ក៏មានរៀបរាប់ទាក់ទងទៅនឹងការប្រើប្រាស់កាំភ្លើងដែរ ។ ឯកសារដដែលឱ្យដឹងថា ការប្រើប្រាស់កាំភ្លើងក្នុងប្រទេសចិនឃើញមាននៅក្នុងរាជវង្ស សុង លាវ និង សៀខាងលិច ដែលមានអាយុកាលពីឆ្នាំ ៩៦០ ដល់ ១២៣៤ នៃគ្រិស្តសករាជ ដែលត្រូវគ្នានឹងសតវត្សទី ១០ រហូតដល់ទី ១៣ ។
នៅក្នុង Website ដដែលក៏បានឱ្យដឹងទៀតថា នៅក្នុងរជ្ជកាលក្រោយៗ មកទៀត រាជវង្សយាន ដែលមានអាយុកាលពីឆ្នាំ ១២៧១ ដល់ ១៣៦៨ នៃគ្រិស្តសករាជ ដែលត្រូវគ្នា នឹងអំឡុងសតវត្សទី ១៣ ដល់ទី ១៤ និង នៅក្នុងរាជវង្សមិង ដែលមានអាយុកាលពីអំឡុងឆ្នាំ ១៣៦៨ ដល់ ១៦៤៤ នៃគ្រិស្តសករាជ ដែលត្រូវគ្នានឹងអំឡុងសតវត្សទី ១៤ ដល់ទី ១៧ នោះ ក៏មានប្រើប្រាស់កាំភ្លើងធំផងដែរ ។ ប៉ុន្តែរាល់បណ្ដាព័ត៌មានដែលបានកត់ត្រាទាំងនេះ មិនបានបញ្ជាក់អំពីការផលិតកាំភ្លើងនៅក្នុងប្រទេសចិន ដើម្បីប្រើប្រាស់នោះទេ ។
ករណីបែបនេះ សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង សន្និដ្ឋានថា ៖ « បច្ចុប្បន្ននេះ នៅពេលដែលរកមិនទាន់ឃើញថា ប្រទេសកម្ពុជានៅអំឡុងចុងសម័យអង្គរ មិនបានទិញកាំភ្លើងធំពីប្រទេសណាមកប្រើនោះទេ យើងអាចសន្មតបានថា កាំភ្លើងទាំងនោះ ប្រហែលជាផលិតក្នុងស្រុក នៅលើទឹកដីខ្មែរតែម្ដង » ។
យ៉ាងណាក៏ដោយ ក៏ការកត់ត្រាអំពីកាំភ្លើងដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិ
សាស្ត្រខ្មែរ នៅនាអំឡុងសតវត្សទី ១៤ នោះ គឺនិយាយត្រឹមតែជាការយកកាំភ្លើងធំមកប្រើ
នៅក្នុងការប្រយុទ្ធប៉ុណ្ណោះ គឺមិនបានអធិប្បាយទាក់ទងទៅនឹងការផលិតកាំភ្លើងឡើយ ។
ទោះបីជាបែបនេះក្ដី ក៏នៅសម័យក្រោយមក មានការកត់ត្រាមួយចំនួនដែលទាក់ ទងទៅនឹងការផលិតកាំភ្លើងនៅក្នុងប្រទេសកម្ពុជាជាដដែល ។
ឯកសារប្រវត្តិសាស្រ្តខ្មែររបស់អ្នកនិពន្ធ ត្រឹង ងា បានកត់ត្រាថា នៅក្នុងអំឡុងពេល សោយរាជ្យរបស់ព្រះរាមរាជា អង្គនន់ ពីឆ្នាំ ១៧៧៥ ដល់ ១៧៧៩ ព្រះរាជាអង្គនេះ បាន ចេញរាជបញ្ជាឱ្យសិត(ចាក់លោហជាត ឬ ក្រមួនជាដើម ដែលរលាយរាវក្នុងពុម្ពឱ្យកើត បានជារូបរាងអ្វីៗឡើង)កាំភ្លើងបញ្ចរង្គ កិនរំសេវ…ជាដើម ។ នេះជាភស្តុតាងមួយ ដែល បញ្ជាក់ថា ខ្មែរធ្លាប់បានផលិតកាំភ្លើងប្រើប្រាស់ ។
ភស្តុតាងមួយទៀត គឺតាមរយៈកាំភ្លើងធំមួយចំនួនដែលតម្កល់ទុកនៅសារមន្ទីរជាតិ ភ្នំពេញ ។ នៅក្នុងចំណោមកាំភ្លើងទាំងនោះ មានមួយចំនួនក៏បានចារឹកអក្សរខ្មែរសម័យ បុរាណលើតួកាំភ្លើងផងដែរ ។
អនុបណ្ឌិត វង់ សុធារ៉ា អ្នកជំនាញផ្នែក សិលាចារឹក និង ប្រវត្តិសាស្រ្ត |
ទាក់ទងទៅនឹងអក្សរដែលមាននៅលើតួកាំភ្លើងធំនោះ អនុបណ្ឌិត វង់ សុធារ៉ា បាន ឱ្យដឹងថា ៖ « អក្សរនេះ មានន័យថា អ្នកចៅហ្វ៊ាជាអ្នកចៅពញាអព្ភៃធីបែស ឱ្យធ្វើនៅមហា សករាជ ១៧១០ វក នក្សត្រ ១០ កើត ចេត្រ មេសា អង្គារពារ ដែលត្រូវគ្នានឹងគ្រិស្តសករាជ ១៧៨៨ » ។
តាមរយៈអត្ថន័យនេះ បង្ហាញឱ្យឃើញថា កាំភ្លើងធំទាំងនេះ ត្រូវបានបញ្ជាឱ្យធ្វើ ដោយមនុស្សម្នាក់ ដែលមានពាក់ព័ន្ធទៅនឹងដំណើរប្រវត្តិសាស្រ្តខ្មែរដែរ នោះគឺមន្រ្តីធំម្នាក់ ឈ្មោះ ចៅពញាអភ័យធីបែសបែន ឬ ឧកញ៉ា បែន ដែលជាអ្នកលើកទ័ពនាំព្រះអង្គអេង យាងមកសោយរាជ្យនៅប្រទេសខ្មែរ ហើយក៏ជាអតីតចៅហ្វាយខេត្ត បាត់ដំបង នៅអំឡុង ឆ្នាំ ១៧៩៤ ផងដែរ ។
តាមរយៈភស្តុតាងទាំងនេះ អ្នកស្រាវជ្រាវសន្និដ្ឋានបានថា ដូនតាខ្មែរប្រហែលជា ធ្លាប់បានផលិតកាំភ្លើងធំសម្រាប់ប្រើប្រាស់ក្នុងប្រទេសតាំងពីយូរលង់កន្លងមកហើយ ។
បណ្ឌិតសភាចារ្យ ស៊ន សំណាង ពន្យល់បន្ថែមថា មូលហេតុដែលសន្និដ្ឋានបែបនេះ គឺដោយសារខ្មែរមានធនធានធម្មជាតិជាច្រើនអនេក ដោយហេតុថា ខ្មែរមានសម្បត្តិធម្ម ជាតិច្រើនរាប់មិនអស់បែបនេះហើយ ទើបខ្មែរអាចសាងសង់ប្រាសាទរាប់ពាន់បន្សល់ទុក រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ។ លោកបណ្ឌិតថ្លែងបន្តថា ៖ « បើខ្មែរចេះសាង ប្រាសាទរាប់ពាន់ រឿងអីដែលខ្មែរមិនអាចផលិតកាំភ្លើងធំសម្រាប់ប្រើប្រាស់បាននោះ ហើយខ្មែរក៏មានធនធានដែកធម្មជាតិ ដែលមានគុណភាពខ្ពស់ជាច្រើនអនេកផងដែរ » ។
ភស្តុតាងដែលបង្ហាញថា នៅលើទឹកដីខ្មែរ សម្បូរទៅដោយធនធានដែកនោះ គឺតាម រយៈកំណាយបុរាណវិទ្យា ដែលបានធ្វើឡើងដោយអ្នកស្រាវជ្រាវបារាំង ខ្មែរ បានរកឃើញថា មនុស្សនៅលើដីខ្មែរចេះប្រើប្រាស់ដែកតាំងពីច្រើនពាន់ឆ្នាំមុនគ្រិស្ដសករាជ ឬ តាំងពីសម័យកាលបុរេប្រវត្តិសាស្រ្តខ្មែរមកម្ល៉េះ ។ ស្ថានីយដែលអ្នកស្រាវជ្រាវទាំងនោះ បានរកឃើញ មានដូចជាស្ថានីយសំរោងសែន ខែត្រកំពង់ឆ្នាំង ម្លូព្រៃ ខែត្រព្រះវិហារ ភូមិមូល ឬ បន្ទាយគូ ខែត្រកំពង់ចាម ភូមិស្នាយ ខែត្របន្ទាយមានជ័យ និង ស្ថានីយព្រហារ ខែត្រព្រៃ វែង ជាដើម ។ ឧបករណ៍អំពីលោហៈ ដែលរកឃើញនៅតាមស្ថានីយទាំងនោះ មានដូចជា ដុំអាចម៍ដែក ក្បាលព្រួញ កណ្ដៀវ គ្រឿងអលង្ការ អាវុធ ដាវ កាំបិត ព្រួញ កងដៃ កងជើង និង វត្ថុប្រើប្រាស់ផ្សេងៗជាដើម ។
វត្ថុតាងមួយទៀតដែលទើបតែរកឃើញនោះ គឺគំនរអាចម៍ដែក ។
គំនរអាចម៍ដែក នៅក្នុងខេត្ត ព្រះវិហារ |
បណ្ឌិត ធុយ ចាន់ធួន អ្នកជំនាញផ្នែកបុរាណវិទ្យា នៅរាជបណ្ឌិត្យសភាកម្ពុជា ដែល បានស្រាវជ្រាវរកឃើញគំនរអាចម៍ដែកនៅក្នុងអំឡុងចុងឆ្នាំ ២០០៩ នោះ បានឱ្យដឹងថា មានខែត្រពីរនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នអាចជាកន្លែងស្លចម្រាញ់រ៉ែដែក ដើម្បីបានជា ដែកសម្រាប់បម្រើសេចក្ដីត្រូវការក្នុងសង្គម។ ខែត្រទាំងពីរនោះ គឺ កំពង់ធំ និង ព្រះវិហារ។
អ្នកជំនាញផ្នែកបុរាណវិទ្យាដដែលថ្លែងបន្តថា៖ « កន្លែងស្លដែកធំជាងគេ ដែលខ្ញុំបានរកឃើញនោះ ស្ថិតនៅក្នុងខែត្រព្រះវិហារ ហើយទីតាំងនេះ ក៏អាចជាឧស្សាហកម្ម ផលិតដែកធំជាងគេបង្អស់របស់ខ្មែរ នាកាលពីអតីតផងដែរ » ។
ការសន្និដ្ឋានបែបនេះ ដោយលោកបណ្ឌិតបានរកឃើញថា នៅក្នុងខែត្រព្រះវិហារ មានគំនរអាចម៍ដែកជាច្រើនកន្លែង ដែលបានបន្សល់ទុករហូតមកទល់នឹងសព្វថ្ងៃនេះ ។ ក្នុងនោះ កន្លែងខ្លះ គំនរអាចម៍ដែកមានកម្ពស់រហូតដល់ជាង ១០ ម៉ែត្រក៏មាន ។ ចំពោះផ្ទៃ ដីមានគំនរអាចម៍ដែកនៅសល់ ដែលលោកទើបតែស្រាវជ្រាវរកឃើញបានមួយចំនួននៅ ឡើយនោះ ឃើញថា មានទំហំប្រហែល ៣៦ គីឡូម៉ែត្រក្រឡា ដែលស្ថិតក្នុងស្រុកសង្គមថ្មី ស្រុករវៀង ស្រុកជ័យសែន និង ស្រុកឆែប ជាដើម ។ ស្រុកទាំងនេះ មានទីតាំងស្ថិតនៅក្នុងទឹកដីរបស់ខែត្រព្រះវិហារបច្ចុប្បន្ន ។
អ្នកជំនាញផ្នែកបុរាណវិទ្យាដដែល ឱ្យដឹងបន្ថែមថា តាមរយៈកម្ពស់គំនរអាចម៍ដែកដែលនៅសល់ និង ផ្ទៃដីដែលមានគំនរអាចម៍ដែកនោះ នាំឱ្យលោកអាចសន្និដ្ឋានបានទៀត ថា ទាល់តែប្រើកម្លាំងមនុស្សរាប់ពាន់នាក់នៅក្នុងការដឹកជញ្ជូន និង ផលិតទើបមានគំនរ អាចម៍ដែកសល់ជាច្រើនបែបនេះ ។ បណ្ឌិត ធុយ ចាន់ធួន ថ្លែងបន្តថា បើប្រើកម្លាំងមនុស្ស រាប់ពាន់នាក់បែបនេះ វាមិនអាចចាត់ទុកថា ជាសិប្បកម្មបានទេ ហេតុនេះយើងអាចសន្មតបានថា វាប្រហែលជាតំបន់ឧស្សាហកម្មផលិតដែកនៅក្នុងសម័យបុរាណ ហើយការផលិតនេះ ប្រហែលជាអាចនាំចេញទៅបរទេសទៀតផង ។
សូមបញ្ជាក់ផងដែរថា តាមរយៈការស្រាវជ្រាវកន្លងមកបានរកឃើញថា នៅទូទាំង ប្រទេសកម្ពុជា មានទីតាំងដែលអាចជាកន្លែងឡស្លដែកប្រហែលជាង ១០០ កន្លែង ប៉ុន្តែ ព្រះវិហារ គឺជាខែត្រ ដែលមានសំណល់អាចម៍ដែកច្រើនជាងតំបន់ដទៃទាំងអស់ ។
តាមរយៈភស្តុតាងនៅក្នុងប្រវត្តិសាស្រ្ត សំណល់កាំភ្លើង និង អក្សរចារឹកនៅលើតួ កាំភ្លើង ព្រមទាំងគំនរអាចម៍ដែក នាំឱ្យអ្នកស្រាវជ្រាវយល់ស្របគ្នាថា នៅពេលបច្ចុប្បន្ននេះ ក្នុងករណីដែលនៅមិនទាន់រកឃើញថា នៅក្នុងអំឡុងសតវត្សទី ១៤ នៃគ្រិស្តសករាជ ខ្មែរ មិនបានទិញកាំភ្លើងធំពីបរទេសមកប្រើទេនោះ មានន័យថាបុព្វបុរសខ្មែរប្រហែលជាអាចមានលទ្ធភាពធ្វើកាំភ្លើងធំសម្រាប់ប្រើរួចទៅហើយនៅចុងសម័យអង្គរ ។
អ្នកស្រាវជ្រាវសន្និដ្ឋានបន្ថែមថា ប្រសិនជានៅមុនសតវត្សទី ១៨ ខ្មែរមិនចេះផលិត កាំភ្លើងធំសម្រាប់ប្រើប្រាស់នោះទេ ក៏ប្រហែលជានៅក្នុងអំឡុងសតវត្សទី ១៨ មិនមាន កាំភ្លើងធំដែលមានចារឹកអក្សរខ្មែរនៅលើនោះ បន្សល់ទុករហូតមកដល់សព្វថ្ងៃនេះដែរ ៕
អត្ថបទ និង រូបថតដោយៈ អ៊ុំ វ៉ុន មន្រ្តីស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា
2 comments:
LIAR!!!
Cambodians built What? Gosshhh..
Cambodians build whore houses.
Viets build boats for their whores.
Thais build a Yatch for their whores.
Laotians build skinny boats for their whores. They drowned so the Viet whores are now on the boats.
ខ្មែរសម័យអង្គរមានសមត្ថភាព ធ្វើរូបចម្លាក់ពីលោហះ ទំហ៊ំធំៗ ដូចជាព្រះវិស្ណុផ្ទុំ មានបន្សល់ទុក ក្នុងសារមន្ទីរជាតិ បានហេតុអ្វីគ្រាន់តែចាក់ពុម្ភ កាំភ្លើងធំប៉ុណ្ណឹង ម៉េចរារែក ថាខ្មែរធ្វើមិនបាន?
Post a Comment