Tuesday, June 05, 2012

អុញរអៀសខ្លួន មុនទៅហើយ អាវ៉ា! ម៉េចគិតបិទ Facebook មួយទៀតឬ?


ទស្សនៈ ៖ Facebook ជាទីលាន របស់ក្រុមប្រឆាំង មួយចំនួន

Tuesday, 05 June 2012
ដោយ ៖ ស៊ន សុភក្រ្ត
DAP

ភ្នំពេញ ៖ បណ្តាញទំនាក់ទំនងសង្គម Facebook ដែលបានជ្រាបចូលមក ក្នុងប្រទេសកម្ពុជាអស់ រយៈពេលប៉ុន្មានឆ្នាំមកនេះ បាននឹងកំពុងមាន ប្រជាប្រិយភាព យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ខ្មែរភាគច្រើន ជាពិសេសសំដៅក្រុមយុវជន និងក្រុមមនុស្សដែលចេះប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាផ្សេងៗ។

Facebook ការនិយមបើក ត្រូវបានគេហទំព័រ alexa.com វាយតម្លៃថា ជាប់លំដាប់ថ្នាក់លេខ១ ដែលចំនួនអ្នកបើកច្រើនជាងគេ នាពេលបច្ចុប្បន្ននេះ នៅកម្ពុជា ខណៈដែលពីមុនគេហទំព័រ Google ជាប់ចំណាត់ថ្នាក់លេខ១ ។

មជ្ឈដ្ឋានខ្លះបានយល់ឃើញថា Facebook បានក្លាយទៅជាបណ្តាញព័ត៌មានមួយយ៉ាងលឿន ដែលអាចផ្តល់ និងជូនដំណឹងអ្វីមួយកើតឡើង ទៅកាន់មនុស្ស ផ្សេងទៀត ឲ្យតែអ្នកទាំងនោះប្រើប្រាស់ Facebook ហើយវាមិនអាចឲ្យក្រសួង ឬស្ថាប័នណាមួយបញ្ជាឲ្យ បុគ្គលដែលបញ្ចេញព័ត៌មាននោះ អាចលុបចោល និងបិទចោលនូវអ្វីដែលគេបានបង្ហោះនោះឡើយ។

ម្យ៉ាងវិញទៀត ប្រព័ន្ធទំនាក់ទំនងសង្គម ដ៏ទំនើបនេះ បាននឹងកំពុងក្លាយជាបណ្តាញ សម្រាប់មនុស្សមួយក្រុមតូច ដែលមានគំនិតមិនល្អ គឺបានបង្ហោះរូបភាព ឬក៏ពាក្យពេចន៍ រិះគន់ដល់បុគ្គលណាមួយ ដែលពួកគេស្អប់ខ្ពើម។

ឧទាហរណ៍ជាក់ស្តែង មានបុគ្គលខ្លះបាន បង្ហោះរូបស្រីស្នេហ៍ជាលក្ខណៈអាសអាភាស ដែលបានថត កាលពីត្រូវរ៉ូវគ្នា ហើយពេលបែកគ្នា ក៏ខឹងបង្ហោះតែម្តង ដែលធ្វើឲ្យមានភាពអាម៉ាស់ យ៉ាងខ្លាំង ចំពោះនារីរូបនោះ។ ចំពោះវិធានការ ចង់ប្តឹងផ្តល់បុគ្គល ដែលបានបង្ហោះរូបភាព និងរឿងរ៉ាវទាំងនោះ គឺពិតជាមានការលំបាក សម្រាប់សមត្ថកិច្ចជំនាញក្នុង ការស្វែងរកចាប់ខ្លួន បើសិនបុគ្គលនោះ បានលាក់អត្តសញ្ញាណ និងអាសយដ្ឋានពិតប្រាកដ ។

ងាកមកក្រុមមនុស្សដែលប្រឆាំងនឹងរាជរដ្ឋាភិបាលវិញ បានប្រើប្រព័ន្ធទំនាក់ទំនងសង្គមដ៏ទំនើប ធ្វើការវាយប្រហារ និងរិះគន់គ្រប់បែបយ៉ាង ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត បើសិនមានរឿង មិនប្រក្រតីណាមួយកើតឡើងនោះ


ជាក់ស្តែងរឿងរ៉ាវកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ បានធ្វើឲ្យភ្ញាក់ផ្អើលដល់មជ្ឈដ្ឋាននានា ជាពិសេសអ្នក លេងប្រព័ន្ធទំនាក់ទំនងមួយនេះ ដឹងគ្រប់ៗគ្នាដោយ ចោទថា ក្រុមអាវុធហត្ថបាន ដាក់គ្រឿងញៀនទៅក្នុង ហោប៉ៅរបស់យុវជនម្នាក់ ក្រោយពីឆែកឆេររកមិនឃើញអ្វីនោះ ប៉ុន្តែក៏ត្រូវបានមន្ត្រីអាវុធហត្ថ ក៏ដូចជាយុវជន នៅក្នុងរូបភាពវីដេអូនោះ បានចេញមកបដិសេធ ចោលភ្លាមៗ ។

ជាងនេះទៅទៀត រូបថតថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើននាក់ ត្រូវបានជនខ្លះកាត់តផ្តេសផ្តាស ដោយខ្លះភ្ជាប់ខ្លួន មនុស្សទៅនឹង សត្វធាតុ ដែលជាការមើលងាយ យ៉ាងធ្ងន់ធ្ងរដល់ឥស្សរជន និងមន្ត្រីទាំងនោះ ។

បើពាក់ព័ន្ធនឹងអំពើដែលពួកគេគិតថា អយុតិ្តធម៌ផ្សេងៗ ដូចជាការតវ៉ាដីធ្លី បាតុកម្មនៅរោងចក្រ ការកាប់ព្រៃឈើ គឺក្រុមទាំងនេះ បានបង្ហោះចែកចាយពីម្នាក់ទៅម្នាក់ យ៉ាងលឿន ហើយមិនអាចទប់ស្កាត់បានដូច ការចេញផ្សាយតាមវិទ្យុ ទូរទស្សន៍ និងកាសែត ដែលមានអ្នកគ្រប់គ្រងច្បាស់លាស់នោះឡើយ។

ដូច្នេះមជ្ឈដ្ឋានមួយចំនួនបានយល់ឃើញថា នាពេលបច្ចុប្បន្ន និងទៅអនាគតបណ្តាញ Facebook នឹងក្លាយជាទីលានវាយប្រហារ វាយបកក៏ដូចជាការរិះគន់ផ្សេងៗ ទៅលើ រាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ក្រុមប្រឆាំងទាំងនេះ។ ក្នុងនោះសូម្បីតែគណបក្ស សម រង្ស៊ី ក៏បានបង្កើត Account Facebook របស់ខ្លួនផងដែរ ដោយបានបង្ហោះរូបភាព និងខ្លឹមសារនានា នៃបក្សរបស់ខ្លួន ហើយសារ និងរូបថតទាំងនេះ ត្រូវបានចែកចាយបន្តគ្នាយ៉ាងលឿន។

ពីព្រោះថា បើបុគ្គលមួយរូប មានមិត្តភក្តិ១០០០នាក់ ដូច្នេះពេលបង្ហោះខ្លឹមសារ និងរូបថតភ្លាម នោះមនុស្សទាំង១០០០នាក់ ដែលជាមិត្តភក្តិ នឹងដឹងភ្លាម ហើយមនុស្សទាំង១០០០នាក់នោះ ដែលមានមិត្តភក្តិផ្សេងទៀត និងចែកចាយទៅកាន់តែខ្លាំង ។ ពីមុនដែលមិនទាន់មាន និងសូវពេញនិយម Facebook រឿងរ៉ាវខ្លះ អ្នកកាសែតដឹងតាមរយៈការប្តឹងផ្តល់ ពីសំណាក់អ្នក ពាក់ព័ន្ធ ប៉ុន្តែពេល Facebook កាន់តែល្បី អ្នកកាសែត បានដឹងរឿងរ៉ាវជាច្រើនពីប្រព័ន្ធមួយនេះ។

គួររម្លឹកថា កាលពីប៉ុន្មានខែមុន មានការល្បីតគ្នាថា រាជរដ្ឋាភិបាល នឹងបិទប្រព័ន្ធទំនាក់ទំនង សង្គមមួយនេះ នៅអឡុងខែមិថុនា ប៉ុន្តែភ្លាមៗនោះពេលទាក់ទង ជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ពុំមានគោលការណ៍បិទ នោះឡើយ។

មជ្ឈដ្ឋានខាងលើ បានលើកឡើងមួយជ្រុងតូចថា វាអាចនឹងមានគ្រោះថ្នាក់សម្រាប់ រដ្ឋាភិបាលពីសំណាក់ ក្រុមប្រឆាំង ប៉ុន្តែប្រព័ន្ធទំនាក់ទំនងនេះ គឺជាការពេញនិយម របស់ក្រុមមនុស្សជាច្រើន ដែលពួកគេលេងជាប្រចាំថ្ងៃ ដូច្នេះមិនអាចអត់បានឡើយ។

យ៉ាងណាក៏ដោយ ការលេង Facebook ក៏ត្រូវបានហាមឃាត់ចំពោះបុគ្គលិក របស់ក្រុមហ៊ុនមួយចំនួនតូច ដែលប្រធានក្រុមហ៊ុនអះអាងថា ធ្វើឲ្យបុគ្គលិកមិនសូវយកចិត្តទុកដាក់លើការងារ ។

ជាក់ស្តែង សាកលវិទ្យាល័យឯកជនមួយ ដែលមានឈ្មោះល្បីនៅរាជធានីភ្នំពេញ មិនបានអនុញ្ញាត ឲ្យបុគ្គលិកទាំងអស់ អាចលេងប្រព័ន្ធអ៊ីធឺណិតចូលទៅកាន់ Facebook តាមកុំព្យូទ័របានឡើយ ដោយ Block ចោលតែម្តង ពីព្រោះសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមួយនេះ យល់ឃើញថា បុគ្គលិកមិនបានធ្វើការ ដោយយកចិត្តទុកដាក់ខ្ពស់ ខណៈអារម្មណ៍ម្ខាងលេង Facebook ។ បើតាមព័ត៌មានពីបរទេសខ្លះ បានឲ្យដឹងថា ប្រព័ន្ធទំនាក់ទំនងសង្គមមួយនេះ ត្រូវបានហាមឃាត់ លេងនៅក្នុងប្រទេសមហា អំណាចខ្លះ និងប្រទេស កុម្មុយនីស្តខ្លះ ទំនងរដ្ឋាភិបាលនៃប្រទេសនោះ មិនចង់ឲ្យមានការផ្សព្វផ្សាយ ព័ត៌មានអាក្រក់ពីទង្វើរបស់ខ្លួន ។

ជារួមវាជាទស្សនទានមួយសម្រាប់រដ្ឋាភិបាល គិតពិចារណានៅក្នុងបញ្ហានេះ ខណៈដែលសតិអារម្មណ៍ របស់ក្រុមអ្នកលេង Facebook មិនអាចឲ្យប៉ះពាល់បានឡើយ នៅពេលមិនបានលេងនោះ ច្បាស់ជានាំគ្នារិះគន់ កាន់តែខ្លាំងនៅក្នុងប្រទេស ដែលលទ្ធិប្រជាធិបតេយ្យ បាននឹងកំពុងដើរទៅមុខយ៉ាងរីកចម្រើន៕

No comments: