Wednesday, June 06, 2012

អត្រា​អ្នក​បោះឆ្នោត​ទាបជា​សញ្ញា​នៃ​វិបត្តិ​សង្គម - Low voter turnout is a sign of social problems

ពុធ 06 មិថុនា 2012
ដោយ ប៉ែន បូណា
Radio France Internationale
ការចូលរួម ​របស់ ​ព​ល​រដ្ឋ​ គឺជា​រឿង​ ចាំបាច់​មិនអាច​ ខ្វះ​បាន​ ក្នុង សង្គម ​ប្រជាធិបតេយ្យ
សម្រាប់​ការ​បោះឆ្នោត​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​កាលពី​ថ្ងៃអាទិត្យអត្រា​នៃ​អ្នកបោះឆ្នោត​មាន​ចំនួន​តែ​​ជាង​៥០%​តែ​ប៉ុណ្ណោះ។នេះ​ជា​អត្រា​ដ៏​ទាប​មួយ​ក្នុង​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​​នៅ​កម្ពុជា​។​មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យមនុស្ស​ជាច្រើន​បាន​​បាត់បង់​​ឬ​ក៏​​បោះបង់​​សិទ្ធិ​​បោះឆ្នោត​​របស់​ខ្លួន។​ ទោះជា​មូលហេតុ​ណា​មួយ​​ក៏​ដោយ​អត្រា​ដ៏​​ទាប​​នៃ​​អ្នក​បោះឆ្នោត​​ជាស​ញ្ញា​​នៃ​​វិបត្តិ​សង្គម​​ដែល​​គេ​មិន​អាច​​មើល​ស្រាល​បាន។​ តើ​​មាន​​មូល​ហេតុ​​អ្វីខ្លះ​​ដែល​​នាំ​​ឲ្យ​​ពលរដ្ឋ​​ខ្មែរ​​មិន​ទៅ​​ចូល​រួម​​បោះឆ្នោត?

ក្នុងចំណោម​អ្នក​ចុះឈ្មោះ​ក្នុង​បញ្ជី​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) ចំនួន​ជាង៩លាន២សែន​នាក់ មានតែ​ជាង៥០%ប៉ុណ្ណោះ​ដែល​បាន​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី៣មិថុនា។ នេះ​ជា​អត្រា​ដ៏​ទាប​បំផុត​ក្នុង​ប្រវត្តិ​បោះឆ្នោត​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ១៩៩៣មក។ ក្រុមអ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​កម្ពុជា​បាន​មើលឃើញ​មូលហេតុ​សំខាន់ៗ​មួយចំនួន​ដែល​គេ​អាច​លើក​មក​ពន្យល់​ព្រឹត្តិការណ៍​នេះ​បាន។

មូលហេតុ​ទី១៖ ចលនា​ចំណាកស្រុក​ដែលជា​បញ្ហា​ធំធេង​មួយ​ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន​គឺជា​មូលហេតុ​សំខាន់​មួយ។ មាន​ពលករ​ខ្មែរ​ជាច្រើន​បានធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅឯ​ទីក្រុង​ឬ​ក្នុង​ខេត្ត​ឆ្ងាយ​ឬក៏​ចេញទៅ​ក្រៅប្រទេស​តែម្តង។ អ្នក​ទាំងនោះ​ភាគច្រើន​លើសលប់​បាន​បោះបង់​សិទ្ធិ​បោះឆ្នោត​របស់ខ្លួន ដោយសារតែ​បញ្ហា​ថវិកា និង​ពេលវេលា។ ពួកគេ​គ្មាន​ពេល និង​គ្មាន​ថវិកា​សម្រាប់​ធ្វើដំណើរ​ទៅពិនិត្យ​ឈ្មោះ ឬ​ទៅ​បោះឆ្នោត​ឡើយ។ ជួនកាល​ទៀត ថៅកែ​ខ្លះ​បាន​បញ្ចុះបញ្ចូល​ឲ្យ​ពួកគេ​ឲ្យ​នៅ​ធ្វើការ​ជាជាង​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​ពួកគេ​ទៅ​បោះឆ្នោត។ ដូច្នេះ ការបោះបង់​សិទ្ធិ​បោះឆ្នោត​ជា​ជម្រើស​ដែល​មិនអាច​ចៀសវាង​បាន។


មូលហេតុ​ទី២៖ មាន​មនុស្ស​ជាច្រើន​មិនបាន​បោះឆ្នោត ដោយសារតែ​ពួកគេ​មិនសូវ​យល់ដឹង​អំពី​នីតិវិធី​ដ៏​ស្មុគស្មាញ​នៅក្នុង​ការបោះឆ្នោត។ គួបផ្សំ​ជាមួយនឹង​ទម្លាប់​មិនសូវ​យកចិត្ត​ទុកដាក់​​​​នឹង​រឿង​នយោបាយ​ស្រាប់​ផង​នោះ ពួកគេ​មិនបាន​ពិនិត្យ​ឈ្មោះ​ដើម្បី​ឲ្យ​ច្បាស់​ថា​ខ្លួន​អាច​បោះឆ្នោត​បាន​នោះឡើយ។ មាន​មនុស្ស​ជាច្រើន​ណាស់​ដែល​ស្រ​វេ​ស្រវា​ចេញទៅ​បោះឆ្នោត​​ដោយ​មិនបាន​ស្គាល់​ការិយាល័យ​ច្បាស់លាស់ និង​មិនបាន​ត្រៀម​ឯកសារ​អត្តសញ្ញាណ​សម្រាប់​ការបោះឆ្នោត។ ទម្លាប់​នេះ​បូកផ្សំ​នឹង​ចន្លោះប្រហោង​ជាច្រើន​របស់​មន្ត្រី​អ្នករៀបចំ​បោះឆ្នោត ឬ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋា បាន​បង្កបញ្ហា​ស្មុគស្មាញ​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ។ ភាពស្មុគស្មាញ​ទាំងនេះ​ទោះជា​ដោយ​ចេតនា​ឬ​អ​ចេតនា​ក្តី​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាត់បង់​សិទ្ធិ​បោះឆ្នោត។

មូលហេតុ​ទី៣៖ មាន​អ្នកបោះឆ្នោត​ជាច្រើន​ស្ថិតក្នុង​ស្ថានភាព​គ្មាន​ជម្រើស​ខាង​នយោបាយ។ អ្នក​ទាំងនោះ​មិន​ទៅ​បោះឆ្នោត​ដោយសារតែ​ម្យ៉ាង​ពួកគេ​​ធុញទ្រាន់​នឹង​​បោះឆ្នោត​​ឲ្យ​​គណបក្ស​ដដែលៗ​ជាច្រើន​ដង ប៉ុន្តែ ក្រោយ​ជាប់ឆ្នោត គណបក្ស​នោះ​ហាក់ដូចជា​មិនបាន​ឆ្លើយតប​ទៅនឹង​អ្វីដែល​អ្នកបោះឆ្នោត​ទន្ទឹងរង់ចាំ​ឡើយ​ តែ​ថា ពួកគេ​ក៏​មិនទាន់​សម្លឹង​ឃើញ​គណបក្ស​ផ្សេង​ណា​គួរ​ឲ្យ​ទុកចិត្ត​នៅឡើយ។ ម្យ៉ាងទៀត អ្នកបោះឆ្នោត​ខ្លះទៀត​អស់សង្ឃឹម​នឹង​គណបក្ស​​របស់ខ្លួន​ដែល​មិនអាច​យកឈ្នះ​គេ​បាន​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ។ បញ្ហា​ទាំងនេះ​បានធ្វើ​ឲ្យ​អ្នកបោះឆ្នោត​មួយចំនួន​នោះ​សម្រេចចិត្ត​បោះបង់​សិទ្ធិ​បោះឆ្នោត​តែម្តង។

មូលហេតុសំខាន់ៗមួយចំនួន​ដូច​បានលើកឡើង​ខាងដើម សុទ្ធតែជា​បញ្ហា​ជាក់ស្តែង​ដែល​ទាញ​អត្រា​អ្នកបោះឆ្នោត​ឲ្យ​ធ្លាក់ចុះ​ក្នុង​កម្រិត​ទាប​បំផុត​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ។ ប្រសិនបើ​និន្នាការ​នេះ​នៅតែ​បន្ត​នោះ ការបោះឆ្នោត​​នឹង​គ្មាន​សារៈសំខាន់​ឡើយ​ពីព្រោះ​តែ​ខ្វះ​ការចូ​ល​រួម។ ការមិន​ចូលរួម​របស់​ប្រជាពលរដ្ឋ​គឺជា​សញ្ញា​នៃ​វិបត្តិ​សង្គម​ដែល​មិនអាច​មើលរំលង​បាន។ វិបត្តិ​នៅត្រង់ថា​ម្យ៉ាង​​នៅពេល​ដែល​ពលរដ្ឋ​​កាន់​តែ​​ច្រើន​ឈប់​គិតគូរ​ពី​បញ្ហា​អ្វី​ទាំងអស់​ក្រៅពី​រឿង​ក្រពះរៀងៗខ្លួន វា​ជា​សញ្ញា​បញ្ជាក់​ប្រាប់ថា ពួកគេ​កំពុង​ជួប​បញ្ហា​ធ្ងន់ធ្ងរ ទាំងជីវភាព ទាំងការឲ្យតម្លៃសង្គម។​ម្យ៉ាងទៀត​ពល​រដ្ឋ​មិន​ចូលរួម​បោះឆ្នោត​មានន័យ​​ស្មើ​នឹង​​ការ​ប្រគល់​ជោគវាសនា​ប្រទេសជាតិ​ឲ្យ​ទៅ​អ្នកដឹកនាំ​ជា​អ្នក​ចាត់ចែង​​ផ្តាច់មុខ។ តើ​នេះ​មិនមែនជា​គ្រោះ​ថ្នាក់​សម្រាប់​ប្រទេសជាតិ​ខ្មែរ​ទេ​ឬ?

យ៉ាងណាក៏ដោយ វិបត្តិ​នេះ​អាច​ព្យាបាល​បាន​ប្រសិនបើ​គេ​នាំគ្នា​ដោះស្រាយ​បញ្ហា​ចំពោះមុខ​​មួយ​ចំនួន ដូចជា​បញ្ហា​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ ការពង្រឹង​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​​ទៅ​លើ​អ្នក​នយោបាយ​​ដ៏​ដូចជា​​​ទៅលើ​​យន្ត​ការ​​រៀបចំ​​ការ​បោះឆ្នោត។ ការចូលរួម​របស់​ព​ល​រដ្ឋ​គឺជា​រឿង​ចាំបាច់​មិនអាច​ខ្វះ​បាន​ក្នុងសង្គម​ប្រជាធិបតេយ្យ៕

No comments: