Monday, July 02, 2012

សហគមន៍​ការពារ​ព្រៃ​ឈើ​ស្រុក​បន្ទាយ​អំពិល​ព្រួយ​បាត់​ព្រៃ​ឈើ​ព្រោះ​កងទ័ព


2012-07-01
សហគមន៍​ចំនួន​២ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល កាល​ពី​អំឡុង​ឆ្នាំ​២០០៩ ដើម្បី​ ការពារ​ព្រៃ​ឈើ​ជិត ៨០០០ ហិកតារ នៅ​ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មាន​ជ័យ កំពុង​ទាមទារ​ ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ជួយ​រក​ដី​កន្លែង​ផ្សេង​ឱ្យ​បាន​ឆាប់​រហ័ស សម្រាប់​ប្ដូរ​ទៅ​ឱ្យ​កង​ទ័ព​បោះ​បន្ទាយ ដោយ​​បញ្ចៀស​ចេញ​ពី​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍។
ការ​ទាមទារ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​គេ​ដឹង​ថា មាន​កងទ័ព​មួយ​ចំនួន​ មាន​គម្រោង​យក​ផ្នែក​ខ្លះ​នៃ​តំបន់​ព្រៃ​សហគមន៍ ធ្វើ​ជា​មូលដ្ឋាន​នៅ​ជិត​ព្រំដែន​កម្ពុជា-ថៃ។
សហគមន៍​ការពារ​ព្រៃ​ឈើ​ ដុង​បេង នៅ​ក្នុង​ភូមិ​ពោធិ៍​ចាស់ និង​សហគមន៍​អណ្ដូង​បរ នៅ​ក្នុង​ភូមិ​កន្ទុយ​ជូន​ នៃ​ទឹក​ដី​ឃុំ​បេង​ ស្រុក​បន្ទាយ​អំពិល​ បាន​ឱ្យ​ដឹង​ថា គេ​កំពុង​មាន​ការ​ព្រួយបារម្ភ ចំពោះ​ការ​បាត់បង់​ព្រៃ​ឈើ​មួយ​ចំនួន​ ដោយសារ​តែ​មាន​កង​ទាហាន​ខ្លះ បាន​ព្យាយាម​យក​ដី​មួយ​ផ្នែក​របស់​ព្រៃ​សហគមន៍ ដើម្បី​ធ្វើ​មូលដ្ឋាន​យោធា។
លោក ផោន សុភ័ណ​ ជា​ប្រធាន​សហគមន៍ ការពារ​ព្រៃ​ឈើ​ដុង​បេង។ លោក​មាន​ប្រសាសន៍ នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី​១ ខែ​កក្កដា​ថា លោក​កំពុង​ភ័យ​ខ្លាច​បាត់​ព្រៃឈើ​ខ្លះ នៅ​ក្នុង​សហគមន៍​ ដោយសារ​តែ​ការពារ​មិន​បាន នៅ​ពេល​ដែល​ទាហាន​បាន​ចូល​កាន់កាប់​តំបន់​ខ្លះៗ នោះ។

លោក ផោន សុភ័ណ៖ «បញ្ហា​ប្រឈម គឺ​កងទ័ព​ចេះ​តែ​ដឹក​កម្លាំង​ដាក់​រហូត។ ដូច​ជា​កន្លែង​អាគារ​អី​ ពី​មុន​មិញ គេ​ថា គេ​លើក​តែ​ឯ​កន្លែង​ព្រំប្រទល់​ដី​របស់​ក្រុមហ៊ុន។ ប៉ុន្តែ ចុង​ខែ​ឧសភា​ហើយ និង​ដើម​ខែ​មិថុនា គឺ​គាត់​បាន​លើក​ទីតាំង​កងទ័ព​ហ្នឹង ដាក់​បង្ខិត​មក​រក​ពាក់​កណ្ដាល​សហគមន៍។ គាត់​បាន​បញ្ចុះ​បឋម​សិលា​នៅ​ក្នុង​សហគមន៍​ទៀត។ គ្រប់គ្រង​មិន​បាន​ទេ អា​រឿង​ចូល​បាន​ហើយ។ ប៉ុន្តែ មាន​ទាហាន​នៅ​ទីនោះ​ផង អ្នក​ស្រុក​ចេះ​តែ​ចូល​ដៃ​ចូល​ជើង​កាប់​ឈើ​កាប់​អី​ហើយ។ ខ្ញុំ​ខ្លាច​គ្រប់គ្រង​វា​មិន​បាន ព្រោះ​ទាហាន​នៅ​នឹង​នោះ​ឯង។ តែ​ទាហាន​ដាក់​ទ័ព​ហើយ គាត់​ធ្វើ​មែន​ទែន។ ធ្វើ​ម៉េច​ចូល​បាន គាត់​ថា កន្លែង​លេណដ្ឋាន​កងទ័ព​ធ្វើ​ម៉េច​ចូល​បាន អា​កន្លែង​សម្ងាត់​កងទ័ព គាត់​ថា អ៊ីចឹង»។
ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​ ​បាន​ឱ្យ​ដឹង​ថា៖ពួកគេ​ បាន​ព្យាយាម​តវ៉ា​ចំពោះ​រឿង​នោះ​ ដើម្បី​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ជួយ​ដោះស្រាយ​ ដោយ​រក​ដី​កន្លែង​ផ្សេង​សម្រាប់​ឱ្យ​កងទ័ព​ ធ្វើ​មូលដ្ឋាន នៅ​ក្រៅ​តំបន់​សហគមន៍​ ការពារ​ព្រៃ​ឈើ​​។
លោក​ ទួក វឿម ជា​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ មាន​ប្រសាសន៍​ថា កងទ័ព​មួយ​ចំ​នួន បាន​បញ្ជូន​ទៅ​កាន់​ទី​នោះ​ រយៈពេល​៦ខែ​ ហើយ​ ដោយ​ទាហាន​មាន​គម្រោង យក​ដី​ព្រៃ​របស់​សហគមន៍​ ដុង​បេង​ចំនួន ៣៦០ ហិកតារ និង​ដី​ព្រៃ​សហគមន៍​អណ្ដូង​បរ​ ប្រមាណ ២០០០ ហិកតារ សម្រាប់​ជា​មូលដ្ឋាន​យោធា។
លោក ទួក វឿម បាន​មាន​ប្រសាសន៍​ថា សហគមន៍​ការពារ​ព្រៃ​ឈើ​ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ឈើ ហើយ​បាន​ធ្វើ​របាយការណ៍​ជម្រាប​ជូន​ទៅ​មន្ត្រី​រដ្ឋាភិបាល។ គេ​ដឹង​ថា កន្លង​ទៅ​គឺ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ធ្លាប់​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ ដើម្បី​ដោះ​ស្រា​យ​បញ្ហា​នេះ​ចំនួន ២ លើក​មក​ហើយ ​ ក៏ប៉ុន្តែ​រហូត​មកដល់​បច្ចុប្បន្ន​ គេ​មិន​ទាន់​មាន​ឃើញ​​លេច​ចេញ​ជា​ដំណោះ​ស្រាយ​យ៉ាងណា​នៅឡើយ​។
លោក ឃុន សុភា ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​ឧត្តរ​មាន​ជ័យ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ ខាង​រដ្ឋបាល​ព្រៃឈើ​​ថ្នាក់​ជាតិ​ ធ្លាប់​បាន​ចុះ​ពិនិត្យ​មើល​រួច​ហើយ ព្រម​ទាំង​បាន​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ដើម្បី​រិះរក​ការ​ដោះស្រាយ​ទៀត​ផង ក៏​ប៉ុន្តែ​ចំណាត់​ការ​ណា​មួយ​នោះ គឺ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ ដោយសារតែ​អាជ្ញាធរ​ ខេត្ត​កំពុង​ជាប់​រវល់​លើ​ការងារ​ចុះ​វាស់វែង ដី​ធ្លី​ ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​មួយ​រយៈ​សិន។
លោក ឃុន សុភា៖ «ត្រួត​ពិនិត្យ​មើល​ផល​ប៉ះពាល់ វា​ដល់​កម្រិត​ណា​ហើយ និង​រក​ទីតាំង​ណា ដែល​សម​ស្រប​អាច​បញ្ចៀស​ក្រៅ​ពី​សហគមន៍​ហ្នឹង។ កន្លែង​ខ្លះៗ ណា​ដែល​វា​មាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ច្រើន​ដែរ​អ៊ីចឹង។  អាជ្ញាធរ​ខេត្ត និង​រដ្ឋបាល​ព្រៃ​ឈើ​ បាន​ព្រមព្រៀង​គ្នា​បង្កើត​គណៈកម្មការ​ដោះស្រាយ​រឿង​នោះ។ ក៏​ប៉ុន្តែ មិន​ទាន់​បាន​បង្កើត​ព្រោះ​ជាប់​រវល់»។
កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ ២០០៩ សហគមន៍​ដុង​បេង និង​អណ្ដូង​បរ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ ដោយ​ទទួល​យក​​ព្រៃ​ឈើ​ ២ កន្លែង​ ទំហំ​ជាង ៧.៩៥០ ហិកតារ ដើម្បី​ឱ្យ​ប្រជា​សហគមន៍​ទីនោះ បាន​ទទួល​ប្រយោជន៍​ពី​អនុផល​ព្រៃ​ឈើ និង​រួម​គ្នា​ថែរក្សា​ព្រៃ​ឈើ​ទីនោះ ឱ្យ​មាន​និរន្តរ​ភាព​ផង៕

No comments: