2012-07-25
RFA: http://www.rfa.org/khmer/indepth/cam_justice_system-07252012033655.html
ក្រុមមន្ត្រីសិទ្ធិមនុស្សឲ្យដឹងថា ប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ក្នុងរយៈពេលចុងក្រោយនេះបានបោះជំហានថយក្រោយដ៏គួរឲ្យព្រួយ បារម្ភ តាមរយៈការកាត់សេចក្ដីមិនស្មើភាពគ្នារវាងអ្នកមានអំណាច និងអ្នកគ្មានអំណាច។
មន្ត្រីស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា តុលាការកម្ពុជា តែងកាត់សេចក្ដីដោយប្រើស្ថានទម្ងន់ទោសតែទៅលើពលរដ្ឋទន់ខ្សោយ គ្មានអំណាច គ្មានបក្សពួក ឬក្រុមអ្នកនយោបាយដែលគ្មានអំណាច។
លោកបន្តថា ផ្ទុយទៅវិញ តុលាការខ្មែរតែងតែរកលេសគ្រប់បែបយ៉ាង និងតាមវិធីផ្សេងៗមានចែងក្នុងច្បាប់ក្ដី មិនមានក្ដី ដើម្បីបន្ធូរបន្ថយទោសដល់ឧក្រិដ្ឋជនដែលជាក្រុមមន្ត្រី ឬសាច់ញាតិរបស់អ្នកមានអំណាច។ លោកអះអាងថា តុលាការតែងរកមធ្យោបាយដាក់បន្ទុកអោយមានទោស ឬធ្វើអោយទម្ងន់ទោសកាន់តែធ្ងន់ធ្ងរឡើងដល់ពលរដ្ឋទន់ខ្សោយ។
មានករណីជាច្រើនដែលអ្នកសង្កេតការណ៍មើលឃើញថា តុលាការមិនឯករាជ្យ មិនអនុវត្តស្របតាមគតិយុត្តិ និងផ្ដល់សេចក្ដីសម្រេចមិនយុត្តិធម៌នោះ រួមមានការផ្ដន្ទាទោសភ្លាមៗ លើលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ពលរដ្ឋតំបន់បឹងកក់ ១៥នាក់ លោក សម រង្ស៊ី ប្រធានបក្សប្រឆាំង លោក មឿង សុន ប្រធានអង្គការអរិយធម៌ខ្មែរ អ្នកកាសែត លោក រស់ សុឃិត បុគ្គលិកអង្គការលីកាដូ លោក លាង សុខជឿន ករណីលោក ប៊ន សំណាង និងលោក សុខ អឿន។
ប៉ុន្តែតុលាការកម្ពុជា បានសម្រាលទោសយ៉ាងច្រើនដល់ក្រុមមន្ត្រី ឬសែស្រឡាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជាករណីលោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត ដែលបានបាញ់ដោយចេតនាទៅលើកម្មករក្នុងខេត្តស្វាយរៀង ឲ្យរបួសធ្ងន់ ក្រោយមកត្រូវបានតុលាការបង្វែរសំណុំរឿងពីទោសធ្ងន់មកស្រាល ហើយអាចនៅក្រៅឃុំដោយសេរី។
កាលពីថ្ងៃទី១០ ខែកក្កដា តុលាការខេត្តកោះកុង បានដោះលែងលោក ប៊ុន សុខា ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន និងកូនចៅពីរនាក់ទៀត ក្រោយពីអ្នកទាំងបីបានជាប់ពន្ធនាគារតែជាងពីរខែ។
បើទោះជាតុលាការបានរកឃើញថា អ្នកទាំងបីមានទោសព្រហ្មទណ្ឌ និងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារបីឆ្នាំក៏ដោយ ក៏ចៅក្រម ហួន ម៉ានី បានរកលេសជួយអោយអ្នកទោសទាំងបីរួចខ្លួនដោយមិនចាំបាច់រស់នៅ ក្នុងគុក។ កាលពីថ្ងៃទី៩ កក្កដា លោកចៅក្រម ហួន ម៉ានី បានចេញសាលក្រមព្យួរទោសបីឆ្នាំ និងសាកល្បង ៥ឆ្នាំដល់អ្នកទាំងបី។ គឺមានន័យថា ក្នុងអំឡុងពេលសាកល្បង ៥ឆ្នាំនោះ បើពួកគេប្រព្រឹត្តបទល្មើសផ្សេងទៀត នឹងត្រូវផ្ដន្ទាទោសថ្មី ហើយត្រូវបូកនឹងទោសព្យួររយៈពេលបីឆ្នាំនៅក្នុងសាលក្រមបន្ថែមទៀត។
ប៉ុន្តែសង្គមស៊ីវិលមើលឃើញថា ការសម្រេចរបស់ចៅក្រមខេត្តកោះកុងនេះ គ្រាន់តែជាវិធីជួយអោយជនល្មើសទាំងបីរួចខ្លួនតែប៉ុណ្ណោះ ពីព្រោះសាលក្រមព្យួរទោស និងសាកល្បងទោសនេះ មិនតម្រូវអោយជនល្មើសស្ថិតនៅក្នុងគុកនោះទេ។ វិធីនេះក៏ត្រូវបានប្រើប្រាស់ក្នុងសំណុំរឿងឧក្រិដ្ឋកម្មវាយប្រហារ ដោយទឹកអាស៊ីដ មកលើតារាខារ៉ាអូខេ តាត ម៉ារីណា ដោយអ្នកស្រី ឃួន សុផល។
អ្នកស្រី ឃួន សុផល ភរិយារបស់លោក ស្វាយ ស៊ីថា មន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងបក្សពួក បានជះទឹកអាស៊ីដលើអ្នកស្រី តាត ម៉ារីណា កាលពីឆ្នាំ១៩៩៩ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ទោសរយៈពេលមួយឆ្នាំ ប៉ុន្តែបែរជាទោសព្យួរ និងសាកល្បងចំនួន ៥ឆ្នាំផងដែរ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០០។ រហូតមកទល់ពេលនេះគេមិនដែលឃើញអ្នកស្រី ឃួន សុផល ត្រូវបានឃុំខ្លួនសូម្បីមួយថ្ងៃនោះឡើយ។
កាលពីឆ្នាំ២០០៣ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅទីក្រុងភ្នំពេញ ដោយការបើករថយន្តធ្វេសប្រហែសរបស់ខ្លួន ក្មួយប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ នឹម សុភា បានបាញ់មនុស្សក្បែរស្តាតអូឡាំពិក បណ្ដាលឲ្យស្លាប់ និងរបួសអស់ជាច្រើននាក់។
បើទោះជាសាក្សីបានឃើញ នឹម សុភា កាន់កាំភ្លើងបាញ់ជនរងគ្រោះដោយផ្ទាល់ដៃក៏ដោយ ក៏តុលាការក្រុងភ្នំពេញ បានត្រឹមផ្ដន្ទាទោស នឹម សុភា ត្រឹមបទប្រព្រឹត្តអំពើមនុស្សឃាតដោយអចេតនាប៉ុណ្ណោះ ហើយអោយអ្នកផ្សេងឈ្មោះ សំ ដឿន ដែលជាមិត្តភ័ក្ដិរបស់ នឹម សុភា ជាអ្នកជាប់ទោសជំនួស។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា កម្ពុជាគឺជាឋានសួរនៃនិទណ្ឌភាព ដោយសារអំណាចនីតិប្រតិបត្តិកំពុងញាំញីខ្លាំង និងកំពុងបំផ្លាញដល់ដំណើរការរកយុត្តិធម៌ដោយឯករាជ្យនៃតុលាការរបស់ ប្រទេស។
លោកបន្តថា រហូតមកទល់ពេលនេះជនដៃដល់ដែលសំលាប់ប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា លោក រស់ សុវណ្ណរ៉េត អ្នកកាសែតលោក ឃឹម សម្បូរ តារាភាពយន្តល្បីល្បាញអ្នកស្រី ពិសិដ្ឋ ពិលីការ រួមនឹងជនរងគ្រោះជាច្រើនទៀតនោះ នៅមិនទាន់ត្រូវបានចាប់យកមកផ្ដន្ទាទោសចំពោះមុខច្បាប់នៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលកន្លងមកនេះ តុលាការកម្ពុជា បានផ្ដន្ទាទោសមន្ត្រីសមត្ថកិច្ចជាន់ខ្ពស់មួយចំនួន ដូចជាករណីលោក ម៉ឹក ដារ៉ា ឧត្ដមសេនីយ៍នគរបាលផ្កាយបី ក្នុងករណីជួញដូរគ្រឿងញៀន ករណីលោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញ ពីបទសំលាប់ចៅក្រម សុខ សេដ្ឋាមុន្នី និងករណីលោក ឈឿន ចាន់ថន ប្រធានអង្គរក្សរបស់ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រសួងការពារជាតិ រួមនឹងករណីជាច្រើនដែលតុលាការកម្ពុជា បានចាត់ការ។ ប៉ុន្តែអ្នកសង្កេតការណ៍យល់ឃើញថា សំណុំរឿងទាំងនេះទំនងមានការបង្កប់នូវមូលហេតុនយោបាយ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ថ្លែងថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ហើយថា តុលាការកម្ពុជា កំពុងដំណើរការកិច្ចការរបស់ខ្លួនបានត្រឹមត្រូវ។
លោក សំ ប្រជាមានិត ដែលជាមន្ត្រីខុទ្ទកាល័យនៃក្រសួងយុត្តិធម៌បញ្ជាក់ថា តុលាការកម្ពុជាតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការរកយុត្តិធម៌ជូន ពលរដ្ឋ។ លោកបន្តថា ទាក់ទិននឹងករណីរបស់លោក ឈូក បណ្ឌិត នោះដែរ តុលាការខេត្តស្វាយរៀង កំពុងយកចិត្តទុកដាក់រកយុត្តិធម៌សំរាប់ភាគីទាំងសងខាង។
ប៉ុន្តែក្រុមមន្ត្រីសិទ្ធិមនុស្សនិយាយថា តុលាការកម្ពុជាប្រើប្រាស់ពេលវេលាយូរក្នុងការស៊ើបអង្កេតបទឧក្រិដ្ឋ ដែលប្រព្រឹត្តឡើងដោយក្រុមអ្នកមានអំណាច ហើយផ្ទុយទៅវិញ តុលាការតែងចាត់ការភ្លាមៗទៅលើពលរដ្ឋសាមញ្ញ ដែលមិនថែមទាំងបានប្រព្រឹត្តបទឧក្រិដ្ឋផងនោះ។
ក្រុមសិទ្ធិមនុស្សឲ្យដឹងថា តុលាការកម្ពុជាបានជួយសំរួល ឬជួយលាក់កំបាំងច្រើនដល់ក្រុមមន្ត្រីជាន់ខ្ពស់ទាំងឡាយដែល ស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំណែកប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា មូលហេតុដែលនាំឲ្យមន្ត្រីមានអំណាច ឬសែស្រឡាយរបស់មេដឹកនាំខ្មែរខ្លះរួចខ្លួនពីការប្រព្រឹត្ត បទល្មើសបាន ដោយសារអ្នកទាំងនោះមានទាំងអំណាច មានទាំងលុយដើម្បីជួលមេធាវីពូកែៗការពារក្តីឲ្យពួកគេ។ លោកបន្តថា ពលរដ្ឋក្រីក្រទន់ខ្សោយមិនមានលទ្ធភាពធ្វើដូច្នោះបានទេ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington) កាលពីខែមិថុនា បានរាយការណ៍ថា ប្រព័ន្ធតុលាការរបស់កម្ពុជា មានលក្ខណៈអន់ថយដែលមិនអាចរកយុត្តិធម៌ពិតប្រាកដជូនពលរដ្ឋ ហើយតុលាការនៃប្រទេសមួយនេះតែងធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋទន់ ខ្សោយតាមរយៈការបន្តបទចោទប្រកាន់ករណីបរិហារកេរ្តិ៍ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងការរឹតត្បិតដល់សេរីភាពក្នុងការបញ្ចេញមតិជាដើម។
អ្នកវិភាគឯករាជ្យលោកបណ្ឌិ ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ច្បាប់របស់កម្ពុជា ហាក់បង្កើតឡើងសំរាប់មនុស្សពីរក្រុម គឺក្រុមពលរដ្ឋសាមញ្ញ និងពលរដ្ឋវិសាមញ្ញ។ លោកបញ្ជាក់ថា ពលរដ្ឋសាមញ្ញជាក្រុមមនុស្សដែលនៅក្រោមច្បាប់ រីឯពលរដ្ឋវិសាមញ្ញគឺជាក្រុមមនុស្សដែលនៅលើច្បាប់។ លោកបន្តថា បញ្ហាទាំងនេះកើតឡើងដោយសារតែប្រព័ន្ធតុលាការកម្ពុជា នៅមិនទាន់មានលក្ខណៈស្របច្បាប់។
តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅ កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) កាលពីដើមខែឧសភា បានផ្ដល់អនុសាសន៍ថា ដើម្បីពង្រឹងប្រព័ន្ធតុលាការរបស់ខ្លួនអោយក្លាយជាស្ថាប័នរក យុត្តិធម៌មួយដ៏មានប្រសិទ្ធភាពនោះ លុះត្រាកម្ពុជា ត្រូវអនុម័តច្បាប់ដែលនៅសេសសល់ចំនួនបីសំខាន់ៗ ដោយឈរលើមូលដ្ឋានច្បាប់ និងការគោរពសិទ្ធិមនុស្ស ពោលគឺស្មារតីនៃច្បាប់ទាំងបីនេះ ត្រូវតាក់តែងឡើងដោយមិនស្ថិតក្រោមសម្ពាធនយោបាយ។
ច្បាប់សំខាន់ទាំងបីដែលរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ តម្រូវអោយអនុម័តឡើងនោះ មានច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ឧត្ដមក្រុមប្រឹក្សានៃអង្គ ចៅក្រម៕
No comments:
Post a Comment