ពលកររាប់រយនាក់ និងត្រាក់ទ័ររាប់សិបគ្រឿង ក្នុងសមរភូមិរានព្រៃឈើចន្លោះ៣ស្រុក
ខេត្តបន្ទាយមានជ័យ:                      សេចក្ដីរាយការណ៍នានា អះអាងថាមកទល់ថ្ងៃនេះ  មានត្រាក់ទ័រភ្ជួររាប់សិបគ្រឿងនិងពលករស៊ីឈ្នួលរាប់រយនាក់  កំពុងសំរុកវាយផ្ដាច់ក្នុងសមរភូមិរានដីព្រៃរដ្ឋ  សេសសល់ចុងក្រោយនៅភូមិសាស្ត្រស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យនិង ស្រុកភ្នំស្រុក , ថ្មពួកខេត្តបន្ទាយមានជ័យ។
ប្រភពនានានោះ ប្រាប់គេហទំព័រ CEN ថ្ងៃអាទិត្យទី ២២ កក្កដាថា: ជាមួយនឹងការ  ប្រើត្រាក់ទ័រ មានស្រាប់របស់ខ្លួន និងដែលស៊ីឈ្នួល  និងត្រាក់ទ័រទិញថ្មី បន្ថែមក្នុងពេលថ្មីៗនេះ  បូករួមនឹងប្រើពលករស៊ីឈ្នួលរាប់រយនាក់បាននឹងកំពុង សំរុក  "វាយផ្ដាច់" ក្នុងសមរភូមិ  ភ្ជួររាស់រានទន្ទ្រានយកដីព្រៃឈើរដ្ឋសេសសល់ចុងក្រោយដោយខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំ បេង ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ  និងឃុំប៉ោយចារ , ណាំតៅ ស្រុកភ្នំស្រុក , ឃុំគោកកឋិន , ភូមិថ្មី ,  ថ្មពួក និង បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ប្រភព និយាយបន្តថា: ត្រាក់ទ័រភ្ជួររាស់ស៊ីឈ្នួល ពីស្រុកម៉ាឡៃ ,  ក្រុងសិរីសោភ័ណ , ស្រុកមង្គលបូរី ព្រះនេត្រព្រះ , ស្រុកភ្នំស្រុក ,  ស្រុកស្វាយចេក , ស្រុកថ្មពួក , ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង  ពីស្រុកបន្ទាយអម្ពិល , ក្រុងសំរោង ខេត្តឧត្តរមានជ័យ  និងពីស្រុកក្រឡាញ់ , ស្រីស្នំ ខេត្តសៀមរាប  និងត្រាក់ទ័រទិញថ្មីដោយម្ចាស់រានដីព្រៃឈើក្នុងភូមិសាស្ត្រដី ព្រៃឈើខាងលើ កំពុងសំរុកទាំងយប់ទាំងថ្ងៃ  ភ្ជួររានទន្ទ្រានឈូសកាប់រំលំ  រួចដាំដំឡូងមីថ្មីលើដីព្រៃឈើសេសសល់ចុងក្រោយ។
ការបំផុស ចលនា "អ្នកណាហ៊ាន អ្នកនោះបាន"  "ចាប់រួចដាំដុះលើដីព្រៃអោយបាននឹងត្រូវរដ្ឋប្រគល់ជូន"  "បានដីកុំទុកចោល" . . . កំពុងជុំរុញសកម្មផុសផុល  អោយមានការហ៊ុំព័ទ្ធយកដីព្រៃឈើរដ្ឋយ៉ាងខ្លាំង។
បើមើល ពេលយប់ចលនាភ្ជួរប្រៀបបាននឹងទីក្រុងថ្មីមួយដែលគេកំពុង  សាងសង់ព្រោះភ្លើងត្រាក់ទ័រទៅមកៗ "ភ្ជួរនិងរានដី" យ៉ាងគគ្រឹក។  តែបើមើលពេលថ្ងៃ ប្រៀបបានសមរភូមិ១ដែលកម្លាំងម្ខាងគឺ  កម្លាំងអ្នករំលោភព្រៃឈើបានឈ្នះព្រៃឈើទាំងស្រុង  ព្រោះឮសំលេងខ្ទរខ្ទារ , ដើមឈើនិងរុក្ខជាតិទាំងឡាយបានដួលរលំ  ត្រូវគេវាយប្រហារខ្ទេចខ្ទីរ។ កន្លែងខ្លះដីស្ងួតក៏ហ៊ុយធូលី  ឡើងជាមួយនឹងផ្សែង  ពីម៉ាស៊ីនត្រាក់ទ័រដែលប្រឹងរុញដើមឈើឬភ្ជួរដីថ្មីលាយឫសឈើនិង ព្រៃចន្លោះ។
ម្ចាស់គោយន្ត ដែលអ្នកសារព័ត៌មានមួយក្រុមជួលជិះ  ដើម្បីទៅយកព័ត៌មានពីការប្រយុទ្ធបំផ្លាញព្រៃចាប់យកដីនេះ លែងហ៊ាន  ជូនទៀតហើយ  ព្រោះឈ្មួញរានដីរឹបយកដីព្រៃឈើរដ្ឋបានគំរាមកំហែងសន្តិសុខនិង ជីវភាព។
ពួកអ្នករានរឹបយកដីព្រៃឈើ ក្រោយបទបញ្ជាលេខ ០១ ,  អនុសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ថ្ងៃទី ៨ មិថុនា២០១២  បាននិយាយបញ្ឈឺបញ្ឆិតបញ្ឆៀងនិងចំអកអោយអ្នកយកព័ត៌មានថា: ឈឺឆ្អាល ហួស  មិនមើលទិសខ្យល់ដែលគេសំរុកចាប់យកដីថ្មី ដែលជាឱកាសរដ្ឋផ្ដល់ជូន  បើបានជាដីស្រឡះនិងដាំដុះហើយ។
ពួកគេនិយាយបន្តថា:"ដី ព្រៃឈើទាំងនោះបើពួកយើងមិនឆាប់ចាប់យកទេ  ក៏គង់រដ្ឋប្រគល់អោយក្រុមហ៊ុនវិនិយោគដែរ នាពេលខាងមុខ ឬប្រគល់ជាដី  សង្គមកិច្ចយោធិននិងអ្នកចូលនិវត្តន៍"។
បើច្រើនគ្នាចូល ធ្វើ(រានដីព្រៃឈើ) អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ  ពុំដឹងជាចុះទប់ស្កាត់និងបង្ក្រាបខាងមុនកើតដែរ។ ពោលគឺរដ្ឋ  និងគណបក្ស មិនចង់ប៉ះទង្គិចនឹងប្រជាជនទៀតទេ  ព្រោះរានដីព្រៃទៅធ្វើចម្ការនិងស្រែដាំដុះជាក់ស្ដែង  កុំអោយតែព័ទ្ធទុកដូចមុនៗ៕                 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

No comments:
Post a Comment