Saturday, July 14, 2012

អ្នក​វិភាគ៖ កម្ពុជា​គួរ​ពង្រឹង​ប្រព័ន្ធ​ច្បាប់ សិទ្ធិ​មនុស្ស នយោបាយ និង​ធនធាន​មនុស្ស

ដោយ តាំង សារ៉ាដា
2012-07-14
Source: http://www.rfa.org/khmer/indepth/cambodia_should_strengthen_rule_law_rights_politics_human_resources-07142012005806.html

ក្រុម​អ្នក​វិភាគ និង​មេ​ដឹកនាំ​សហជីព​មួយ​ចំនួន​បាន​វាយ​តម្លៃ​ថា មុន​នឹង​ឲ្យ​ក្រុម​អ្នក​វិនិយោគទុន​អាមេរិក​ទៅ​បណ្ដាក់ទុន​របស់​គេ​នៅ​ កម្ពុជា​បាន លុះត្រា​តែ​កម្ពុជា​ខិតខំ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​តុលាការ ស្ថិរភាព​នយោបាយ ការ​គោរព​សិទ្ធិ​មនុស្ស និង​បង្កើន​ធនធាន​មនុស្ស។
ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​មាន​ប្រព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ និង​មាន​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ។
បើ​ទោះ​បី​កម្ពុជា​នៅ​មាន​ភាព​ក្មេង​ខ្ចី​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ក្តី ប៉ុន្តែ​កត្តា​សំខាន់​បំផុត គឺ​ទំនុក​ចិត្ត​នៃ​ការ​ធ្វើ​ជំនួញ​ពី​ក្រុម​អ្នក​វិនិយោគទុន​ធំៗ​ដែល​មក​ពី​ ប្រទេស​លោក​សេរី។
អ្នក​វិភាគ​ឯករាជ្យ និង​ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ទំនុក​ចិត្ត​នៃ​ការ​បណ្ដាក់ទុន​របស់​ក្រុម​អ្នក​វិនិយោគ​ពី​បណ្ដា​ប្រទេស​ លោក​សេរី​នោះ គឺ​ការ​គោរព​ច្បាប់ និង​គោរព​សិទ្ធិ​មនុស្ស ហើយ​ជា​ពិសេស គឺ​បំបាត់​អំពើ​ពុក​រលួយ​ជា​អាទិភាព។

លោក​បន្ត​ថា កម្ពុជា​ត្រូវ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​មួយ ដើម្បី​ដោះស្រាយ​ជា​ចម្បង​លើ​វិវាទ​ជំនួញ ហើយ​ត្រូវ​បំប៉ន​បន្ថែម​នូវ​ការ​បណ្ដុះ​ធនធាន​មនុស្ស រួម​នឹង​ការ​រក្សា​ស្ថិរភាព​នយោបាយ​ឲ្យ​បាន​នឹងនរ។
ការ​វិភាគ​របស់​លោក​បណ្ឌិត សុខ ទូច ធ្វើ​ឡើង​ស្រប​ពេល​អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក និង​ក្រុម​អ្នក​វិនិយោគ​ធំៗ​របស់​អាមេរិក កំពុង​មាន​វត្តមាន​នៅ​កម្ពុជា និង​កំពុង​សម្លឹង​មើល​អំពី​លទ្ធភាព​នៃ​ការ​បោះ​លុយ​បណ្ដាក់ទុន​ទ្រង់ទ្រាយ​ ធំ​ចូល​ក្នុង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​នៅ​ទន់ខ្សោយ និង​មាន​អំពើ​ពុក​រលួយ​មួយ​នេះ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ច្បាប់​ល្អ​ប្រសើរ​ជាង​បណ្ដា​ប្រទេស​ជុំវិញ​របស់​ខ្លួន ក្នុង​ការ​បើក​ចំហ​ផ្នែក​ពាណិជ្ជកម្ម​សេរី ប្រកប​ដោយ​ស្ថិរភាព​នយោបាយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ក្នុង​បរិបទ​នៃ​ការ​គោរព​ សិទ្ធិ​មនុស្ស។ ហើយ​លោក​សង្ឃឹម​ថា អ្នកស្រី ហ៊ីលឡារី គ្លិនតុន ប្រាកដ​ជា​មាន​គំនិត​វិជ្ជមាន​អំពី​បញ្ហា​នេះ។
វិទ្យាស្ថាន​ឃ្លាំ​មើល​អំពី​ភាព​រីកចម្រើន​ក្នុង​ពិភពលោក​ឈ្មោះ Legatum ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង (London) ប្រទេស​អង់គ្លេស (England) បាន​ចេញ​ផ្សាយ​សន្ទស្សន៍​អំពី​ភាព​ចម្រើន​រុងរឿង​នៃ​បណ្ដា​ប្រទេស​ជុំវិញ​ ពិភពលោក កាល​ពី​ឆ្នាំ​២០១១ បាន​វាយ​តម្លៃ​ថា កម្ពុជា​ជា​ប្រទេស​ជាប់​លំដាប់​ថ្នាក់​លេខ​៩៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​១០៧ នៅ​លើ​ពិភពលោក ដែល​អន់​ជាង​ប្រទេស​នេប៉ាល់ (Nepal) ស្រីលង្កា (Sri Lanka) និង​អ៊ូបេគីស្ថាន (Uzbekistan) ទៅ​ទៀត។ ប៉ុន្តែ​ចំណាត់​ថ្នាក់​របស់​កម្ពុជា បាន​ល្អ​ជាង​ប្រទេស​បង់ក្លាដេស (Bangladesh) ឬ​ប្រទេស​ប៉ាគីស្ថាន (Pakistan)។
វិទ្យាស្ថាន Legatum ក៏​បាន​បង្ហាញ​ថា កត្តា​ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ភាព​អន់ថយ​នេះ គឺ​ដោយ​សារ​កត្តា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ភាគ​ច្រើន ឱកាស​ខាង​ការ​ផលិត​មាន​កម្រិត​ទាប ហេដ្ឋារចនាសម្ព័ន្ធ អភិបាល​កិច្ច វិស័យ​អប់រំ និង​ធនធាន​មនុស្ស​មាន​ភាព​ទន់ខ្សោយ ហើយ​អំពើ​ពុក​រលួយ​មាន​កម្រិត​ខ្ពស់ និង​ខ្វះ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ។
ទន្ទឹម​នឹង​ការ​វាយ​តម្លៃ​របស់​វិទ្យាស្ថាន​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា លោកស្រី ហ៊ីលឡារី គ្លិនតុន បាន​ថ្លែង​នៅ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការ​ បរទេស​អាស៊ាន (ASEAN) ក្នុង​ទីក្រុង​ភ្នំពេញ​ថា លោកស្រី​ចង់​ឲ្យ​កម្ពុជា​មាន​វឌ្ឍនភាព​ខាង​ផ្នែក​ពាណិជ្ជកម្ម​យូរ​អង្វែង​ ជាមួយ​សហរដ្ឋអាមេរិក។
លោកស្រី ហ៊ីលឡារី គ្លិនតុន៖ «ចំពោះ​ផ្នែក​សេដ្ឋកិច្ច គឺ​នៅ​មាន​ចន្លោះ​ច្រើន​ណាស់ សម្រាប់​យើង​ដែល​ត្រូវ​បំពេញ​រួម​គ្នា ក្នុង​ការ​ធ្វើ​អោយ​រីក​ចម្រើន​ទៅ​មុខ។ ដូច្នេះ យើង​ត្រូវ​តែ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ថែម​ទៀត អោយ​មាន​ភាព​លេចធ្លោ​ឡើង។ ក្នុង​សប្ដាហ៍​នេះ ខ្ញុំ​បាន​រៀបចំ និង​ដឹកនាំ​គណៈប្រតិភូ​នៃ​ថ្នាក់​ដឹកនាំ​ពាណិជ្ជករ​អាមេរិកាំង មួយ​ក្រុម​ធំ ដែល​មិន​ធ្លាប់​មាន មក​កម្ពុជា។ ហើយ​គណៈប្រតិភូ​របស់​យើង​នឹង​ចូល​រួម​ក្នុង​វេទិកា​ស្តី​ពី​ពាណិជ្ជកម្ម​ អាមេរិក-អាស៊ាន ជា​លើក​ដំបូង នៅ​ខេត្ត​សៀមរាប នា​ថ្ងៃ​សុក្រ នេះ ដើម្បី​ដាក់​បង្ហាញ​នូវ​មូលដ្ឋាន​នៃ​ការ​ផ្សារភ្ជាប់​សេដ្ឋកិច្ច​រវាង​គ្នា ជាមួយ​នឹង​ភាព​រុងរឿង​យូរ​អង្វែង​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ចំពោះ​ជំនួយ​ផ្នែក​អភិវឌ្ឍ​វិញ និយាយ​ដោយ​ត្រង់​ទៅ អ្នក​រស់នៅ​ក្នុង​តំបន់​បាន​ស្នើ​អោយ​យើង​ទម្លាក់​លុយ​របស់​យើង​ចំ​កន្លែង​ ដែល​យើង​រកស៊ី។ ដូច្នេះ យើង​ក៏​បាន​ផ្ដួចផ្ដើម​កែទម្រង់​កម្មវិធី​ជំនួយ​របស់​យើង សម្រាប់​ផ្តល់​ដល់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ជំនួយ​នេះ​មាន​ឈ្មោះ​ថា កិច្ច​ផ្ដួចផ្ដើម​សម្រាប់​យុទ្ធសាស្ត្រ​ចូល​រួម​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដែល​ជាប់​នឹង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (Asia Pacific Strategic Engagement Initiative)»
ជុំវិញ​ការ​គ្រោង​បណ្ដាក់ទុន​របស់​ក្រុម​អ្នក​វិនិយោគ​អាមេរិក​នេះ​ដែរ លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស បាន​សាទរ​ចំពោះ​បំណង​ដ៏​សុទ្ធិ​និយម​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ ផ្តល់​លទ្ធភាព​ដើម្បី​បណ្ដាក់ទុន​នៅ​កម្ពុជា។
លោក​បន្ត​ថា ក្រុម​អ្នក​វិនិយោគ​ទាំង​នេះ​នឹង​អាច​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ជា​ពិសេស​អាច​នាំ​ឲ្យ​ប្រទេស​មួយ​នេះ​អាច​មាន​កំណែទម្រង់​ប្រព័ន្ធ​ គ្រប់គ្រង​របស់​ខ្លួន ឲ្យ​បាន​ល្អ​ប្រកប​ដោយ​ស្តង់ដារ​ខ្ពស់ ដើម្បី​តម្រូវ​ចិត្ត​ដល់​ក្រុម​អ្នក​វិនិយោគ​ទាំង​នោះ។
ក្រុម​អ្នក​ជំនាញ​ខាង​ផ្នែក​ពាណិជ្ជកម្ម​នៅ​តាម​បណ្ដា​ប្រទេស​លោក​សេរី​ ភាគ​ច្រើន និយាយ​ថា ប្រព័ន្ធ​តុលាការ​ទន់ខ្សោយ​អាច​នាំ​ឲ្យ​អំពើ​ពុក​រលួយ​ញាំញី​ស៊ី​ជម្រៅ​ ខ្លាំង​ដល់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ ពី​ថ្នាក់​កំពូល​របស់​ជាតិ រហូត​ដល់​ថ្នាក់​មូលដ្ឋាន។ ហើយ​បញ្ហា​ទាំង​នេះ ជា​ឧបសគ្គ​ដ៏​ធំ និង​ជា​ការ​បន្លាច​ដល់​សេចក្តី​ទុក​ចិត្ត​របស់​ក្រុម​អ្នក​វិនិយោគទុន​បរទេស ពី​បណ្ដា​ប្រទេស​លោក​សេរី​ទាំង​នោះ។
ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុន្នី ថ្លែង​ថា វត្តមាន​របស់​ក្រុម​វិនិយោគទុន​សហរដ្ឋអាមេរិក មក​ទស្សនកិច្ច​នៅ​កម្ពុជា គឺ​ជា​ឱកាស​របស់​កម្ពុជា​ខ្លួន​ឯង ដើម្បី​ប្រឹងប្រែង​ថែម​ទៀត​ក្នុង​ការ​ស្ការ​មុខ​មាត់​នៃ​ប្រទេស​របស់​ខ្លួន​ ឡើង​វិញ តាម​រយៈ​ការ​បំបាត់​អំពើ​ពុក​រលួយ វប្បធម៌​និទ្ទណ្ឌភាព និង​ការ​គោរព​សិទ្ធិ​កម្មករ។
ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា បញ្ហា​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ គឺ​ការ​ខ្វះ​ក្រុម​អ្នក​វិនិយោគ​ដែល​គោរព​ច្បាប់​ជា​ធំ និង​ក្រុម​អ្នក​វិនិយោគ​ដែល​មាន​ភាព​យូរ​អង្វែង។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ធ្វើ​ឲ្យ​អត្រា​នៃ​អ្នក​គ្មាន​ការងារ​ធ្វើ​កើន​ឡើង ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ធ្លាក់​ចុះ ហើយ​ជីវភាព​របស់​ពលរដ្ឋ​កាន់​តែ​ក្រ​ទៅៗ។
វិទ្យាស្ថាន​ស្ទង់​មតិ​របស់​អាមេរិកាំង​មួយ​ឈ្មោះ Gallup Poll ដែល​មាន​មូលដ្ឋាន​ក្នុង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក (U.S.A) បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១១ របស់​ខ្លួន​ថា ក្នុង​ចំណោម​ប្រទេស​ចំនួន​១៤៦ ក្នុង​ពិភពលោក បាន​រក​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​គេ​ចាត់​ទុក​ថា មាន​ភាព​ចម្រើន​រុងរឿង​សម្រេច​គោលដៅ​រីករាយ​ពេញ​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ​ជានិច្ច មាន​២% អ្នក​ប្រឹង​តស៊ូ​ទ្រាំ​រស់ មាន​៧២% រី​ឯ​អ្នក​រស់នៅ​ក្នុង​ភាព​ទុរគត ខ្លោចផ្សា មាន​២៦% ហើយ​អ្នក​ដែល​ខ្វះខាត​ស្បៀង​អាហារ​មាន​៥៦%៕

2 comments:

Anonymous said...

Beside the human right, the top priority for Cambodia is the proper enforcement of the immigration law.

Stop ignoring the incessant flow of the millions Vietnamese into Cambodia.

Stop ceding Khmer land to Vietnam and stop using the word "swap" in exchange land.

Khmer land is not Ah Svar Kim Hong's property and he does not have the right to do that.

Hun Sen, Chea Sim, Heng Samrin are responsible for such traitorous acts committed by Ah Svar Kim Hong.

If the trio - Hun Sen, Chea Sim, Heng samrin - is really love Cambodia, they must dissolve the current National Election Committee and form a new independent one and willfully ready to transfer the power to other political party.

This way you disrupt the Vietnam's plan and Khmer people will recognize you as Khmer heroes.

If you continue to hold on to power by manipulating the result of the election, Khmer people will continue to call you the traitors or “ Ah Kbot Cheat” too.

Bun Thoeun

Anonymous said...

"ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​មាន​ប្រ
ព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ និង​មាន​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ"ហេតុអ្វីមន្រ្តីជាន់ខ្ពស់នៃកម្ពុជា មិនចេះខ្មាស
ខ្លួនឯងផង គួរឲ្យខ្ពើមរអើមបំផុត។