(ថ្ងៃទី 20 កក្កដា 2012, ម៉ោង 09:39:AM) | ដោយ: រតនា
ភ្នំពេញ: តំណាងកម្មករ នៃរោងចក្រ តៃ ណាន ( អតីតរោងចក្រ តៃ យៀនទី១ ទី២ និងខេមវែល ) នឹងជួបជុំដាក់ញត្តិជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៣កក្កដា ឆ្នាំ២០១២។ ក្នុងលិខិតចុះ ថ្ងៃទី១៩កក្កដា ឆ្នាំ២០១២ របស់សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដាក់ទៅកាន់សាលារាជធានីភ្នំពេញ បង្ហាញថា កម្មករ កម្មការិនីនៃរោងចក្រ តៃណាន ( អតីតរោងចក្រ តៃ យៀនទី១ ទី២ និងខេមវែល ) ស្ថិតនៅទីតាំងភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការតវ៉ាអស់រយៈពេល ៤សប្ដាហ៍ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃនេះ មិនទាន់ទទួលបានដំណោះស្រាយពីរោងចក្រនៅឡើយទេ។ លិខិតដដែល បង្ហាញថា "ឥឡូវនេះ តំណាងកម្មករ កម្មការិនី យ៉ាងតិចចំនួន ១៥០នាក់ នឹងយកញត្តិដាក់ជូនឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនៅកម្ពុជា ឱ្យជួយអន្តរាគមន៍ ពីព្រោះអ្នកបញ្ជាទិញនៃរោងចក្រ តៃ ណាន គឺនៅសហរដ្ឋអាមេរិក"។ លោករ៉ុង ឈុន បានបញ្ជាក់ថា ការដាក់ញត្តិនោះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ វេលាម៉ោង ៨ និង ៣០នាទីព្រឹក នៅមុខស្ថានទូតអាមេរិក ជិតវត្តភ្នំ។ មិនទាន់មានប្រតិកម្មបែបណាពីសាលារាជធានីភ្នំពេញនៅឡើយទេ។ ក៏ប៉ុន្តែកាលពីតំណាងកម្មកររោងចក្រតៃណាន បានយកញត្តិទៅដាក់នៅខុទ្ទកាល័យសម្តេចហ៊ុនសែន កាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០១២ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ បង្ក្រាប វាយ និងចាប់ខ្លួនក្មួយរបស់លោករ៉ុង ឈុន ដែលជាតំណាងសហជីពកម្មករ ឃុំខ្លួនអស់ជាច្រើនម៉ោង មុននឹងដោះលែងមកវិញ៕ S
No comments:
Post a Comment