ដោយ. ឆាំ ឆានី ១៩ ខែកក្កដា ២០១២
នៅក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយជូនកម្មកររោងចក្រតៃយាន កាលពីថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១២ កន្លងទៅនេះ ពុំមានលទ្ធផលអ្វីជាវិជ្ជមានឡើយដោយអ្នកសម្របសម្រួលក្នុងអង្គប្រជុំមកពីក្រសួងសង្គមកិច្ចនិងកាងារ និងមន្រ្តីមកពីសហជីពសេរីកម្មករមិនគោរពពាក្យសន្យា ហើយចេញមុខការពារប្រយោជន៍និយោជិកដោយបើកចំហរ។ នៅក្នុងកិច្ចប្រជុំនោះគឺមានការព្រមព្រៀងគ្នានៅចំនុចមួយចំនួនជាពិសេសចំនុចសំខាន់បីគឺ៖ ១)រក្សាប្រាក់អត្ថប្រយោជន៍របស់កម្មករទាំងឡាយដែលបានព្រមព្រៀងគ្នានិងមិនកាត់ប្រាក់ប្រចាំថ្ងៃរប់សពួកគេ, ២) គ្មានការគុំគួន និងទទួលយកកម្មករឲ្យធ្វើការដូចដើមវិញ ៣) ដកពាក្យបណ្តឹងទាំងឡាយដែលបានប្តឹងទៅលើកម្មករ។ ផ្ទុយទៅវិញកិច្ចព្រមព្រៀងទាំងនេះត្រូវរលាយ ទៅវិញតែមួយពព្រិចភ្នែកបន្ទាប់ពីការសម្រាកនៃកិច្ចប្រជុំមួយភ្លែតតែប៉ុណ្ណោះ ដោយ លោក សយ ស៊ីខុន មន្រ្តីមកក្រសួងសង្គមកិច្ចនិងការងារបានអះអាងថា កិច្ចព្រមព្រៀងមុននោះបន្តិចត្រូវលុបចោលដោយខាងក្រុមហ៊ុនមិនមានលទ្ធភាព។ បន្ថែមពីលើនេះមន្រ្តីដឹកនាំមកពីសហជីពសេរីកម្មករដែលមានលោក ជា មុន្នី ជាប្រធាន បានចេញមុខមកការពារដោយសំដែងទស្សនៈដូចគ្នា ។ អ្វីដែលគួឲ្យសោកស្តាយពួកគេបានចាត់ទុកការទាមទាររបស់កម្មករថាជារឿងនយោបាយ តែមិនមែនរឿងយុត្តិធម៌សេដ្ឋកិច្ចសង្គមដែលកម្មករត្រូវតែបានទទួលសមនឹងការងាររបស់ខ្លួនតាមច្បាប់ការងារកំណត់នោះទេ។ បន្ទាប់ពីកិច្ចចរចារនោះពត៌មានដែលមិនអាចស្មានដល់គឺពីមន្រ្តីម្នាក់មកពីសហជីពសេរីកម្មករ ដែលមានទឹកចិត្តអាណិតលោក ជា វិជ្ជា ហើយមិនពេញចិត្តនិងសកម្មភាពរបស់លោក ជាមុន្នី នាពេលថ្មីៗនេះបានលួចបង្ហើបឲ្យដឹងថា លោកជា មុន្នី បានសរសេរលិខិតទៅលោក ហ៊ុន សែនដើម្បីសុំឲ្យ លោក ហ៊ុន សែន ជួយអន្តរាគមន៍ធ្វើយ៉ាងណាកុំដោះស្រាយតាមការទាមទាររបស់កម្មករឲ្យលើសពី៧០ដុល្លារ ព្រោះថាបើដោះស្រាយឲ្យកម្មករបានទទួលដូចការទាមទារគឺប្រាកដជា លោក រ៉ុង ឈុន កាន់តែមានប្រជាប្រីយភាពនិងបង្ករបញ្ហាដល់លោកហ៊ុន សែន ទៅថ្ងៃក្រោយ ។ ចំពោះការលើឡើងនេះយើង មិនអាចធ្វើការទាក់ទងលោក ជា មុន្នី ដើម្បីសុំប្រតិកម្មបានឡើយនៅថ្ងៃនេះ ។ សូមបញ្ជាក់ថា កម្មកររោងចក្រតៃយានបានធ្វើបាតុកម្មជិត១ខែមកហើយៗ ពួកគេនៅតែមានថាមពល និងធ្វើទៅដោយសន្តិវិធី មានសណ្តាប់ធ្នាប់ មិនអស់សង្ឃឹម ៕
No comments:
Post a Comment