Monday, July 23, 2012

អ្នក​បុរី​កីឡា​ដាក់​លិខិត​​ស្នើ​អន្តរាគមន៍​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី

RFA/Khe Sonorng

១៦-កុម្ភៈ-២០១២៖ អ្នក​ភូមិ​បុរី​កីឡា​ផ្ដុំ​គ្នា​រស់​នៅ​ក្រោម​សំយាប​ផ្ទះ​គេ បន្ទាប់​ពី​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​លំនៅ។

ដោយ ទេព សុរ៉ាវី 2012-07-23

ក្រុម​អ្នក​ភូមិ​បុរី​កីឡា និង​អ្នក​ភូមិ​បឹង​កក់ ជិត ២០០​នាក់ ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ទៅ​តុលាការ​រាជធានី​ភ្នំពេញ និង​ទៅ​លោក ហ៊ុន ម៉ានិត កូន​ប្រុស​ទី​២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទើប​ទទួល​តំណែង​ថ្មី​ជា​អគ្គ​លេខាធិការ​រង​នៃ​អគ្គ​លេខាធិការដ្ឋាន​ ជាតិ។

ក្រុម​អ្នក​ភូមិ​បុរី​កីឡា​បាន​សុំ​ឲ្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ ឲ្យ​ជួយ​ពន្លឿន​រក​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចំនួន ២។

តំណាង​អ្នក​ភូមិ​បុរី​កីឡា អ្នកស្រី ស ស៊ន ថា​កុមារ​តូចៗ​របស់​អ្នក​ភូមិ​បុរី​កីឡា​ជាង ១០​នាក់ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្រោម​តង់ និង​សំយាប​ផ្ទះ​គេ នៅ​ក្នុង​តំបន់​បុរី​កីឡា ដែល​រង់ចាំ​ដំណោះ​ស្រាយ​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phanimex) កំពុង​កើត​ជំងឺ​ប្រភេទ​ថ្មី EV-71 ហើយ​ពួក​គេ​និង​អ្នក​ភូមិ​ត្រូវ​ការ​ចាំបាច់​ដំណោះស្រាយ​ផ្ទះ​សម្បែង​ សមរម្យ។

យ៉ាង​ហោច​ណាស់​មាន​អ្នក​ភូមិ​បុរី​កីឡា​ចំនួន ១១៧​គ្រួសារ ដែល​នៅ​ក្រាញ​ននៀល​ទាមទារ​សុំ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ក្រោម​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ខណៈ​ដែល​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ទៀត ត្រូវ​បាន​អាជ្ញាធរ និង​ក្រុមហ៊ុន​ឈូស​ឆាយ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំបាត និង​នៅ​ទួលសំបួរ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ កន្លង​ទៅ៕

1 comment:

Anonymous said...

This is AH HUN SEN legacy!