លោក ថាច់ ង៉ុក ថាច់ ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរីនៅរដ្ឋធានី Washington ។ |
Saturday, July 21, 2012
ដោយ ម៉ម មុនីរតន៍ | RFA
ការចូលជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងត្រូវសម្រេចក្នុងកិច្ចប្រជុំ នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះ នៅបន្ទាប់ពីការស្នើសុំចូលជាសមាជិកភាពនេះ អស់រយៈពេលជាង ១០ ឆ្នាំមកនោះ។
ប្រធានសហព័ន្ធខ្មែរក្រោម បញ្ជាក់ថា ការចូលជាសមាជិកនេះមានសារសំខាន់ណាស់ ដែលធ្វើឲ្យស្ថានការណ៍រំលោភសិទ្ធិមនុស្សមកលើជនជាតិដើម អាចគេចផុតពីការជិះជាន់របស់រដ្ឋាភិបាល នៃប្រទេសវៀតណាម បាន ។ ក៏ប៉ុន្តែ មន្ត្រីស្ថានទូតវៀតណាម ប្រចាំអង្គការសហប្រជាជាតិបានព្យាយាមរារាំងក្នុងការចូលជាសមាជិក របស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ។ មេដឹកនាំខ្មែរក្រោមពិភពលោក បានបង្ហាញពីក្តីសង្ឃឹមដ៏មុតមាំក្នុងដំណើរការសុំចូលជាសមាជិក នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ ខណៈសមាជិកប្រមាណ ៥៤ ប្រទេសនៅលើពិភពលោក គ្រោងនឹងធ្វើសេចក្ដីសម្រេចមួយក្នុងការផ្ដល់សេចក្ដីទុកចិត្ត នៅដើមសប្ដាហ៍ខាងមុខនេះ ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោកមានប្រសាសន៍នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១២ ថា សហព័ន្ធមួយនេះទំនងអាចនឹងក្លាយជាសមាជិកថ្មី តាមរយៈការបោះឆ្នោតគាំទ្រផ្ដល់សេចក្ដីទុកចិត្តនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ។ លោក ថាច់ ង៉ុក ថាច់ អះអាងថា នៅក្នុងដំណាក់កាលចុងក្រោយនេះ សហព័ន្ធមានការវិវឌ្ឍថ្មីៗបន្ថែមទៀត ទៅលើគោលនយោបាយរបស់ខ្លួន ក្នុងការកៀងគរ និងទាក់ទាញប្រជាប្រិយភាព ដើម្បីអាចបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច របស់អង្គការសហប្រជាជាតិនេះ៖ «រយៈពេលប៉ុន្មាន សប្ដាហ៍ចុងក្រោយនេះ ការវិវឌ្ឍមានទាំងផ្នែកជាមួយប្រទេស ក៏ដូចជា ជាពិសេសអារឿងការដាក់ពាក្យចូលសុំធ្វើជាសមាជិកក្រុមប្រឹក្សា សេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិ ដែលនឹងបោះឆ្នោតនៅថ្ងៃទី២៣ ខាងមុខនេះ ដោយប្រទេសសមាជិក ៥៤ប្រទេស»។
ក្រុមអ្នកវិភាគគិតថា ការចូលជាសមាជិកណាមួយរបស់សហព័ន្ធ ឬអង្គការនោះ អាចមានសិទ្ធិលើកបញ្ហាប្រឈមនានារបស់ខ្លួន រាល់សម័យប្រជុំជាផ្លូវការរបស់អង្គការសហប្រជាជាតិ ដូចជាអាចធ្វើសេចក្ដីថ្លែងការណ៍នៅកិច្ចប្រជុំ មានសិទ្ធិជួបសន្ទនាជាមួយរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលផ្សេងទៀត មានសិទ្ធិរៀបចំកិច្ចប្រជុំនៅក្នុងសម័យប្រជុំពេញអង្គរបស់អង្គការ សហប្រជាជាតិ។ អ្នកឃ្លាំមើលបញ្ហាសង្គម អត្ថាធិប្បាយថា កៅអីសំខាន់ៗដែលបង្កើតឡើងដោយសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងនោះមានក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច។ យន្តការទាំង៣នេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការធានា និងជាធាតុនៃចលនាប្រជាធិបតេយ្យ និងសន្តិភាពនៅក្នុងតំបន់ និងពិភពលោក។
ក្រុមអ្នកវិភាគបញ្ហាសង្គមគិតថា ប្រសិនបើបំណងប្រាថ្នារបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ខាងមុខនេះ គឺអាចនិយាយបានថា អ្វីដែលខ្មែរកម្ពុជាក្រោមកំពុងប្រឈមក្រោមរបបនយោបាយរបស់ រដ្ឋាភិបាលវៀតណាម អាចនឹងត្រូវកាត់បន្ថយ ដែលជំនួសមកវិញនូវជំនឿសាសនា វប្បធម៌ និងសិទ្ធិសេរីភាព ក្នុងការសម្ដែងមតិដែលធ្លាប់មានក្នុងអតីតកាលជាដើម។ ស្ថិតក្រោមហេតុផលនេះហើយ ដែលធ្វើឲ្យសាធារណរដ្ឋសង្គមនិយមវៀតណាម បង្ហាញការមិនពេញចិត្ត និងខ្វាយខ្វល់ចំពោះការស្វះស្វែងរកកិច្ចអន្តរាគមន៍របស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម ទាំងក្នុងពេលបច្ចុប្បន្ន និងអតីតកាលពីសហគមន៍អន្តរជាតិ ដើម្បីឲ្យមានការគាំទ្រលើផ្នែកនេះ។
វិទ្យុអាស៊ីសេរី បានទទួលកំណត់ទូតមួយច្បាប់ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២។ នៅក្នុងកំណត់ទូតនោះ បានបរិយាយថា លោក ឡេ ហ្វាយ ទ្រុង (Le Hoai Trung) ឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបន្ទុកអង្គការមិនមែនរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោក ឡេ ហ្វាយ ទ្រុង បានប្រឆាំងដាច់ខាត តាមរយៈកំណត់ទូតរបស់ខ្លួនដែលផ្ញើទៅអង្គការសហប្រជាជាតិ ដោយចាត់ទុកថា អ្វីដែលសហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើនេះ គឺក្នុងន័យដើម្បីផ្ដាច់ចេញពីការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម ប៉ុណ្ណោះ។ ជាពិសេសនោះ គឺស្នើសុំឲ្យសមាជិកនៃគណៈកម្មាធិការនេះ ទម្លាក់ចោលរាល់ការស្នើឡើងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលប្រាថ្នាចង់បានកៅអីនៅក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិនោះ ។ ក៏ប៉ុន្តែប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុក ថាច់ ហាក់មិនមានការព្រួយបារម្ភចំពោះការព្យាយាមជំទាស់របស់ប្រទេស កុម្មុយនិស្តវៀតណាម នេះទេ។
លោកបង្ហាញជំនឿថា សហព័ន្ធមួយនេះនឹងអាចទទួលបានជោគជ័យ សម្រាប់ការបោះឆ្នោតដែលលោកគិតថា ជាតំណែងមួយអចិន្ត្រៃយ៍មួយសម្រាប់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិនេះ។ លោក ថាច់ ង៉ុក ថាច់៖ «ដែលមិនចង់សហព័ន្ធខ្មែរកម្ពុជាគាស់កកាយ ការពិត ជាគំនិតមួយនៅពេលបច្ចុប្បន្ននេះ ដែលពិភពលោកគេមិនឃើញ ហើយក៏មិនចង់ឭដែរនោះទេ។ តំណាងរដ្ឋាភិបាលវៀតណាម នៅទីក្រុងញីវយ៉ក បានចោទមកលើសហព័ន្ធថា ជាអង្គការមួយមានគំនិតមិនល្អ ជាអង្គការមួយមានគំនិតអាក្រក់ ជាអង្គការមួយសម្រាប់ធ្វើវិទ្ធង្សនា។ តែការចោទប្រកាន់នេះ ត្រូវបានប្រទេសធំៗបានសួរ ហើយដែលរដ្ឋាភិបាលវៀតណាម ឆ្លើយមិនរួចការចោទប្រកាន់ដោយគ្មានភស្តុតាងនោះ»។
យ៉ាងណាក៏ដោយ លោក ថាច់ ង៉ុក ថាច់ បញ្ជាក់ថា រហូតមកដល់ពេលមានប្រទេសមួយចំនួន ក្នុងនោះមានសហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន និងប្រទេសកូរ៉េខាងត្បូង ជាដើម ដែលបានគាំទ្រសហព័ន្ធខ្មែរកម្ពុជាក្រោមនេះ ។
ចំណែកលោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយ លោកគិតថា ប្រសិនបើសហព័ន្ធខ្មែរកម្ពុជាមិនអាចមានវាសនាទទួលបានការគាំទ្រ ជាសមាជិកទេនោះ នោះមានន័យថា បញ្ហាដែលខ្មែរកម្ពុជាក្រោមធ្លាប់ប្រឈមនឹងក្លាយជាសម្ពាធកាន់តែ ខ្លាំង ជាពិសេសជំនឿសាសនា ខាងវប្បធម៌ប្រពៃណីរបស់ពួកគេ ។ លោកបន្តថា អ្វីដែលជាមធ្យោបាយមួយដ៏ប្រសើរសម្រាប់ការចូលជាសមាជិកសេដ្ឋកិច្ច និងសង្គមកិច្ចនោះ គឺជាការចំណេញផ្នែកនយោបាយ និងសេដ្ឋកិច្ច ព្រោះភាគីនីមួយៗអាចមានសិទ្ធិលើកយកពីករណី និងកាតព្វកិច្ចនានាដាក់ក្នុងកិច្ចប្រជុំ ដើម្បីរិះរកដំណោះស្រាយ និងកាត់បន្ថយសម្ពាធបាន។
រហូតមកដល់ពេលនេះ មន្ត្រីរដ្ឋាភិបាលពុំទាន់ធ្វើសេចក្ដីអត្ថាធិប្បាយជុំវិញការចូលជា សមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់សហព័ន្ធខ្មែរក្រោម សម្រាប់តំណែងគ្រប់គ្រងកៅអីនៃអង្គការសហប្រជាជាតិទេ នៅថ្ងៃទី ២០ កក្កដា ឆ្នាំ ២០១២។
របាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម បានឲ្យដឹងថា ពលរដ្ឋខ្មែរក្រោមជាង ៨ លាននាក់ កំពុងរស់នៅក្នុងគំនាបបាត់បង់សិទ្ធិសេរីភាព និងជំនឿសាសនា។ ជាពិសេសស្ត្រីរងការប្រើប្រាស់ហិង្សា និងព្រះសង្ឃពុំទទួលបានសិទ្ធិទូលំទូលាយក្នុងការពង្រីកអក្សរសាស្ត្រ ខ្មែរជាដើម ពីសំណាក់រដ្ឋាភិបាលវៀតណាម ។
ទាក់ទិនករណីនេះ កាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១២ អង្គការអន្តរជាតិសំខាន់ៗចំនួន១៤ នៅលើសកលលោក ដែលមានបេសកកម្មផ្នែកសិទ្ធិមនុស្ស បានដាក់សំណើរួមគ្នាមួយក្នុងវត្ថុបំណងដើម្បីជំរុញឲ្យមានការយក ចិត្តទុកដាក់ពីបណ្ដាសមាជិក ចំពោះសហព័ន្ធខ្មែរកម្ពុជាក្រោម។ ក្នុងនោះមានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Right Watch) មជ្ឈមណ្ឌលអាម៉េរិកាំង សម្រាប់ការសិក្សាផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ អង្គការពិភពលោកប្រឆាំងនឹងការធ្វើទារុណកម្ម និងសហព័ន្ធអន្តរជាតិសម្រាប់សិទ្ធិមនុស្សជាដើម ។ នៅក្នុងសំណើរួមរបស់អង្គការទាំង១៤ ដែលដាក់ជូនសមាជិកគណៈកម្មាធិការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិនេះ។
អង្គការមិនមែនរដ្ឋាភិបាលទាំងនោះបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ដោយសារគេរកឃើញថា សហព័ន្ធខ្មែរក្រោមបច្ចុប្បន្ន បានបាត់បង់នៅសិទ្ធិជាមូលដ្ឋាន ដូចជា ម្ចាស់ភាសា និងជំនឿសាសនាជាដើម ៕
4 comments:
DO mei, Ah sa'mer krom wanna break up from me...Ah jai-na juy vear dol kor.
Indeed Khmer Krom will break out
from Vietnam. Kosovo and East Timor
became new states of the world.
North Vietnam will be annex to
China.Champa will be a new state.
Time can be changed.
We are Khmer waiting for this peaceful strategy such along time, Dear Khmer Krom leaders you're not simply Cambodian citizen, Cambodin King but you're the MASTER Cambodian Emperor ever, step by step to solving complex Khmer historique problem. Your execution operation is unique, truly Kon Khmer spiritually.
May God, Lord Buddha bless you all with success every step.
P.K.L
Krom Krom people want to live under God and not under the Vietcong government!
The time will come...
Post a Comment