Tuesday, July 10, 2012

Why Cambodians do not contribute to help Kantha Bopha Hospital?

ក្មេង​កំពុង​ដេក​ព្យា​បាល​ជំងឺ នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ជា កាល​ពី​ខែ​មុន​។ គន្ធ​បុប្ជា​កំពុង​ត្រូវ​ការ​ជំនួយ​បន្ថែម​។ (រូបថត ហុង​ មិនា​)

ហេតុអ្វី​ខ្មែរ​មិន​ធ្វើ​ការ​រៃ​អង្គាស​ជួយ​មន្ទីរ​ពេទ្យ​គុន្ធ​បុប្ជា?

09 July 2012
តុង សុប្រាជ្ញ
The Phnom Penh Post
ឬ​មួយ​ក៏​ជួយ​មន្ទីរ​ ពេទ្យ​គន្ធបុប្ផា​ទៅ​បាន​សន្លឹក​ឆ្នោត​ទៅ​លោក​ វេជ្ជបណ្ឌិត​រីចន័រ​? ដែល​មិន​បាន​សន្លឹក​ឆ្នោត ដល់​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ?
Will contributions to the Kantha Bopha Hospital earn votes for Dr. Richner and not for the ruling CPP party?
កើត ចាស់ ឈឺ ស្លាប់​ គឺជា​វដ្ដ​របស់​មនុស្ស​លោក​ម្នាក់ៗ​ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន អភ័ព្វ​ផង​ដែរ​បាន​ស្លាប់​តាំង​ពី​ការ​បង្ក​កំណើត​ ហើយ​ខ្លះ​ទៀត​ស្លាប់​តាំង​ពី​នៅ​វ័យ​កុមារ​ដែល​មិន​ទាន់​ដឹង​ក្តី​ស្រួល​ បួល​ផង​នោះ។

យ៉ាង​ណា​មិញ​ក៏​មាន​មនុស្ស​ជា​ច្រើន​ នៅ​ពេល​ដែល​ខ្លួន​បាន​រស់​រាន​មាន​ជីវិត​ធំ​ឡើង​ដុះ​ស្លាប​ហើរ​ ហើយ​មាន​តួនាទី​ធំដុំ​ ក្លាយ​ជា​អ្នក​ដឹក​នំា​គឺ​ភ្លេច​កំណើត​ខ្លួន​ឯង​កាល​ពី​កុមារ​ភាព​​អស់​នៅ​ ពេល​ឈឺ​ម្តងៗ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ទម្រាំ​តែ​បាន​ធំ​ដឹង​ក្តី​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ​តែ​​បែរ​ជា​​ធ្វើ​​មិន​ដឹង​មិន​ឮ ​មិន​ឈឺ​ឆ្អាល ​ចំពោះ​កុមារ ​ដែល​កំពុង​ដង្ហោយ​ហៅ​សុំរស់​រាន​មាន​ជីវិត​ ជា​សិទ្ធិ​របស់​កុមារ​ ដូច​ជា​ ការ​ដង្ហោយ​សុំ​មូលនិធិ​ទ្រទ្រង់​បន្ថែម​របស់​មន្ទីរ​ពេទ្យ​គន្ធ​​បុប្ផា​ ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​ តែ​មិន​ទាន់​ឃើញ​មាន​ថវិកា​បន្ថែម​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។​ តើ​ចាំ​ដល់​ពេល​ណា​ទើប​ម្ចាស់​ជំនួយ​ និង​រាជរដ្ឋាភិបាល ផ្តល់​ការ​ឧត្ថម្ភ​បន្ថែម​ ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​?


បើ​និយាយ​ពី​វិរបុរស​ និង​ជា​មនុស្ស​គំរូគឺ ​លោក​វេជ្ជបណ្ឌិត​ ប៊ីត​ រីចន័រ​ (Dr Beat Richner)​ មាន​អាយុ ៦៥ ឆ្នាំ ជាជន​ជាតិ​ស្វ៊ីស ដែល​ជា​អ្នក​ស្ថាបនិក និង​ជា​អ្នក​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ ៤ និង​មន្ទីរ​ពេទ្យ​ជ័យវរ្ម័នទី ៧​ ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ មក​ម្ល៉េះ។ មន្ទីរ​ពេទ្យ​ទាំង​នេះ បាន​ជួយ​ជីវិត​កុមារ​កម្ពុជា​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ ហើយ​ក្នុង​អំឡុង​រយៈ​ពេល​ ២០ ឆ្នាំ​នេះ ​មន្ទីរ​ពេទ្យ​ទាំង​នេះ​បាន​ជួយ​សង្គ្រោះ​ជីវិត​កុមារ​បាន​ជាង​ ១​ លាន​នាក់​ហើយ​ (www.beat-richner.ch)​ និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ និស្សិត​ដែល​ទើប​តែ​ចេញ​ពី​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល មិន​ត្រឹមតែ​គ្រប់គ្រង​ល្អ​ប៉ុណ្ណោះ​ទេ លោក​វេជ្ជបណ្ឌិត ថែម​ទាំង​ខិតខំ​ស្រាវជ្រាវ រក​មេ​រោគ​ថ្មីៗ ផ្តល់​ព័ត៌មាន​ទៅ​រាជរដ្ឋាភិបាល​ទៀត​ផង ឧទាហរណ៍៖​ ថ្មីៗ​នេះ លោក​វេជ្ជបណ្ឌិត រីចន័រ បាន​ផ្ញើសារ​លិខិត​១​ទៅ​លោក​ម៉ម ប៊ុនហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ អំពី​ជំងឺ​ប្រភេទ​ថ្មី១ ដែល​បាន​ឆក់​យក​ជីវិត​កុមារ​ ៦០ នាក់​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ដែល​លោក​រេជ្ជបណ្ឌិត​ និង​ក្រុម​ការងារ​របស់​លោក មិន​អាច​សង្គ្រោះ​ជីវិត​កុមារ​ទំាង ៦០​នាក់​នេះ​បាន​។ ជាមួយ​នេះ​គាត់​ក៏​បាន​លើក​សំណើ​ជា​មូលនិធិ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ​ដើម្បី​ទ្រទ្រង់​មន្ទីរ​ពេទ្យ​នេះ ​ឲ្យ​ដំណើរ​ការ​បាន​ ក្នុង​ការ​ជួយ​រំលែក​បន្ទុក​​របស់​រាជ​រដ្ឋាភិបាល​មួយ​ផ្នែក​ធំ​។ ជាង​នេះ​ទៅ​ទៀ​ត ​លោក​វេជ្ជបណ្ឌិត​ ក៏​បាន​រៀបចំ​កម្មវិធី​​ការ​ប្រគំ​តន្ត្រី គឺ​លោក​តែង​កូតវីយ៉ូឡុង​ផ្ទាល់ ​រៀង​រាល់​ល្ងាច​ថ្ងៃ​សៅរ៍ នៅ​មន្ទីរ​ពេទ្យ​ជ័យ​វរ័្មនទី៧ ក្នុង​ខេត្ត​សៀមរាប​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ជួយ​ផ្តល់​ថវិកា សម្រាប់​សកម្មភាព​មន្ទីរពេទ្យ​ទាំង​នេះ​។ ការងារ​របស់​លោក​យ៉ាង​មមាញឹក ស្ទើរ​តែ​ពុំ​មាន​ពេល​លម្ហែ​កាយ​ក្នុង​ជីវិត​របស់​លោក​។ ទង្វើ​ដ៏​ប្រពៃ​ និង​សប្បុរ​សធម៌​ ដ៏​គួរ​ឲ្យ​គោរព​ក្រៃលែង របស់​​លោក​វេជ្ជ​បណ្ឌិត​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បាន​លើក​សរសើរ​គុណ​តម្លៃ ​ហើយ​ខ្លះ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​កិច្ច​ខិតខំ របស់​លោក​ ក្នុង​កិច្ចការ​អភិវឌ្ឍវិស័យ​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​នេះ បើ​ទោះ​បី​ជា​អាយុ​របស់​លោក​ត្រូវ ចូល​និវត្តន៍​ក៏​ដោយ​។

សូម្បី​តែ​អតីត ព្រះ​មហា​វរក្សត្រ​សម្តេច ឪ សីហនុ ក៏​បាន​ចូល​រួម​អបអរ​សាទរ​ចំពោះ​សកម្មភាព​របស់​លោក​វេជ្ជបណ្ឌិត ដែរ​។ តែ​ទោះ​បី​ជា​លោក​វេជ្ជ​បណ្ឌិត​ខិតខំ​យ៉ាង​ដូច្នេះ​ក៏​ដោយ​ ក៏​នៅ​មាន​បុគ្គលិក​មួយ​ចំនួន​តូចជាជនជាតិខ្មែរ​ នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា មិន​ទាន់បាន​ប្រើ​ពាក្យ​សម្តី​​សមរម្យ​ជាមួយ​ បង​ប្អូន​ដែល​មក​ពី​ជនបទ ដែល​ពួក​គាត់​មិន​បាន​ដឹង​ពី​របៀប​របប​នៅ​ទីនោះ នៅ​ឡើយ​ក្តី តែ​ជា​លទ្ធផល​ គឺ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​ របស់​កុមារ​អាយុ​ក្រោម​ ១ ឆ្នាំ​ពី​ ៩៥​ នាក់ មក​ត្រឹម​៤៥ ​នាក់​​ ក្នុង​ចំណោម​កុមារ​កើត​រស់ ១០០០ នាក់​ពី​ឆ្នាំ ២០០០​ ដល់​ ២០១០​ និង​កុមារ​អាយុ​ក្រោម​ ៥ ឆ្នាំ​ពី ១២៤ នាក់​មក​ត្រឹម ៥៤ នាក់​ ក្នុង​ចំណោម​កុមារ​កើត​រស់​១០០០ ​នាក់​ពី​ឆ្នាំ​២០០០ ដល់​២០១០​។ (CDHS,2010)

សំណួរ​សួរ​ថា​ តើ​ប្រសិន​បើ​ផ្អាក​ ឬ​ក៏​បញ្ឈប់​ជំនួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​នេះ តើ​មាន​អ្វី​កើត​ឡើង ចំពោះ​សុខភាព​ និង​អាយុ​ជីវិត​កុមារ​កម្ពុជា​?​ ឬ​ក៏​ជា​ហេតុផល​នយោបាយ ​របស់​រាជ​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ យក​កូនៗ​ទៅ​ទទួល​សេវា​មន្ទីរ​ពេទ្យ​រដ្ឋ ឲ្យ​បាន​ពេញ​លេញ​វិញ​ ដើម្បី​ឲ្យ​ប្រាក់​ហិរញ្ញប្បទាន ​របស់​មន្ទីរ​ពេទ្យ​កើន​ឡើង​ ដើម្បី​ផ្គត់ផ្គង់​គ្រូពេទ្យ​? ប្រសិន​បើ​មាន​យុទ្ធសាស្រ្ត​ ឬ​ក៏​ការ​កែ​ទម្រង់​ដូច្នេះ​ តើ​មន្ទីរ​ពេទ្យ​រដ្ឋ​ បាន​បំពាក់​ឧបករណ៍​គ្រប់​គ្រាន់​ និង​បុគ្គលិក​ពេទ្យ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​ ក្នុង​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ ដូច​នៅ​សេវា​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​?​ បើ​វេជ្ជបណ្ឌិត​ មក​ផ្តុំ​ជុំ​គ្នា​តែ​នៅ​ទីក្រុង ​ទីប្រជុំជន ​និង​គ្លីនិក​ល្បីៗ​ ដូច​នេះ តើ​អាច​ទ្រទ្រង់​កុមារ​ក្រីក្រ និង​នៅ​ជនបទបាន​ទេ​?​តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ? នេះ​គឺ​នៅ​តែ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ដដែល​ហ្នឹង។​

កន្លង​មក​លោក​វេជ្ជ​បណ្ឌិត​ រីចន័រ ធ្លាប់​បាន​រិះ​គន់​ ទៅ​ដល់​ម្ចាស់​ជំនួយ​ ក៏​ដូច​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ថា បាន​ចាយ​លុយ​ខ្ជះខ្ជាយ​ឥត​ប្រយោជន៍​ជា​ច្រើន​ ទិញ​រថយន្ត​ទំនើបៗ​ហ៊ឺហា ពេល​ខ្លះ​ យក​រថយន្ត​អង្គការ​ទៅ​ប្រើ​ជា​របស់​ផ្ទាល់​ខ្លួន​ក៏​មាន​ ធ្វើ​ការ​មិន​មាន​ប្រសិទ្ធ​ភាព ហើយ​លោក​បាន​​ធ្វើ​ការ​ប្រៀបធៀប​ថា ប្រសិន​បើ​គេ​យក​ថវិកា​ទាំង​នោះ​ មក​ជួយ​កុមារ​វិញ​ គឺ​សង្គ្រោះ​ជីវិត​កុមារ​បាន​ច្រើន​នាក់​ណាស់​។ ម្តងម្កាល​លោក​ក៏​ធ្លាប់​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​សុខាភិបាល​មួយ​ ចំនួន​ផង​ដែរ​ អំពី​ភាព​ស្ពឹក​ស្រពន់​របស់​មន្ត្រី​ទាំង​នោះ​ ក្នុង​ការ​ជួយ​សង្គ្រោះ​​អាយុ​ជីវិត​កុមារ​។ តែ​ពុំ​មាន​សកម្មភាព​ណា​មួយ​ប្រែប្រួល នូវ​អ្វី​ដែល​លោក​វេជ្ជ​បណ្ឌិត រីចន័រ បាន​លើក​ឡើង​នេះ​ឡើយ។​

ប្រសិន​បើ​ធ្វើ​ការ​ប្រៀបធៀប​ ពី​ការ​រ៉ៃ​អង្គាស​សប្បុសជន​ ក្នុង​ការ​ផ្តល់​ថវិកា​ តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​នានា​សម្រាប់​ ទាហាន​ដែល​បាន​ស្លាប់​នៅ​ព្រះវិហារ​ក្តី អ្នក​ស្លាប់​ដោយ​សារ​ការ​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ​ក្តី ជន​រងគ្រោះ​ដោយ​សារ​ទឹក​ជំនន់​ក្តី ឃើញ​ថា​មាន​សប្ប​បុរស​ជន​ជា​ច្រើន​ ចូល​រួម​ជួយ​យ៉ាង​សម្បើម​ណាស់​។​

តើ​នេះ​ ជា​ហេតុ​ផល​នយោបាយ ​ដើម្បី​តែ​សន្លឹក​ឆ្នោត ឬ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ឃើញ​ថា​​មាន​ការ​ជួយ​ជ្រោម​ ជ្រែង​យ៉ាង​សកម្ម​នោះ​? ត្រង់​កុមារ​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ ​ដោយ​សារ​ជំងឺ​ ជា​ពិសេស ​កុមារ​ជា​កូន​ប្រជា​ពលរដ្ឋ​ក្រីក្រ ​នៅ​តំបន់​ដាច់​ស្រយាល​ដែល​ទទួល​រងគ្រោះ​ជាង​គេ​នោះ ​ហេតុ​អ្វី​មិន​គិត​ធ្វើ​ការ​រៃ​អង្គាស​ផង​?​ ហេតុ​អ្វី​កិច្ចការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​នេះ ចាំ​តែ​បរទេស​ជួយ​ដូច្នេះ ​ខ្មែរ​ខ្លួន​ឯង​ មិន​ប្រឹងប្រែង​ជួយ​បរិច្ចាគ​ខ្លួន​ឯង​ខ្លះ​ផង? សព្វ​ថ្ងៃ​នេះ អ្នក​ខ្លះ​ខំ​ប្រឹង​គិត​ណាស់​ពី​ការ​ប្រកួត​ប្រជែង​គ្នា​ ភ័យ​ខ្លាច​តែ​រថយន្ត​ខ្លួន​ឯង​ សេរ៊ី​អន់​ជាង​គេ​ ឬ​មិន​ទំនើប​ដូច​គេ ​តែ​ភ្លេច​គិត​កាល​ពី​ខ្លួន​ឯង ​បាន​មក​ធំ​ដឹង​ក្តី​បាន​ប៉ុណ្ណឹង​ ដោយ​សារ​បាន​រស់​ពី​កុមារ​ភាព​ចង់​ស្លាប់​ចង់​រស់​ ជា​ពិសេស​ក្នុង​របប​ខ្មៅ​ងងឹត​ ខ្មែរ​ក្រហម​នោះ​ទេ? សាក​​ល្បង​​ស្វះ​ស្វែងរក​អ្នក​បរិច្ចាគ​តាម​កញ្ចក់​ទូរទស្សន៍​ម្តង​វិញ​មើល តើ​បាន​ផល​ប៉ុនណា​? ឬ​មួយ​ក៏​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទៅ​បាន​សន្លឹក​ឆ្នោត​ទៅ​លោក​ វេជ្ជបណ្ឌិត​រីចន័រ​? ដែល​មិន​បាន​សន្លឹក​ឆ្នោត ដល់​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​នេះ?

កន្លង​មក ទាំង​រាជ​រដ្ឋាភិបាល ​ទាំង​ម្ចាស់​ជំនួយ​ បាន​ធ្វើ​ការ​សាង​សង់​ហេដ្ឋា​រច្ចនា​សម្ព័ន្ធ​បាន​ច្រើន​ហើយ​តាំង​ពី​ទឹក ភ្លើង ផ្លូវ ស្ពាន អគារ​រដ្ឋ ជា​ដើម។ តែ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ថវិកា​ជួយ​សង្គ្រោះ​ជីវិត​កុមារ​ នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ ហេតុ​ដូច្នេះ​ហើយ​ ទាំង​រាជរដ្ឋាភិបាល​ ទាំង​ម្ចាស់​ជំនួយ​ ទាំង​សប្បុរស​ជន​ គួរ​តែ​បង្វែរ​ថវិកា​ មក​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​វិញ​ម្តង ជា​ពិសេស​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មាន​ទាំង​សមត្ថភាព​បុគ្គលិក​មាន​បទពិសោធ និង​សម្ភារ​ព្យាបាល ស្រាប់​។

6 comments:

Anonymous said...

Why pouk TVs like CTN, Bayon don't make special program for poor children? With CPP election or Prah Vihea they do very good. Or they serve only the durty policy.

sreyute said...

I agree with this ideas.

Anonymous said...

KI-Media ,

Could you organize a fund-raising campaign for the benefit of Kanthak Bopha hospital where khmer children died like flies.

Anonymous said...

ជាតិ សាសនា ព្រះមហាក្សត្រ មានស្ថាបន ណាមួយជួយក្មេងខ្មែរបាន ? ជួយផងៗៗ !
នឹកឃើញកាលពីអាពត " អ្នកឈឺ គឺ ខ្មាំង " ត្រូវតែបង្អត់បាយ ឬ ទុកក៏មិនចំណេញ ដកចេញក៏មិនខាត ។ ប្រហែលមានគេយល់ថា
ក្មេងក្រីក្រគឺជាទំពាំងស្អុយ ដែលមិនអាចយកទៅជួសឬស្សីពុកបាន ? អ្នកដឹកនាំត្រូវស្រឡាញ់រាស្រ្តដូចកូនចៅ  ព្រះសង្ឃត្រូវចេះស្រ
ឡាញ់ និងជួយជីវិតសត្វលោក  ទុក្ខរបស់រាស្ត្រជាទុក្ខស្តេចដែរ ?

Anonymous said...

Before you blame other, you should know well the health politic of Dr. Beat Richner.
As most of us know, the organisation of Dr. Beat Richner is also supporting from the Royal Palace.

Anonymous said...

how do you know cambodia did not contribute to the hospital? maybe dr. richner wants the name and fame and the credit for himself only, by doing all this recognizable work and running the hospital by himself. that said, of course, the patients really appreciated dr. richner's good and godly work. it's about the patients, really. think about it, ok! and stop whining here, there, or anywhere, ok! cambodia don't like whiners, you know.