(ថ្ងៃទី 6 សីហា 2012, ម៉ោង 03:12:PM) | ដោយ: សុខ ភក្តី
លោក រ៉ុង ឈុន បានមានប្រសាសន៍ថា "ខ្ញុំបានចុះទៅមើលមណ្ឌលមួយចំនួន នាព្រឹកថ្ងៃទី៦សីហា ឆ្នាំ២០១២ យើងឃើញថា ការដែលសិស្សចូលទៅដល់មណ្ឌលប្រលង មានលក្ខណៈធូររលុង។ បេក្ខជនប្រលង ដាក់សំណៅសរសេរ សម្រាប់ចំលង ក៏ដូចជា ទូរស័ព្ទដៃ យកចូលបានដោយសេរី។ ទី២-យើងមើលឃើញការប្រមូលលុយនៅតាមមណ្ឌលប្រលង ដែលយើងទទួលព័ត៌មានពីតាមខេត្តក្តី និងតាមក្រុងក្តី នៅតែកើតមាន ហើយជាមធ្យម ទាបបំផុត បេក្ខជនប្រលងបាក់ឌុបម្នាក់ ត្រូវចំណាយ ៥.០០០ រៀល ក្នុងមួយមុខវិជ្ជា ហើយនៅកន្លែងខ្លះ អាចឡើងដល់ ១៥.០០០ រៀល ក្នុងម្នាក់"។
មួយវិញទៀត លោក រ៉ុង ឈុន ក៏បានលើកឡើងថា "នៅឆ្នាំនេះ ក៏មានបែកធ្លាយវិញ្ញាសា ដែលបានផ្តល់ព័ត៌មានមកជាបន្តបន្ទាប់ ដោយនៅព្រឹកនេះ ម៉ោងជីវវិទ្យា និងគីមីវិទ្យា បានបែកធ្លាយវិញ្ញាសា។ ក្នុងនោះ ក៏មានព័ត៌មានតាមអ៊ីម៉ែល និងសេចក្តីរាយការណ៍ដល់សមាគមគ្រូបង្រៀន បង្ហាញថា មានប្រធានមណ្ឌលមួយចំនួន សហការជាមួយគ្រូបង្រៀនថ្នាក់ទី១២ បានធ្វើចំលើយលក់ ប៉ុន្តែរឿងនេះ ខ្ញុំកំពុងតាមដានបន្តទៀត មិនទាន់ដឹងថា មណ្ឌលមួយណា ឲ្យបានជាក់លាក់ទេ ក្នុងករណីធ្វើចំលើយលក់នេះ"។
លោក រ៉ុងឈុន បានជំរុញឲ្យក្រសួងអប់រំ ត្រូវបានវិធានការទប់ស្កាត់ លើភាពមិនប្រក្រតីទាំងអស់ខាងលើ បើទោះបីជាព័ត៌មាន ដែលសមាគមទទួលបានក្នុងជំហ៊ានដំបូងនោះ មិនទាន់ពិស្តារក៏ដោយ តែក្រសួងត្រូវតែសហការធ្វើម៉េច ដើម្បីធានាថា កុំឲ្យកើតមាន នៅក្នុងការប្រលងនេះ។
ជារួម លោកគ្រូ រ៉ុង ឈុន បានវាយតម្លៃថា ក្នុងជំហ៊ានដំបូងនេះ សភាពការណ៍ នៅមណ្ឌលប្រលងបាក់ឌុប នៅថ្ងៃដំបូងនេះ មិនមានអ្វីប្រែប្រួលទេ បើធៀបនឹងឆ្នាំមុន គឺនៅតែមានភាពធូរលុង សិស្សចំលងប្រ៊ីយ៉ុងដោយសេរី និងការប្រមូលលុយ សូកដល់គ្រូមេប្រយោគ ជាដើម។
លោក រ៉ុងឈុន បានបន្ថែមថា ភាពធូររលុងនៃការប្រលងបាក់ឌុប នាពេលនេះ ក៏ដូចរៀងរាល់ឆ្នាំកន្លងមក បានប៉ះពាល់ដល់គុណភាពនៃការអប់រំ ថ្នាក់ឧត្តមសិក្សា និងថ្នាក់មធ្យមសិក្សា ដែលមានការធ្លាក់ចុះ នៅកម្ពុជា ក្នុងពេលកន្លងមក។ ម្យ៉ាងទៀត កម្ពុជា នៅឆ្នាំ២០១៥ នឹងធ្វើសមាហរណកម្ម ចូលសហគមន៍ប្រជាជាតិអាស៊ាន ដែលត្រូវការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ហើយទាំងធនធានមនុស្ស ពិសេសយុវជន អីចឹងហើយកម្ពុជា ត្រូវរៀបចំខ្លួន ចាប់ផ្តើមពីពេលនេះទៅ ដើម្បីយើងពង្រឹងគុណភាពអប់រំ ឆ្ពោះទៅទទួលបាននូវធនធានមនុស្សប្រកបទៅដោយគុណភាព សមត្ថភាព ក្នុងការត្រៀមខ្លួនប្រកួតប្រជែង នៅឆ្នាំ២០១៥។
លោក រ៉ុង ឈុន បានគូសបញ្ជាក់ថា "បើសិនជាយើងមិនរៀបចំខ្លួនពីឥឡូវនេះទៅទេ នៅសល់ពេល យើងគិតថា កម្ពុជានឹងមិនមានធនធានមនុស្ស ដើម្បីប្រកួតប្រជែងជាមួយគេ។ កម្ពុជានឹងក្លាយទៅជាប្រទេសអ្នកលក់កម្លាំងពលកម្ម មិនមែនជាប្រទេស ដែលលក់កម្លាំងប្រាជ្ញាទេ"។
នៅឆ្នាំនេះ បេក្ខជន ជាសិស្សថ្នាក់ទី១២ ចំនួន ១១៤.៤១៤ នាក់ បានចូលរួមប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រលងបាក់ឌុប នៅឆ្នាំ២០១២នេះ។ នៅទូទាំងប្រទេស មានមណ្ឌលប្រលងចំនួន ២៥៤ និងចែកចេញជា ៤.៦៦២ បន្ទប់។
ដំណើរការប្រលងបាក់ឌុប មានរយៈពេល ២ ថ្ងៃ កន្លះ ចាប់ពីថ្ងៃទី៦ សីហា ដល់ព្រឹកថ្ងៃទី៨សីហា ឆ្នាំ២០១២។ រីឯលទ្ធផលនៃការប្រលង នឹងប្រកាស នៅថ្ងៃទី៣១ សីហា និងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២៕
1 comment:
សម័យចោរនិងបងធំពីលើដល់ក្រោម
មួយពូជរបស់អ្នកដឹកនាំនិងសំដីជួជាតិ
របស់ហ៊ុន សែន ច្បាប់មិនមានប្រសិទ្ធិភាព
សោះឡើយ ។
Post a Comment