បេក្ខជនខ្លះនាំគ្នាស្រោចទឹកមន្ត |
បេក្ខជននាំគ្នាស្រោចទឹកមន្តនិងទិញវិញ្ញាសារព្រាងត្រៀមប្រឡងថ្ងៃស្អែក
ថ្ងៃ អាទិត្យ 05 សីហា 2012
ដោយ គី សុខលីម
Radio France Internationale
មុនថ្ងៃប្រឡងមួយថ្ងៃ បេក្ខជនប្រឡងបាក់ឌុបនាំគ្នាស្រោចទឹកមន្តនិងទិញវិញ្ញាសារព្រាងត្រៀមប្រឡងថ្ងៃស្អែក។ ការពឹងលើទឹកមន្តឬពឹងលើវិញ្ញាសារព្រាងគឺជារឿងប្រថុយប្រថាន។ អ្វីដែលប្រាកដប្រជានោះគឺចំណេះដឹងពិតរបស់បេក្ខជននីមួយៗ។នៅព្រឹកថ្ងៃអាទិត្យនេះ បេក្ខជនប្រឡងថ្នាក់ទី១២ជាច្រើនរយពាន់នាក់បានមកមើលឈ្មោះប្រឡងទាំងហ្វូងៗនៅតាមសាលានានានៅទីក្រុងភ្នំពេញ។ បន្ទាប់ពីមើលឈ្មោះហើយ ពួកគេនាំគ្នាជជែកគ្នាអំពីមេរៀនខ្លះនិងជជែកគ្នាអំពីវិញ្ញាសារព្រាងសម្រាប់ការប្រឡងថ្ងៃស្អែកខ្លះ។
វិញ្ញាសារព្រាងសម្រាប់ប្រឡងបាក់ឌុបត្រូវបានគេដាក់លក់នៅតាមតូបលក់សៀវភៅនិងលក់កាសែតនៅក្នុងទីក្រុងភ្នំពេញ។ អ្នកលក់វិញ្ញាសារព្រាងបាននិយាយប្រាប់កាលពីព្រឹកមិញថា ពួកគេលក់វិញ្ញាសារដាច់ច្រើនណាស់នៅថ្ងៃនេះ។ សិស្សជាច្រើននាក់បាននាំគ្នាមកឈរតំរៀបគ្នាចាំទិញវិញ្ញាសារព្រាងត្រៀមប្រឡងនៅម្តុំវិទ្យាល័យបឹងកេងកងនៅកណ្តាលទីក្រុងភ្នំពេញ។
បេក្ខជនខ្លះមមាញឹកនឹងទិញវិញ្ញាសារព្រាងប៉ុន្តែសិស្សខ្លះទៀតបាននិយាយប្រាប់វិទ្យុបារាំងទាំងចុងមាត់ចុងករថា ពួកគេបានទៅទទួលទឹកមន្តពីព្រះសង្ឃរួចហើយ។ ទទួលទឹកមន្តពីព្រះសង្ឃអាចជួយពួកគេបានខ្លះដូចជាកុំអោយភ័យជាដើម។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានពន្យល់ថា ទាំងវិញ្ញាសារព្រាង ទាំងការស្រោចទឹកគឺមិនអាចជួយបេក្ខជនអោយប្រឡងជាប់ទេ។ ការស្រោចទឹកគឺជាផ្នែកមួយនៃប្រពៃណីរបស់ខ្មែរតែប៉ុណ្ណោះ។ រឿងជាប់ឬធ្លាក់គឺវាទាក់ទងទៅនឹងចំណេះដឹងផ្ទាល់ខ្លួនរបស់សិស្សម្នាក់ៗ។ រីឯ ចំពោះវិញ្ញាសារព្រាងវិញ លោក រ៉ុង ឈុន បានបញ្ជាក់ថា គឺជាការប្រថុយប្រថានបំផុត។ ដូច្នេះ សូមបេក្ខជនកុំពឹងលើវិញ្ញាសារហេងស៊យនោះ។
ការប្រឡងបាក់ឌុបនៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃចន្ទស្អែក ហើយបញ្ចប់ទៅវិញនៅថ្ងៃពុធសប្តាហ៍ក្រោយនេះ។ បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះមានចំនួនជាង១១ម៉ឺននាក់។
ដើម្បីរក្សាការប្រឡងអោយប្រព្រឹត្តទៅប្រកបដោយសច្ចយុត្តិធម៌នោះ ក្រសួងអប់រំបានចេញបទបញ្ញត្តមួយបិទនៅតាមមណ្ឌលប្រឡងដោយបញ្ជាក់ថា បេក្ខជនណាធ្វើជាមេខ្លោងប្រមូលលុយ ឬណែនាំបេក្ខជនដទៃអោយប្រមូលលុយឬយកលុយទៅអោយអនុរក្សនឹងត្រូងអោយធ្លាក់ជាស័្វយប្រវត្តិនិងផ្អាកមិនអោយប្រឡងរយៈពេល១ឆ្នាំ។
បេក្ខជនលួចចម្លងចម្លើយពីឯកសារព្រាងនឹងត្រូវទទួលបានពិន្ទុសូន្យហើយត្រូវបញ្ឈប់មិនអោយប្រឡងបន្តទៀតនៅក្នុងសម័យប្រឡងនេះតែម្តង។ បេក្ខជនណាប្រើប្រាស់ទូរស័ព្ទនៅក្នុងបន្ទប់ប្រឡងនឹងត្រូវអោយធ្លាក់ជាស័្វយប្រវត្តិនិងផ្អាកមិនអោយចូលរួមប្រឡងរយៈពេល២ឆ្នាំ៕
No comments:
Post a Comment