Friday, August 31, 2012

Viet cafés attract Khmer youths

Vietnamese young girl with her short skirt which is attracted Cambodian people including the students who never like drinking Coffee before here. (Photo: http://leavefreedom.blogspot.com)
បទ​យក​ការណ៍៖​ ហាង​កាហ្វេ​វៀត​ណាម​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​យុវ​វ័យ​កម្ពុជា​

ថ្ងៃសុក្រ ទី31 សីហា ឆ្នាំ2012
​ដោយ ណាត សុភាព និង អៀត ដារ៉ាវុធ
Voice of Democracy

ស្តាប់សំឡេង៖

បច្ចុប្បន្ន​​មាន​​ហាង​កាហ្វេ​​វៀត​​ណាម​​ជា​ច្រើន​ ​កំពុង​​​​តែ​ដំ​ណើរ​​ការ​​នៅ​​ក្នុង​​ប្រ​ទេស​កម្ពុ​ជា​​ ជា​ពិ​សេស ​​រាជ​​ធានី​​​ភ្នំ​​ពេញ​។ ​កាល​​​​ពី​មុន​​ហាង​​​កាហ្វេ​​ជា​​​​ទី​​​កន្លែង​​​សំរាប់​​​មនុស្ស​​​​​ចាស់​​​ជជែក​​​ពី​​​នេះ​​​ពី​នោះ​ ប៉ុន្តែ​នៅ​ពេល​​នេះ ​ហាង​កាហ្វេ​វៀត​​ណាម​ពេញ​​និយម​​សម្រាប់​​យុវ​ជន​​ក្មេង​ៗ​កម្ពុ​ជា​។ ដើម្បី​​ប្រ​កួត​​ប្រជែង​​ទី​ផ្សា​រ​លក់​​កាហ្វេ​​នៅ​​កម្ពុជា​ ថៅ​​កែ​​វៀត​​ណាម​​​ បាន​ចំណាយ​​ដើម​​ទុន​​​ជា​​ច្រើន​ មក​​រក​​ស៊ី​លក់​​កាហ្វេ​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​​ ដោយ​ជួល​​​ស្ត្រី​​​​​វៀត​​​ណាម​​ក្មេង​ៗ​ ឲ្យ​ម​ក​​រត់​​តុ​​ យ៉ាង​​ហោច​​ណាស់​ ​​ហាង​​មួយ​​មាន​​ក្រុម​ស្ត្រី​​ក្មេងៗ​​​យ៉ាង​​​តិច​​៥​​នាក់​​ ដែល​​​ស្លៀក​​សំលៀក​​បំពាក់​​ខ្លី​ៗ ​ដើ​ម្បី​​ទាក់​​ទាញ​​​អារម្ម​ណ៍​​យុវវ័យ​​កម្ពុជា​​។ បុគ្គ​លិក​រត់​​តុ​​​នៅ​​ហាង​​កា​ហ្វេ​​​មួយ​​ ស្ថិត​​នៅ​​ជិត​​ផ្លូវ​​បំបែក​​ចំការ​​ដូង​​ ​អាយុ​​២០​​ឆ្នាំ​​ ឲ្យ​​ដឹង​​ថា ​អ្នក​​ដែល​​ធ្វើ​​ការ​​នៅ​​ទី​​​នោះ ​​ក្នុង​​ម្នាក់​​យ៉ាង​​ហោច​​​ណាស់​​ទទួល​​បាន​​ប្រាក់​​ខែ​​​ពី​​ប៉ែត​​សិប​ប្រំា​​ (85$) ​រហូត​​ដល់​មួយ​​​រយ​​​ម្ភៃ​(120$)​​ដុល្លា​​រ​​​អាមេរិក។​​ បុគ្គ​លិក​​នោះ​​ បន្ត​ថា ​ការ​​រក​​ស៊ី​​នោះ​​មាន​ក្រុម​​ហ៊ុនកាហ្វេ​​នៅ​ប្រទេស​​វៀត​​ណាម​​ផ្តល់​​ជា​​តុ ​ឬ​ទូរទស្សន៍​​ឲ្យ​​ផង​​ដែ​រ​ ​​ប៉ុន្តែ​​​ថៅ​​​ត្រូវ​​បង់​​រំលួស​​ប្រាក់​​ជា​​រៀង​​រាល់​​ខែ​​ឲ្យ​​ក្រុម​​ហ៊ុន​​វិញ​​ ៖”ពាក្យ​ថា​បង់​រំលោះ​ដូច​យើង​ទិញ​របស់​អី​មួយ​អញ្ចឹង​យើង​អត់​មាន​លុយ​យើង​បង់​ម្ដង​បន្តិចៗ​ ដាច់​លុយ​ជា​កម្ម​សិទ្ធិ​របស់​យើ​ង​​ហើយ។​​ គេ​ឲ្យ​កៅអី​ទូរទស្សន៍​ឲ្យ​មក​ហាង​។​អូ! អាហ្នឹងគេ​មាន​ក្រុម​ហ៊ុន​គេ​”​។​



ហាង​​កាហ្វេ​​​​​វៀត​​ណាម​​មួយ​​នៅ​​ក្បែរ​ស្ទឹង​​មាន​ជ័យ មាន​​ស្ត្រី​​វៀត​​ណាម​​ក្មេងៗ​​ស្លៀក​​ពាក់​​ខ្លី​ៗ​ និង​មាន​​សាច់​ពណ៌​សៗ​ អ្នក​ទំាង​​នោះ​បាន​​​អង្គុយ​​នៅ​​ខាង​​មុខ​ហាង​​កាហ្វេ​ដើម្បី​ទទួល​ភ្ញៀវ​។ ​អ្នក​​ដែល​​ធ្លាប់​​ចូល​ហូប​នៅ​​ហាង​​កាហ្វេ​មួយ​​នេះ តែ​ង​​តែ​​អះ​អាង​​ថា ​ហាង​​កាហ្វេ​​​នេះ​​ក៏​មាន​​បម្រើ​ផ្លូវ​​ភេទ​​ផង​​ដែរ។​

យុវវ័យ​​​ឈ្មោះ​​ ពេញ​ ​ប៉ា ​អាយុ​ ១៨​​ឆ្នាំ ​ជា​​សិស្ស​​​​រៀន​ថ្នាក់​​ទី​​១១​​ ​ឲ្យ​​ដឹង​​ថា ​មូល​​ហេតុ​​ដែល​​ធ្វើ​​ឲ្យ​​យុវ​វ័យ​​ទៅ​​ផឹក​​កាហ្វេ​​វៀត​​ណាម​​នោះ​ ​ដោយ​​សា​រ​​នៅ​ក្នុង​​​​ហាង​​នោះ​ មាន​​​ស្ត្រី​​វៀត​​ណាម​​ដែល​​មាន​​សម្រស់​​​ស្រស់​​ស្អាត​​​ ​ទាក់​​ទាញ​​ភ្ញៀវ​ឲ្យ​​ចូល​​ផឹក​​​កា​ហ្វេ​​​នៅ​​ហាង​​នោះ​។ ​លោក​​ថា​ លោក​​​មិន​ហូប​​បាយ​​ក៏​​បាន​​ឲ្យ​​តែ​​បាន​​ផឹក​​កាហ្វេ ៖ "និយាយ​ទៅ​ចង់​ឲ្យ​ខ្ញុំ​ទៅ កន្លែង​នោះ​រាល់​ថ្ងៃ​ម៉ង​ ចង់​ឲ្យ​ខ្ញុំ​ទៅ​ម៉ង​ មាន​ភាព​ទាក់​ទាញ​ខ្លាំង​មាន​មែន​។ ជួនកាល​ អត់​បាយ​ឲ្យ​តែ​បាន​ផឹក​កាហ្វេ ស្លៀក​ខ្លី​ បញ្ចេញ​សាច់​ខ្ចី​ឲ្យ​យើង​មើល​​។ ខ្ញុំ​នៅស្រុក​ ខ្ញុំ​អត់​ដែល​ឃើញ ដ៏​តែ​បាន​ឃើញ​ទាក់ទាញ។​កាល​មុន​ខ្ញុំ​ធ្លាប់​ផឹក​កាហ្វេ​ខ្មែរ​យើង​អត់​មាន​អញ្ចឹង។​ដ៏​ផឹក​កាហ្វេ​ហ្នឹង​ធ្វើ​ឲ្យ​យើង​ទាក់​ទាញ​មែន​ទែន​”។​

លោក ​ពេញ​ សុខ​គា ​អាយុ​​៣៦​​ឆ្នាំ​ ​ជា​​អ្នក​​រត់​​ម៉ូ​តូ​​ឌុប​នៅ​​ភូមិ​ឬ​ស្សី ​រាជ​​ធានី​​ភ្នំពេញ​ និយាយ​​ថា​​​ ​គាត់​​​ផឹក​​កាហ្វេ​ខ្មែរ​​​ពីរ​​​​ដង​​​ក្នុង​​​មួយ​​​ថ្ងៃ​ ​លោក​ថា​នេះ​​ជា​​ចំណង់​​ចំណូល​ចិត្ត​​របស់​​គាត់​។​ លោក​​កត់​​សំគាល់​​ថា ​នៅ​​ពេល​​អនាគត​ខ្មែរ​​ប្រហែល​​​ជា​​មិន​អាច​​ប្រ​កួ​ត​​ប្រ​ជែង​ទី​ផ្សារ​​​​ជា​​មួយ​​​វៀតណា​ម​បាន​នោះ​​​ទេ​​។ ម្យ៉ាង​​ទៀត​​ខ្មែរ​​នឹង​ជួប​ប​ញ្ហា​​ប្រឈម​​​បិទ​​ហាង​​របស់​​ខ្លួន​​ផង​​ដែរ ៖”អត់​ដែល​ទេ ខ្ញុំ​ហូប​តែ​ម៉ូយ​ខ្មែរ​លក់ទេ គឺ​ប្រចាំ​ថ្ងៃ​ក្នុង​ពេល​ព្រឹក​មួយ​កែវធម្មតា​ដល់​ពេល​ថ្ងៃ​ត្រង់​មួយ​កែវទៀត​ទៅ​។ អាហ្នឹង​វា​អត់​មា​នចំណាប់អារម្មណ៍​មក​​ពី​​ការទាក់​ទាញ​ គ្មាន​ក្មេង​ស្រី​ស្អាត ឬ​មិន​ស្អាត​ទេ គឺ​អានេះ​​ចំណង់​​ចំណូល​ចិត្ត​របស់​យើង ហើយ​ណា​មួយ​​​សំខាន់​ថ្វី​ដៃ​អ្នក​ឆុង”​។

ក្នុង​អំឡុ​ង​​​ពេល​​ប្រជា​ជន​វៀត​ណាម ​បាន​​ធ្វើ​​ចំណាក​​ស្រុក​មក​កាន់​កម្ពុជា​ គឺ​​ប្រជា​ជន​កម្ពុជា​កំពុង​តែ​ខ្វះ​​ការ​ងារ​ បាត់​បង់​​ការ​ងារ ​ហើយ​​មិន​​មាន​​ឱកាស​​រក​​ប្រាក់​​ដូច​​មុន​​ទេ។​

ម្ចាស់​​ហាង​​កាហ្វេ​​ខ្មែ​រ​​ម្នាក់​​ឈ្មោះ​ ស្រី​ ស ​អាយុ​​២៧​ឆ្នំា ​នៅ​​ភូមិ​​ឬស្សី ​និយាយ​​ថា​ គាត់​​លក់​​មិន​​សូវ​​ដាច់​​នោះ​​​​ទេ ដោយ​​សារ​​តែ​​កន្លែង​របស់​គាត់​​មិន​​មាន​​បុគ្គ​លិក​ស្រី​ៗ​ ​ដូច​​ហាង​​វៀត​​ណាម ៖”ថា​លក់​ដូចគេ ​មាន​ស្រី​មាន​អី​អញ្ចឹង ខ្ញុំ​ដឹង​តែ​ប៉ះ​ជើង​ហើយ ខ្ញុំ​លក់​មួយ​​ថ្ងៃ​បាន​តែ​ពីរ​ម៉ឺន​មួយ​ម៉ឺន​ជាង អាហ្នឹងទាន់​គិត​ថ្លៃ​ទឹក​កក​ផង ផ្ទះ​ខ្លួន​ឯង​ផង។ គេ​មាន​​ស្រី​​ទឹក​​ភ្លើង​ LCD ​អី​ទៀត​ខ្ញុំ​ដឹង​តែ​ប៉ះជើង​ហើយ ។គេ​វិញ​ខ្ញុំ​មិន​ដឹង​ដែរ មិន​ដឹង​គេ​របៀប​ម៉េច​ផង​” ។

ជាង​​ផ្សារ​ដែក ​លោក ​​ប៉ុន​ រិទ្ធិ ​​អាយុ​​៣០ឆ្នាំ​​ កត់​​​សំគាល់​ថា ​យុវវ័យ​មួយ​​ចំនួន​​​នឹង​​ជួប​​ផល​​ពិបាក​នៅ​​ពេល​​អនាគត ​​​ប្រ​សិន​​បើ​​គាត់​​យក​​ពេល​​សិក្សា​ទៅ​​ផឹក​​កាហ្វេ​។ ​លោក​កត់​សំគាល់​​ថា​ ថៅ​កែ​​វៀត​​ណាម​​មាន​​ហាង​​ច្រើន​​កន្លែង​ ​ហើយ​​បុគ្គលិក​​មាន​​ការ​​ផ្លាស់​​ប្តូរ​​គ្នា​​ទៅ​​វិញ​​​ទៅ​​​មក​ទៀត​ផង​។

ម្ចាស់​​ហាង​​ខ្មែរ​​ម្នាក់​ទៀត​​​អ្នក​​ស្រី​ ម៉ៅ​ និយាយ​​ថា​ ​កាហ្វេ​​ដែល​​គាត់​​លក់​ ​គឺ​យក​​​ពី​​ខេត្ត​​រត​នៈ​គិរី​ និង​​ឡាវ ​ហើយ​​គាត់​​លក់​​ចំណេញ​​បាន​​តិ​ច​​តួច​ សំរាប់​​តែ​​កូន​​ទៅ​​រៀន​​ប៉ុណ្ណោះ​។ អ្នក​​ស្រី​​បន្ថែម​​ថា ​ជន​​ជាតិ​​វៀត​​ណាម​តែ​ង​​តែ​​​មក​​​ហាង​​របស់​គាត់​ ​ដើម្បី​​បញ្ចុះ​​បញ្ចូល​​គាត់​ឲ្យ​​​ទិញ​​កាហ្វេ​​នោះ​​លក់​បន្ត​​ ហើយ​​​ក្រុម​ហ៊ុន​​នឹង​​មាន​​កៅ​​អី ​តុ ​ឲ្យ​​ផង​​ដែរ​ ប៉ុន្តែ​​អ្នក​​ស្រី​​មិន​​ព្រម​​ទិញ​​នោះ​​ទេ ៖”សួរ​ចុះ​ឡើង​បង​ឯង​ជួយ​សាក​កាហ្វេ​នេះ​មួយ​ ចាំ​ខ្ញុំ​ទិញ​កៅអី​តុ​អីដាក់​ឲ្យ​ ។កូពីជា​ក្រដាស​ប៉ុណ្ណឹង​មា​នតុ​ប៉ុន្មាន​កៅអីប៉ុន្មាន​​ ហើយ​មាន​រង្វាន់​ទៀត​ ។​ចង់​និយាយ​ថា មួយ​ខែពីរ​បី​ខែ​គេ​សរ៉ុប​យើង​យក​ប៉ុន្មាន​គីឡូ​អញ្ចឹង គេ​នឹង​ផ្ដល់​រង្វាន់​ឲ្យ​យើងទៀត តែ​យើង​មិន​ដឹង​ថា​រង្វាន់​អីទេ។​ខ្ញុំ​មិន​ដែលទេ ខ្ញុំ​មិន​ដែល​រវីរវល់ ចែក​ចេះ​តែយក​ទុក​ទៅ តែខ្ញុំអត់​ប្រើ។ក្រោយ​មក​វា​ចេះ​តែ​មក​សួរ​យើង​ដែរ គិត​ម៉េច​ប្រាកដ​ថា​ស្អែក​យក​របស់​គេអ​ត់​?​​ខ្ញុំ​​ថា​អត់​”​។​​

វា​គឺ​ជា​ការ​​លំបាក​​បំផុត​​ នៅ​ពេល​​ដែល​​ហាង​​កាហ្វេ​បាន​កើន​​ឡើង​ ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ នៅ​ក្នុង​​​ប្រទេស​កម្ពុជា​។ ​ប្រជា​​ពល​​រដ្ឋ​​កម្ពុជា​​​ជា​ច្រើន​​មិន​​មាន​​ការងារ​​ធ្វើ​​ ប៉ុន្តែ​​ពួក​គេ​​នៅ​​តែ​​ត្រូវ​​ចំណាយ​​ពេ​ល​ និង​​ប្រាក់​​កាស​​​សម្រាប់​​ទិញ​កាហ្វេ​ និង​​មើល​​ស្រ្តី​​វៀត​ណាម​​ក្មេងៗ​។

ទោះ​​ជា​​យ៉ាង​​ណា ​ប្រធាន​ការិយា​ល័យ​​ស៊ើប​​អង្កេ​ត​​នាយក​​ដ្ឋាន​​អន្តោ​ប្រវេសន៍​ លោក​ កុសល ​មុន្នី ​មាន​ប្រសាសន៍​ថា​ គាត់​​មិ​ន​​បាន​​ដឹ​ង​​​ពី​​​ជន​​អន្តោ​ប្រវេសន៍​ចូល​​ក្នុង​​ប្រទេស​​កម្ពុជា​ទេ​ ៖”ខ្ញុំ​អត់​ដឹងទេអារឿងអីណា វៀតណាម​ចូលណា​ខ្ញុំ​អត់​ដឹងទេ ។​ខ្ញុំ​អត់​ដឹង​ដែរ​នេះ​ ។​ខ្ញុំ​អត់​ដឹង​មែន​ឲ្យ​ខ្ញុំ​ឆ្លើយ​ថា​ម៉េច ។​បាទ!​ចៅ​អាច​ជួយ​ទាក់​ទង​វា​ចូល​តាម​ណា​ សួរ​គេ​ខាង​ហ្នឹង​ទៅ ខ្ញុំ​នៅ​ក្នុង​ភ្នំពេញ​ដែរខ្ញុំ​ម៉េច​ដឹង​។​បាទ!​ខ្ញុំ​អត់​មាន​ ខ្ញុំ​អត់​ដឹង​ អូ​! អត់​ដឹង​មែន​” ។

អ្នក​​ស្រាវ​​ជ្រាវ​​ជាន់​​ខ្ពស់​​ ​​លោក​ កែម​​ ឡី ​កត់​​សំគាល់​​ថា​​ ការ​​អនុវត្ត​​ច្បាប់​សញ្ជាតិ ​និង​​​ច្បាប់​​គ្រប់​​គ្រង​​ជន​​អន្តោ​ប្រវេសន៍​នៅ​​ខ្វះ​​ចន្លោះ​នៅ​​ឡើយ​ ជា​​ហេតុ​​ធ្វើ​​ឲ្យ​​ជន​​ជាតិ​​មក​ជំនួស​​មុខ​​របរ​ពី​​ប្រជា​​ពល​រដ្ឋ​​ខ្មែរ​​ផង​​ដែរ​ ៖” ​​​​យើង​ព្រួយ​បារម្មណ៍ បញ្ហា​ហ្នឹង​ជិត​២០​ឆ្នាំ​ហើយ​ គឺ​ដោយសារ​តែ​​រដ្ឋាភិបាល​មិន​បាន​គ្រប់​គ្រង​ឲ្យ​​បាន​ច្បាស់​លាស់​អំពីច្បាប់​ពីរ។​ ទី​មួយ​គេ​ហៅ​ថា​ច្បាប់​សញ្ជាតិ។ ទីពីរ​គេ​ហៅ​ថា​ច្បាប់គ្រប់​គ្រង​ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​នៅស្រុក​ខ្មែរ​យើង​ហ្នឹង​។​រឿង​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន៍​នេះ ​និយាយ​ហើយ​និយាយ​ទៀត យើង​ក៏​មាន​ការ​ព្រួយ​បារម្មណ៍​ដែរ។ អញ្ចឹង​ហើយ​បាន​ជាប្រជាជន​ខ្មែរ​យើង​ធ្វើ​ចំណាក​ស្រុក​ច្រើន​ ដោយ​សារ​​មាន​អ្នក​មក​ជំនួស​កន្លែង​ការងារ​របស់​យើងទាំង​របរ ទាំង​រក​ស៊ី ទាំង​ក្រុម​ហ៊ុន​ផ្សេងៗ”​។

លោក​ប​ន្ត​​ថា ​យុវ​​ជន​​ដែល​​​មាន​​អាយុ​​ចាប់​​ពី​​១៥ឆ្នាំ​ ដល់​៣០​ឆ្នាំ​ ​​ជិត​មួយ​​លាន​នាក់​​ ក្នុង​​ចំណោម​បួន​​លាន​​នាក់់​ ដែល​​មិន​​បាន​​សិក្សា​​ ហើយ​​កំពុង​​ស្ថិត​​នៅ​​ក្នុង​​ស្ថាន​ភាព​​គ្រោះ​​ថ្នាក់ ​ដោយ​​សារ​ពួក​​គេ​​ធ្វើ​​ការ​​នៅ​​កន្លែង​​ដែល​​មាន​​ហានិ​ភ័យ​​ខ្ពស់​​។

និយាយ​​​ពី​​ចំនួន​​ហាង​​កាហ្វេ​​នៅ​​​វៀត​​ណាម​ ​ដែល​​កំពុង​​តែ​​ដំណើរ​ការ​​នៅ​កម្ពុជា ​នាពេលប​ច្ចុប្បន្ន​​ គឺ​​មិន​មាន​​តួ​​លេខ​​ជាក់​​​លាក់​​​នោះ​​ទេ​។​​ មន្ត្រី​​នៅ​​តាម​​ខណ្ឌ​​នានា​​នៅ​​ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ ​មិន​​អាច​​​ទាក់​​ទង​​ដើម្បី​​បាន​​ដឹ​ង​ពី​​តួ​​លេខ​​នេះ​​ឡើយ។ ​​រដ្ឋ​​លេខា​​ធិកា​រក្រសួង​​ពាណិជ្ជ​​កម្ម​ លោក​ ម៉ៅ ​ថូរ៉ា​ ឲ្យ​ដឹ​ង​ថា ​ការ​​ធ្វើ​​អាជី​វ​កម្ម​ខ្នាត​​ធំ​ៗ ​ទើប​​​​ក្រុម​​ហ៊ុន​ ឬ​​ហាង​​នោះ​​ត្រូវ​​មក​​ចុះ​​បញ្ជី​​តាម​​ច្បាប់​ ​តែ​​បើ​​ហាង​​តូច​ៗ​​ចុះ​​បញ្ជី​​ត្រឹម​​តែ​​ឃុំ-សង្កាត់ ​ឬ​ខណ្ឌ​​ប៉ុណ្ណោះ​។

​នៅ​​រយៈ​​ពេល​​ចុង​​ក្រោយ​​នេះ​ ទី​តំា​ង​​ហាង​​កាហ្វេ​​វៀត​​ណា​ម ដែ​ល​​មាន​​ស្ត្រី​​ក្មេងៗ​ នៅ​ទូទំាង​​ប្រទេស​​ ជា​​ពិសេស​​ទំា​ង​​៩ខណ្ឌ ​​ក្នុង​​រាជ​​ធានី​​ភ្នំ​ពេញ​ កំពុង​​តែ​​ធ្វើ​ឲ្យ​​យុវ​វ័យ​​ដែល​មាន​​អាយុ​​ចាប់​​ពី​​១៥​​ឆ្នាំ​ ដល់​​៣០​ឆ្នាំ​ ភាគ​​ច្រើន​ ពួក​​គេ​​ចាប់​​ចិត្ត​ ហើយ​​ក៏​​មាន​យុវ​ជន​​ខ្មែរ​ជា​​ច្រើន​ ​បាន​យក​​ហាង​​កាហ្វេ​ទំាង​នោះ ​ជាក​ន្លែង​​គេច​​វេះ​​ពី​សាលា​​ផង​​ដែរ​៕

2 comments:

Anonymous said...

These young generations are smart. They'd figure, if the Vietnamese take our land, we'll take the women.

Anonymous said...

To 4:22 AM
We fight Yuon to get our lands back, and kick out their women !!!