Monday, September 17, 2012

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ករណី​ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ

ដោយ តាំង សារ៉ាដា
http://www.rfa.org/khmer - 2012-09-16

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​នៅ​លើ​ ឆាក​អន្តរជាតិ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​សំលាប់​ពលរដ្ឋ​ខ្មែរ​ ក្រៅ​ប្រព័ន្ធ​ច្បាប់ ដោយ​ក្រុម​យោធា​ការពារ​ព្រំដែន​ថៃ នៅ​តាម​ជាយ​ដែន​កម្ពុជា-​ថៃ។

Photo provided by family

ពលរដ្ឋ​រស់​នៅ​ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ឈ្មោះ ជា គីមឡុង ស្លាប់​ដោយសារ​ទាហាន​ថៃ បាញ់ កាល​ពី​អំឡុង​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១២ ក្នុង​ពេល​ឆ្លង​ដែន​ចូល​ដី​ថៃ កាប់​ឈើ​ខុស​ច្បាប់។

របាយការណ៍​របស់​ក្រុម​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក កងទ័ព​ថៃ បាន​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៦០​នាក់។ មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ព្រមាន​ថា ការ​បាញ់​សម្លាប់​នេះ​កំពុង​ឋិត​ក្នុង​សភាព​ប្រកាស​អាសន្ន​មួយ ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។

អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​ករណី​ទាហាន​ថៃ បាញ់​សំលាប់​ពលរដ្ឋ​កម្ពុជា ធ្វើ​ជា​ប្រធានបទ​ក្នុង​ការ​ជជែក​ជាមួយ​ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ជា​ សមាជិក​អាស៊ាន ដើម្បី​ឲ្យ​ប្រទេស​ទាំង​នោះ ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​ទីក្រុង​បាងកក ឲ្យ​ចាត់​វិធានការ​លុបបំបាត់​ឧក្រិដ្ឋកម្ម​នេះ និង​ផ្ដន្ទាទោស​ជន​ដៃដល់។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ ទី​១២ កញ្ញា ថា រដ្ឋាភិបាល​ខ្មែរ​គួរ​បញ្ជូន​កំណត់ហេតុ​ការទូត​អំពី​ចំនួន​ជនរងគ្រោះ និង​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទាហាន​ថៃ បាញ់​ប្រហារ តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-​ថៃ​នោះ​ទៅ​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​ជា​សមាជិក​អាស៊ាន ឬ​អង្គការ​សហប្រជាជាតិ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​បញ្ឈប់​អំពើ​មនុស្ស​ឃាត​ក្រៅ ​ប្រព័ន្ធ​ច្បាប់ និង​ជួយ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

សេចក្ដី​អំពាវនាវ​របស់​លោក អំ សំអាត ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​កងទ័ព​ថៃ នៅ​តែ​បន្ត​បាញ់​សំលាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ ឬ​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ថៃ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​ចាត់​ទុក​ថា អំពើ​ប្រហារ​ជីវិត​ពលរដ្ឋ​ខ្មែរ​ដោយ​យោធា​ថៃ ជា​អំពើ​ឧក្រិដ្ឋកម្ម ដែល​ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់​របស់​ប្រទេស និង​ច្បាប់​អន្តរជាតិ ហើយ​ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បាន​ចេញ​ផ្សាយ​ថា គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​២០១២ នេះ ទាហាន​ថៃ បាន​សំលាប់​ពលរដ្ឋ​ខ្មែរ​ចំនួន ៣៨​នាក់ និង​បណ្ដាល​ឲ្យ​រង​របួស​ចំនួន ១០​នាក់ និង ១៩៤​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ពី​ការ​លួច​ឆ្លង​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់។

មន្ត្រី​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ នៅ​មិន​ទាន់​អាច​ឆ្លើយ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​កាន់​អំណាច​បាន​បង្ហាញ​ពី​ការ​យក​ ចិត្ត​ទុក​ដាក់​របស់​សភា​កម្ពុជា ដែល​គ្រោង​លើក​យក​ករណី​ទាហាន​ថៃ បាញ់​សំលាប់​ពលរដ្ឋ​ខ្មែរ​នេះ​ដាក់​ចូល​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​ អន្តរ​សភា​អាស៊ាន​លើក​ទី​៣៣ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ពេល​ខាង​មុខ។

តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​ថា លោក​នឹង​ស្វែង​រក​យន្តការ​អន្តរជាតិ​មួយ​ដើម្បី​ជំរុញ​ឲ្យ​ភាគី​ថៃ បញ្ឈប់​អំពើ​ឧក្រិដ្ឋកម្ម​តាម​ព្រំដែន។

លោក ជាម យៀប ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ភាគី​ថៃ ដែល​មិន​ទាន់​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​នៅ​តាម​ការ​ស្នើ​របស់​កម្ពុជា តាម​រយៈ​កំណត់ហេតុ​ទូត​កន្លង​មក ដែល​កម្ពុជា​បាន​ស្នើ​ឲ្យ​ភាគី​ថៃ បញ្ចប់​ការ​បាញ់​សំលាប់​ពលរដ្ឋ​កម្ពុជា។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ការ​បាញ់​សំលាប់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ករណី​បាន​ចាប់​ផ្ដើម​កើត​ឡើង​ក្រោយ​ ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ កាល​ពី​ឆ្នាំ​២០០៨។

របាយការណ៍​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក ពលរដ្ឋ​ខ្មែរ​ចំនួន ៥៦​នាក់ ត្រូវ​បាន​ទាហាន​ថៃ បាញ់​សម្លាប់។ ជន​រងគ្រោះ​ស្លាប់​ច្រើន​ជាង​គេ​នៅ​ខេត្ត​ឧត្តរមានជ័យ ជា​ខេត្ត​ជាប់​ព្រំដែន ខេត្ត​ស៊ីសាកេត និង​ខេត្ត​សុរិន្ទ របស់​ថៃ។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ពី​ក្រៅ​ប្រទេស​ថា ថៃ​មាន​ចេតនា​ចង​គំនុំ​ដោយសារ​ជម្លោះ​ព្រំដែន។

លោក ចាន់ សុវ៉េត បញ្ជាក់​ថា មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ផ្ញើ​របាយការណ៍​ទៅ​រដ្ឋាភិបាល​ថៃ កាល​ពី​ឆ្នាំ​២០១១ ដើម្បី​ជំរុញ​ឲ្យ​ទាហាន​ថៃ​បញ្ឈប់​ការ​បាញ់​សំលាប់​ពលរដ្ឋ​ខ្មែរ និង​ផ្ដន្ទាទោស​ឧក្រិដ្ឋជន​ទាំង​នោះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ថៃ នៅ​មិន​ទាន់​ចាត់​វិធានការ​នៅ​ឡើយ។

លោក ចាន់ សុវ៉េត បន្ត​ថា ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ត្រូវ​ស្វែង​រក​យន្តការ​អន្តរជាតិ​បន្ថែម ដើម្បី​ប្ដឹង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​រង​ការ​សំលាប់​ក្រៅ​ច្បាប់​ជា​បន្តបន្ទាប់​ពី​សំណាក់​កងទ័ព​ថៃ។

ទាក់ទង​នឹង​ការ​បាញ់​ប្រហារ​របស់​កងទ័ព​ថៃ មក​លើ​ពលរដ្ឋ​ខ្មែរ​នេះ​ដែរ ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​បាន​ជំរុញ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​យោធា​ថៃ ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទាំង​នោះ​ជំនួស​ការ​បាញ់​ ប្រហារ។ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​បាងកក បាន​អះអាង​ថា កងទ័ព​ថៃ គ្រាន់​តែ​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ប្រើ​កំលាំង​ប្រដាប់​អាវុធ​របស់​ កម្ពុជា តែប៉ុណ្ណោះ។

ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក៏​ធ្លាប់​កើត​មាន​ដែរ កាល​ពី​អំឡុង​ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​រដ្ឋាភិបាល​ថៃ បាន​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជា​ជន​ភៀស​ខ្លួន​រាប់​ម៉ឺន​នាក់​ទៅ​ប្រទេស​ កម្ពុជា ទាំង​បង្ខំ។

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ផ្សាយ​នៅ​ឆ្នាំ​១៩៩៧ បញ្ជាក់​ថា យោធា​ថៃ បាន​ភ្ជង់ និង​រុញ​ទម្លាក់​ជន​ភៀស​ខ្លួន​ខ្មែរ​ប្រមាណ ៤​ម៉ឺន​៥​ពាន់​នាក់ រួម​មាន​កូន​ក្មេង មនុស្ស​ចាស់​ជរា និង​ស្រ្តី ពី​លើ​ខ្នង​ភ្នំ​ដងរែក​ចូល​ចម្ការ​មីន​ក្នុង​ទឹក​ដី​ខ្មែរ ដែល​បណ្ដាល​ឲ្យ​មនុស្ស​រាប់ពាន់​នាក់​ស្លាប់ និង​របួស៕



No comments: