Wednesday, September 26, 2012

បើពហិការ មិនប៉ះពាល់ដល់ ការបោះឆ្នោតទេ ម៉េចក៏ ហ៊ុនសែនខំយក មកនិយាយធ្វើអី?

នាយករដ្ឋមន្រ្ដី៖ ពហិការ របស់គណបក្សមួយចំនួន មិនប៉ះពាល់ដល់ ដំណើរការ​ បោះឆ្នោតជាតិ ឆ្នាំ២០១៣ឡើយ

Tuesday, 25 September 2012
ដោយៈ ដើមអម្ពិល (DAP)

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ទោះបីមានគណបក្សនយោបាយមួយចំនួន មិនចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៥ ឆ្នាំ២០១៣ នោះក៏ដោយ ក៏មិនបានប៉ះពាល់ដល់ដំណើរការ បោះឆ្នោតឡើយ។

នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅថ្ងៃទី២៥ ខែកញ្ញា នាមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រថា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ខាងមុខ នឹងមានដំណើរការធម្មតា ទោះបីមានគណបក្សនយោបាយ មួយចំនួន មិនចូលរួមក្នុងការបោះឆ្នោតនោះក៏ដោយ ហើយថា គណបក្សនយោបាយ ចូលរួមបោះឆ្នោតនោះ ត្រៀមខ្លួន ទទួលយកសំឡេង ដែលបានមកពីការធ្វើ ពហិការរបស់គណបក្សទាំងនោះ «បក្សនានាត្រៀមខ្លួនឲ្យហើយទៅ សំឡេងឆ្នោតណាដែលមិនបោះ ឲ្យគណបក្សប្រជាជន បោះឲ្យគណបក្ស ដែលគេចូលរួមទៅ ដល់ចាញ់គេ ទៅខឹងអាបៀត (អាជ្ញាកណ្តាល) ម្ស៉ាងរបស់គេដែរ”

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ការមិនចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ ឆ្នាំ២០១៣ របស់គណបក្សនយោបាយ មួយចំនួន គឺសិទ្ធិរបស់ ពួកគេ តែច្បាប់គឺច្បាប់ មិនត្រូវយកឆន្ទៈនយោបាយ មកឡូកឡំគ្នានោះទេ។


សម្ដេចតេជោ បន្ថែមទៀតថា មានគណបក្សមួយចំនួន បានទៅស្វែងរកជំនួយពីបរទេស និងអាណិកជនខ្មែរ មួយចំនួន សម្រាប់យកមកទ្រទ្រង់គណបក្ស តែបែរជាមួយចំនួនទៀត យកជំនួយនោះ មកចិញ្ចឹមប្រពន្ធចុង ទៅវិញ។

ទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានបញ្ចេញឈ្មោះ គណបក្សនយោបាយណាមួយក៏ដោយ ក៏ គេដឹងថា ជាគណបក្សប្រឆាំងទាំងពីរដែរ ដែលនាពេលកន្លងមក គណបក្សទាំងពីរនោះ បានលើកឡើងថា ប្រសិនបើការបោះឆ្នោតគ្មានការប្រែប្រួល យន្តការបោះឆ្នោតនៅដដែល គ្មានការផ្លាស់ប្តូរ សមាសភាព គ.ជ.ប. នោះ ពួកគេនឹងពិចារណាមិនចូលរួមបោះឆ្នោត។

អ្នកនាំពាក្រគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ ក្នុងសន្និសីទកាសែត បន្ទាប់ពីដឹកនាំសមាជិករបស់ខ្លួន និងសមាជិករបស់គណ បក្ស សិទ្ធិមនុស្ស ទៅជួបជាមួយតំណាងក្រសួងមហាផ្ទៃ ពិភាក្សាគ្នាលើការរៀបចំសមាសភាព គ.ជ.ប. ហើយនោះ បានឲ្យដឹងថា គណបក្សរបស់ខ្លួននឹងពិចារណា មិនចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៥ ប្រសិនបើការបោះឆ្នោត គ្មានការប្រែប្រួល «ខ្ញុំសូមបញ្ជាក់ថា យើងខ្ញុំនឹងពិចារណា នឹងអាចមិនចូលរួម ក្នុងការបោះឆ្នោត ប្រសិនការបោះឆ្នោតគ្មានការប្រែប្រួល អ្វីទាំងអស់»។

លោកបន្តថា គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅតែប្រកាន់ជំហរ ជួបជាមួយក្រសួងមហាផ្ទៃ និងគណបក្សប្រជាជានកម្ពុជាដដែល ទាក់ទងនឹងការចង់ ឲ្យមានការផ្លាស់ប្តូរសមាសភាព គ.ជ.ប. ដើម្បីឲ្យការបោះឆ្នោត នាឆ្នាំ២០១៣ អាចទទួលយកបានទាំងអស់គ្នា។

ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដនីតិកាលទី៥ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៣ ខាងមុខ៕

No comments: