ដោយ ទីន ហ្សាការីយ៉ា 2012-09-20 www.rfa.org
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងថា បញ្ហារំលោភសិទ្ធិមនុស្ស និងការបណ្ដេញចេញពីលំនៅឋាននៅកម្ពុជា នៅតែជាបញ្ហាក្ដៅគគុក និងធ្ងន់ធ្ងរនៅឡើយ។
ក្រុមមន្ត្រីការពារសិទ្ធិមនុស្សអន្តរជាតិ
បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២០ កញ្ញា ដោយចាត់ទុកថា
ការបណ្ដេញចេញ និងការប្រើអំពើហិង្សាជាប្រព័ន្ធនោះ
គឺរដ្ឋាភិបាលកំពុងតែធ្វើសង្គ្រាមជាមួយប្រជាពលរដ្ឋក្រីក្ររបស់
ខ្លួន។
អង្គការសិទ្ធិមនុស្សអន្តរជាតិមានមូលដ្ឋាននៅប្រទេសបារាំង
និងនៅប្រទេសថៃ បានចេញសេចក្ដីថ្លែងការណ៍ថា បញ្ហាដីធ្លី
និងសិទ្ធិលំនៅឋាន ជាករណីកើតមានជាប្រព័ន្ធ
ដែលបង្កឲ្យមានអំពើហិង្សា
ដោយអាជ្ញាធររដ្ឋាភិបាលបង្ក្រាបទៅលើប្រជាពលរដ្ឋនោះ
កំពុងតែកើនឡើងនៅកម្ពុជា។
សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (International Federation for
Human Rights) នៅថ្ងៃទី២០ កញ្ញា
បានចេញសេចក្ដីថ្លែងការណ៍សង្ខេបមានចំណងជើងថា បញ្ហាដីធ្លី
និងសិទ្ធិលំនៅឋាន នៅតែបន្តកើតមានអំពើហិង្សាជាប្រព័ន្ធ
និងធ្ងន់ធ្ងរ នៅក្នុងបរិយាកាសនៃអំពើហិង្សា។
សេចក្ដីថ្លែងការណ៍នោះ សរសេរថា
កម្ពុជាបានបង្កើតឲ្យមានវិបត្តិសិទ្ធិមនុស្សធ្ងន់ធ្ងរ ពីព្រោះថា
បញ្ហាដីធ្លី និងការបណ្ដេញចេញពីលំនៅឋាន បានកើតមានជាប្រព័ន្ធ
ដោយប្រើប្រាស់ប្រព័ន្ធតុលាការ និងមធ្យោបាយក្រៅប្រព័ន្ធយុត្តិធម៌
ដើម្បីធ្វើទុក្ខបុកម្នេញ បំភិតបំភ័យ
ទម្លាក់កំហុសទៅលើសកម្មជនសិទ្ធិមនុស្សកាន់តែកើនឡើង។
សេចក្ដីថ្លែងការណ៍សរសេរថា មកដល់ខែសីហា ឆ្នាំ២០១២
រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនជាង ២០០
មានផ្ទៃដីជាង ២,១លានហិកតារ (២.១៥៧.៧៤៤)។
ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ កន្លែងខ្លះបង្កឲ្យមានអំពើហិង្សា
និងរំលោភទៅលើច្បាប់ភូមិបាលឆ្នាំ២០០១
និងពុំបានសិក្សាអំពីផលប៉ះពាល់ច្បាស់លាស់ទេ ដូចជាបញ្ហាបរិស្ថាន
និងការវាយតំលៃអំពីផលប៉ះពាល់សង្គមជាដើម។
ប្រធានសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស អ្នកស្រី ស៊ូហាយរ៍
ប៊ែលហាស៊ិន (Shouhayr Belhassen) មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា
ហាក់បីដូចជាកំពុងធ្វើសង្គ្រាមជាមួយប្រជាពលរដ្ឋខ្លួនឯង
និងធនធានកម្រ ពិសេសដីធ្លី។ អ្នកស្រីបញ្ជាក់ថា
នៅក្នុងប្រទេសមួយដែលមិនគោរពសិទ្ធិ
និងរំលោភសិទ្ធិប្រជាពលរដ្ឋរបស់ខ្លួននោះ
គឺប្រទេសនោះមិនអាចរួមចំណែកសន្តិភាពជាអន្តរជាតិបានទេ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា លោក ឱម យ៉ិនទៀង មិនធ្វើអត្ថាធិប្បាយចំពោះបញ្ហានេះទេ។
ដោយឡែកមន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
មានប្រសាសន៍ថា ការលើកឡើងអំពីសិទ្ធិមនុស្សនៅក្នុងរបាយការណ៍នេះ
គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេ
ពីព្រោះជាសិទ្ធិរបស់អង្គការអន្តរជាតិមួយនេះ។
ផ្ទុយទៅវិញ លោក ផៃ ស៊ីផាន អះអាងថា
រដ្ឋាភិបាលបានដោះស្រាយបញ្ហាសិទ្ធិមនុស្សតាមរយៈការអភិវឌ្ឍន៍
និងការពង្រឹងការគោរពសិទ្ធិមនុស្សកន្លងមក៖ «បញ្ហាហ្នឹងជាបញ្ហា
មួយសម្រាប់គោលនយោបាយរបស់គេ ដើម្បីបន្តុះបង្អាប់រដ្ឋាភិបាលទេ។
នៅក្នុងបញ្ហាហ្នឹងយើងបានដោះស្រាយច្រើនហើយតើ! សូម្បីករណីបឹងកក់
បុរីកីឡា យើងបានដោះស្រាយជាបណ្ដើរៗហើយតើ!»។
ទោះបីជាយ៉ាងនេះក្ដី
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ
សំអាត បានពន្យល់ថា បញ្ហាគោរពសិទ្ធិមនុស្សនៅកម្ពុជា
និងនិទណ្ឌភាពនៅកម្ពុជា នៅតែកើតមានច្រើន។
លោក អំ សំអាត បានលើកជាឧទាហរណ៍
ដូចជាករណីឃាតកបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី
ករណីលោក ឈូក បណ្ឌិត បាញ់ទៅលើហ្វូងកម្មករ
ករណីសម្លាប់អ្នកកាសែតនៅខែត្ររតនគិរី
ករណីតុលាការចោទប្រកាន់មន្ត្រីការពារសិទ្ធិមនុស្ស លោក ចាន់ សុវ៉េត
ករណីចាប់ខ្លួនលោក ម៉ម សូណង់ដូ តុលាការបានចាប់ខ្លួនអ្នកភូមិបឹងកក់
បុរីកីឡា គឺអ្នកស្រី យ៉ោម បុប្ឆា អ្នកស្រី ទឹម សាក់មុន្នី
និងករណីផ្សេងៗទៀត។
អគ្គលេខាធិការរងនៃសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស
បានលើកឡើងថា
រដ្ឋាភិបាលគួរតែអនុវត្តតាមកាតព្វកិច្ចក្រោមសន្ធិសញ្ញាស្ដីពីសិទ្ធិ
មនុស្ស ដែលខ្លួនបានចុះហត្ថលេខា
មិនមែនចុះហត្ថលេខាហើយយកក្រដាសនោះទៅបោះចោលនោះទេ។ លើសពីនេះទៀត
ការប្រើអំពើហិង្សាកាន់តែកើតមានច្រើននៅពេលមានការបណ្ដេញចេញ
រដ្ឋាភិបាលបានច្រានចោលនូវការរិះគន់ការតវ៉ាដោយសន្តិវិធី
និងប្រើរូបភាពតុលាការ ដើម្បីប្រឌិតបង្ក្រាបទៅលើអ្នករិះគន់ទៅវិញ។
សេចក្ដីថ្លែងការណ៍របស់សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស
បានសរសេរទៀតថា
របាយការណ៍របស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុក
សិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi)
ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ដែលផ្ដោតសំខាន់ទៅលើបញ្ហាជម្លោះដីធ្លី
និងការបណ្ដេញចេញដោយបង្ខំមិនថយចុះនៅកម្ពុជានោះ
គេនឹងយកទៅធ្វើបទបង្ហាញនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស
នៅថ្ងៃទី២៥ កញ្ញា ខាងមុខ។
នៅថ្ងៃទី២៦ កញ្ញា បន្ទាប់ពីលោក សុរិយា ស៊ូប៊ែឌី
ធ្វើបទបង្ហាញរបាយការណ៍របស់លោកនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរួច
ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ នឹងមកជួបជាមួយរដ្ឋាភិបាលកម្ពុជា
នៅទីក្រុងភ្នំពេញ
ដើម្បីប្រជុំជាមួយគណៈកម្មាធិការសម្របសម្រួលដៃគូអភិវឌ្ឍន៍។
នៅក្នុងកិច្ចប្រជុំនោះ
គេនឹងទាមទារឲ្យដៃគូអភិវឌ្ឍន៍ទាំងអស់លើកឡើងអំពីការព្រួយបារម្ភ
អំពីស្ថានភាពសិទ្ធិមនុស្សអាក្រក់នៅកម្ពុជា
និងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយនូវស្ថានភាពរំលោភសិទ្ធិមនុស្សកន្លង
មក និងស្ថានភាពបច្ចុប្បន្ន៕
No comments:
Post a Comment