សមត្ថកិច្ចចម្រុះពិនិត្យទំនិញមួយកុងតឺន័រ មានសារធាតុគីមីរាវទម្ងន់ ១៦.៤០០ គីឡូក្រាម នៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ
(ថ្ងៃទី 12 កញ្ញា 2012, ម៉ោង 07:18:PM) | ដោយ: សមុទ្រ
www.cen.com.kh
ខេត្តព្រះសីហនុ: មន្ត្រីប៉ូលិសសេដ្ឋកិច្ចខេត្តម្នាក់ បាននិយាយថា នៅក្នុងទីលានកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ មានក្រុមហ៊ុននាំវត្ថុធាតុដើមប្រភេទគីមីរាវមួយ បានស្នើសុំឲ្យសមត្ថកិច្ចជំនាញ ជួយគាស់កុងតឺន័រ ពិនិត្យទំនិញរបស់ខ្លួន កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។ ចំពោះករណីរបៀបនេះ វាពិតជាកម្រកើតមានណាស់ សម្រាប់ក្រុមហ៊ុននាំទំនិញចេញចូល តាមច្រកកំពង់ផែស្វយ័តខេត្តព្រះសីហនុ។
ប្រភពដដែលបាន បន្តថា សម្រាប់អ្នកទំនិញចេញចូល តាមច្រកមួយនេះ កន្លងមក ក៏ដូចសព្វថ្ងៃ គឺមានតែអ្នករត់ការ និងម្ចាស់ទំនិញ អង្វរសមត្ថកិច្ច ដោយវិធីសូកប៉ាន់ជាលុយកាក់ មិនឲ្យសមត្ថកិច្ចធ្វើការឆែកឆេរមើលទំនិញរបស់ខ្លួននោះទេ សូម្បីតែកន្លែងស្គេន ក៏មានការសូកប៉ាន់ដែរ។ ប៉ុន្តែក្រុមហ៊ុនមួយនេះ បែរជាដាក់ពាក្យស្នើសុំឲ្យសមត្ថកិច្ចចម្រុះពិនិត្យទំនិញ នាំចូលរបស់ខ្លួនទៅវិញ។
ប្រភពដដែល បានបន្តថា ចំពោះកុងតឺន័រទំនិញ ដែលត្រូវពិនិត្យមានចំណុះ ៤០ ហ្វីប មានលេខ REGU30933875.22G1 ក្នុងនោះ មានសារធាតុគីមីរាវ ឈ្មោះ toptex ចំនួន ៨០ ធុង មានទម្ងន់ ១៦.៤០០ គីឡូក្រាម ដែលក្រុមហ៊ុនឈ្មោះ ស៊ាង រុយស៊ាង ( XIANG RUI XIANG,CO,LTD ) ចេញពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ ដោយឆ្លងកាត់ប្រទេសសាំងហ្គាពួ ដឹកដោយកប៉ាល់ឈ្មោះ THANABHUM និងចូលមកដល់កំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ ។
ក្រោយពីសមត្ថកិច្ចចម្រុះធ្វើការ ពិនិត្យរួចហើយ ជាលទ្ធផលមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែតាមការអះអាងរបស់ក្រុមសមត្ថកិច្ច បាននិយាយថា យកទៅមន្ទីរពិសោធន៍ពិនិត្យសិន ទើបដឹងច្បាស់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ ប៉ូលិសក្រសួងមហាផ្ទៃ បានរកឃើញសារធាតុផ្សំក្នុងការផលិតថ្នាំញៀនមួយ កុងតឺន័រ នៅក្នុងកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ម្តងរួចមកហើយ៕
No comments:
Post a Comment