Saturday, September 15, 2012

ប្រជា​សហគមន៍​ព្រៃឡង់​ចូល​ព្រៃ​ជា​ថ្មី​តាម​ដាន​ការ​កាប់​ឈើ​ខុស​ច្បាប់​

ប្រជា​សហគមន៍​ព្រៃឡង់​ចូល​ព្រៃ​ជា​ថ្មី​តាមដាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ (RFI/Leang Delux)

ថ្ងៃ សុក្រ 14 កញ្ញា 2012
ដោយ លាង ដឺលុច
Radio France Internationale

ប្រជាពលរដ្ឋ​​សហគមន៍​​ព្រៃ​ឡង់​មក​​ពី​​ខេត្ត​​ព្រះវិហារ​ កំពង់ធំ ​ស្ទឹងត្រែង​ និង​​ខេត្ត​ក្រចេះ ​បាន​ជួប​ជុំ​គ្នា​ជា​ថ្មី​ទៀត​ដើម្បី​នាំ​គ្នា​ចូលក្នុង​តំបន់​ព្រៃឡង់​ដើម្បី​ប្រឆាំង​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​បំផ្លាញ​បរិស្ថាន។ យុទ្ធនាការ​នេះ​មាន​រយៈ​ពេល​៤​ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​សុក្រ​ទី​១៤​កញ្ញា​នេះ​ទៅដល់​ថ្ងៃ​ទី​១៧​កញ្ញា។ ព្រៃឡង់​​ត្រូវ​​បាន​​ប្រជា​សហគមន៍​​ដែល​​រស់​នៅ​​ក្នុង​​តំបន់​​នោះ​​ប្រកាស​​ថា​-​កំពុង​​ស្ថិត​​នៅ​​ក្នុង​​សភាព​​នៃ​​ការ​​បំផ្លាញ​​​ពី​​សំណាក់​​ក្រុមហ៊ុន​​ឯកជន។ ជា​​ព្រៃ​ឈើ​​ធំ​ជាង​គេ​​បង្អស់​​ដែល​​នៅ​​សេស​សល់​​ក្នុង​​ប្រទេស​​កម្ពុជា​និង​​ក្នុង​​ឧបទ្វីប​​ឥណ្ឌូចិន​។​

ប្រជា​ពលរដ្ឋ​សហគមន៍​ព្រៃឡង់ បាន​ជួប​ប្រជុំគ្នា​ចេញ​ដំណើរ​តាម​ម៉ូតូ​ចូល​ទៅក្នុង​ព្រៃឡង់​សារ​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៤​កញ្ញា​នេះ ដើម្បី​ស្វែង​រក​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​ពិសេស​ ការ​កាប់​ដើម​ចំបក់​ដែល​ជា​អនុផល​ព្រៃឈើ​ដ៏​មាន​សក្តា​នុពល​សម្រាប់​ការ​ចិញ្ចឹម​ជីវិត​របស់​អ្នកភូមិ។


ព្រៃឡង់​គឺ​ជា​គម្រប​ព្រៃ​ដ៏​ធំ​និង​ក្រាស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​នេះ ហើយ​មាន​ព្រំដែន​ជាប់​នឹង​ខេត្ត​ចំនួន​៤​ដូច​ជា ព្រះវិហារ កំពង់ធំ ក្រចេះ និង​ស្ទឹង​ត្រែង។ ប្រជា​ពលរដ្ឋ​ជា​ច្រើន​ម៉ឺន​គ្រួសារ​ដែល​រស់នៅ​រំពឹង​អនុផល​ព្រៃឈើ​នៃ​ព្រៃ​ឡង់​នេះ​បាន​ក្រោក​តវ៉ា និង​ប្រឆាំង​ការ​ឈូស​ឆាយ​ព្រៃ​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។


នៅ​ថ្ងៃ​សុក្រ​នេះ លើក​លែង​តែ​ក្រុម​អ្នក​ភូមិ​ប៉ែក​ខាង​ខេត្ត​កំពង់ធំ​ដែល​នឹងចេញ​ដំណើរ​នៅ​ថ្ងៃ​សៅរ៍​ស្អែក ពលរដ្ឋ​ប៉ែក​ខាង​ខេត្ត​ព្រះវិហារ ៨០​នាក់ ខាង​ស្ទឹងត្រែង​១០០​នាក់​និង​ប៉ែក​ខាង​ខេត្ត​ក្រចេះ​៨០​នាក់ ពួក​គេ​បាន​ចេញ​ដំណើរ​ចូល​ព្រៃ ឆ្ពោះ​ទៅ​តំបន់​សំខាន់ៗ​ដែល​មាន​ការ​កាប់​ឈើ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ លោក​ស៊ឹន សៀន​តំណាង​អ្នក​ភូមិ​ពី​ខាង​ខេត្ត​កំពង់ធំ​បាន​ប្រាប់​អោយ​ដឹងថា លោក​បាន​ទទួល​ដំណឹង​ពី​អ្នកភូមិ​ខាង​ខេត្ត​ព្រះវិហារ​មក​ថា អ្នក​ភូមិ​ទាំង​នោះ​បាន​រក​ឃើញ​ការ​កាប់​ឈើ​ខុសច្បាប់​យ៉ាង​ច្រើន ហើយ​ពួកគេ​បាន​សម្រេច​​​ដុត​​កម្ទេច​ឈើ​ទាំងនោះ​អស់​មួយ​ចំនួន​ហើយ។

លោក ស៊ឹន សៀន​បាន​បន្ត​ថា យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​លើក​នេះ​ដែល​មាន​រយៈ​ពេល​ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៧​កញ្ញា មាន​គោលដៅ​តាម​ដាន​ថា តើ​ការ​កាប់​បំផ្លាញ​ព្រៃឈើនិង​បរិស្ថាន ពិសេស​ដើម​ចំបក់​ដែល​ជា​អនុផល​ព្រៃឈើ​ដ៏​មាន​សក្តានុពល​របស់​អ្នក​ភូមិ​នេះ បាន​រីក​ធំ​ប៉ុណ្ណា?

លោក​បន្ត​ថា​យុទ្ធនាការ​នេះ​ក៏​មាន​បំណង​ប្រមូល​ភស្តុតាង​ជាក់ស្តែង​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដើម្បី​បង្ហាញ​អាជ្ញាធរ​ពាក់ព័ន្ធ និង​រដ្ឋាភិបាល ហើយ​ស្នើ​អោយ​រដ្ឋាភិបាល​កំណត់​ព្រំដែន​ដី​សម្បទាន​អោយ​បាន​ច្បាស់​លាស់​ដល់​ក្រុមហ៊ុន៕

1 comment:

Anonymous said...

DekChor Hun Sen's era is lawless.

This kind of trouble has been carefully planned by his master Vietnam - making Cambodia socially unrest while Vietnam constantly pushing its citizens to flow into Cambodia.

Khmer people will have a vital decision to make after the 2013 election, especially when this Vietnam slave wins the election again.