2012-09-10
ដោយ វណ្ណ វិចារ
Radio Free Asia
គណបក្សសង្គ្រោះជាតិរបស់ចលនាបក្សប្រឆាំងបានប្រមូលស្នាមមេដៃអ្នកគាំទ្រគ្រប់ចំនួន ៤.០០០នាក់ គ្រោងដាក់ជូនទៅក្រសួងមហាផ្ទៃ ដើម្បីឈានទៅចុះបញ្ជីជាផ្លូវការរួចហើយ។
គណបក្សសង្គ្រោះជាតិដែលកើតចេញពីការរួបរួមគ្នារវាងគណបក្ស សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស រកបានស្នាមមេដៃអ្នកគាំទ្រគ្រប់ចំនួន ៤.០០០នាក់ហើយ។
មន្ត្រីស្ថាបនិកគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា នៅថ្ងៃទី១១ កញ្ញា ខាងមុខ គណបក្សនេះនឹងបើកសម្ពោធទីស្នាក់ការបណ្ដោះអាសន្ន ដើម្បីបំពេញតាមលក្ខន្តិកៈដែលមានចែងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយ។
អនុប្រធានគណៈកម្មាធិការបណ្ដោះអាសន្នគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម នៅថ្ងៃទី៩ កញ្ញា មានប្រសាសន៍ថា ស្នាមមេដៃស្ថាបនិកអ្នកគាំទ្រចំនួន ៤.០០០នាក់ លក្ខន្តិកៈ និងគោលនយោបាយគណបក្សសង្គ្រោះជាតិ បានរៀបចំរួចរាល់ហើយ។ លោកបន្តថា រាល់ឯកសារទាំងឡាយចាំបាច់ឲ្យលោក សម រង្ស៉ី ចុះហត្ថលេខាដោយផ្ទាល់ ដើម្បីដាក់ទៅក្រសួងមហាផ្ទៃ នៅសប្ដាហ៍ក្រោយ ក្នុងនាមជាប្រធានគណបក្ស។
លោក ប៉ុល ហំម បញ្ជាក់ថា ទាំងរូបលោក និងលោក សម រង្ស៉ី នឹងលាលែងពីតំណែងនៅក្នុងគណបក្សរៀងៗខ្លួនមកដឹកនាំបណ្ដោះអាសន្ននៅគណបក្សសង្គ្រោះជាតិ៖ «ដើម្បីឲ្យលោក សម រង្ស៉ី ដឹកនាំគណបក្សសង្គ្រោះជាតិបាន ទាល់គាត់លាលែងពីគណបក្ស សម រង្ស៉ី ខ្ញុំក៏ត្រូវលាលែងតំណែងចេញពីគណបក្សសិទ្ធិមនុស្សផងដែរ មុនពេលដែលលោក កឹម សុខា ចេញមកដឹកនាំតាមសេចក្ដីថ្លែងការណ៍រួម»។
លោក ប៉ុល ហំម បន្តថា គណបក្សសង្គ្រោះជាតិ នឹងបើកសម្ពោធទីស្នាក់ការបណ្ដោះអាសន្នរបស់គណបក្សនៅថ្ងៃទី១១ កញ្ញា នៅសង្កាត់ភ្នំពេញថ្មី ហើយលោក សម រង្ស៉ី នឹងថ្លែងសុន្ទរកថា ទៅកាន់សមាជិកដែលចូលរួមតាមរយៈវីដេអូ ខនហ្វើរែន (Video Conference ) ទៀតផង។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា គណបក្សប្រជាជនកម្ពុជា មិនខ្លាចគណបក្សប្រឆាំងរួបរួមគ្នានោះឡើយ ដោយលោកបានហៅការរួមរួបនេះថា ជាការជួបជុំគ្នារបស់គណបក្សចាញ់ និងគណបក្សដែលចាញ់។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានលោក កឹម សុខា និងលោក សម រង្ស៉ី ចាត់ទុកថា លោក ហ៊ុន សែន ខ្លាចរអាឥទ្ធិពលរបស់គណបក្សប្រឆាំង។
ចំណែកឯអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការរួមកំលាំងគ្នារបស់គណបក្សប្រឆាំង ជារបត់នយោបាយថ្មីមួយនៅកម្ពុជា។ លោកបន្តថា ការរួមកំលាំងគ្នារបស់គណបក្សប្រឆាំងនឹងបន្ថែមកំលាំងថែមទៀត ដើម្បីប្រជែងយកសំឡេងឆ្នោតពីបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខ។
គណបក្សសង្គ្រោះជាតិ ដែលរួមគ្នាបង្កើតឡើងដោយគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានដាក់ពាក្យទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំបង្កើតគណបក្សកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានយល់ព្រមឲ្យបង្កើតគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែដើម្បីទទួលបានសុពលភាព គណបក្សសង្គ្រោះជាតិ ត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងមាត្រា២០ ជំពូកទី៥ នៃច្បាប់គណបក្សនយោបាយនោះ គឺការបញ្ជូនស្នាមមេដៃអ្នកគាំទ្រឲ្យបានយ៉ាងតិច ៤.០០០នាក់ លក្ខន្តិកៈ ព្រមទាំងកម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ៕
No comments:
Post a Comment