ព្រះមហាក្សត្រខ្មែរនរោត្តម សីហមុនី និងព្រះមាតា មុនីនាថ សីហនុ (REUTERS/Samrang Pring) |
ខួបទី៨ឆ្នាំនៃការឡើងគ្រងរាជរបស់ព្រះមហាក្សត្រចំពេលសម្តេចឪសោយទិវង្គត
ថ្ងៃ អាទិត្យ 28 តុលា 2012
ដោយ ប៉ែន បូណា
Radio France Internationale
ប្រទេសកម្ពុជានឹងប្រារព្ធទិវាខួបទី៨ឆ្នាំនៃការឡើងគ្រងរាជសម្បត្តិរបស់សម្តេចព្រះបរមនាថនរោត្តមសីហមុនីនៅថ្ងៃទី២៩តុលាស្អែកនេះ។ ប៉ុន្តែឆ្នាំនេះខួបនៃការឡើងគ្រងរាជសម្បត្តិបានប្រព្រឹត្តទៅចំពេលដែលប្រទេសកម្ពុជាទាំងមូលកំពុងគោរពព្រះវិញ្ញាណក្ខន្ធព្រះរាជបរមសពរបស់សម្តេចឳ។ ការផ្ទេររាជសម្បត្តិឲ្យទៅព្រះរាជបុត្រកាលពី៨ឆ្នាំមុនត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចាត់ទុកជាសមិទ្ធផលធំធេងមួយទៀតរបស់អង្គសម្តេចឳក្នុងការបញ្ចៀសវិបត្តិរាជបល្ល័ង្កក្រោយការសោយទិវង្គតរបស់ព្រះអង្គ។
ជារៀងរាល់ថ្ងៃទី២៩តុលា ចាប់ពីឆ្នាំ ២០០៥ មក កម្ពុជាតែងប្រារព្ធខួបនៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសឲ្យឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រកម្ពុជាកាលពីថ្ងៃទី២៩តុលាឆ្នាំ ២០០៤ បន្ទាប់ពីព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានដាក់រាជនៅដើមខែតុលាដដែលនោះ។
ប៉ុន្តែ ខួបទី៨ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះអង្គនៅឆ្នាំនេះ បានប្រព្រឹត្តទៅចំពេលដែលព្រះរាជវាំង និងប្រទេសកម្ពុជាទាំងមូលកំពុងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធនៃព្រះបរមសពរបស់អង្គសម្តេចឳ។ ការប្រារព្ធខួបនៃការឡើងគ្រងរាជសម្បត្តិជួនចំពេលនៃការសោយទិវង្គតរបស់អង្គសម្តេចឳនៅពេលនេះជាឱកាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរម្លឹកអំពីសមិទ្ធផលដ៏ធំមួយទៀតរបស់អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។ សមិទ្ធផលដ៏ធំនោះគឺការផ្ទេរាជសម្បត្តិរបស់ព្រះអង្គកាលពីឆ្នាំ ២០០៤ ដែលអាចបញ្ចៀសវិបត្តិរាជបល្ល័ង្កនៅពេលនេះ។
ថ្លែងក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីជូនពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃសៅរ៍ម្សិលមិញ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរព្រះរាជតម្រិះរបស់អង្គសម្តេចឳដែលព្រះអង្គបានរៀបចំទុកជាមុននូវការផ្ទេររាជសម្បត្តិដោយរលូនមុនពេលដែលទ្រង់សោយទិវង្គត។ ប្រសិនបើមិនដូច្នេះទេ វិបត្តិរាជបល្ល័ង្កនឹងកើតឡើងធំធេងពិបាកដោះស្រាយនៅពេលនេះជាមិនខាន ពីព្រោះតែរដ្ឋធម្មនុញ្ញបានតម្រូវឲ្យជ្រើសរើសមហាក្សត្រថ្មីរយៈពេលតែ៧ថ្ងៃប៉ុណ្ណោះក្រោយពេលដែលព្រះមហាក្សត្រចាស់សោទិវង្គត។
ព្រះករុណាព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី១៥ តុលា នៅឯមន្ទីរពេទ្យក្រុងប៉េកាំងប្រទេសចិនពោលគឺ៨ឆ្នាំ ក្រោយពីការផ្ទេរាជសម្បត្តិទៅឲ្យព្រះរាជបុត្រ។ ព្រះរាជបរមសពរបស់ព្រះអង្គត្រូវបានដង្ហែមកដល់កម្ពុជាវិញកាលពីថ្ងៃទី១៧តុលាដែលមានមហាជនខ្មែររាប់លាននាក់ចូលរួម។ បច្ចុប្បន្ន ព្រះបរមសពត្រូវបានតម្កល់ក្នុងព្រះបរមរាជវាំងរហូតដល់រយៈពេលបីខែដើម្បីឲ្យមហាជនខ្មែរ និងភ្ញៀវអន្តរជាតិបានគោរពព្រះវិញ្ញាណក្ខន្ធ។
នៅថ្ងៃអាទិត្យនេះ ព្រះរាជបុត្រាទី២នៃមហាក្សត្រ ស៊ុលតង់ និងជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ នៃប្រទេសព្រុយណេ ដារូសាឡឹម បានយាងមកគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឳនៅក្នុងព្រះបរមរាជវាំងក្រុងភ្នំពេញ។ ព្រះបរមសពសម្តេចឳត្រូវគេគ្រោងនឹងប្រារព្ធពិធីថ្វាយព្រះភ្លើងនៅដើមខែកុម្ភៈខាងមុខនេះ។ មុនការសោយទិវង្គត ព្រះអង្គបានរៀបចំជាស្រេចអំពីអនាគតរាជបល្ល័ង្ក៕
No comments:
Post a Comment