Wednesday, October 31, 2012

អ្នក​បឹងកក់-បុរី​កីឡា​បួងសួង​ឲ្យ​សម្តេច​ឪ​ជួយ


Tuesday, 30 October 2012
គឹម យុទ្ធណា
The Phnom Penh Post

ភ្នំពេញៈ ប្រជាពលរដ្ឋ​បឹងកក់ និង​បុរី​កីឡា​ប្រមាណ ១០០ នាក់ ដែល​អ្នក​ខ្លះ​ស្លៀក​សម្លៀក​បំពាក់​ឈុត​ស និង​ខ្លះ​ទៀត​អាវ​ស សំពត់ ឬ​ខោ​ខ្មៅ បាន​នាំ​គ្នា​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​សម្តេច​ឪ​នៅ​មុខ​ព្រះ​បរមរាជវាំង កាលពី​ព្រឹក​ម្សិលមិញ ដើម្បី​សុំ​ឲ្យ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ ជួយ​ដល់​សកម្មជន​ដី​ធ្លី​ពួក​គេ ដែល​កំពុង​ជាប់​ឃុំ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស និង​សុំ​ជួយ​ឲ្យ​បន្ទន់​ចិត្ត​មន្ត្រី​តុលាការ ឲ្យ​ធ្វើ​ការ​កាត់​ក្តី​គោរព​ទៅ​តាម​ច្បាប់។

នេះ​ជា​ការ​ធ្វើ​សកម្មភាព​លើក​ដំបូង របស់​ពួក​គេ បន្ទាប់​ពី​បាន​ស្ងប់ស្ងាត់ ចាប់​តាំង​ពី​សម្តេច​ឪ នរោត្តម សីហនុ យាង​ចូល​ទិវង្គត និង​ពិធី​កាន់​ទុក្ខ​ជា​ផ្លូវ​ការ ត្រូវ​បាន​ចប់​កាលពី​ថ្ងៃទី ២៣ តុលា​កន្លង​ទៅ​នេះ។ ក្រុម​អ្នក​ភូមិ បាន​អះអាង​ថា ការ​ធ្វើ​ដំណើរ​មក​គោរព​ព្រះ​បរមសព​របស់​សម្ដេច​ឪ របស់​ពួកគេ ត្រូវ​បាន​រំខាន​បន្តិច​បន្តួច ដោយ​អាជ្ញាធរ​ប៉ូលិស។

អ្នកស្រី​ហេង មុំ តំណាង​ពលរដ្ឋ​បឹងកក់​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នក​ភូមិ​តំបន់​បឹងកក់ និង​អ្នក​ភូមិ​តំបន់​បុរី​កីឡា បាន​មូលមតិ​គ្នា មក​ធ្វើ​ការ​គោរព ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឪ ដោយ​ការ​គោរព និង​ការ​ដឹង​គុណ​យ៉ាង​ថ្លៃថ្លា ចំពោះ​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះអង្គ កាល​ពី​ព្រះអង្គ នៅ​មាន​ព្រះជន្ម។ អ្នក​ស្រី​បញ្ជាក់​ពី​គោលបំណង​នៃ​ការ​គោរព​នេះ​ថា ដើម្បី​តាំង​សមាធិ បួងសួង ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ និង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​ជួយ​តាម​ថែរក្សា​កូន​ចៅ និង​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ នៅ​ទូទាំង​ប្រទេស​កម្ពុជា ឲ្យ​ជួប​តែ​សេចក្តី​សុខសាន្ត។ អ្នក​ស្រី​បញ្ជាក់​ទៀត​ថា គោល​បំណង​សំខាន់​បំផុត​មួយ​ទៀត​គឺ៖«ដើម្បី​បួងសួង​ឲ្យ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​អង្គ ជួយ​ថែរក្សា ការពារ ក៏​ដូចជា​លើក​កម្លាំង​ចិត្ត ដល់​អ្នក​ស្រី យ៉ោម បុប្ផា និង អ្នក​ស្រី ទឹម សាក់មុន្នី ដែល​កំពុង​ជាប់​ពន្ធនាគារ កុំ​ឲ្យ​អស់​សង្ឃឹម និង​សុំ​ឲ្យ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ ជួយ​តម្រែ​តម្រង់​ចិត្ត​របស់​មន្ត្រី​តុលា កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ពុករលួយ កុំ​ធ្វើបាប​ប្រជារាស្ត្រ និង​កាត់ក្តី​ឲ្យ​ប្រជារាស្ត្រ​ដោយ​យុត្តិធម៌»។


អ្នកស្រី​បាន​ថ្លែង​ដោយ​ខ្សឹកខ្សួល​ថា៖«ខ្ញុំ​ចង់​ឃើញ​ឲ្យ​មាន​ការ​អភិវឌ្ឍនា​សម័យកាល​បច្ចុប្បន្ន​នេះ មានការ​រីក​ចម្រើន និង​សម្បូរ​សប្បាយ ដូច​កាល​សម័យ​សង្គម​រាស្ត្រនិយម​របស់​ព្រះអង្គ​ដឹកនាំ»។

អ្នកស្រី​ទឹម សាក់មុន្នី តំណាង​អ្នក​ភូមិ​បុរី​កីឡា ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន នៅ​គុក​ព្រៃស ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ«ប្រកាស​ក្លែង​បន្លំ​ការពិត» កាលពី​ថ្ងៃ ៥ ខែ​កញ្ញា មួយ​ថ្ងៃ ក្រោយ​ពី​អ្នក​ស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ ត្រូវ​បាន​តុលាការ​ដដែល​នេះ សម្រេច​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ពី​បទ «ហិង្សា​ដោយ​ចេតនា»។

លោក ស៊ុន រិទ្ធិ មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​ដីធ្លី​ទាំង​ពីរ​នាក់ បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា ស្ថានភាព​សុខភាព​កូន​ក្តី​របស់​លោក ដែល​កំពុង​ជាប់​ឃុំឃាំង មាន​លក្ខណៈ​«ចុះ​ខ្សោយ»​ជាង​មុន ដោយ«ស្រក​ទម្ងន់» និង​មាន​ជំងឺ​បន្តិច​បន្តួច។ លោក​បាន​និយាយ​ថា៖ «ពួក​គេ​មាន​ការ​បារម្ភ​ច្រើន អំពី​ស្ថានភាព​សវនាការ​ក្តីនា​ពេល​ខាង​មុខ»។

លោក ស៊ុន រិទ្ធិ បន្ត​ថា សវនាការ​លើ​កូន​ក្តី​ទាំង​ពីរ​របស់​លោក មិន​ទាន់​ត្រូវ​បាន​តុលាការ​កំណត់​ពេល​បើក​សវនាការ​នៅ​ឡើយ​ទេ ខណៈ​ដែល​តុលាការ បាន​បិទ​ការ​ស៊ើប​រួច​រាល់​ហើយ​នោះ៕

2 comments:

Anonymous said...

Cambodia Court system is just Hun Sen's tools, but why some support the thief.

Anonymous said...

កាលនៅរស់មិនអើលពើល ជួយផង ពេលស្លាប់ហើយជួយម្តេចកើត!