http://www.youtube.com/watch?v=UdFTcaZDe4Y&feature=youtu.be
ដោយ វិជ័យ អានន្ទ 2012-10-11 RFA
អ្នកភូមិបឹងកក់ ជិត ១០០នាក់ ស្លៀកសំលៀកបំពាក់តាមបែបប្រពៃណី
នាំគ្នាដើរដង្ហែក្បួនពីតំបន់បឹងកក់ ទៅកាន់វត្តនាគវ័ន
រាជធានីភ្នំពេញ ដើម្បីបង្សុកូល និងឧទ្ទិសបុណ្យកុសលជូនដល់បុព្វការី
ព្រមទាំងប្រារព្ធពិធីលែងសត្វចាប
ជានិមិត្តរូបទាមទារឲ្យតុលាការដោះលែងអ្នកស្រី យ៉ោម បុប្ផា
សកម្មជនដីធ្លីនៅតំបន់បឹងកក់។
ស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា គឺលោក លួស សាខន ឲ្យដឹងនៅថ្ងៃទី១១
តុលា ថា តាមប្រពៃណី ឲ្យតែដល់រដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ពលរដ្ឋទូទាំងប្រទេសតែងនាំគ្នាទៅកាន់វត្តអារាម
ដែលស្ថិតនៅក្បែរលំនៅឋានរបស់ពួកគាត់ ដើម្បីបង្សុកូល
និងឧទ្ទិសបុណ្យកុសលជូនជីដូនជីតា
ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។
ចំណែកអ្នកភូមិបឹងកក់ ក៏មិនខុសគ្នាដែរ លើសពីនេះទៀត
បំណងរបស់អ្នកភូមិបឹងកក់ បន់ស្រន់
និងសម្បូងសង្រូងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ សុំជួយធ្វើយ៉ាងណា
បន្ទន់ចិត្តចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
ឲ្យដោះលែងភរិយារបស់លោក គឺអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពវិញ។
លោក លួស សាខន៖ «បន្ទន់ចិត្តដល់រដ្ឋាភិបាល
ឬដល់មន្ត្រីដែលបានចោទប្រពន្ធខ្ញុំថា វ៉ៃគេជាប់ពន្ធនាគារ
ឲ្យឆាប់បានដោះលែងប្រពន្ធខ្ញុំមកវិញ ទី១។ ហើយទី២
សូមឲ្យមានដំណោះស្រាយនៅក្នុងតំបន់បឹងកក់ ទាំងអស់ គឺឲ្យវាស់ព្រំដី
១២,៤៤ហិកតារ ហើយនិងមានប្លង់កម្មសិទ្ធិគ្រប់ៗគ្នា
ហើយនិងគ្មានកាត់ប្រជាជនណាមួយចេញពីតំបន់បឹងកក់ ទេ
ហើយសូមឲ្យមានដំណោះស្រាយក្នុងពេលឆាប់ៗ»។
ទាក់ទងនឹងការសម្រេចចិត្តរបស់អ្នកបឹងកក់ ចូលរួមកាន់បិណ្ឌ
នៅវត្តនាគវ័ន នេះ លោក លួស សាខន មានប្រសាសន៍ថា
វត្តនេះជាវត្តដែលមានមហិទ្ធិឫទ្ធិ ឬឫទ្ធានុភាព ព្រោះកន្លងមក
មេដឹកនាំប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន
ក៏ធ្លាប់បានស្នាក់នៅវត្តនេះដែរ។ ដូច្នេះ លោកសង្ឃឹមថា
បារមីវត្តនាគវ័ន អាចនឹងជួយបំភ្លឺផ្លូវរកដំណោះស្រាយសមស្របណាមួយ
ដើម្បីបញ្ចប់ជម្លោះអ្នកបឹងកក់ ជាមួយនឹងក្រុមហ៊ុនស៊ូកាគូ។
ក្រៅពីបង្សុកូល និងដាក់បាត្រប្រគេនព្រះសង្ឃរួចរាល់ហើយ អ្នកស្រី
ហេង មុំ មានប្រសាសន៍ថា អ្នកភូមិប្រារព្ធពិធីលែងសត្វចាប។
អ្នកស្រីអះអាងបន្តថា ការនាំគ្នាដោះលែងសត្វចាបនេះ
ជានិមិត្តរូបឲ្យតុលាការដោះលែងអ្នកគ្មានកំហុសទាំងប៉ុន្មាន
ដែលតុលាការបានចាប់ខ្លួន ដោយមិនមានភស្តុតាងគ្រប់គ្រាន់
ឲ្យពួកគាត់រួចខ្លួន និងមានសេរីភាពឡើងវិញ។
អ្នកស្រី ហេង មុំ៖ «មិនតំបន់បុរីកីឡា ឬតំបន់បឹងកក់ នោះទេ
ឬក៏លោកតា ម៉ម សូណង់ដូ ជាដើម។ ដូច្នេះ ខ្ញុំធ្វើបុណ្យនេះ
គឺខ្ញុំរំលែកទុក្ខដល់អ្នកដែលគ្មានកំហុសនៅក្នុងពន្ធនាគារនោះ
សូមឲ្យដោះលែងគាត់ឲ្យមានសេរីភាពវិញដូចចាប»។
ភ្ជាប់នឹងរឿងក្ដីនេះ មេធាវីការពារក្ដីអ្នកស្រី យ៉ោម បុប្ផា លោក
ជិន លីដា ឲ្យដឹងនៅថ្ងៃទី១១ តុលា ថា
ចៅក្រមស៊ើបសួរបានបិទការសាកសួរលើរឿងក្ដីនេះហើយ តែលោកបញ្ជាក់ថា
រឿងក្ដីនេះមិនទាន់ត្រូវគេដឹងពីការកំណត់នៃថ្ងៃបើកសវនាការនោះ
ទេ។
អ្នកស្រី យ៉ោម បុប្ផា ត្រូវតុលាការសម្រេចឃុំខ្លួនកាលពីថ្ងៃទី៤
កញ្ញា ឆ្នាំ២០១២
ពីបទអ្នកស្រីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទៅលើ
បុរសពីរនាក់ ឈ្មោះ ង៉ែត ចិត្ត និង វ៉ាត ថៃសេង
ដែលមានមុខរបរជាអ្នករត់ម៉ូតូឌុប។
កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០១២
សមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាពីររូប គឺលោក វ៉ាត ថៃសេង
អាយុ ២៤ឆ្នាំ និងលោក ង៉ែត ចិត្ត អាយុ ២៨ឆ្នាំ
ត្រូវគេវាយដោយចាក់នឹងទួរណឺវីស
និងយកពូថៅកាប់លើក្បាលរងរបួសជាទម្ងន់
នៅទល់មុខផ្ទះសំណាក់បុប្ផា សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ដោយចោទបុរសទាំងនោះថា ប៉ុនប៉ងលួចកាច់កញ្ចក់ឡាន។ ហេតុការណ៍នេះ
កើតឡើងបន្ទាប់ពីឡានរបស់អ្នកស្រី យ៉ោម បុប្ផា
ត្រូវចោរលួចកាច់កញ្ចក់ជាញឹកញាប់ ហើយករណីនេះ
អ្នកស្រីតែងប្ដឹងប៉ុស្តិ៍នគរបាលនៅក្បែរនោះឲ្យរកជនល្មើស
ប៉ុន្តែសមត្ថកិច្ចនោះហាក់មិនសូវអើពើពាក្យបណ្ដឹងនេះឡើយ។
ទោះយ៉ាងណា សាក្សីដែលបានចូលខ្លួនបំភ្លឺនៅតុលាការ
កាលពីថ្ងៃទី៩ តុលា អ្នកស្រី ផាន់ ឈុនរ៉េត បញ្ជាក់ថា អ្នកស្រី យ៉ោម
បុប្ផា មិនបានប្រព្រឹត្តបទល្មើសដូចការចោទរបស់តុលាការនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
4 comments:
Oh!..boy NO school to attend...poor thing. The dahm parent didn't put them in school.
1:27 AM, what is wrong with you, uneducated idiot?
1:27am
you can mock him now but soon it will be your turn. why is he not at school? where are his parents? well, because your evil parents a hun shit and me runny put them in jail and so he had to cream for the return of his parents, ok bloodsucker!
The little baldy is so cute when he cries.
Post a Comment