Wednesday, October 03, 2012

តុលាការខេត្ត​កោះកុង តម្កល់​រឿង​មិន​ចាត់ការ​លើ​ករណី​ឃាតកម្ម​លោក ឈុត វុទ្ធី

 ស៊ើបចុះសួរឡើងរកឃើញថា មេឧក្រិដ្ឋជន​ព្រៃ​ឈើ ទ្រី ភាព និងជំទាវអត់ក្រិត ប៊ុន រ៉ានី ហ៊ុន សែន នៅពីក្រោយខ្នងឃាតករ​សម្លាប់​លោក ឈុត វុទ្ឋី ឬ បានជាតុលាការ​តៃ​ហោង​តម្កល់​រឿងមិនចាត់ការ ?

(ថ្ងៃទី 3 តុលា 2012, ម៉ោង 11:01:AM) | ដោយ: លី សិលា www.cen.com.kh
ភ្នំពេញ: ទី​បំផុត​ទៅ តុលាការ​សាលាដំបូង​ខេត្ត​កោះកុង បានសម្រេច​តម្កល់​រឿងមិន​ចាត់ការ​លើ​ករណី​ឃាតកម្មបាញ់សម្លាប់​សកម្មជន​ ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ឡើយ​។ ពោល​គឺ​សំណុំរឿង​ក្តី​នោះ ឃាតក ត្រូវបាន​សម្លាប់ ដូច្នេះ​បណ្តឹងអាជ្ញាក៏​រលត់​ផង​ដែរ​។  រីឯ​ សវនាការ នៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២ ដែល​តុលាការ​ខេត្ត​កោះកុង​នឹង​បើក​សវនាការកាត់ទោស​នោះ គឺ​មិនមែន​កាត់ទោស​លើ​ឃាតកបាញ់សម្លាប់​លោក​ឈុត​វុទ្ធី​ទេ តែ​ជា​ការកាត់ទោស​បុរស​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន ដែល​បាន​បាញ់សម្លាប់​ដោយ​អ​ចេតនា លើ​ប៉េអឹមឈ្មោះ អ៊ិន រតនា​។ ប៉េអឹម ឈ្មោះ អ៊ិន រតនា ត្រូវបាន​អាជ្ញាធរ​អះអាងថា ជា​ឃាតកបាញ់សម្លាប់​លោក ឈុត វុទ្ធី​។​

​ ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ តុលាការ​ខេត្ត​កោះកុង បាន​បំបែក​សំណុំរឿង​ក្តី​ឃាតក​ម្មលើ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី ជា​ពីរ​សំណុំរឿង​។ ទី​១-​សំណុំរឿងប៉េអឹម អ៊ិន រតនា បាញ់សម្លាប់​លោក ឈុត វុទ្ធី និង​សំណុំរឿង​ទី​២-​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន បាញ់សម្លាប់​ដោយ​អ​ចេតនាលើ​ប៉េអឹម អ៊ិន រតនា​។​

​លោក ស្រី ម៉ា​ក់នី ព្រះរាជអាជ្ញារងរបស់​តុលាការ​សាលាដំបូងខេត្ត​កោះកុង ដែល​បាន​កាត់​សំណុំរឿង​ក្តីពាក់ព័ន្ធ​នឹ​ង​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី បាន​មានប្រសាសន៍​ប្រាប់ CEN នៅ​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១២ ថា "​សវនាការនៅ​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២ នៅ​តុលាការ​ខេត្ត​កោះកុង ធ្វើ​ឡើង​លើ​ករណី​ជនជាប់ចោទ រ៉ា​ន់ បូ​រ័ត្ន ជាប់ចោទ​ក្នុង​រឿង​ឃាតកម្មដោយ​អ​ចេតនាលើ​ប៉េអឹម អ៊ិន ​រតនា​។ ចំណែក​ករណី​លោក ឈុត វុទ្ធី តុលាការ​តម្កល់​រឿង​ឥត​ចាត់ការ ដោយសារ អ៊ិន រតនា បាញ់​ឲ្យស្លាប់ ហើយ អ៊ិន រតនា ក៏​ស្លាប់​ដែរ​។ ដូច្នេះសវនាការ​នៅ​ថ្ងៃទី​៤​តុលា​នេះ យើង​ធ្វើ​លើ​ករណី រ៉ា​ន់ បូ​រ័ត្ន ដែល​ធ្វើឲ្យ អ៊ិន រតនា ស្លាប់ ដោយ​ការ​រា​លកៃកាំភ្លើង​តើ​!"​។​

​លោក ​ព្រះរាជអាជ្ញារង ស្រី ម៉ា​ក់នី មិន​បាន​បញ្ជាក់ថា សំណុំរឿង​ក្តី​នោះមាន​សាក្សី​ប៉ុន្មាន​រូប ដែល​នឹង​ត្រូវ​ចូល​តុលាការ​បំភ្លឺនៅក្នុង​សវនាការនា​ព្រឹក​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១២ ឡើយ​។ តែ​លោក​អះអាងថា លោក​បាន​ចេញ​ដីកា​កោះហៅ​សាក្សី​ទាំង​អស់​រួច​ហើយ ដើម្បី​ចូលរួម​សវនាការនៅ​តុលាការ​ខេត្ត​កោះកុង នា​ថ្ងៃស្អែក​នេះ​។​

​ យ៉ាងណាក៏ដោយ លោក អ៊ិន គង់​ជិត សកម្មជន​អង្គការ​សិទ្ធិមនុស្ស លីកាដូ ប្រចាំ​ខេត្ត​កោះកុង បានឲ្យដឹងថា ជនជាប់ចោទ រ៉ា​ន់ បូ​រ័ត្ន ត្រូវបាន​តុលាការ​ចាប់ឃុំខ្លួន ក្នុង​បទ មនុស្សឃាត​ដោយ​អ​ចេតនា តាមរយៈ​ការដណ្តើម​កាំភ្លើង​ពី​ប៉េអឹមឈ្មោះ អ៊ិន រតនា ហើយ​បណ្តាលឲ្យ​កាំភ្លើង​រាល​កៃផ្ទុះស្លាប់ អ៊ិន រតនា​។ អ៊ិន រតនា ត្រូវបាន​អាជ្ញាធរ​អះអាងថា ជា​អ្នក​បាញ់សម្លាប់​លោក ឈុត វុទ្ធី​។​

​ សកម្មជន​អង្គការ​សិទ្ធិមនុស្ស លីកាដូ បានឲ្យដឹងថា ក្នុង​សំណុំរឿង​ក្តី​នោះ មាន​សាក្សី​សរុប​ចំនួន ៧ នាក់ ដែល​តុលាការ​បាន​ធ្វើ​ការសាកសួ​រ ក្នុង​សំណុំរឿង​ក្តី​កន្លងមក​។ ក្នុងនោះក៏​មាន​ស្ត្រី​អ្នកកាសែត​ភាសា​អង់គ្លេស​-​ខ្មែរ The Cambodia Daily ពីរ​នាក់​ផង​ដែរ​។

​ក៏ប៉ុន្តែ​អ្នកកាសែត The Cambodia Daily កញ្ញា ផន បុប្ផា ដែល​ស្ថិត​ក្នុង​ហេតុការណ៍​ឃាតកម្មលើ​លោក ឈុត វុទ្ធី បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១២ ថា នាង​នឹង​មិន​ទៅកាន់​តុលាការខេត្តកោះកុង​ទេ ព្រោះ​នាង​មិន​បាន​ទទួល​ដីកា​កោះហៅពី​តុលាការ ដើម្បី​ចូលរួម​សវនាការនៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១២ ឡើយ​។​

​រីឯ​ ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី ក៏​បាន​សម្តែង​ការខកចិត្ត ខណៈ​ដែល​តុលាការ​ខេត្ត​កោះកុង បានសម្រេច​តម្កល់​សំណុំរឿង​របស់លោក ឈុត វុទ្ធី មិន​ចាត់ការ​។ ផ្ទុយទៅវិញ តុលាការ​បែរជា​រក​យុត្តិធម៌ តែ​លើ​ឃាតកបាញ់សម្លាប់​លោក​ឈុត វុទ្ធី ទៅវិញ​។​

​អ្នកស្រី សំ ចាន់​ធី ភរិយា​សព​លោក​ឈុត ​វុទ្ធី ដែល​មិន​ត្រូវបាន​តុលាការ​កោះហៅ ឲ្យចូល​រួម​សវនាការ​នោះ បាន​ប្រាប់ CEN ថា "​គេ​កាត់​តែ​រឿង រ៉ា​ន់ បូ​រ័ត្ន ជាមួយនឹង អ៊ិន រតនា ទេ​។ ចំណែក​ករណី​ប្តី​របស់​ខ្ញុំ គេ​តម្កល់​រឿងមិន​ចាត់ការ​។ ដូច្នេះ ខ្ញុំ​អត់​សប្បាយចិត្ត ព្រោះថា គេ​បញ្ចប់រឿង​ប្តី​ខ្ញុំ និង​អ៊ិន​រតនា​។ ខ្ញុំ​ជា​ភរិយា និង​កូន ៣ នាក់ មិន​សប្បាយ​ចិត្ត​ទេ​។ ខ្ញុំ​មាន​ភស្តុតាង​ថ្មីៗ ( ក្នុង​រឿងក្តី​ឃាតកម្ម​នោះ ) ប៉ុន្តែ​ខ្ញុំ​អត់​មាន​ឱកាស​បង្ហាញ​តុលាការ ព្រោះ​ខ្ញុំ​អត់​បាន​ចូល​តុលាការ​"​។​

​សូម​រម្លឹកថា សំណុំរឿង​បាញ់សម្លាប់លោក ឈុត វុទ្ធី និង​ប៉េអឹម អ៊ិន រតនា ត្រូវបាន​លោក មីន មករា ចៅក្រម​តុលាការខេត្ត​កោះកុង បាន​បំបែកសំណុំរឿង​ជា​ពីរ គឺ​សំណុំរឿង​ទីមួយ ពាក់ព័ន្ធ​នឹង​រឿង រ៉ា​ន់ បូ​រ័ត្ន សនិ្ត​សុខ​ក្រុមហ៊ុន រាលកៃ​កាំ​ភើ្ល​ងត្រូវ​លោក អ៊ិន រតនា ប៉េអឹម​ខេត្តកោះកុង​។ សំណុំរឿង​នេះ តុលាការ​បានធើ្វការ​ចោទប្រកាន់ និង​ចាប់​ជនសង្ស័យ រ៉ា​ន់ បូ​រ័ត្ន ដាក់​ពន្ធ​នាគារ​រួចហើយ​។​
  
​ចំណែក​សំណុំរឿង​ទី​ពីរ ទាក់ទង​នឹង​ការបាញ់​សម្លាប់​លោក ឈុត វុ​ទី្ធ គឺ​តុលាការ ពុំទាន់​បានធើ្វការ​ចោទប្រកាន់​ជន​ណា​ម្នាក់​នៅឡើយ ពោល​គឺ​ក្រោយពី​សាកសួរ​សាក្សី រួមមាន​៖ កញ្ញា ផន បុ​បា្ផ អ្នកកាសែត The Cambodia Daily កាលពី​ព្រឹក​ថៃ្ង​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១២ រួចហើយនោះ ព្រះរាជអាជ្ញារងខេត្ត​កោះកុង លោក ស្រី ម៉ា​ក់នី ក៏​បាន​តម្កល់​សំណុំរឿងមិន​ចាត់ការ​ឡើយ​។​

​កញ្ញា ផន បុ​បា្ផ អ្នកយក​ព័ត៌មាន​ឲ្យ​កាសែត The Cambodia Daily និង​ស្ត្រី​អ្នកកាសែត ជនជាតិ​កាណាដា​ម្នាក់ទៀត បាន​រួម​ដំណើរ​ជាមួយ​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ បាន​ចុះ​ទៅ​កាន់​តំបន់​កើតហេតុ មុនពេល​មាន​ព្រឹត្តិការណ៍​ផ្ទុះអាវុធបណ្តាល​ឲ្យ​លោក ឈុត វុទ្ធី និង​ប៉េអឹម អ៊ិន រតនា បានសម្លាប់​។​

​សូម​រម្លឹកថា លោក ឈុត វុ​ទី្ធ ត្រូ​វបាន​គេ​បាញ់សម្លាប់កាល​ពី​ថៃ្ង​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ចំណុច​វា​លបី ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ក្នុងពេល​ដែល​លោក​រួម​ដំណើរ​ជាមួយ​កញ្ញា ផន បុ​បា្ផ និង​កញ្ញា អេ​ឡេ​ស្យា ផ្លុក​ឃី អ្នកកាសែត The Cambodia Daily ចុះ​ទៅ​ឃ្លាំមើល​ការកាប់បំផ្លាញ​ព្រៃឈើនៅក្នុង​តំបន់​នោះ​។​

​ជុំវិញ ​រឿង​ឃាតកម្ម​នេះ ត្រូវបាន​ប៉េអឹម​ធ្វើ​របាយការណ៍ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១២ ដោយ​បង្ហាញ​ថា លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវបាន​ប៉េអឹម​ម្នាក់​ឈ្មោះ អ៊ិន រតនា បាញ់សម្លាប់​នៅក្នុង​រថយន្ត​របស់​លោក កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង បន្ទាប់​ពី​ជម្លោះ​ពាក្យសម្តី​។ បន្ទាប់​មក ​ប៉េអឹម​នោះក៏​បាន​ធ្វើអត្តឃាត​ដោយ​បាញ់​ខ្លួនឯង​។​

​ក៏ប៉ុន្តែ​ គណៈកម្មការ​ចម្រុះ​មួយ​ក្រុម ដឹកនាំ​ដោយលោក​ឧត្តមសេនីយ៍ឯក ម៉ក់ ជី​តូ បានបង្ហាញ​របាយការណ៍ នា​ព្រឹក​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១២ ក្រោយ​ការចុះទៅ​ស៊ើបអង្កេត​ដល់​ទី​កន្លែង​កើតហេតុ ដោយ​លើកឡើង​ថា លោក ឈុត វុទ្ធី ត្រូវបាន​ប៉េអឹម អ៊ិន រតនា បាញ់សម្លាប់ ក្រោយ​ពី​ជម្លោះ​ពាក្យសម្តី​។ ក្រោយមក​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន បាន​ចូល​ទៅ​ដណ្តើម​កាំភ្លើង​ពី​ឈ្មោះ អ៊ិន រតនា ហើយ​ក៏​រាលកៃពីរ​គ្រាប់ បណ្តាល​ឲ្យ អ៊ិន រតនា ដេកស្លាប់នៅ​កន្លែងកើតហេតុ មុខ​ឡាន​លោក​ឈុត ​វុទ្ធី​។​

​កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១២ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកោះកុង លោក មីន មករា បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន សន្តិសុខ​ក្រុមហ៊ុន Timber Green ក្រោម​បទ​ចោទប្រកាន់មនុស្សឃាត​ដោយ​អ​ចេតនា ក្នុង​សំណុំរឿង​បាញ់សម្លាប់​ប៉េអឹម លោក អ៊ិន រតនា កាលពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។

​ជនសង្ស័យ​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន ស្ថិតក្នុង​ចំណោម​មនុស្ស ៤​នាក់ ដែល​ប៉េអឹម​ខេត្ត​កោះកុង បាន​នាំ​ខ្លួន​យក​មក​សាកសួរ ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១២៕ S

1 comment:

Anonymous said...

ហ៊ុនសែន អាចធ្វើឱ្យអ្នកណាងាប់ក៏បានភ្លាមៗ
តែចំពោះករណីរបស់លោក ឈុត វុទ្ធី ហ៊ុនសែន
ពុំហ៊ានធ្វើឱ្យ ជំទាវ អត់ក្រិត ប៊ុន រ៉ានីងាប់ឡើយ។