Tuesday, 30 October 2012
Stuart White
The Phnom Penh Post
ភ្នំពេញៈ សភាអឺរ៉ុបដែលតំណាងម្ចាស់ជំនួញដ៏ធំសម្រាប់ប្រទេសកម្ពុជាកាល ពីថ្ងៃសុក្របានអំពាវនាវសុំឲ្យបញ្ឈប់ជាបណ្តោះអាសន្នពាក់ព័ន្ធ នឹងការបណ្តេញចេញទាំងបង្ខំ ការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្នើឲ្យពន្យារការនាំចេញផលិតផលកសិកម្មរួចពន្ធដោយភ្ជាប់ ជាមួយនឹងលក្ខខណ្ឌបញ្ឈប់ការរំលោភបំពានសិទ្ធិមនុស្សផង។
ញត្តិរបស់សភាអឺរ៉ុបបានលើកឡើងថា មានបញ្ហាព្រួយបារម្ភ លើ៧ចំណុច ត្រូវបានចុះក្នុងបញ្ជី ក្នុងនោះមានអំពើហិង្សាប្រឆាំងនឹងអ្នកតវ៉ា ដូចជា ករណីលោក ម៉ម សូណង់ដូ ជាដើម។ ហេតុនេះសភាអឺរ៉ុបបានផ្តល់អនុសាសន៍មួយចំនួនថា ភាពរឹងមាំនៃការសម្រេចចិត្តរបស់ស្ថាប័នសភាអឺរ៉ុប គណៈកម្មការអឺរ៉ុប ស្នើឲ្យបញ្ឈប់ជាបណ្តោះអាសន្ននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម គ្រប់ផ្នែកលើកលែងតែសព្វាវុធ(EBA)ជាមួយរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យនាំទំនិញកម្ពុជាចូលទៅទីផ្សារអឺរ៉ុបដោយ សេរីដែលពាក់ព័ន្ធទៅនឹងការរំលោភបំពានលើសិទ្ធិមនុស្ស។
លោក ដាវិត ប្រេដ មកពីអង្គការ«Inclusive Development International»បានរំពឹងលើការបញ្ចុះបញ្ចូលរបស់សភាអឺរ៉ុបថា គំនិតផ្តួចផ្តើម EBA នេះ បាននិងកំពុងតែធ្លាក់ចូលទៅក្នុងបញ្ហាការចាប់យកដីធ្លីដោយ ក្រុមហ៊ុនស្ករសមួយនៅកម្ពុជា។
លោក ដាវិត ថ្លែងកាលពីម្សិលមិញថា ការពន្យារពេល EBA ទៅលើការនាំចេញស្ករស អាចធ្វើឲ្យក្រុមហ៊ុននានាពិចារណាឡើងវិញ ចំពោះការមិនយកចិត្តទុកដាក់ទៅលើសិទ្ធិលំនៅដ្ឋាន។
លោក បញ្ជាក់តាមអ៊ីមែលថា ៖«ការពន្យារការនាំចេញពាណិជ្ជកម្ម គឺជាសារដ៏មានសារៈសំខាន់ទៅដល់អ្នកចាប់យកដីធ្លីទាំង បច្ចុប្បន្ននិងថ្ងៃខាងមុខថា អ្នកមិនអាចរំលោភបំពានលើសិទ្ធិរបស់ពលរដ្ឋបានទេ ហើយបន្ទាប់មកអាចមានលទ្ធភាពទទួលអត្ថប្រយោជន៍ពី EBA វិញ។ នៅពេលក្រុមហ៊ុនរងនូវគំនាបជាមូលដ្ឋានទាំងនេះ ពួកគេនឹងពិចារណាសាជាថ្មីចំពោះគោលការណ៍ទៅលើប្រាក់សំណង ទៅសហគមន៍»។
តាមលោក ប្រេដ ថា ការនាំចេញស្ករសភាគច្រើនពីកម្ពុជាមានគោលដៅចំពោះអ្នកប្រើប្រាស់នៅអឺរ៉ុបតាមការចុះកិច្ចព្រមព្រៀងគ្នា ហើយការរារាំងនេះ គឺមិនមែនធ្វើឡើងដោយមិនមានការកត់សម្គាល់នោះទេ។
លោកបន្ត ថា ៖ «ការបញ្ឈប់ជាបណ្តោះអាសន្ននៃ EBA ចំពោះការនាំស្ករសពីកម្ពុជា អាចធ្វើឲ្យក្រុមហ៊ុនខាតបង់យ៉ាងខ្លាំង»។
ការបណ្តេញទាំង បង្ខំដើម្បីយកដីធ្វើរោងចក្រ គឺកើតមានយ៉ាងសាមញ្ញទៅហើយនៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០០៦ ក្រុមហ៊ុនស្ករសមួយដែលសមាជិកព្រឹទ្ធសភា លី យ៉ុងផាត់ ជាម្ចាស់បានទន្ទ្រានយកដីជិត១៥០០ហិកតា នៅក្នុងខេត្តកោះកុង ដែលពលរដ្ឋកាប់ឆ្ការរស់នៅតាំងពីឆ្នាំ១៩៧៩ មក។ ប៉ុន្តែ ក្រុមហ៊ុននេះអះអាងថា គឺប្រជាពលរដ្ឋរស់នៅខុសច្បាប់ទៅវិញ។ ឆ្នាំ២០១០ក្រុមហ៊ុនលោក លី យ៉ុងផាត់ មួយទៀតទទួលបានដីចំនួន៩ពាន់ហិកតា ដើម្បីធ្វើរោងចក្រស្ករសនៅក្នុងខេត្តកំពង់ស្ពឺ ដែលពេលនោះក៏បានបណ្តេញពលរដ្ឋជាង២ ០០០គ្រួសារដែរ។
លោក អេង វុទ្ធី សកម្មជនការពារសិទ្ធិមនុស្ស«Equitable Cambodia»ថ្លែងថា ការបញ្ឈប់បណ្តោះអាសន្ននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក៏អាចធ្វើ ឲ្យរដ្ឋាភិបាលកម្ពុជានៅស្ងៀម និងធ្វើការពិចារណាផងដែរ។
លោក បន្តថា៖ «ក្រុមហ៊ុនដែលទទួលអត្ថប្រយោជន៍ពីមុខជំនួញនេះ ពួកគេត្រូវតែដោះស្រាយបញ្ហានេះ ហើយរដ្ឋាភិបាលក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត។ ពួកគេត្រូវធ្វើឲ្យប្រាកដថា ច្បាប់ត្រូវបានគោរព ឯកិច្ចព្រមព្រៀងជាមួយសភាអឺរ៉ុបក៏អ៊ីចឹងដែរ»។
ទោះយ៉ាងណា អ្នកខ្លះក៏មិនត្រូវបានបញ្ចុះបញ្ចូលទាំងស្រុងទេ។
លោក ភិតធើរ ព្រីមបល់ អគ្គនាយករងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាបានលើកឡើងថា ខណៈដែលលោកពុំមានទិន្នន័យជាក់លាក់ចំពោះការប៉ះទង្គិចផ្នែក សេដ្ឋកិច្ចទៅលើឧស្សាហកម្មស្ករស ដែលមានការស្នើសុំបញ្ឈប់ជាបណ្តោះអាសន្ននេះ គឺថា ស្ករសដែលបានផលិតយ៉ាងល្អនោះមិនបានទៅដល់ទីផ្សារអឺរ៉ុប ហើយអាចប្រឈមយ៉ាងខ្លាំង។
លោក ព្រីមបល់ លើកឡើងថា៖«និយាយពីស្ករស! តើពួកគេបញ្ជូនបុគ្គលិកទៅបិទតែមលើវានៅទីណា? ដូច្នេះ វាជាការលំបាកដែលប្រាប់គេថា ស្ករសទាំងនោះយកមកពីប្រទេសកម្ពុជា។ ជាក់ស្តែងស្រូវកម្ពុជានាំចេញទៅប្រទេសថៃជាដំបូងយ៉ាងច្រើន ប៉ុន្តែ នៅពេលថៃនាំចេញបន្តទៀត វាគឺជាស្រូវរបស់ថៃ»។
លោក បន្ថែមថា ប៉ុន្តែការជាប់ជំពាក់ជំពិនបន្ថែមជាមួយរឿងនយោបាយទៅលើការបញ្ឈប់ជាបណ្តោះ អាសន្ននោះវាកាន់តែស្មុគស្មាញ។លោកថា៖ «ខ្ញុំគិតថា វាអាចជាសញ្ញាដ៏អាក្រក់ចំពោះកម្ពុជា ហើយខ្ញុំគិតថា កម្ពុជាមិនត្រូវការទេពេលនេះ»។ ប៉ុន្តែតើត្រូវធ្វើយ៉ាងម៉េច?
លោក ជេន ហ្វ្រែនកូសិស ខាអូថែន អគ្គរដ្ឋទូតសភាអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់តាមអ៊ីមែលកាលពីថ្ងៃម្សិលមិញថា បញ្ហាដោះស្រាយការព្រួយបារម្ភរបស់សភាអឺរ៉ុប គឺជាផ្នែកមួយដែលស្ថិតលើតុចរចាគ្នារវាងសភាអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែ លោកបដិសេធមិនធ្វើអត្ថាធិប្បាយថា តើសភាអឺរ៉ុបអាចកាត់បន្ថយជំនួញរបស់ខ្លួន ដោយសារតែមិនបានធ្វើឲ្យប្រសើរឡើងនូវបញ្ហាសិទ្ធិមនុស្សនៅ ក្នុងប្រទេសកម្ពុជានោះឡើយ។
ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីម្សិលមិញថា លោកមិនទាន់បានអានដំណោះស្រាយនោះទេ ហើយក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ៕
No comments:
Post a Comment